ពលរដ្ឋ​ខេត្ត​កំពង់ធំ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​លិច​ទឹក​ដោយសារ​មាន​ការ​លួច​ឈូស​ឆាយ​ពេល​យប់

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំណារក្រោម ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បញ្ជាក់​ថា សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក និង​ដី​តំបន់​ហាមឃាត់​កើត​មាន​កាន់​តែ​ច្រើន​ឡើង ពិសេស​សកម្មភាព​ទាំង​នោះ​ធ្វើ​ឡើង​នៅ​ពេល​យប់។ បញ្ហា​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​បារម្ភ​ថា នឹង​អាច​ហិនហោច​តំបន់​ព្រៃ​លិច​ទឹក ហើយ​បង្ក​ផល​ប៉ះពាល់​ផ្សេងៗ​ដល់​ការ​រស់នៅ​របស់​ពួក​គាត់។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន បាន​បដិសេធ​ការ​លើក​ឡើង​នេះ។

ពលរដ្ឋ​នៅ​ឃុំ​ចំណារក្រោម ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​សកម្មភាព​ឈូស​ឆាយ និង​ភ្ជួរ​ដី​តំបន់​ហាមឃាត់ ពីព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​តំបន់​ព្រៃ​លិច​ទឹក។ អ្នក​ភូមិ​លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​បាន​ជួយ​ទប់ស្កាត់​ទេ វា​នឹង​បណ្ដាល​ឲ្យ​បាត់បង់​ជម្រក​ត្រី​ពង​កូន។ ម្យ៉ាង​ទៀត ធ្វើ​ឲ្យ​ប៉ះពាល់​កន្លែង​លែង​គោ​ក្របី​របស់​អ្នក​ស្រុក ដែល​មាន​ទម្លាប់​លែង​ចោល​នៅ​រដូវ​ប្រាំង​ពាសវាលពាសកាល​នោះ។

ពលរដ្ឋ​នៅ​ឃុំ​ចំណារក្រោម លោក ជុន សំណាង ឲ្យ​ដឹង​ថា សកម្មភាព​ឈូស​ឆាយ​ដី​តំបន់​បី រួម​មាន​ព្រៃ​លិច​ទឹក និង​តំបន់​ហាមឃាត់​មួយ​ចំនួន បាន​កើត​ឡើង​ប្រមាណ ១​ខែ​មក​ហើយ បណ្ដាល​ឲ្យ​ប៉ះពាល់​ដី​តំបន់​ហាមឃាត់​រាប់​រយ​ហិកតារ។ លោក​បន្ត​ថា សកម្មភាព​ទាំង​នោះ ភាគ​ច្រើន​ធ្វើ​ឡើង​នៅ​ពេល​យប់​ក្នុង​ភូមិសាស្ត្រ​តំបន់​ខាង​ជើង​ភ្នំ​ជីមុស ក្បែរ​មាត់​បឹង​ទន្លេសាប​ប្រមាណ ៣​គីឡូម៉ែត្រ ដោយ​មិន​មាន​អាជ្ញាធរ​ហាមឃាត់​ឡើយ។ លោក​បញ្ជាក់​ថា មិន​មែន​ជា​ការ​ឈូស​ឆាយ​ដី​របស់​ខ្លួន​ធ្លាប់​អាស្រ័យ​ផល​រួច​មក​ទេ ប៉ុន្តែ​ជា​ការ​រុក​រាន​ដី​ថ្មី​ដើម្បី​កាន់​កាប់ និង​លក់​បន្ត​ឲ្យ​ពលរដ្ឋ​ក្នុង​មួយ​ហិកតារ ២​លាន​រៀល​ទៅ ៤​លាន​រៀល។ លើស​ពី​នេះ​ទៀត ការ​ឈូស​ឆាយ និង​ភ្ជួរ​រាស់​ដី​តំបន់​នោះ ក្រុម​ឈ្មួញ​កណ្ដាល​បាន​លុប​បឹង ឬ​ត្រពាំង​មួយ​ចំនួន​ទៀត​ផង « ព្រួយ​បារម្ភ​មិន​ដឹង​ឃ្វាល​គោ​ក្របី​ឯណា ? វា​អត់​មាន​ជម្រក​ត្រី​ពង​កូន​ផង មិន​ដឹង​ឃ្វាល​គោ​ក្របី​ឯណា​ផង ហើយ​ត្រពាំង ស្រះ​តូចៗ គេ​លុប​អស់​រលីង »

ដី​ស្រែ​ប្រាំង​នៅ​ឃុំ​ចំណារក្រោម ត្រូវ​បាន​បែង​ចែក​ជា​បី​តំបន់ គឺ​ដី​តំបន់​មួយ តំបន់​ពីរ និង​តំបន់​បី។ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ រាជ​រដ្ឋាភិបាល​ចេញ​សេចក្តី​ជូន​ដំណឹង​តម្រូវ​ឲ្យ​អាជ្ញាធរ​ខេត្ត កាត់​ឆ្វៀល​ដី​តំបន់​បី ដែល​ប្រជាពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល ប្រគល់​ឲ្យ​ពួក​គាត់​វិញ។ ចំណែក​ដី​តំបន់​ហាមឃាត់ ឬ​ជា​តំបន់​ព្រៃ​លិច​ទឹក​ដែល​មិន​ធ្លាប់​បាន​បង្កបង្កើន​ផល​ពី​មុន​មក គឺ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​កាប់​រុក​រាន​បន្ថែម​ទៀត​ឡើយ ព្រោះ​ត្រូវ​រក្សា​ទុក​ជា​តំបន់​អភិរក្ស​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ចំណារក្រោម លោក ឃុំ ធី មាន​ប្រសាសន៍​ថា សកម្មភាព​ឈូស​ឆាយ ឬ​ភ្ជួរ​នៅ​លើ​ដី​តំបន់​បី​នោះ គឺ​ជា​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ពី​មុន​មក​ប៉ុណ្ណោះ ដោយ​ពួក​គេ​មិន​បាន​រុក​រាន​បន្ថែម​ដូច​ការ​លើក​ឡើង​ទេ។ លោក​ថា អាជ្ញាធរ​បាន​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រាជ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៤ ដោយ​មិន​ឲ្យ​ប៉ះពាល់​តំបន់​ដី​គម្រប​ព្រៃ​លិច​ទឹក ឬ​តំបន់​ហាមឃាត់​ឡើយ « គាត់​ទៅ​អាស្រ័យ​ផល គាត់​ទៅ​ភ្ជួរ​លើ​ដី​ដែល​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល លើ​ដី វាលៗ​ទេ ដោយ​គាត់​កន្លង​មក ដែល​រដ្ឋាភិបាល ​ហាមឃាត់​ទៅ គាត់​អត់​បាន​ធ្វើ។ ដល់​នេះ​ទៅ យើង​ទៅ​ឆ្វៀល​ជូន​គាត់​ទៅ »

លោក​បញ្ជាក់​ដែរ​ថា ពលរដ្ឋ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​មិន​មែន​ជា​ឈ្មួញ​កណ្ដាល​ទេ ហើយ​ពួក​គាត់​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ប៉ះពាល់​ព្រៃ​លិច​ទឹក ព្រម​ទាំង​មិន​អនុញ្ញាត​ឲ្យ​លុប​បឹង អូរ ឬ​ត្រពាំង​ជាដើម។ ប្រសិន​បើ​ខុស​កិច្ចសន្យា អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

ទោះ​បី​ជា​បែប​នេះ​ក្តី ពលរដ្ឋ​នៅ​តែ​អះអាង​ថា ការ​កាត់​ឆ្វៀល​ដី​តំបន់​បី​ជូន​អ្នក​ភូមិ គឺ​ពិត​ជា​លើស​ពី​ផែនការ​មែន ហើយ​ក្រុម​អ្នក​ឈូស​ឆាយ​ទាំង​នោះ ថែម​ទាំង​ដាក់​កម្លាំង​សមត្ថកិច្ច​យាម​នៅ​តំបន់​នោះ​ទៀត​ផង។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញូង សាមឿន យល់​ថា ប្រសិន​បើ​ដូច​ទៅ​នឹង​អ្វី​ដែល​ប្រជាពលរដ្ឋ​អះអាង គឺ​ជា​រឿង​ខុស​ច្បាប់។ លើស​ពី​នេះ​លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់ ជៀសវាង​ធ្វើ​ឲ្យ​ដី​តំបន់​អភិរក្ស​ត្រូវ​ធ្លាក់​លើ​ដៃ​របស់​ឈ្មួញ ឬ​ក្រុម​អ្នក​មាន​ប្រាក់ « ឈូស​ឆាយ​រំលោភ​លើ​ដី​ប្រជាពលរដ្ឋ ឬ​ដី​រដ្ឋ ​ក៏ដោយ លើស​ពី​ផែនការ​របស់​រដ្ឋាភិបាល ​កំណត់ អា​ហ្នឹង​អាជ្ញាធរ​ត្រូវ​ចុះ​ស៊ើប​អង្កេត »

ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា​៩៨ ចែង​អំពី​បទល្មើស​ថ្នាក់​ទី​១ គឺ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៣​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​រឹប​អូស​យក​វត្ថុ​តាង​ទាំងអស់​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំង​នោះ រួម​មាន ការ​កាប់​ឆ្ការ​គាស់​រុក​រាន ឬ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង ឬ​ហ៊ុមព័ទ្ធ​ព្រៃ​ទាំង​នេះ។ ជាង​នេះ​ទៀត ករណី​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។