លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យអភិបាលរាជធានីភ្នំពេញដោះស្រាយបញ្ចប់បញ្ហាដីធ្លីក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញ ដែលបានអូសបន្លាយរ៉ាំរ៉ៃប្រមាណ ១០ឆ្នាំមកហើយ។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងវេទិកាជាតិលើកទី២ ស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នាវិមានសន្តិភាព នៅថ្ងៃទី២២ សីហា បន្ទាប់ពីតំណាងសហគមន៍បឹងកក់ អ្នកស្រី ហុង សុខខេង ឡើងថ្លែងស្នើរកដំណោះស្រាយដោយផ្ទាល់ពីលោក ហ៊ុន សែន ចំពោះបញ្ហាអ្នកបឹងកក់។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន សែន បានហៅអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មកទទួលញត្តិដោយផ្ទាល់ពីវេទិកា ដើម្បីដោះស្រាយបញ្ហានេះ។ លោកសង្ឃឹមថា ដំណោះស្រាយសម្រាប់អ្នកបឹងកក់ទាំង ៧គ្រួសារចុងក្រោយ នឹងឈានដល់ទីបញ្ចប់។
ឆ្លើយតបនឹងករណីនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី អះអាងថា សាលារាជធានីនឹងដោះស្រាយលើករណីនេះតាមអនុសាសន៍នាយករដ្ឋមន្ត្រី ខណៈលោកថា កន្លងមកសាលារាជធានីតែងយកចិត្តទុកដាក់ដោះស្រាយបញ្ហាអ្នកនៅសេសសល់ ចំនួន៧គ្រួសារនេះ។ លោកថា សាលារាជធានីនឹងមានកិច្ចប្រជុំជាមួយអ្នកបឹងកក់នៅថ្ងៃខាងមុខ ប៉ុន្តែលោកមិនទាន់ដឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅពេលណានៅឡើយទេ។
ជម្លោះដីធ្លីក្នុងសហគមន៍នេះបានកើតឡើងតាំងពីឆ្នាំ២០០៧ ក្រោយពីរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនស៊ូកាគូ ធ្វើការអភិវឌ្ឍសម្រាប់រយៈពេល៩៩ឆ្នាំ ក្នុងទឹកប្រាក់ប្រមាណ៧៩លានដុល្លារសហរដ្ឋអាមេរិក លើផ្ទៃដីចំនួនជិត១៣៣ហិកតារ។ បច្ចុប្បន្នបានកាត់ដីបរិវេណវិហារឥស្លាមចេញ នៅសល់ផ្ទៃដីវិនិយោគតែជាង ១២៦ហិកតារ។
កាលពីឆ្នាំ២០១០ ក្រុមហ៊ុនស៊ូកាគូ ក៏បានបូមខ្សាច់ពន្លិចផ្ទះអ្នកបឹងកក់ក្នុងក្រុម៨ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ អស់៦ខ្នង ទោះអ្នកភូមិមិនបានទទួលលិខិតរបស់សាលារាជធានីភ្នំពេញ ពីដំណឹងរើផ្ទះចេញពីតំបន់នេះក្ដី។
ជម្លោះដីនៅតំបន់បឹងកក់មានប្រជាពលរដ្ឋជាច្រើននាក់ត្រូវបានតុលាការចាប់ដាក់ពន្ធនាគារនិងខ្លះទៀតយកទៅឃុំខ្លួននៅព្រៃស្ពឺក្នុងនោះក៏មានអ្នកស្រី ទេព វន្នី បានជាប់ពន្ធនាគារជាច្រើនលើក។ ការជាប់ពន្ធនាគារចុងក្រោយនេះតុលាការមិនទាន់ដោះលែងអ្នកស្រីវិញនៅឡើយមកទល់ពេលនេះដោយសារតែការទាមទាររកដំណោះស្រាយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។