ពលរដ្ឋ​មាន​ជម្លោះ​ដី​ចោទ​អភិបាល​រង​ខេត្ត​កំពត​ថា​រំលោភ​លើ​កិច្ច​សន្យា​ទិញ​លក់​ដី

0:00 / 0:00

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ក្រុង​កំពត ខេត្ត​កំពត ចោទ​អភិបាល​រង​ខេត្ត​នេះ​ថា រំលោភ​លើ​កិច្ច​សន្យា​ទិញ​លក់​ដី​របស់​គាត់ និង​ទាមទារ​រក​យុត្តិធម៌​ក្នុង​រឿង​នេះ។ ឆ្លើយ​តប​នឹង​ការ​ចោទ​នេះ អភិបាល​រង​ខេត្ត​កំពត លោក ជឹង ផល្លា អះអាង​ថា លោក​នឹង​ប្រគល់​លុយ​ឲ្យ​គ្រប់​ចំនួន បើ​សិន​ម្ចាស់​ដី​ព្រម​សរសេរ​លិខិត​ប្រគល់​ដី​នោះ​ឲ្យ​ទៅ​លោក​ជា​អ្នក​ទិញ​ត្រឹមត្រូវ។

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​បឹងតាព្រាម សង្កាត់​ត្រើយកោះ ក្រុង​កំពត ខេត្ត​កំពត ប្ដឹង​លោក​អភិបាល​រង​ខេត្ត​កំពត ថា​រំលោភ​លើ​កិច្ច​សន្យា​ទិញ​លក់​ដី​ទំហំ ១​ហិកតារ។

លោកស្រី ឈឿន ចំរើន រស់នៅ​ភូមិ​បឹងតាព្រាម សង្កាត់​ត្រើយកោះ ក្រុង​កំពត ខេត្ត​កំពត ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​១៩៨២ ក្រុម​គ្រួសារ​គាត់​មក​រស់នៅ​ក្នុង​ភូមិ​បឹងតាព្រាម ហើយ​កាប់​ដី​ជើង​ភ្នំ​ដូង ដាំ​ដំណាំ។ ឆ្នាំ​២០០៨ អភិបាល​រង​ខេត្ត​កំពត លោក ជឹង ផល្លា មក​សុំ​ទិញ​ដី​នោះ​យក​ទំហំ ១​ហិកតារ ជា​ដី​ជាប់​មាត់​សមុទ្រ​ក្បែរ​ជើង​ភ្នំ​ដូង។ លោក ជឹង ផល្លា ចរចា​ឲ្យ​តម្លៃ​ដី ១​ម៉ែត្រ​ការ៉េ ១២​ដុល្លារ ហើយ​បាន​កក់​ប្រាក់​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​២០១៣ សរុប​ជាង ៦​ម៉ឺន​ដុល្លារ តែ​នៅ​ខ្វះ ៥​ម៉ឺន ៨​ពាន់​ដុល្លារ​ទៀត។ នៅ​ឆ្នាំ​២០១៤ ក្រុម​គ្រួសារ​គាត់​សុំ​ប្រាក់​ថ្លៃ​ដី​បង្គ្រប់ តែ លោក ជឹង ផល្លា មិន​ចង់​ឲ្យ ហើយ​ចរចា​តាម​រយៈ​អាជ្ញាធរ​ភូមិ​ឃុំ សុំ​បង់​ឲ្យ​គាត់​តែ ៥​ពាន់ ទៅ ៨​ពាន់​ដុល្លារ គឺ​គ្រប់​ចំនួន និង​ទាមទារ​ឲ្យ​ឪពុក​ម្តាយ​គាត់​ផ្ទេរ​សិទ្ធិ​ដី។ បញ្ហា​នេះ ទើប​គ្រួសារ​គាត់​ប្ដឹង​ទៅ​តុលាការ​តែ​ម្តង។

លោកស្រី ឈឿន ចំរើន៖ «កាល​គាត់​កក់​នៅ​ក្នុង​ឆ្នាំ​២០០៨ ហ្នឹង គាត់​ឲ្យ​ម្តង ១​ម៉ឺន ២​ម៉ឺន​អ៊ីចឹង តែ​ក្នុង​កំឡុង​ហ្នឹង​គាត់​ហ្នឹង​ក៏​ឲ្យ​កូន​គូលី​គាត់​ហ្នឹង ទៅ​រៀប​ខឿន​ព័ទ្ធ​ជុំវិញ​ដី​ហ្នឹង ដល់​បន្ទាប់​មក ម្តាយ​ឪពុក​ខ្ញុំ​គាត់​តាម​ទារ​លុយ​ពី​លោក​ឯកឧត្តម ជឹង ផល្លា។ ដល់​ហើយ គាត់​ថា​ដី​ហ្នឹង​អត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ទេ បើ​សិន​ចង់​បាន​លុយ​ជំពាក់​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​បាន​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​មក​ខ្ញុំ បាន​ខ្ញុំ​ហ្នឹង​ប្រគល់​លុយ​ដែល​ជំពាក់​ហ្នឹង​ឲ្យ​អ្នក​ទាំង​ពីរ​អស់»

លោក ជឹង ផល្លា អភិបាល​រង​ខេត្ត​កំពត និង​ជា​អ្នក​ទិញ​ដី​ពី​ក្រុម​គ្រួសារ​នោះ អះអាង​ថា ម្ចាស់​ដី​ចង់​យក​លុយ​ថ្លៃ​ដី​គ្រប់​ចំនួន តែ​មិន​ព្រម​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី ហើយ​ប្ដឹង​ចោទ​រូប​លោក​ថា​រំលោភ​កិច្ច​សន្យា​ទិញ​លក់។ លោក​ថា ប្រាក់​នឹង​ប្រគល់​ឲ្យ​ថ្លៃ​ដី​គ្រប់​ចំនួន បើ​ម្ចាស់​ដី​សរសេរ​លិខិត​ផ្ទេរ​សិទ្ធិ​ត្រឹមត្រូវ៖ «អ៊ីចឹង បើ​គាត់​ធ្វើ​លិខិត​ប្រគល់​សិទ្ធិ​ឲ្យ​គេ​ទៅ គេ​នឹង​ប្រគល់​លុយ​ឲ្យ​គាត់ អា​នេះ​លក្ខខណ្ឌ​នៃ​ការ​លក់​ទិញ គឺ​អ៊ីចឹង។ ដោយ​ឡែក រហូត​មក​ដល់​ពេល​នេះ រហូត​ម៉ោង​និយាយ​នេះ គាត់​អត់​ទាន់​ធ្វើ​លិខិត​ឲ្យ​ខ្ញុំ​សោះ តើ​ខ្ញុំ​ឲ្យ​លុយ​គាត់​ម៉េច​កើត»

មេធាវី​ការពារ​ក្តី​ឲ្យ​ពលរដ្ឋ លោក ពៅ ស្រីសួគ៌ ឲ្យ​ដឹង​ថា សាលា​ដំបូង​ខេត្ត​កំពត នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។ លោក​ថា ការ​ប្ដឹង​នេះ គឺ​ទាមទារ​យក​ប្រាក់​លក់​ដី​គ្រប់​ចំនួន​ដែល លោក ជឹង ផល្លា នៅ​ខ្វះ ៥​ម៉ឺន ៨​ពាន់​ដុល្លារ​ទៀត។ លោក​ថា អ្នក​នាំ លោក ជឹង ផល្លា ទិញ​ដី​ជម្លោះ​នោះ សុទ្ធ​តែ​ជា​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត ដែល​ចេះ​ដឹង​ច្បាប់ តែ​មិន​អនុវត្ត​តាម​ច្បាប់៖ «អ៊ីចឹង​ខាង​កូន​ក្តី​ខ្ញុំ គឺ​គាត់​ព្យាយាម​ធ្វើ​ការ​សម្រប​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ រហូត​តាំង​ពី​ពេល​ដែល​គាត់​ទិញ​ហ្នឹង ក៏ប៉ុន្តែ​ភាគី​អ្នក​ទិញ​ហ្នឹង គឺ​គាត់​ហាក់​ដូច​ជា​គ្មាន​ឆន្ទៈ​នៅ​ក្នុង​ការ​សម្រប​សម្រួល និង​ប្រគល់​ប្រាក់​ដែល​នៅ​ខ្វះ​ឲ្យ​មក​ខាង​ខ្ញុំ​ទេ»

អភិបាល​រង​ខេត្ត​កំពត លោក ជឹង ផលា្ល ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​អាជ្ញាធរ​ដឹក​នាំ​ខេត្ត និង​ជា​អ្នក​អនុវត្ត​ច្បាប់ លោក​គោរព​ច្បាប់ មិន​បំពាន​លើ​ជន​ណា​ទេ។ លោក​បាន​ទិញ​ដី​ស្រប​ច្បាប់ មិន​ចាប់​បង្ខំ​ឡើយ។

មេធាវី​សមាគម​អាដហុក (adhoc) ខេត្ត​កំពត អ្នកស្រី ទ្រី ឈូន ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​ថា ដើម​បណ្ដឹង​ជា​ក្រុម​គ្រួសារ​ស្ថិត​ក្នុង​ភាព​ជា​ពលរដ្ឋ​ទន់​ខ្សោយ​ទ្រព្យ​សម្បត្តិ​ផង អាច​ងាយ​រងគ្រោះ​ក្នុង​ការ​ប្ដឹង​ចោទ​អភិបាល​រង​ខេត្ត​កំពត ផង ទើប​សមាគម​អាដហុក បញ្ជូន​អ្នកស្រី​ឲ្យ​ជួយ​ការពារ​ក្តី​មួយ​នេះ​ដែរ។ អ្នកស្រី​បន្ត​ថា នៅ​ខេត្ត​កំពត ជម្លោះ​ដី​រវាង​អ្នក​មាន​អំណាច​លើ​ពលរដ្ឋ​ទន់​ខ្សោយ កើត​មាន​ច្រើន​ករណី ប៉ុន្តែ​សមាគម​អាដហុក ទើប​ទទួល​បណ្ដឹង​មួយ​នេះ​ឲ្យ​ជួយ​ការពារ​ក្តី​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។