ពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ​ចោទ​អាជ្ញាធរ​ថា​មិន​ទប់ស្កាត់​អាជីវកម្ម​បូម​ខ្សាច់​ពី​បាត​ស្ទឹង​ក្រឡាញ់

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង ៥០​គ្រួសារ​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ថា​មិន​អើពើ​ទប់ស្កាត់​អាជីវកម្ម​បូម​ខ្សាច់​ពី​បាត​ស្ទឹង​ក្រឡាញ់ ដែល​ធ្វើ​ឲ្យ​បាក់​ដី​ចូល​ស្ទឹង ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា កន្លង​មក សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទប់ស្កាត់ និង​ឲ្យ​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​នោះ​ម្ដង​រួច​មក​ហើយ រីឯ​ការ​ធ្វើ​សកម្មភាព​សាជាថ្មី ខាង​មន្ទីរ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នៅ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រះនេត្រព្រះ មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ទៅ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មិន​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​នៅ​ស្ទឹង​ក្រឡាញ់ តាម​ការ​ស្នើសុំ​របស់​ពួក​គាត់។

តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អន្លង់វិល ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ គឺ​លោក ខូយ សូនី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ មេសា ថា អាជីវកម្ម​បូម​ខ្សាច់​អនាធិបតេយ្យ​មួយ​កន្លែង​នៅ​ក្នុង​ស្ទឹង​ក្រឡាញ់ នៃ​ភូមិ​អន្លង់វិល បាន​ចាប់​ផ្ដើម​សាជាថ្មី​ទៀត​ហើយ បន្ទាប់​ពី​បាន​ផ្អាក​ជាង ២​សប្ដាហ៍ ដោយសារ​ពួក​គាត់​តវ៉ា​នោះ។ លោក​អះអាង​ថា ការ​បូម​ខ្សាច់​នេះ​ធ្វើ​ឲ្យ​ដី​មាត់​ស្ទឹង​បាក់ ហើយ​ទឹក​ល្អក់​ប្រែ​ពណ៌​ក្រហម មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន​នោះ​ទេ។ លោក​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ បាន​ដឹង​ពី​បញ្ហា​នេះ​ដែរ តែ​មិន​ចាត់​វិធានការ​ជូន​ប្រជាពលរដ្ឋ​ឡើយ៖ « កន្លង​មក ប្រសិន​បើ​អាជ្ញាធរ​បាន​ហាម​ឃាត់​ម្ចាស់​អាជីវកម្ម​មិន​ឲ្យ​បូម​ខ្សាច់​ក្នុង​ស្ទឹង​ទេ នោះ​គេ​មិន​ហ៊ាន​បូម​ឡើយ។ ពួក​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​បាក់​ដី​ផ្ទះ​រស់នៅ​ចូល​ទៅ​ក្នុង​ស្ទឹង ទើប​សម្រេច​ចិត្ត​គេ​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​នោះ​តែ​ម្ដង »

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​បន្ទាយមានជ័យ លោក សុត វឌ្ឍនា មាន​ប្រសាសន៍​ថា អាជីវកម្ម​បូម​ខ្សាច់​នោះ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ ហើយ​លោក​ថា ខាង​មន្ទីរ​នឹង​ចាត់​វិធានការ​ទៅ​លើ​ម្ចាស់​អាជីវកម្ម​នេះ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន​នោះ៖ « បាទ ! កន្លង​មក ក្រោយ​ពី​ខ្ញុំ​ទទួល​បាន​ដំណឹង​ភ្លាម ខ្ញុំ​ក៏​បាន​ចុះ​ទៅ​មើល​ដល់​ទីកន្លែង​បូម​ខ្សាច់​នោះ ហើយ​ព្រម​ទាំង​បាន​ឲ្យ​ម្ចាស់​អាជីវកម្ម​ចុះ​កិច្ចសន្យា​បញ្ឈប់​បូម​ខ្សាច់​រួច​មក​ហើយ​ដែរ »

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​អះអាង​ថា ម្ចាស់​អាជីវកម្ម​បាន​ដាក់​ឧបករណ៍​បូម​ខ្សាច់​សាជាថ្មី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ មេសា។ ចំណែក​ឯ​អ្នក​ភូមិ​បាន​ប្រតិកម្ម​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ភ្លាមៗ​ដែរ តែ​ពុំ​ទទួល​បាន​លទ្ធផល។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាង​ថា អាជីវកម្ម​បូម​ខ្សាច់​ដំណើរ​ការ​ទៅ​បាន ដោយសារ​វិធានការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ធូរ​រលុង និង​មិន​ចង់​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​អាច​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ៖ « អ៊ីចឹង​អាជីវកម្ម​នេះ​មិន​មែន​ស្ថិត​នៅ​ក្រៅ​ផែនដី​ដែល​អាជ្ញាធរ​ពិបាក​ទប់ស្កាត់​នោះ​ទេ អ្វី​ដែល​សំខាន់​ឲ្យ​តែ​អាជ្ញាធរ​មាន​ចេតនា​ទប់ស្កាត់ គឺ​អាច​ធ្វើ​បាន​គ្រប់​ពេល​ទាំងអស់ »

ទោះ​បី​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ចាត់​វិធានការ​លើ​អាជីវកម្ម​បូម​ខ្សាច់​ទេ នោះ​ពួក​គាត់​នឹង​ចុះ​រុះរើ​បំផ្លាញ​ឧបករណ៍​បូម​ខ្សាច់​ដោយ​ខ្លួន​ឯង​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។