ជនជាតិដើមភាគតិចកួយ ចំនួន ១៩គ្រួសារ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលត្រូវបានអាជ្ញាធររុះរើបំផ្លាញផ្ទះអស់ ៧ខ្នង និងផ្ទះ ៨ខ្នងទៀតកំពុងប្រឈមនឹងការរុះរើ ហើយដែលពួកគាត់អះអាងថា អាជ្ញាធរបានប្រើអំពើហិង្សាលើពួកគាត់ផងនោះ បាននាំគ្នាមកភ្នំពេញ រួមជាមួយជនជាតិដើមភាគតិចពីខេត្តផ្សេងទៀត ដើម្បីស្វែងរកអន្តរាគមន៍ពីស្ថាប័នជាតិ និងអន្តរជាតិ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២០ ខែតុលា ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែលភាគច្រើន ជាជនជាតិដើមភាគតិចកួយ មកពីឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដង្ហោយហៅរកអន្តរាគមន៍ ដោយផ្ដោតជាចម្បងលើករណីអាជ្ញាធររុះរើផ្ទះសម្បែងរបស់ពួកគាត់ កាលពីថ្ងៃទី១៥ ខែតុលា។
តំណាងសហគមន៍ជនជាតិដើមភាគតិច ដែលមានបញ្ហាដីធ្លី លោកស្រី ទេព ទឹម មានប្រសាសន៍ថា ពួកគាត់ ជាពិសេស ជនជាតិដើមភាគតិចកួយ ក្នុងឃុំប្រមេរ រស់នៅក្រោមការគំរាមកំហែងដោយគម្រោងអភិវឌ្ឍន៍។
ទាក់ទិននឹងបញ្ហានេះ មេធាវីការពារក្ដីឲ្យជនជាតិដើមភាគតិចដែលមានវិវាទដីធ្លី លោក សេក សោភ័ណ យល់ឃើញថា រដ្ឋាភិបាលមានចេតនាល្អឲ្យប្រជាពលរដ្ឋទាំងអស់ រួមទាំងជនជាតិដើមភាគតិចផង ទទួលបានផលពីការអភិវឌ្ឍ តាមរយៈផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិ ឬយុទ្ធសាស្ត្រចតុកោណ។ លោកថា គឺរដ្ឋាភិបាលខ្លួនឯងជាអ្នកធ្វើឲ្យបរាជ័យតាមរយៈគោលនយោបាយស្ដីពីការចុះបញ្ជី និងសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិច ដែលលោកមើលឃើញថា មិនល្អ ដោយសារតែប្រព្រឹត្តិកម្មទៅលើប្រជាពលរដ្ឋ ថាពួកគាត់ជាអ្នកត្រូវទទួលដីពីរដ្ឋ គឺមានន័យថា ពួកគាត់អត់មានសិទ្ធិលើដី។
សូមស្ដាប់បទសម្ភាសន៍បន្ថែមរវាងលោក ជុន ច័ន្ទបុត្រ ជាមួយតំណាងសហគមន៍ ២រូប គឺលោក ណែម ថី និងកញ្ញា ខុម រ៉ានី៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។