ជនជាតិដើមភាគតិចជាង ១០០គ្រួសារនៅខេត្តរតនគិរី ចោទប្រកាន់មន្ត្រីមានអំណាច ថាឃុបឃិតជាមួយមន្ត្រីមូលដ្ឋាន ចេញប័ណ្ណកម្មសិទ្ធិនៅលើដីស្រែចម្ការប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង។ អ្នកភូមិនាំគ្នាទៅការិយាល័យអ្នកតំណាងរាស្ត្រ និងការិយាល័យការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC)ឲ្យជួយរកយុត្តិធម៌។
តំណាងប្រជាពលរដ្ឋជាង ១០០គ្រួសាររស់នៅភូមិប៉ាណល ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ភ័យខ្លាចបាត់បង់ដីធ្លី ដោយសារមន្ត្រីមានអំណាច រួមទាំងមន្ត្រីមូលដ្ឋានមាននគរបាល និងមន្ត្រីជំនាញសុរិយោដីថ្នាក់ស្រុក ចុះវាស់វែងបោះបង្គោលនៅលើដីស្រែចម្ការអ្នកភូមិដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែង។
នៅព្រឹកថ្ងៃទី៤ ខែសីហា តំណាងអ្នកភូមិចំនួន ១២នាក់ បាននាំគ្នាសុំកិច្ចអន្តរាគមន៍ពីតំណាងរាស្ត្រ និងមន្ត្រីសិទ្ធិមនុស្សខេត្តរតនគិរី ឲ្យជួយរកយុត្តិធម៌ និងការពារសិទ្ធិដីធ្លីអ្នកភូមិជាជនជាតិដើមភាគតិច។
តំណាងម្នាក់ គឺលោក រម៉ាម ដាន បញ្ជាក់ថា ដីធ្លីពួកគាត់ត្រូវបានមន្ត្រីមានអំណាចពីរនាក់មានប័ណ្ណកម្មសិទ្ធិច្រើនប្លង់ ដែលអាជ្ញាធរ និងមន្ត្រីជំនាញបានចេញនៅលើដីអ្នកភូមិរស់នៅតាំងពីឆ្នាំ១៩៩៧ ហើយក្រុមអ្នកមានអំណាចទាំងនោះចោទប្រកាន់អ្នកភូមិថាចូលកាន់កាប់ដីមានប័ណ្ណកម្មសិទ្ធិ និងគំរាមចាប់ខ្លួន ប្រសិនបើអ្នកភូមិមិនចាកចេញពីដីនោះ៖ « ព្រួយខ្លាចគេយកដី ប្រជាពលរដ្ឋធ្វើប្លង់ គេមិនធ្វើឲ្យ គេថាដីពាក់ព័ន្ធដី ប៉ែន ឃុន ដី កែប ជុតិមា។ ពួកខ្ញុំមានដឹងឯណា ? ពួកខ្ញុំរស់នៅតាំងពីកើតមក ជនជាតិដើមភាគតិចនៅហ្នឹង »។
ចំណែកប្រធានការិយាល័យភូមិបាលស្រុកបរកែវ លោក យ៊ូ សុភាព បញ្ជាក់ថា ដីដែលមានទំនាស់ គឺមានទំហំជាង ១០០ហិកតារជាដីរបស់អតីតអភិបាលខេត្តរតនគិរី លោក កែប ជុតិមា។ ដីចំនួន ១០០ហិកតារនោះមានប័ណ្ណកម្មសិទ្ធិចំនួន ២០ប័ណ្ណមានឈ្មោះសាច់ញាតិ និងកូនចៅលោក កែប ជុតិមា ក៏ប៉ុន្តែម្ចាស់ប័ណ្ណទាំងនោះមិនបានចូលកាន់កាប់ដីនោះ ទើបប្រជាពលរដ្ឋចូលតាំងលំនៅ និងដាំដំណាំអស់ទៅ៖ « ដីហ្នឹងជាក់ស្តែងរបស់គាត់មែន។ គាត់នៅកាន់អំណាចជាអភិបាលខេត្តនៅហ្នឹង គេចែកជូនគាត់។ អ៊ីចឹងហើយគាត់ធ្វើប័ណ្ណតាំងពីហ្នុងមក ក៏ប៉ុន្តែគាត់អត់បានប្រើប្រាស់ អត់បានគ្រប់គ្រង អ៊ីចឹងប្រជាជនចេះតែរំលោភយកអ៊ីចឹងណា »។
ប្រធានភូមិប៉ាណល លោក រម៉ាម ហ៊ឺយ បញ្ជាក់ថា ដីដែលអ្នកភូមិរស់នៅ គឺជាដីកាន់កាប់បែបប្រពៃណីរបស់ជនជាតិដើមភាគតិច។ លោកថា អាជ្ញាធរភូមិ និងប្រជាពលរដ្ឋមិនបានដឹងថា ដីនោះត្រូវបានគេចេញប័ណ្ណកម្មសិទ្ធិទៅឲ្យអតីតអភិបាលខេត្តនោះឡើយ៖ « ប្រជាពលរដ្ឋគាត់កាន់កាប់តាំងពីដើមមក ឆ្នាំ១៩៧៩ មក។ គេចង់យកខ្ញុំមិនដឹងដែរ ប៉ុន្មានហិកតារជ្រៅដែរ គេថាពីរគីឡូម៉ែត្រប៉ះពាល់ចម្ការអស់ហើយ »។
អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី លោក ប៊ូ ឡាំ បញ្ជាក់ថា ការិយាល័យតំណាងរាស្ត្រ នឹងធ្វើលិខិតអន្តរាគមន៍ឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការការពារមិនឲ្យមានការរំលោភណាមួយចំពោះជនជាតិដើមភាគតិច ទាក់ទិនបញ្ហាដីធ្លីនេះទេ។ លោកថា អ្នកភូមិមិនត្រូវបណ្ដេញចេញដោយបុគ្គល ឬអ្នកមានអំណាចណាមួយបានឡើយ៖ « ខ្ញុំសំណូមពរដល់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នមានសមត្ថកិច្ច ត្រូវរកយុត្តិធម៌ជូនប្រជាពលរដ្ឋអាចទទួលយកបាន »។
អាស៊ីសេរី មិនអាចទាក់ទងលោក កែប ជុតិមា សុំបញ្ជាក់ករណីនេះបានទេនៅថ្ងៃទី៤ ខែសីហា។
លិខិតថតចម្លងមួយច្បាប់ដែលប្រជាពលរដ្ឋបានផ្តល់ជូនការិយាល័យសមាគមអាដហុក ឲ្យដឹងថា ឈ្មោះ ប៉ែន ឃុន កាលពីថ្ងៃទី២១ ខែកក្កដា បានស្នើសុំទៅអភិបាលស្រុកបរកែវ ឲ្យមន្ត្រីចុះវាស់វែងកំណត់ព្រំដីនៅភូមិប៉ាណល ឡើងវិញ ដោយអះអាងថា ប្រជាពលរដ្ឋបានចូលទៅកាន់កាប់ និងអាស្រ័យផលលើដីរបស់លោកដែលមានប័ណ្ណកម្មសិទ្ធិ។ រីឯការវាស់វែងនេះ ធ្វើឡើងក្នុងគោលបំណងរកវិធីដោះស្រាយវិវាទនេះដោយសន្តិវិធី។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី បញ្ជាក់ថា អ្នកភូមិបានតាំងទីលំនៅ និងដាំដំណាំយុទ្ធសាស្ត្រលើដីជាក់ស្តែងតាមប្រពៃណីជនជាតិដើមភាគតិច។ ហេតុនេះសមាគមអាដហុក អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ស៊ើបអង្កេត និងចាត់វិធានការការពារសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិចដែលត្រូវបានគាំពារតាមផ្លូវច្បាប់៖ « ភាគីម្ខាងទៀតមិនដែលរស់នៅសោះ មានតែប្លង់ ហើយយកប្លង់ហ្នឹងប្ដឹងពួកគាត់ធ្វើឲ្យគាត់ភ័យខ្លាច។ ពួកគាត់ជាជនជាតិដើមភាគតិចរស់នៅភូមិប៉ាណល ពីដូនតាមកជាដីភូមិ មិនមែនជាដីព្រៃ »។
កាលពីខែកក្កដា កន្លងទៅ ប្រជាពលរដ្ឋភូមិប៉ាណល ម្នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទចោទថាចូលទៅកាន់កាប់ដីអ្នកដទៃតាមបណ្ដឹងរបស់ឈ្មោះ ប៉ែន ឃុន ជាភាគីម្ចាស់ប័ណ្ណកម្មសិទ្ធិ ប៉ុន្តែបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នតាមការធានារបស់មេធាវីជនជាប់ចោទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។