អភិបាល​ថ្មី​ខេត្ត​ព្រះសីហនុ​បង្កើត​ក្រុម​ការងារ​ចម្រុះ​ពិនិត្យ​សកម្មភាព​ជីក​ដី​ភ្នំ​និង​លុប​អូរ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

អភិបាល​ខេត្ត​ព្រះសីហនុ បាន​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​ចម្រុះ ពិនិត្យ​ផ្លូវ​ច្បាប់​ដើម្បី​ឈាន​ដល់​ចាត់​វិធានការ​ក្តៅ​ទៅ​លើ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ឬ​សោភណភាព​ខេត្ត​ទេសចរណ៍​មួយ​នេះ។

ចំណាត់​ការ​នេះ ទទួល​បាន​ការ​គាំទ្រ​ពី​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ស្នើ​ឲ្យ​អាជ្ញាធរ អនុវត្ត​វិធានការ​ថ្មី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

អភិបាល​ខេត្ត​ថ្មី​នៃ​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ដាក់​ផែនការ​ដល់​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ឲ្យ​កោះ​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ ដើម្បី​ធ្វើ​អាជីវកម្ម​នា​មូលដ្ឋាន​នេះ​មក​សួរ​នាំ និង​ត្រួត​ពិនិត្យ​ផ្លូវ​ច្បាប់​ជុំវិញ​ការ​ធ្វើ​អាជីវកម្ម​នេះ។

លោក​អភិបាល​បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​កញ្ញា ថា សកម្មភាព​ជីក​កកាយ​ដី​ភ្នំ និង​ចាក់​ដី​លុប​ចូល​អូរ​ធម្មជាតិ បាន​ប៉ះពាល់​ដល់​បរិស្ថាន​ខេត្ត​ទេសចរណ៍​មួយ​នេះ​ពិត​ប្រាកដ​មែន។ លោក​ថា បញ្ហា​នេះ​បើ​មិន​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ នឹង​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​មូលដ្ឋាន​នេះ​នា​ឆ្នាំ​ខាង​មុខ៖ «ឥឡូវ​នេះ​ខ្ញុំ​បាន​ចាត់​ចែង​ឲ្យ​អភិបាល​រង​ម្នាក់ ចុះ​ទៅ​ពិនិត្យ​មើល​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ និង​ដឹក​ដី​ចាក់​លុប​អូរ​ធម្មជាតិ​សម្រាប់​បង្ហូរ​ទឹក​នា​មូលដ្ឋាន​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់។ ចំណាត់​ការ​នេះ ត្រូវ​ធ្វើ​ទៅ​តាម​លក្ខខណ្ឌ​បច្ចេកទេស ឬ​ពិនិត្យ​មើល​ច្បាប់​ទម្លាប់ និង​អនុវត្ត​ធ្វើ​ម៉េច​ការពារ​កុំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​អនុវត្ត​ការងារ​នេះ​ឲ្យ​បាន​ល្អ​ឡើង​វិញ។ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​អភិបាល​ខេត្ត​សប្ដាហ៍​នេះ ខ្ញុំ​ក៏​បាន​លើក​យក​រឿង​នេះ​មក​ពិភាក្សា និង​ធ្វើ​ជា​អាទិភាព​នៅ​ចំពោះ​មុខ ដែល​ក្រុម​ការងារ​របស់​សាលា​ខេត្ត​ព្រះសីហនុ ត្រូវ​ដោះស្រាយ»

ទោះ​យ៉ាង​ណា លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ដែល​ទើប​ចូល​កាន់​តំណែង​ដើម​សប្ដាហ៍​នេះ មិន​ទាន់​បង្ហាញ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​បែប​ណា ទៅ​លើ​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ ឬ​សកម្មភាព​ចាក់​ដី​លុប​អូរ​ធម្មជាតិ នាំ​ឲ្យ​ស្ទះ​លូ ឬ​អូរ​ពេល​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ ព្រោះ​កំពុង​ពិនិត្យ។

ត្រង់​ចំណុច​នេះ មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ សាទរ​ចំពោះ​វិធានការ​នេះ។

បញ្ហា​នេះ លោក ឃុន សាវឿន មន្ត្រី​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ថ្នាក់​ដឹក​នាំ​មន្ទីរ ឬ​ស្ថាប័ន​មួយ​ចំនួន ដែល​កន្លង​មក​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ឬ​ឈ្មួញ ជីក​កកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម ដោយ​មិន​រវល់​អើពើ​ពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ខេត្ត​ទេសចរណ៍​មួយ​នេះ។ លោក​ថា សព្វថ្ងៃ​នេះ បរិស្ថាន​នៅ​តាម​ផ្លូវ​ថ្នល់​មួយ​ចំនួន​នៅ​ចំ​កណ្ដាល​ក្រុង​ទេសចរណ៍​មួយ​នេះ នៅ​ពេល​ថ្ងៃ​ក្តៅ គឺ​មាន​ធូលី​ដី​ហុយ​ជាប់​មិន​ដាច់​នៅ​តាម​ផ្លូវ​សាធារណៈ​មួយ​ចំនួន ដោយសារ​រថយន្ត​ដឹក​ដី​ជ្រុះ​អាចម៍​ដី​រាយប៉ាយ​តាម​ថ្នល់។ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​វិញ គឺ​នៅ​លូ​ទឹក ឬ​អូរ​ធម្មជាតិ​ទុក​សម្រាប់​បង្ហូរ​ទឹក ត្រូវ​កក​ស្ទះ ឬ​លិចលង់ ហើយ​ទឹក​ភ្លៀង​បាន​ហូរ​កាត់​ថ្នល់​ជាតិ ដោយសារ​សកម្មភាព​ចាក់​លុប​អូរ​ធម្មជាតិ​ធ្វើ​ជា​កម្មសិទ្ធិ​នា​ពេល​កន្លង​មក។

បឹង​ព្រែកទប់ ឬ​បឹង​ទឹកសាប ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​៣ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​គេ​ចាក់​ដី​រំលោភ​យក​បរិវេណ​បឹង​ធ្វើ​ជា​កម្មសិទ្ធិ​កន្លង​មក។ រូបថត​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៤
បឹង​ព្រែកទប់ ឬ​បឹង​ទឹកសាប ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​៣ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​គេ​ចាក់​ដី​រំលោភ​យក​បរិវេណ​បឹង​ធ្វើ​ជា​កម្មសិទ្ធិ​កន្លង​មក។ រូបថត​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៤ (RFA/Den Ayuthyea)

លោក ឃុន សាវឿន បាន​ចោទ​ថា ករណី​នេះ​អាច​ជា​ការ​ឃុបឃិត​របស់​បុគ្គល​បម្រើ​ការងារ​នៅ​តាម​មន្ទីរ ឬ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ ជា​ថ្នូរ​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​មួយ ទើប​គ្មាន​ការ​ទប់ស្កាត់​បែប​នេះ៖ «មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គឺ​ជា​តំបន់​ភូមិសាស្ត្រ​មាន​ភ្នំ​ច្រើន ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ឈ្មួញ ឬ​ឯកជន​មាន​សិទ្ធិ​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ដើម្បី​យក​អាចម៍​ដី​លក់ ឬ​ពង្រាប​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ដោយ​គ្មាន​អាជ្ញាធរ​ហាម​ឃាត់​ទៅ​វិញ។ បញ្ហា​នេះ ត្រូវ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​ថ្កោលទោស ហើយ​សកម្មភាព​នេះ​បាន​រក​ចំណូល​ពន្ធ​បង់​ចូល​រដ្ឋ​បាន​ចំនួន​ប៉ុន្មាន ឬ​មួយ​បង់​ចូល​ហោប៉ៅ​ឯកជន»

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ក្រុម​ការងារ​ចម្រុះ​ថ្មី​នេះ​បាន​ចុះ​ពិនិត្យ​ដល់​ទីតាំង​មាន​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ ឬ​ការ​ចាក់​ដី​លុប​លូ និង​អូរ​ធម្មជាតិ​ចំនួន ៥​ទីតាំង និង​ត្រៀម​កោះ​ហៅ​ម្ចាស់​ក្រុមហ៊ុន ឬ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មក​សួរ​នាំ និង​ពិនិត្យ​ច្បាប់​ធ្វើ​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ។

ត្រង់​ចំណុច​នេះ លោក ប្រាក់ សមប្រាថ្នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះសីហនុ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា បាន​អនុញ្ញាត​ឲ្យ​តែ​ក្រុមហ៊ុន​មួយ​ទេ​មាន​សិទ្ធិ​ជីក​កកាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម គឺ​នៅ​តំបន់​ភ្នំ​៩៦ នា​មូលដ្ឋាន​ក្រុង​ព្រះសីហនុ។ ចំណែក​ការ​ដឹក​ដី​ធ្វើ​អាជីវកម្ម​ទៅ​កាន់​ទីតាំង​ផ្សេងៗ ឬ​ប៉ះពាល់​ដល់​បរិស្ថាន គឺ​មិន​មែន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ស្ថាប័ន​លោក​ត្រូវ​ដោះស្រាយ​ទេ។

ដោយឡែក លោក សាមុត សុធារិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ដែរ​ថា ស្ថាប័ន​ខ្លួន​ធ្លាប់​ផាក​ពិន័យ​បង់​ពន្ធ​ចូល​រដ្ឋ​ទៅ​លើ​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នក​ធ្វើ​អាជីវកម្ម​ដឹក​ដី​តាម​រថយន្ត ហើយ​ជ្រុះ​អាចម៍​ដី​តាម​ផ្លូវ​សាធារណៈ​ប៉ះពាល់​ដល់​បរិស្ថាន ឬ​អ្នក​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់។ ជាង​នេះ​ទៀ ក៏​បាន​ណែនាំ​ម្ចាស់​ធ្វើ​អាជីវកម្ម​ដឹក​ដី​ទាំង​នោះ ត្រូវ​ចូលរួម​រក្សា​បរិស្ថាន ឬ​សោភណភាព​ក្នុង​ខេត្ត។

ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ ការ​បំពុល​បរិស្ថាន​ផ្ដើម​ដោយ​ការ​ធ្វើ​អាជីវកម្ម​ជីក​ដី​ភ្នំ ឬ​ចាក់​ដី​លុប​អូរ​ធម្មជាតិ នាំ​ឲ្យ​ស្ទះ​លូ​បង្ហូរ​ទឹក​ភ្លៀង បាន​បន្ត​កើត​មាន​មក​ដល់​ពេល​នេះ ដោយ​គ្មាន​មន្ត្រី​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​ណា​មួយ ពិសេស​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។