ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង ៧គ្រួសារនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយឈ្មោះ ខេភីស (K Phis) ជីករណ្ដៅកាយប្រឡាយទៅលើដំណាំស្រូវ និងដំឡូង បង្កផលប៉ះពាល់ទ្រព្យសម្បត្តិ និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។
អាជ្ញាធរស្រុកពេជ្រាដា បានចុះទៅពិនិត្យកន្លែងកើតហេតុនៅថ្ងៃទី១ ខែមិថុនា បន្ទាប់ពីប្រជាពលរដ្ឋដាក់ពាក្យប្ដឹងក្រុមហ៊ុន ខេភីស ពីបទបំផ្លាញផលដំណាំពលរដ្ឋ ក៏ប៉ុន្តែក្រោយពីការចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ អាជ្ញាធរមិនអធិប្បាយពីចំណាត់ការបែបណានៅឡើយ។
អភិបាលរងស្រុកពេជ្រាដា លោក វណ្ណា ម៉ាប់ ដែលដឹកនាំមន្ត្រីឃុំ ប្រជាពលរដ្ឋម្ចាស់ដី និងតំណាងក្រុមហ៊ុន ចុះពិនិត្យដល់កន្លែងបញ្ជាក់ថា នេះជាការចុះស្រង់ទិន្នន័យដំបូង។ ហេតុនេះ អាជ្ញាធរមិនទាន់វាយតម្លៃករណីនេះបែបណាបានទេ។ លោកបន្តថា អាជ្ញាធរចុះពិនិត្យកន្លែងកើតហេតុជាក់ស្តែងតាមបណ្ដឹងរបស់ពលរដ្ឋ៖ « ដោយសារខ្ញុំកំពុងចុះមកធ្វើការ ទើបចុះបានមួយព្រឹក អត់ទាន់ដឹងលទ្ធផលយ៉ាងម៉េចទេ »។
ប្រជាពលរដ្ឋឃុំប៊ូស្រា ឲ្យដឹងថា ចាប់ពីថ្ងៃទី២៧ ខែឧសភា ក្រុមហ៊ុន ខេភីស បានប្រើប្រាស់កម្មករជាង ១០នាក់ និងគ្រឿងចក្រមកជីករណ្តៅបំណងដាំកាហ្វេ និងកាយប្រឡាយនៅលើដីដែលប្រជាពលរដ្ឋដាំស្រូវ ដំឡូង និងចម្ការស្វាយចន្ទី បណ្ដាលឲ្យខូចខាតស្រូវដែលកំពុងដុះលូតលាស់ ដោយសំអាងថា ដីនោះជាដីសម្បទានរបស់ក្រុមហ៊ុន។
ម្ចាស់ដីម្នាក់ក្នុងចំណោម ៧នាក់ ដែលបានដាក់ពាក្យប្ដឹងក្រុមហ៊ុន គឺលោក ចាញ់ ច្រែង បញ្ជាក់ថា ក្រុមហ៊ុនចូលមកជីករណ្ដៅកាយប្រឡាយប៉ះពាល់ដីប្រជាពលរដ្ឋជាង ២ហិកតារ។ ដីនោះ គឺប្រជាពលរដ្ឋ ៧គ្រួសារ បានដាំដំណាំហូបផ្លែ និងធ្វើចម្ការដាំស្រូវប្រមាណ ៣ឆ្នាំកន្លងទៅនេះ ក្នុងនោះដែរ ដីជាង ១៥ហិកតារទៀត ក៏ឋិតក្នុងការប្រទាញប្រទង់រវាងពលរដ្ឋ និងក្រុមហ៊ុន។ លើសពីនេះទៀត ក្រុមហ៊ុនមិនបានជូនដំណឹង ឬពិភាក្សាអ្វីជាមួយប្រជាពលរដ្ឋ មុននឹងជីករណ្ដៅទៅលើដំណាំស្រូវអ្នកភូមិនោះឡើយ។ លោកថា នេះជាការបំផ្លាញផលដំណាំប្រជាពលរដ្ឋដោយចេតនា និងរំលោភសិទ្ធិដីធ្លីជនជាតិដើមភាគតិចធ្ងន់ធ្ងរទៀតផង៖ « ជីករណ្ដៅកាហ្វេ ហើយគាត់កាយស្រូវពួកខ្ញុំ ដាំស្រូវដាំដំឡូង គាត់កាយអ៊ីចឹងវាខុសប្រពៃណីពួកខ្ញុំ។ គេអត់ទទួលស្គាល់ថាខុសផង គេដីគេកម្មសិទ្ធិរបស់គេ »។
កាលពីថ្ងៃទី៣០ ខែឧសភា ប្រជាពលរដ្ឋ ៧គ្រួសារដាក់ពាក្យប្ដឹងតំណាងក្រុមហ៊ុនឈ្មោះ វ៉ាន់ ស៊ុនហេង ទៅអាជ្ញាធរស្រុក បន្ទាប់ពីតំណាងក្រុមហ៊ុនបដិសេធមិនទទួលខុសត្រូវការបំផ្លាញផលដំណាំពួកគាត់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន លោក វ៉ាន់ ស៊ុនហេង សុំបញ្ជាក់ករណីនេះបានទេនៅថ្ងៃទី១ ខែមិថុនា។ ចំណែកប្រជាពលរដ្ឋម្ចាស់ដំណាំបញ្ជាក់ថា តំណាងក្រុមហ៊ុនមិនទទួលយកដំណោះស្រាយរបស់អាជ្ញាធរ ស្នើឲ្យក្រុមហ៊ុនផ្អាកការជីករណ្ដៅនោះទេ។ ផ្ទុយទៅវិញ តំណាងក្រុមហ៊ុន ទាមទារឲ្យប្រជាពលរដ្ឋផ្អាកការដាំដុះ ទើបក្រុមហ៊ុនផ្អាកជីករណ្ដៅ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកករណីនេះថាជាចេតនាបំផ្លាញផលដំណាំប្រជាពលរដ្ឋ ដែលក្រុមហ៊ុនត្រូវទទួលខុសត្រូវ ពីព្រោះក្រុមហ៊ុនគ្មានសិទ្ធិបំពានជីករណ្ដៅលើដំណាំស្រូវប្រជាពលរដ្ឋកំពុងដាំដុះ បើទោះបីជាដីតំបន់នោះឋិតក្នុងតំបន់ដីសម្បទានរបស់ក្រុមហ៊ុនក្តី៖ « បើសិនក្រុមហ៊ុនគាត់ដឹង ហើយថែមទាំងឃើញដំណាំប្រជាពលរដ្ឋ ហើយគាត់ទៅឈូសឆាយដីហ្នឹង ហើយធ្វើឲ្យខូចខាតដំណាំរបស់គាត់ គឺជាចេតនារបស់គាត់ហើយ។ ជារឿងខុសច្បាប់ធ្ងន់ធ្ងរ ហើយជារឿងរំលោភសិទ្ធិរស់នៅរបស់ប្រជាជន »។
ក្រុមហ៊ុន ខេភីស ទទួលបានដីសម្បទាន ៥០០ហិកតារនៅឃុំប៊ូស្រា។ ហេតុនេះ ប្រជាពលរដ្ឋនៅតំបន់នោះហៅឈ្មោះក្រុមហ៊ុននេះថា ក្រុមហ៊ុន ៥០០ហិកតារ។ កាលពីចុងឆ្នាំ២០១៥ អ្នកភូមិបានតវ៉ាប្រឆាំងនឹងក្រុមហ៊ុន ដោយសារក្រុមហ៊ុនបានដាក់របាំង និងបុគ្គលិកសន្តិសុខបិទផ្លូវធ្វើដំណើររបស់អ្នកភូមិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។