រដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនមួយចំនួនដែលទទួលសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលហើយ តែមិនធ្វើសកម្មភាពអភិវឌ្ឍន៍នោះទេ។ ការសម្រេចលុបសិទ្ធិរបស់ក្រុមហ៊ុនទាំងនោះ នៅបន្ទាប់ពីគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាស់វែង និងវាយតម្លៃពីផលប៉ះពាល់ និងគ្មានសកម្មភាពដាំដុះ ឬធ្វើការអភិវឌ្ឍនៅលើដីទាំងនោះ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីការពារសិទ្ធិមនុស្សស្វាគមន៍ចំពោះការដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជនទាំងនោះ ពីព្រោះក្រុមហ៊ុនមួយចំនួនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ហើយកាប់យកតែឈើទេ មិនធ្វើសកម្មភាពដាំដុះអ្វីដូចមានចែងនៅក្នុងកិច្ចសន្យាវិនិយោគ។
រដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន ៨ ដែលមានផ្ទៃដីសរុបប្រមាណជាង ១២ពាន់ហិកតារ នៅក្នុងខែត្រចំនួន៣។ ការដកហូតនេះ មាននៅខែត្រព្រះសីហនុ ចំនួន ៥ក្រុមហ៊ុន ខែត្រកំពង់ស្ពឺ ចំនួន ១ក្រុមហ៊ុន និងខែត្រកោះកុង ចំនួន ២ក្រុមហ៊ុន។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យដឹងនៅរសៀលថ្ងៃទី២៩ កញ្ញា ក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងថា ក្រុមហ៊ុនទាំង៨នោះ មិនគោរពតាមគោលការណ៍របស់រដ្ឋាភិបាលក្នុងការវិនិយោគដែលរដ្ឋាភិបាលផ្ដល់ជូននោះទេ ដូច្នេះក្រសួងត្រូវដកហូតដីទាំងនោះដាក់ជាឧទ្យានជាតិវិញ។
លោក សាយ សំអាល់ បន្ថែមថា ក្រុមហ៊ុនដែលបានគោលការណ៍ហើយនិងចុះកិច្ចសន្យានោះ រដ្ឋាភិបាលផ្ដល់ជូនរយៈពេលតែ ៥០ឆ្នាំទេ មិនមានរយៈពេល ៩៩ឆ្នាំដូចកាលពីមុនទៀតទេ៖ «ចំពោះក្រុមហ៊ុនដែលបានគោលការណ៍ទៅហើយ ហើយបានចុះកិច្ចសន្យាទៅហើយ អាហ្នឹងយើងរក្សាដដែល ចំពោះក្រុមហ៊ុន បានគោលការណ៍ហើយ ហើយមិនទាន់ចុះកិច្ចសន្យា យើងចុះកិច្ចសន្យាថ្មី អាហ្នឹងយើង មានរយៈពេលតែ៥០ឆ្នាំទេ»។
របាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ក្រុមហ៊ុនទាំង៨ ដែលរដ្ឋាភិបាលដកហូតសិទ្ធិកាន់កាប់ដីសម្បទានសេដ្ឋកិច្ចនោះ មានក្រុមហ៊ុន វិមានសិលា ក្រុមហ៊ុន ស៊ាន ក្រុមហ៊ុន ប្លូ មេត្រូ (Blue Metro) ក្រុមហ៊ុន ស៊ាន់ វឌ្ឍនៈ ក្រុមហ៊ុន ច័ន្ទ រត្នន៍ ក្រុមហ៊ុន ឋានសួគ៌ និងក្រុមហ៊ុន ហេង ប៊ុនណាត។
ការសម្រេចដកសិទ្ធិពីក្រុមហ៊ុនទាំងនេះ យោងលើរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងបានពិនិត្យវាស់វែង និងវាយតម្លៃដីសម្បទានសេដ្ឋកិច្ចចុះថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៤។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ដែលធ្វើការពារព្រៃឈើនោះ លោកបានស្វាគមន៍ចំពោះការដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំងនេះ។ តែលោក អ៊ូច ឡេង អះអាងថា ក្រុមហ៊ុនទាំងនោះទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលមិនបានធ្វើការអភិវឌ្ឍអ្វីទេ គោលបំណងសំខាន់របស់ក្រុមហ៊ុនទាំងនោះ កាប់យកតែឈើ។ ក្រុមហ៊ុនខ្លះទៀតបានបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានទៀតក៏មាន៖ «ក្រុមហ៊ុនទាំងនោះធ្វើអ្វីតាមចិត្ត គាត់កាប់ឈើហើយគាត់រត់ចោលទៅ តើអាហ្នឹងអ្នកណាជាអ្នកទទួលខុសត្រូវអំពីការខាតបង់ អំពីការប៉ះពាល់ ? អាហ្នឹងមិនបានទេមិនឲ្យគាត់រួចខ្លួនទេ ចំណុចហ្នឹងហើយ រដ្ឋាភិបាលត្រូវឲ្យគាត់ទទួលខុសត្រូវឲ្យគាត់ដាំដើមឈើឡើងវិញ ឲ្យគាត់បង់ពន្ធដា អាហ្នឹងជាកាតព្វកិច្ចរបស់ក្រុមហ៊ុន»។
នៅក្នុងសន្និសីទសារព័ត៌មាននោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ មិនបានឆ្លើយសំណួរចំៗ ឆ្លើយតបនឹងអ្នកសារព័ត៌មានទេ ដូចជាតើក្រសួងនឹងឲ្យក្រុមហ៊ុនទាំងនោះផ្ដល់សំណងជូនរដ្ឋវិញដែរទេ? ក្រុមហ៊ុនប៉ុន្មានដែលរដ្ឋាភិបាលផ្ដល់ដីសម្បទានដីសេដ្ឋកិច្ចជូននៅទូទាំងប្រទេស? ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ រដ្ឋទទួលបានចំណូលនៃការបង់ពន្ធជូនរដ្ឋប៉ុន្មានក្នុង១ឆ្នាំជាដើម?
សំណួរទាំងអស់នេះ លោក សាយ សំអាល់ ពន្យល់ថា ក្រសួងកំពុងតែធ្វើការងារនេះ ហើយសុំទុកពេលឲ្យលោកសិន៖ «ឥលូវហ្នឹងបើឆ្លើយទៅវានាំតែនេះទេ យើងឲ្យតួរលេខទៅខុសនាំតែស្រពិចស្រពិលទេ តែយើងហ្នឹងធ្វើការនេះឲ្យបានឆាប់ ដើម្បីជូនដំណឹងទៅឲ្យប្រជាជនយើង ថាតើក្រុមហ៊ុនប៉ុន្មានយើងឲ្យដីសម្បទាន ? ដីទំហំប៉ុន្មានយើងទុកអភិរក្ស ? ហ្នឹងសុំទុកពេលឲ្យខ្ញុំបន្តិច»។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ជារដ្ឋមន្ត្រីថ្មីមួយរួបក្នុងចំណោមរដ្ឋមន្ត្រីដទៃទៀតដែលលោកទទួលបានការតែតាំងថ្មីពីរដ្ឋាភិបាលនៅក្នុងអាណត្តិទី៥នេះ ហើយលោកជាកូនមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា គឺលោក សាយ ឈុំ។ នេះជាលើកទី១ហើយដែលលោកបានធ្វើសន្និសីទសារព័ត៌មានស្ដីពីការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច នៅបន្ទាប់ពីលោកបានដឹកនាំក្រសួងបរិស្ថានជាង ១ឆ្នាំកមកនេះ។
របាយការណ៍ស្ដីពីស្ថានភាពដីធ្លីឆ្នាំ២០១៣ និង ៣ខែដើមឆ្នាំ២០១៤ របស់សមាគមអាដហុក (Adhoc) ចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០១៤ បង្ហាញថា ឆ្នាំ២០១៣ មានករណីចោទប្រកាន់មនុស្ស ១០៩នាក់ ចាប់ខ្លួន ៤៣នាក់ និងជាប់ពន្ធនាគារ ១៩នាក់ ដោយសារតែបញ្ហាទំនាស់ដីធ្លី។ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនជាង ២០០ក្រុមហ៊ុន មានផ្ទៃដីជាង ២លានហិកតារនៅទូទាំងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។