រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១១​បន្ថែម

0:00 / 0:00

រដ្ឋាភិបាល​សម្រេច ​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​​ចំនួន​១១ ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​​សេដ្ឋកិច្ច​ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ និង​ក្រុមហ៊ុន​​មិន​បាន​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍។ ចំណែក​សង្គមស៊ីវិល​ដែល​តាមដាន​ដំណើរការ​នេះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដាក់ទោស​ក្រុមហ៊ុន​ទាំង​នោះ ព្រោះ​ក្រុមហ៊ុន​ភាគ​ច្រើន​មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​បំផ្លាញ​ធនធាន​ធម្មជាតិ និង​កាប់​បំផ្លាញ​ព្រៃឈើ​ឡើយ។

នេះ​គឺ​ជា​លើក​ទី​២ ដែល​ក្រសួង​បរិស្ថាន ក្នុង​នាម​រាជរដ្ឋាភិបាល ដក​សិទ្ធិ​ពី​ក្រុមហ៊ុន​ ​ដែល​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ទំហំ​ជាង ៥​ម៉ឺន​ហិកតារ។ ក្រោយ​ពី​ការ​សម្រេច​លុប​សិទ្ធិ​របស់​ក្រុមហ៊ុន​ទាំង​នោះ រដ្ឋាភិបាល​នឹង​ប្រគល់​​ដី​ទាំង​នោះ​ឲ្យ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច រួម​មាន៖ ដែន​ជម្រក​សត្វព្រៃ ក្រសួង​បរិស្ថាន និង​ឧទ្យាន​ជាតិ​គ្រប់គ្រង និង​អភិរក្ស​ឡើង​វិញ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ទី​១៧ ខែ​តុលា ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ១១ ដែល​ត្រូវ​ដក​អាជ្ញាប័ណ្ណ​នោះ មាន​ក្រុមហ៊ុន​ខ្លះ​មិន​បាន​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​អ្វី​សោះ​ក្នុង​រយៈពេល ១១​ឆ្នាំ ហើយ​ក៏​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​អភិវឌ្ឍន៍​ទៅ​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ។

លោក​រដ្ឋមន្រ្តី​មិន​ទាន់​បញ្ជាក់​ថា នឹង​ចាត់​វិធានការ​យ៉ាង​ណា​ទៅ​ក្រុមហ៊ុន​ទាំង​នោះ​ឡើយ ប៉ុន្តែ​ក្រសួង​នឹង​ធ្វើ​ការងារ​តាម​ជាក់ស្តែង​ទៅ​លើ​ក្រុមហ៊ុន​ទាំង​នោះ៖ «ចំពោះ​ក្រុម​ដែល​គាត់​បាន​គោលការណ៍​ហើយ​មិន​បាន​ធ្វើ គឺ​យើង​លុយ​ចោល។ សម្រាប់​ជំហាន​នេះ យើង​ធ្វើ​ប៉ុណ្ណឹង​សិន ក៏ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា យើង​មិន​ធ្វើ​កិច្ចការ​បន្ត​ទេ។ យើង​ធ្វើ​ការ​តាម​ដាន​ត្រួត​ពិនិត្យ​លើ​បញ្ហា​នេះ​ដែរ ហើយ​ខ្ញុំ​ដូច​និយាយ​ដដែល​ឡើង​វិញ គឺ​យើង​យក​ច្បាប់​ជា​គោល ព្រោះ​យើង​មាន​នីតិវិធី តាម​នីតិវិធី​ច្បាប់​ដែល​យើង​ត្រូវ​ធ្វើ»

កាល​ពី​ចុង​ខែ​កញ្ញា កន្លង​ទៅ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន បាន​ដក​អាជ្ញាប័ណ្ណ ​ក្រុមហ៊ុន​​ចំនួន ៨ ម្តង​រួច​ហើយ។ ការ​ដក​ហូត​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​ពី​ក្រុមហ៊ុន​ទាំង​ពីរ​លើក​នេះ ដី​ភាគ​ច្រើន​ជា​ប្រភេទ​ដី​ឋិត​នៅ​ក្នុង​តំបន់​ដែន​ជម្រក​ការពារ​សត្វ​ព្រៃ និង​នៅ​ក្នុង​តំបន់​ឧទ្យានជាតិ រួម​មាន​ឧទ្យានជាតិ​ព្រះសុរាម្រិត-កុសុមៈ និង​ឧទ្យានជាតិ​ព្រះសីហនុរាម ជាដើម។

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ដែល​ធ្វើ​ការ​ទាក់ទង​ការ​​ការពារ​ព្រៃឈើ​បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ។ ប៉ុន្តែ​លោក​បាន​ទាមទារ​រដ្ឋាភិបាល ឲ្យ​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​ទាំង​នោះ។

លោក​បន្ត​ថា​ តាម​រយៈ​ការ​ឃ្លាំមើល​កន្លង​ទៅ​រក​ឃើញ​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​បំផ្លាញ​ធនធាន​ធម្មជាតិ កាប់​បំផ្លាញ​ព្រៃឈើ និង​ចុង​ក្រោយ​គឺ​លក់​សិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន​ផ្សេង​ទៀត​ក្នុង​ការ​វិនិយោគ៖ «ក្រុមហ៊ុន​ទាំង​នោះ​កាប់​ឈើ​អស់ ប្រមូល​យក​ឈើ​លក់​អស់​ហើយ គឺ​ដើរ​ចេញ​តែប៉ុណ្ណឹង ហើយ​ធ្វើ​ឲ្យ​វិនាស​ហិនហោច​នូវ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា នៅ​លើ​ដី​ដែល​គេ​ទទួល​បាន​សិទ្ធិ​សម្បទាន​​សេដ្ឋកិច្ច​កន្លង​មក អ៊ីចឹង​ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​វិធានការ​តឹងរ៉ឹង​អំពី​បញ្ហា​នេះ»

តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន មាន​ក្រុមហ៊ុន​ចំនួន ១១១ ទទួល​បាន​ដី​សម្បាទាន​សេដ្ឋកិច្ច ហើយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន ៣ បាន​ប្រគល់​សិទ្ធិ​មក​ក្រសួង​បរិស្ថាន​វិញ។
ក្រុមហ៊ុន​ទាំង​១១ ដែល​ក្រសួង​ដក​សិទ្ធិ​រួមមាន៖ ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ (Kasekam Khmer Angkor Co., Ltd.) ក្រុមហ៊ុន អិល.ខេ.អិល ខនស្ត្រាកសិន (LKL Construction Co., Ltd.) ក្រុមហ៊ុន ឫទ្ធី គីរីសីមា ក្រុមហ៊ុន ញូខសម៉ូស ឌីវឺឡុបមេន ខេមបូឌា ក្រុមហ៊ុន JIANKING (Cambodia) International Investment Co., Ltd. ក្រុមហ៊ុន គិរីរម្យ អេកូទួរីសឹម អ៊ីនវេសមេន (Eco Tourism Investment) ក្រុមហ៊ុន​សំណង់ លាងប៊ូ ក្រុមហ៊ុន ស្រី បញ្ញា អភិវឌ្ឍន៍ ក្រុមហ៊ុន ឃុន សៀ ក្រុមហ៊ុន ប៊ី.អេស.ស៊ី អ៊ីមផត ( BSC Import Co., Ltd.) និង​ក្រុមហ៊ុន ធីធីវ៉ាយ អភិវឌ្ឍន៍​ដំណាំ​កសិកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។