សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទំពួន​ខេត្ត​រតនគិរី​ទទួល​យក​ដំណោះស្រាយ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ

0:00 / 0:00

ជម្លោះ​ដណ្ដើម​ដី​គ្នា​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី គឺ​ជា​កត្តា​សំខាន់​ដែល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យក​ចិត្ត​ទុក​ដាក់។ ពួក​គេ​ជួយ​សម្រប​សម្រួល​បញ្ចប់​វិវាទ​នេះ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​ជួយ​ការពារ​ប្រពៃណី វប្បធម៌ និង​សាមគ្គីភាព​ផ្ទៃ​ក្នុង​សហគមន៍​បាន​ប្រសើរ​ឡើង​វិញ។

វិវាទ​ដណ្ដើម​ដី​គ្នា​របស់​សមាជិក​សហគមន៍​ភូមិ​ប៉ាតត់ ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ដែល​កើត​មាន​ប្រមាណ ២​ឆ្នាំ​កន្លង​ទៅ បាន​ដោះស្រាយ​បញ្ចប់ បន្ទាប់​ពី​ភាគី​ជម្លោះ​យល់ព្រម​សម្រប​សម្រួល​ចែក​ដី​គ្នា​ជា​ពីរ​ចំណែក​ស្មើ​គ្នា។

ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា នៅ​ភូមិ​ប៉ាតត់ ដោយ​មាន​សមាជិក​សហគមន៍​ភូមិ​ប៉ាតត់ ជាង ៣០​នាក់ និង​សមាជិក​គណៈកម្មការ​សហគមន៍​មន្ត្រី​មូលដ្ឋាន រួម​ទាំង​មន្ត្រី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី​អង្គការ​លីកាដូ (LICADHO) ខេត្ត​រតនគិរី បាន​ចូលរួម​សង្កេតការណ៍ និង​ប្រឹក្សា​យោបល់​ជូន​ភាគី​ជម្លោះ។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ឯម សុភ័ក្រ កត់​សម្គាល់​ថា ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ប្រកាន់​យក​ការ​ដោះស្រាយ​វិវាទ​តាម​រយៈ​អាជ្ញាធរ​ប្រពៃណី ពោល​គឺ​ការ​ដោះស្រាយ​វិវាទ​ផ្អែក​លើ​ការ​ផ្សះផ្សា​គូ​ទំនាស់​ទាំង​ពីរ។ ហេតុ​នេះ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សម្រប​សម្រួល​ឲ្យ​សមាជិក​សហគមន៍​ទទួល​យក​ដំណោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ ដោយសារ​អាជ្ញាធរ​ប្រពៃណី មិន​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​បាន។ លើស​ពី​នេះ​ទៀត ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ កាត់​បន្ថយ​ខាតបង់​ពេលវេលា និង​ប្រាក់ រួម​ទាំង​ជួយ​ពង្រឹង​សាមគ្គីភាព​ផ្ទៃ​ក្នុង​សហគមន៍​បាន​កាន់​តែ​ប្រសើរ៖ « ពួក​គាត់​ពី​ដើម​មិន​ដែល​ប្ដឹង​ផ្តល់​គ្នា​ទៅ​ឆ្ងាយ​ទេ គឺ​ដោះស្រាយ​ផ្សះផ្សា​គ្នា​ត្រឹម​មេ​កន្ទ្រាញ​ចាស់​ទុំ​បញ្ចប់​រឿង។ ដូច្នេះ ក្រោយ​ពី​យើង​ពន្យល់​គាត់ ហើយ​គាត់​ពិភាក្សា​គ្នា​មាន​ចាស់​ទុំ​មក​បង្ហាញ​ថា​ចែក​គ្នា​ក្នុង​ភាព​សាមគ្គី »

សហគមន៍​ជនជាតិ​ដើម​ទំពួន ភូមិ​ប៉ាតត់ មាន​សមាជិក​ជាង ១០០​គ្រួសារ បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ចុះ​បញ្ជី​បង្កើត​សហគមន៍​ជា​នីតិបុគ្គល​តាំង​ពី​ឆ្នាំ​២០១៤។ បច្ចុប្បន្ន គណៈកម្មការ​សហគមន៍​កំពុង​រៀបចំ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។

សមាជិក​គណៈកម្មការ​សហគមន៍ លោក វន តុល មាន​ប្រសាសន៍​ថា មុន​ពេល​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព សមាជិក​សហគមន៍​ខ្លះ​ខ្វះខាត​ដី បាន​នាំ​គ្នា​កាប់​រាន​យក​ដី​ត្រៀម​បម្រុង​របស់​សហគមន៍ ដោយ​មិន​មាន​ការ​ឯកភាព​ពី​គណៈកម្មការ​សហគមន៍ ទើប​កើត​មាន​ជម្លោះ​ផ្ទៃ​ក្នុង​ពាក់ព័ន្ធ​ការ​ដណ្ដើម​ដី​គ្នា។ លោក​បន្ត​ថា គណៈកម្មការ​សហគមន៍​បាន​ព្យាយាម​សម្រប​សម្រួល​ដោះស្រាយ​វិវាទ​តាម​រយៈ​អាជ្ញាធរ​ប្រពៃណី ប៉ុន្តែ​ភាគី​នៃ​ជម្លោះ​មិន​ឯកភាព​គ្នា ទើប​វិវាទ​អូស​បន្លាយ​ប្រមាណ ២​ឆ្នាំ​កន្លង​ទៅ​នេះ៖ « ដី​ដែល​ពាក់ព័ន្ធ​ជម្លោះ​គ្នា​ឯង ៦០​ម៉ែត្រ ធ្វើ​ម៉េច​សម្រួល​គ្នា​បាន »

របាយការណ៍​របស់​ក្រុមប្រឹក្សា​ឃុំ​សេដា ឲ្យ​ដឹង​ថា ដី​ដែល​កើត​មាន​ជម្លោះ​មាន​ទំហំ​ប្រមាណ ៦០​អា ជា​ដី​ដែល​សមាជិក​សហគមន៍​ពីរ​គ្រួសារ​នាំ​គ្នា​ទៅ​កាប់​ឆ្ការ​ព្រៃ​ត្រៀម​បម្រុង​សហគមន៍ ហើយ​ក៏​កើត​មាន​ជម្លោះ​ដណ្ដើម​ដី​គ្នា​ដោយ​សំអាង​ថា ភាគី​នីមួយៗ​ជា​អ្នក​កាប់​ឆ្ការ​ព្រៃ​មុន។

ប្រធាន​សហគមន៍ និង​ជា​ភាគី​ម្ខាង​នៃ​ទំនាស់ លោក អិន ខាំបែក ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​លោក ចង់​ឲ្យ​អាជ្ញាធរ​ប្រពៃណី បែង​ចែក​ដី​ជា​ពីរ​ចំណែក​ស្មើ​គ្នា ក៏ប៉ុន្តែ​ភាគី​ម្ខាង​ទាមទារ​យក​ដី​ទាំងអស់ ទើប​អាជ្ញាធរ​ប្រពៃណី​មិន​អាច​ដោះស្រាយ​បញ្ហា​បាន។ លោក​ទទួល​ស្គាល់​ថា ព្រៃ​ត្រៀម​បម្រុង​សហគមន៍​ត្រូវ​បាន​សហគមន៍​កាប់​ឆ្ការ​យក​ដី​ធ្វើ​កសិកម្ម ដោយសារ​ក្រុម​គ្រួសារ​ខ្លះ​មាន​ប្ដី​ប្រពន្ធ​បែក​ចេញ​ពី​ឪពុក​ម្ដាយ ហើយ​គ្មាន​ដី​សម្រាប់​ដាំ​ដុះ៖ « ចែក​គ្នា​ពាក់​កណ្ដាល​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ទំនាស់​ទាស់​ទែង យើង​អ្នក​ក្រីក្រ​ជនជាតិ​ដើម​ភាគ​តិច បង​ប្អូន​ដូច​គ្នា។ រាល់​ថ្ងៃ ខ្ញុំ​អត់​ចង់​ទៅ​មុខ​ទេ កុំ​ឲ្យ​ខាតបង់ »

ចំណែក​ភាគី​ជម្លោះ​ម្ខាង​ទៀត គឺ​អ្នកស្រី ព្យាម ពែន រៀបរាប់​ដែរ​ថា អ្នកស្រី​បាន​កាប់​ឆ្ការ​ព្រៃ​នោះ​មុន​ភាគី​ម្ខាង​ទៀត។ ហេតុ​នេះ អ្នកស្រី​សុំ​ឲ្យ​ភាគី​ម្ខាង​ប្រគល់​ដី​នោះ​ពីរ​ភាគ​បី​មក​គាត់​គ្រប់គ្រង៖ « ខ្ញុំ​សុំ ៤០​ម៉ែត្រ ឲ្យ​គាត់ ២០​ម៉ែត្រ។ អ៊ីចឹង​ព្រម​អត់ ខ្ញុំ​ចូល​មុន ខ្ញុំ​សុំ​ប៉ុណ្ណឹង »

សមាជិក​ក្រុមប្រឹក្សា​ឃុំ​សេដា លោក ធូន សុវណ្ណ ចាត់​ទុក​ការ​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ​ត្រៀម​បម្រុង​សហគមន៍​យក​ដី​របស់​ភាគី​ទាំង​ពីរ ថា​ជា​អំពើ​ខុស​ច្បាប់ និង​រំលោភ​ទៅ​លើ​លក្ខន្តិកៈ​សហគមន៍។ លោក​ថា ដោយសារ​សហគមន៍​មិន​ទាន់​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព ទើប​អាជ្ញាធរ​មូលដ្ឋាន និង​គណៈកម្មការ​សហគមន៍ អនុគ្រោះ​ឲ្យ​សមាជិក​សហគមន៍​ដែល​ខ្វះខាត​ដី​កាប់​ឆ្ការ​ព្រៃ​យក​ដី​សម្រាប់​បង្កបង្កើនផល៖ « នេះ​អត់​ខុស​តែ​ម្ខាង​ទេ ខុស​ទាំង​ពីរ បើ​និយាយ​ខាង​នេះ​ប្រជាពលរដ្ឋ គាត់​ហ្នឹង​មេ​សហគមន៍​តើ យើង​ផ្សព្វផ្សាយ គេ​អត់។ យើង​ត្រូវ​យក​ផែនការ​ពី​លើ​មក។ ដី​នេះ​ជា​ដី​សហគមន៍។ ដី​កាល​ណា​ចុះ​បញ្ជី​ហើយ លុះ​ណា​តែ​ចេញ​ពី​គណៈកម្មការ​ឲ្យ​កាប់​ដី​ហ្នឹង »

សមាជិក​សហគមន៍​ភូមិ​ប៉ាតត់ បាន​ស្នើសុំ​មន្ត្រី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ រៀបចំ​កម្មវិធី​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​បញ្ចប់​វិវាទ​ផ្ទៃ​ក្នុង​សមាជិក​សហគមន៍​មួយ​នេះ។

ប្រធាន​កម្មវិធី​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ឡាយ សុវត្ថរ៉ា ថ្លែង​ថា ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ធ្វើ​ឡើង​នៅ​សហគមន៍​ប៉ាតត់ គឺ​ជា​គំរូ​ល្អ​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ផ្សេង​ទៀត​រៀន​សូត្រ និង​បញ្ឈប់​កាប់​រាន​ព្រៃ​សហគមន៍​យក​ដី​ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។