ប្រធានគណៈកម្មការសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូនរ៉ែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ទប់ស្កាត់បន្ទាន់សកម្មភាពប្រជាពលរដ្ឋក្នុងភូមិកំពុងនាំគ្នាផ្ដិតមេដៃលក់ដីត្រៀមបម្រុងរបស់សហគមន៍ទៅឲ្យឈ្មួញ។
ដីត្រៀមបម្រុងចុះបញ្ជីដីសហគមន៍ ជាពិសេសដីវាល និងដីព្រៃឈើក្នុងភូមិពូនរ៉ែង ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីភូមិ រៀបចំឯកសារលក់ទៅឲ្យឈ្មួញដោយខុសច្បាប់។
ប្រធានគណៈកម្មការសហគមន៍ភូមិពូនរ៉ែង លោក ផ្យឺ កាម៉ន បញ្ជាក់នៅថ្ងៃទី២៧ ខែតុលា ថា ប្រជាពលរដ្ឋក្នុងភូមិប្រមាណ ១០០គ្រួសារ និងមន្ត្រីភូមិ រួមទាំងអ្នករត់ការទិញដី បាននាំគ្នាទៅចាប់ដីវាលក្នុងភូមិដែលមិនទាន់មានអ្នកកាន់កាប់ ដើម្បីរៀបចំឯកសារតាមគ្រួសារលក់ទៅឲ្យឈ្មួញ។
លោកបន្តថា តំបន់ព្រៃត្រៀមបម្រុងខ្លះរបស់សហគមន៍ ក៏ត្រូវអ្នកភូមិវាស់វែងកំណត់យកជាដីកម្មសិទ្ធិរបស់ខ្លួនបង្កើនទំហំផ្ទៃដី ដើម្បីទទួលបានចំណែកលក់ដីបានតម្លៃច្រើន៖ « អ្នកភូមិថាលក់ៗមែន អត់ថយក្រោយផង។ ឥឡូវអត់ទៅមុខ នៅស្ទះសហគមន៍ គេរករឿងអ៊ីចឹង »។
កាលពីថ្ងៃទី២៤ ខែតុលា គណៈកម្មការសហគមន៍ បានចុះពិនិត្យទីតាំងដីដែលអ្នកភូមិចុះទៅចាប់យក ដើម្បីវាស់វែងលក់ក្រោយពេលដែលអ្នករត់ការទិញដី បានកក់ប្រាក់ប្រមាណ ២លានរៀលកាលពីខែសីហា។ រីឯអ្នករត់ការទិញដី កំពុងប្រមូលអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋអ្នកលក់ដី ដើម្បីរៀបចំឯកសារផ្ទេរសិទ្ធិកាន់កាប់ដីទៅឲ្យអ្នកទិញដី ដែលគ្រោងធ្វើនៅដំណាច់ខែតុលា។
ប្រធានភូមិពូនរ៉ែង លោក ប្លង់ សេង ទទួលស្គាល់ថា អ្នកភូមិពិតជាលក់ដីមែន ដោយសំអាងថាដីវាលនៅក្នុងភូមិមិនមានជីជាតិ អ្នកភូមិមិនអាចដាំដុះអ្វីបាន និងទុកចោលច្រើនឆ្នាំ។ លោកថា នេះជាការលក់ដូរដីខុសច្បាប់ ប៉ុន្តែអាជ្ញាធរភូមិមិនទាន់បានចុះហត្ថលេខាលើឯកសារផ្ទេរសិទ្ធិនោះនៅឡើយ៖ « អ្នកផ្ដើមគំនិតថាមិនឲ្យក៏គេលក់ដែរ បើយើងឃាត់ក៏បានដែរ ប៉ុន្តែមិនឃាត់ គេសុំ ហើយគេស្ម័គ្រចិត្ត ១០០គ្រួសារ និងដីវាល »។
ប្រធានគណៈកម្មការសហគមន៍ភូមិពូនរ៉ែង ឲ្យដឹងថា ដីដែលអ្នកភូមិគ្រោងលក់មានទំហំរាប់សិបហិកតារ ចំណែកអ្នកទិញដីមានឋានៈជាឧកញ៉ា ប៉ុន្តែមិនមានអ្នកណាបង្ហាញពីអត្តសញ្ញាណអ្នកទិញដីនោះជាអ្នកណាឡើយ។
អភិបាលស្រុកអូររាំង លោក ឆេង ទន់ណារី បញ្ជាក់ថា អ្នកភូមិមិនអាចលក់ដូរដីនោះបានទេ ពីព្រោះដីនោះជាដីឋិតក្នុងការគ្រប់គ្រងរបស់សហគមន៍ ប៉ុន្តែដីនោះឋិតជាដីសាធារណៈទ្រព្យសម្បត្តិរដ្ឋ។ លោកថា នឹងចាត់មន្ត្រីចុះពិនិត្យសេចក្តីរាយការណ៍នេះ៖ « យើងមិនអាចអនុញ្ញាតឲ្យបានទេ។ យើងធ្លាប់បានជម្រាបគាត់នៅវេទិកានានាជាហូរហែច្រើនលើកហើយ។ ព័ត៌មានហ្នឹង ខ្ញុំនឹងចុះមើលល្ងាចនេះ »។
ចំណែកមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ទទួលបន្ទុកការងារសហគមន៍ លោក នុត អុន បញ្ជាក់ថា គណៈកម្មការសហគមន៍បានស្នើសុំឲ្យមន្ត្រីជំនាញ ចុះពិនិត្យករណីនេះហើយ។ លោកថា ដីព្រៃត្រៀមបម្រុងសហគមន៍មិនអាចលក់ដូរបានឡើយ៖ « ដីព្រៃដែលសហគមន៍គ្រប់គ្រង គាត់មិនអាចលក់ ឬផ្ទេរទៅណាបានទេ បើតាមច្បាប់ និងលក្ខន្តិកៈសហគមន៍ »។
កាលពីខែសីហា ចាស់ទុំ និងសមាជិកសហគមន៍ភូមិពូលេះ ឃុំដាក់ដាំ ភាគច្រើនយល់ព្រមចុះហត្ថលេខាលក់ដីត្រៀមបម្រុងចុះបញ្ជីកម្មសិទ្ធិសមូហភាព។ ចំណែកសមាជិកសហគមន៍ភាគតិច ទាមទារឲ្យអាជ្ញាធរទប់ស្កាត់ការលក់ដូរដីដែលជាអំពើខុសច្បាប់ និងធ្វើឲ្យប៉ះពាល់តំបន់កប់សពព្រៃគោរពបូជាសហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។