ជម្លោះ​រវាង​អ្នក​ភូមិ​ពីរ​ក្នុង​ការ​ជួសជុល​ផ្លូវ​លំ​មួយ​ខ្សែ​នៅ​ក្រុង​ដូនកែវ​ខេត្ត​តាកែវ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ផ្លូវ​លំ​មួយ​ខ្សែ​ចម្ងាយ ១៥០​ម៉ែត្រ កាត់ ២​ភូមិ គឺ​ភូមិ​ធន់មន់​ខាង​ជើង និង​ភូមិ​ធន់មន់​ខាង​ត្បូង ក្នុង​សង្កាត់​បារាយណ៍ ក្រុង​ដូនកែវ ខេត្ត​តាកែវ មាន​ការ​ខូចខាត​ច្រើន។ អ្នក​រស់នៅ​ភូមិ​ធន់មន់​ខាង​ជើង មាន​ការ​លំបាក​ធ្វើ​ដំណើរ បាន​ទិញ​ដី​ច្រើន​ឡាន​ចាក់​បំពេញ​កន្លែង​ខូចខាត​នោះ ប៉ុន្តែ​អ្នក​រស់នៅ​ភូមិ​ធន់មន់​ខាង​ត្បូង មួយ​គ្រួសារ មិន​អនុញ្ញាត​ឲ្យ​ជួសជុល​ផ្លូវ​ទេ។ បញ្ហា​នេះ អាជ្ញាធរ​ភូមិ​ទាំង​ពីរ បាន​ចុះ​សម្រប​សម្រួល។

ចៅ​សង្កាត់​បារាយណ៍ ក្រុង​ដូនកែវ ខេត្ត​តាកែវ លោក ម៉ែន ចឹម អះអាង​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ថា ក្រោយ​ពី​អាជ្ញាធរ​ភូមិ និង​សង្កាត់ បាន​ចុះ​សម្រប​សម្រួល ប៉ុន្តែ​ភាគី​ទាំង​សង​ខាង​មិន​សុខ​ចិត្ត គាត់​ក៏​បញ្ជូន​បណ្ដឹង​ទៅ​សាលា​ក្រុង​បន្ត​ទៀត។ លោក​ថ្លែង​បន្ត​ថា ភាគី​ពាក់ព័ន្ធ​មាន​ទាំង​មន្ត្រី​សុរិយោដី ជួយ​សម្របសម្រួល ព្រោះ​ការ​ជួយ​កសាង​ផ្លូវ​ពី​សប្បុរសជន​ហាក់​ជួយ​កាត់​បន្ថយ​ថវិកា​របស់​ជាតិ ក្នុង​ការ​ជួសជុល​ផ្លូវ​ដែរ ប៉ុន្តែ​ភាគី​ទាំង​ពីរ ប្រកាន់​ជំហរ​តឹងរ៉ឹង មិន​អត់ឱន​ឲ្យ​គ្នា ទើប​គាត់​បញ្ជូន​បណ្ដឹង​ឲ្យ​សាលា​ក្រុង​ដូនកែវ ដោះស្រាយ៖ «ប្ដឹង​ដល់​សង្កាត់ គេ​អត់​ព្រម បញ្ជូន​ទៅ​ខាង​ក្រុង ក្រុង​គេ​ដោះស្រាយ​មិន​ទាន់​ចប់​ទេ មិន​ដឹង​ជា​អ្នក​ណា​យល់ព្រម​ផ្ដិត​មេដៃ​ឯកភាព​គ្នា​យល់ព្រម​ផង គឺ​ខាង​នាង សុខ ហ្នឹង គាត់​ទៅ​ទិញ​គ្រឿង​សម្ភារៈ ប្រាប់​មេ​ភូមិ​ធ្វើ​តែ​ម្តង ម៉្លោះ​ហើយ​សកម្មភាព​មិន​ទាន់​បាន​ចប់​ពី​អភិបាល​ក្រុង​ទេ»

លោកស្រី ប៉ាញ សុខ អ្នក​ជួយ​ជួសជុល​ផ្លូវ​លំ​ដែល​ពុះ​ចែក​ដី​ម្ខាង​ភូមិ​ធន់មន់​ខាង​ជើង និង​ម្ខាង​ភូមិ​ធន់មន់​ខាង​ត្បូង ឲ្យ​ដឹង​ថា រាល់​ឆ្នាំ​គាត់​លំបាក​ធ្វើ​ដំណើរ​ពេក ដោយសារ​រថយន្ត​ធំៗ​ដឹក​ស្រូវ​ដឹក​អង្ករ​ចេញ​ចូល​ញឹក​ពេក ធ្វើ​ឲ្យ​ផ្លូវ​ខូច​ជ្រៅៗ ទើប​ជួយ​ទិញ​ដី​ចាក់​បំពេញ​កន្លែង​ខូចខាត។ គាត់​បាន​ចាក់​ដី​បណ្ដើរៗ​រហូត​មក​ដល់​មុខ​ផ្ទះ​គ្រួសារ ម៉ម ហួយ គាត់​ឃើញ​ដី​ខូង​ជ្រៅ​ពេក ក៏​ចាក់​ដី​ច្រើន​ឡាន ប៉ុន្តែ​នៅ​ពេល​ភ្លៀង ដី​ហូរ​ចូល​ដី​ភូមិ​គ្រួសារ ម៉ម ហួយ នោះ។ គាត់​ក៏​ទិញ​ថ្ម ១​ឡាន​យក​ទៅ​រៀប​ទប់​ដី កុំ​ឲ្យ​ហូរ​ចូល​ភូមិ​គេ​ទៀត ស្រាប់​តែ​គ្រួសារ​នោះ​ប្ដឹង​ជំទាស់​មិន​ឲ្យ​គាត់​ជួសជុល​ផ្លូវ​ទេ៖ «ហើយ​ផ្ទះ​ខ្ញុំ​នៅ​ចុង​គេ បើ​ប្អូន​មិន​ធ្វើ​បាន​អី​ចូល​ផ្ទះ។ គាត់​មាន​ចេតនា​បំផ្លាញ​ខ្ញុំ​មិន​ឲ្យ​ចូល​ផ្ទះ​រួច គេ​ថា​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​ធ្វើ​ទៅ។ គេ​ថា​ឯង​ដើរ​តាម​ណា​ដើរ​ទៅ ខាង​គេ​ទុក​គេ​ធ្វើ ធ្វើ​តែ​ខាង​ឯង​ទៅ»

ពលរដ្ឋ​ក្នុង​ភូមិ​ធន់មន់​ខាង​ជើង និង​ភូមិ​ធន់មន់​ខាង​ត្បូង លោក ស៊ុន ផល្លី ហៅ ផល្លី ទូច អះអាង​ថា គាត់​ស្នើសុំ​ឲ្យ​ភាគី​ជំទាស់ ជួយ​បន្ទន់​ឥរិយាបថ ព្រោះ​ការ​ជួយ​ជួសជុល​ផ្លូវ មិន​ងាយ​មាន​សប្បុរសជន​ចេញ​មុខ​មិន​ឲ្យ​អ្នក​ភូមិ​ជួយ​ចេញ​លុយ​នោះ​ទេ៖ «ព្រោះ​ម្នាក់​ហ្នឹង​ផ្ទះ​គាត់​អត់​ជួយ​ចាក់​ដី​ចាក់​អី ដល់​ហើយ​ផ្លូវ​ថ្នល់​វា​ចេះ​តែ​បាក់។ ដល់​គេ​ចាក់​ដី​ឲ្យ​អស់​ច្រើន ហើយ​គេ​យក​ថ្ម​រៀប​បាំង​ដី​កន្លែង​បាក់​វា​រើ​ចេញ»

មេ​ភូមិ​ធន់មន់​ខាង​ជើង លោក កែវ អយ ថ្លែង​ថា គាត់​ចូល​ទៅ​សម្រប​សម្រួល ស្រាប់​តែ​គ្រួសារ ម៉ម ហួយ យក​ដុំ​ថ្ម​គប់ និង​ប្រើ​ពាក្យ​អសុរោះ​មក​លើ​អាជ្ញាធរ ទើប​លោក​មិន​អាច​សម្រប​សម្រួល​បាន ព្រោះ​គ្រួសារ​នោះ​ជា​ពលរដ្ឋ​ភូមិ​ផ្សេង៖ «ថ្នល់​នេះ​ចែក​ជា​ពីរ ហើយ​ខ្ញុំ​បាន​ដោះស្រាយ​ថា​ថ្នល់​នេះ​មិន​មែន​ថ្នល់​បុគ្គល​ណា​មួយ​ទេ គឺ​ជា​សម្បត្តិ​រួម​របស់​បង​ប្អូន​ប្រជាជន​ក្នុង​មូលដ្ឋាន​យើង សម្រាប់​ដើរ​ទាំងអស់​គ្នា ប៉ុន្តែ​មុខ​ផ្ទះ​អ្នក​ណា គឺ​អ្នក​ហ្នឹង​ត្រូវ​ថែ​រក្សា​ថ្នល់​ធ្វើ​បាន​ហើយ។ ដល់​កាល​ណា​គេ​ខ្លាំង​អ៊ីចឹង មេ​ភូមិ ខ្ញុំ​ត្រឹម​សម្រុះសម្រួល សម្រុះសម្រួល​មិន​ត្រូវ យើង​ខ្ញុំ​ក៏​រាយការណ៍​ទៅ​សង្កាត់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​គ្រួសារ ម៉ម ហួយ ដែល​រង​នូវ​ការ​ចោទ​ថា ជំទាស់​ការ​ជួសជុល​ផ្លូវ​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា។

ប៉ុន្តែ​អាជ្ញាធរ​ភូមិ​ធន់មន់​ខាង​ត្បូង លោក សាយ ស៊ន ឲ្យ​ដឹង​ថា គ្រួសារ លោកស្រី ប៉ាញ សុខ និង​គ្រួសារ ម៉ម ហួយ បាន​ទំនាស់​គ្នា​យូរ​ហើយ មិន​មែន​ទើប​តែ​ជំទាស់​គ្នា​រឿង​ជួសជុល​ផ្លូវ​ចូល​ផ្ទះ​នេះ​ទេ។ លោក​ថា ភាគី​ទាំង​សង​ខាង​យក​ឈ្នះ​ចាញ់​រៀងៗ​ខ្លួន មាន​តែ​ច្បាប់​ទេ​ទើប​អាច​កាត់​សេចក្តី​បាន​យុត្តិធម៌៖ «ហើយ​បាន​ប្តឹងផ្តល់​ទៅ​ដល់​ចៅ​សង្កាត់ ទៅ​ដល់​សាលា​ក្រុង​អី គេ​ចុះ​មក​មើល​មក​អី គេ​ថា​ទុក​ឲ្យ​គេ​នៅ​ម្ខាង​គេ​ធ្វើ​ទៅ ព្រោះ​ផ្លូវ​វា​មួយ​ចំហៀង​ម្នាក់»

អាជ្ញាធរ​ភូមិ​ធន់មន់​ខាង​ជើង ឲ្យ​ដឹង​ថា ផ្លូវ​ទំនាស់​នោះ​មាន​ទទឹង ៤​ម៉ែត្រ បណ្តោយ ១៥០​ម៉ែត្រ។ ផ្លូវ​នោះ​បាន​កសាង​ដោយ​កង​វិស្វកម្ម​សម្ដេច​តេជោ ហ៊ុន សែន ច្រើន​ឆ្នាំ​ហើយ។ នៅ​ពេល​ទឹក​ចូល​ព្រែក​ផ្លូវ​លិច​ទឹក និង​បង្ក​ការ​ខូចខាត​ផ្លូវ​កាន់​តែ​បែក​ភក់​ជ្រៅ​ខ្លាំង ទើប​មាន​អ្នក​រស់នៅ​តាម​ផ្លូវ​នោះ ស្ម័គ្រ​ចិត្ត​ចេញ​លុយ​ចាក់​ដី​កន្លែង​បែក​ភក់​ជ្រៅៗ​នោះ។ លោក​បន្ត​ថា ផ្លូវ​នោះ មន្ត្រី​សុរិយោដី បាន​វាស់​ពង្រីក​ទទឹង​ពី ៤​ម៉ែត្រ​ទៅ​ដល់ ៦​ម៉ែត្រ ហើយ​ថវិកា​ពី​រដ្ឋាភិបាល ក៏​មិន​ទាន់​មាន​គម្រោង​ជួសជុល ដើម្បី​ពង្រីក​ផ្លូវ​នោះ​ដល់​ទំហំ​កំណត់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។