អតីតពលរដ្ឋបុរីកីឡា ដែលកំពុងរស់នៅតំបន់ភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ស្នើរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ជួយដោះស្រាយបញ្ហាជីវភាព និងការរស់នៅ។ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទទួលលិខិតរបស់ពលរដ្ឋដើម្បីប្រគល់ជូនថ្នាក់ដឹកនាំរបស់ក្រសួង តែលោកមិនហ៊ានអះអាងចំពោះការសម្រេចបែបណានោះទេ។
ពលរដ្ឋប្រមាណ ២០នាក់ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ជួបជុំគ្នានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដាក់លិខិតសំណូមពរទៅដល់រដ្ឋមន្ត្រីថ្មី គឺលោក ជា សុផារ៉ា។
ក្នុងលិខិតសំណូមពរ ពលរដ្ឋស្នើសុំផ្លាស់ប្ដូរទីលំនៅពីតំបន់ភ្នំបាត មករស់នៅភូមិអណ្ដូង សង្កាត់គោករកា និងប្រាក់ ៥ពាន់ដុល្លារ ឬប្រាក់ ១ម៉ឺនដុល្លារ ប្រសិនបើតម្រូវឱ្យពួកគេរស់នៅតំបន់ភ្នំបាត ជាបន្តទៀតនោះ។
តំណាងពលរដ្ឋតំបន់ភ្នំបាត គឺលោកស្រី គឹម សារ៉ាន់ ថ្លែងថា មូលហេតុដែលពលរដ្ឋមកទាមទារជម្រើសសំណងបន្ថែមនេះ ដោយសារតែនៅភ្នំបាត មិនមានទឹកស្អាតប្រើប្រាស់ ទីលំនៅសមរម្យ ខ្វះហេដ្ឋារចនាសម្ព័ន្ធ ហើយពេលខ្លះត្រូវប្រឈមនឹងសត្វពស់ទៀតផង។
លោកស្រីបន្ថែមថា កន្លងមកពលរដ្ឋទាំង ១៤០គ្រួសារធ្លាប់ដាក់លិខិតទៅសាលារាជធានីភ្នំពេញ រដ្ឋសភា និងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែរហូតមកទល់ពេលនេះមិនមានលទ្ធផលណាមួយចំពោះពួកគាត់ឡើយ៖ «ខ្ញុំទៅរស់នៅហ្នឹង ៥ឆ្នាំទាំងឆ្នាំនេះហើយ ហើយទទួលបានគោលការណ៍ពីក្រុមហ៊ុនស៊ុយសុផាន តែ ១០០ដុល្លារទេ គ្មានទទួលបានពីអាជ្ញាធរក្រុង ខណ្ឌណាទាំងអស់ ហើយដីក៏អត់ទាន់មានប្លង់ដែរ។ រាល់ថ្ងៃហ្នឹងនៅចាំដីឱ្យស៊ុយសុផាន អត់មានអីអភិវឌ្ឍន៍ទេ មានតែក្រហើយក្រទៀត សូម្បីតែផ្ទះខ្យល់រលំក៏អត់មានលុយធ្វើដែរ»។
អតីតអ្នកបុរីកីឡា ទាំង ១៤០គ្រួសារ ត្រូវបានជម្លៀសឱ្យទៅរស់នៅលើដីរបស់ក្រុមហ៊ុនផានអ៊ីម៉ិច ដែលស្ថិតនៅភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានក្រុមហ៊ុនមួយនេះឈូសបំផ្លាញកាលពីឆ្នាំ២០១២។
អ្នកតវ៉ាម្នាក់ទៀត វ័យ ៦៩ឆ្នាំ លោកស្រី ងួន យ៉ាន ត្អូញត្អែរអំពីការទ្រាំរស់នៅតំបន់ភ្នំបាត រយៈពេលជិត ៥ឆ្នាំ។ លោកស្រីថា ការរស់នៅទីនោះពិតជាពិបាក ពេលខ្លះលោកស្រីត្រូវសុំអាហារពីវត្តអារាមដើម្បីចិញ្ចឹមក្រពះ៖ «ខុសគ្នាកូន! បើរស់នៅភ្នំពេញ លក់ត្រកួនមួយកញ្ច្រែងក៏ខ្ញុំរស់ដែរ ដល់ទៅនៅទីនោះខ្ញុំអត់មានអីហូបទេ ទៅរកអីបាន រកអីមិនបានទេ ឆ្ងាយ! មកផ្សារឆ្ងាយ។ សព្វថ្ងៃនេះជីវភាពខ្ញុំទៅសុំបាយលោកទេ នៅក្នុងវត្តទេ ខ្ញុំអត់ខ្មាសគេទេ ព្រោះវាអត់ ខ្ញុំសុំទានគេ សុំនៅក្នុងវត្ត»។
ពលរដ្ឋអះអាងថា ពួកគេមានក្តីសង្ឃឹមទៅលើរដ្ឋមន្ត្រីថ្មី គឺលោក ជា សុផារ៉ា ថាពិតជាអាចដោះស្រាយបញ្ហារបស់ពួកគេបាន។
តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមកទទួលលិខិតពីពលរដ្ឋ គឺលោក អុល សុខយស អះអាងថា លោកនឹងប្រគល់សំណូមពរនេះទៅថ្នាក់ដឹកនាំរបស់ក្រសួង ប៉ុន្តែការសម្រេចបែបណានោះ គឺស្ថិតលើថ្នាក់ដឹកនាំរបស់ក្រសួង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
