ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ស្រុក​សំពៅលូន​​បន្ត​ទាមទារ​ឲ្យ​ដោះលែង​តំណាង​ពួក​គេ

0:00 / 0:00

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​សំឡូត ជាង ១០០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ បន្ត​​ការ​តវ៉ា​សា​ជា​ថ្មី​នៅ​មុខ​សាលា​ខេត្ត​បាត់ដំបង ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ចំនួន ២​ចំណុច ទី​១ ទាមទារ​ដោះលែង​តំណាង​របស់​ពួកគាត់​ម្នាក់ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​៣១ មករា និង​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​ដី​ធី​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស។

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​មុខ​សាលា​ខេត្ត​​បាត់ដំបង​នេះ ជា​ថ្ងៃ​ទី​២ ហើយ បន្ទាប់​ពី​ពួកគាត់​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​តំណាង​របស់​ពួកគាត់​​ម្នាក់​ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​​មុខ​សាលា​ដំបូង​ខេត្ត​ពុំ​មាន​ទទួល​បាន​លទ្ធផល។

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ម្នាក់​ គឺ​លោក ហ៊ុត ម៉ៅ ថ្លែង​នៅ​ខាង​មុខ​សាលា​ខេត្ត​បាត់ដំបង ថា ពួកគាត់​តវ៉ា​ឲ្យ​អភិបាល​​ខេត្ត​បាត់ដំបង ដោះស្រាយ​រឿង​ដីធ្លី និង​ឲ្យ​ដោះ​លែង​លោក​ ឈន ឆាត តំណាង​របស់​ពួកគាត់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​​ឲ្យ​មាន​សេរីភាព​​វិញ គឺ​ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​ពួកគេ។ លោក​អះអាង​ថា​ សមត្ថកិច្ច​ចាប់​ខ្លួន​លោក ឈន ឆាត ទាំង​បង្ខំ​ដោយ​គ្មាន​កំហុស​អ្វី​ឡើយ ពីព្រោះ​លោក​ថា​ លោក ឈន ឆាត គ្រាន់​តែ​ជា​អ្នក​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ គឺ​ពុំ​បាន​ទៅ​រំលោភ​លើ​ដី​ក្រុមហ៊ុន សួន មានសម្បត្តិ នោះ​ឡើយ៖ «ដី​ខ្ញុំ​ដែល​ខំ​កាប់​តាំង​ពី​សម័យ​ចប់​សង្គ្រាម​មក​ ត្រូវ​គេ​រំលោភ​យក​អស់​ ហើយ​អាជ្ញាធរ​ថ្នាក់​ក្រោម​មិន​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទេ។ ពួក​ខ្ញុំ​គ្មាន​អ្វី​សង្ឃឹម​ទៀត​ទេ​ មាន​តែ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន ទេ ដែល​អាច​ជួយ​ពួក​ខ្ញុំ​បាន»

បន្ទាប់​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៣​ម៉ោង​ អភិបាល​ខេត្ត​បាត់ដំបង អនុញ្ញាត​ឲ្យ​តំណាង​អ្នក​តវ៉ា​ចំនួន ១០​នាក់ ចូល​ជួប​ពិភាក្សា​ដោះស្រាយ​នៅ​ខាង​ក្នុង​​សាលា​ខេត្ត។

អភិបាល​ខេត្ត​បាត់ដំបង​ លោក​ ច័ន្ទ សុផល​ មាន​ប្រសាសន៍​ថា​ ការ​ទាម​ទារ​របស់​ប្រជាពលរដ្ឋ​ទាំង ២​ចំណុច​នោះ​ លោក​បាន​ដោះស្រាយ​រួច​រាល់​ហើយ។ គឺ​តុលាការ​បាន​យល់​ព្រម​ឲ្យ​សាច់ញាតិ​របស់​លោក ឈន ឆាត​ ធានា​នៅ​ក្រៅ​ឃុំ​យ៉ាង​យូរ ៥​ថ្ងៃ​ទៀត។ ចំណែក​ឯ បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន មានសម្បត្តិ នៅ​ឃុំ​សេរីមានជ័យ ស្រុក​សំពៅលូន​ អាជ្ញាធរ​ខែត្រ និង​ចុះ​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ៖ «រឿង​នេះ​នៅ​ពេល​ខ្ញុំ​ចុះ​ទៅ​មើល​ដល់​ទីកន្លែង​ច្បាប់​លាស់​ហើយ​ យើង​នឹង​ធ្វើ​ការងារ​នេះ​ជាមួយ​ក្រុមហ៊ុន រួច​ហើយ​យើង​នឹង​សុំ​គោលការណ៍​ពី​​ថ្នាក់​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»

លោក ឈន ឆាត​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ឃុំ​សេរីមានជ័យ ស្រុក​សំពៅលូន ​តាម​ដីកា​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ចុះ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥​ ដោយ​ចោទ​ប្រកាន់​ថា បំពាន​លើ​ដី​កម្មសិទ្ធិ​ឯកជន​ខុសច្បាប់ តាម​ពាក្យ​បណ្ដឹង​របស់​លោក​ និល ស៊ត​ ប្រជាពលរដ្ឋ​នៅ​ឃុំ​ជា​មួយ​គ្នា។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក​ យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ជា​រឿង​មិន​ត្រឹម​ឡើយ ពីព្រោះ​លោក​ថា​ ដីកា​របស់​តុលាការ​នោះ​ គឺ​ជា​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន ដោយ​ពុំ​មាន​កំណត់​ពេល​វេលា​ជាក់លាក់​នោះ​ទេ៖ «បើ ​អត់​មាន​ដាក់​ពេល​វេលា​ អ៊ីចឹង​តើ​គាត់​ត្រូវ​ចូល​ខ្លួន​នៅ​ថ្ងៃ​ណា​ទៅ? នេះ​ជា​កំហុស​មួយ​ដែល​តុលាការ​គប្បី​ធ្វើ​ការ​ពិចារណា​វិញ។ ចំពោះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ ខ្ញុំ​គិត​ថា នេះ​ជា​សេរីភាព​របស់​ពួកគាត់​​ក្នុង​ការ​តវ៉ា​ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់​ទង​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង ដើម្បី​សុំ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ។

យ៉ាង​ណា​ក្រុម​អ្នក​តវ៉ា​អះអាង​ថា កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ​​ប្រជាពលរដ្ឋ​ចំនួន​ជាង ២០០​គ្រួសារ​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន សួន មានសម្បត្តិ លើ​ផ្ទៃ​ដី​ជាង ១.២០០​ហិកតារ នៅ​ឃុំ​សេរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។ ដី​ទំនាស់​នោះ​ រហូត​មក​ទល់​ពេល​នេះ​ អាជ្ញាធរ​ពុំ​ទាន់​ដោះស្រាយ​បាន​​នៅ​ឡើយ។ ក្រុម​អ្នក​តវ៉ា​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ថ្ងៃ​ដដែល​​ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​​សន្យា​ដោះស្រាយ​ជួន​ពួកគាត់។ អ្នក​ស្រុក​បញ្ជាក់​ថា​ ពួកគាត់​នឹង​ឡើង​​តវ៉ា​សា​ជា​ថ្មី​ទៀត ប្រសិន​បើ​អាជ្ញាធរ​ខែត្រ​មិន​បាន​ធ្វើ​ដូច​ការ​សន្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។