ជនជាតិ​ដើម​ភាគ​តិច​​មក​ពី​៤​ខេត្ត​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី​រឿង​ដីធ្លី

0:00 / 0:00

តំណាង​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​ចំនួន​៤ ទទូច​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទប់ស្កាត់​ការ​រំលោភ​បំពាន​ដី​សហគមន៍​ដោយ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល។ ពួកគេ​ក៏​បាន​រៀបរាប់​ពី​ការ​លំបាក​នៅ​ពេល​ដែល​បញ្ហា​ដីធ្លី​អូស​បន្លាយ​មិន​អាច​រក​ដំណោះស្រាយ​បាន។

តំណាង​ជនជាតិ​ដើម​ភាគតិច ដែល​មាន​បញ្ហា​ដីធ្លី​មក​ពី​ខេត្ត​ចំនួន ៤ គឺ​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ព្រះវិហារ ទាមទារ​អោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​បញ្ឈប់​ការ​ឈូស​ឆាយ​ការ​រំលោភ​ដី​ព្រៃ​អភិរក្ស ដី​ចម្ការ​វិលជុំ ទី​សក្ការ និង​ដី​ព្រៃ​កប់​សព ដែល​កំពុង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវភាព និង​ជំនឿ​របស់​ពួកគេ។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​រតនគិរី ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ប៊ិញភឿក (Binh Phuoc) អ្នកស្រី ស្រួច ថែវ មាន​ប្រសាសន៍​ថា ការ​រំលោភ​យក​ដីធ្លី​កំពុង​ធ្វើ​អោយ​ពួកគាត់​ជួប​ការ​លំបាក​ទាំង​ការ​បង្កបង្កើន​ផល​ដំណាំ​ការ​រុក​រក​អនុផល​ព្រៃ​ឈើ និង​ជំនឿ៖ «ពួក​ខ្ញុំ​ប៉ះពាល់​ខ្លាំង​ជាង​គេ​គឺ​ដី ទី​២ ជ័រ​ច្បោះ។ ពួក​ខ្ញុំ​អាស្រ័យ​ផល​អស់​ហ្នឹង​ហើយ​ដែល​ពួក​ខ្ញុំ​បាន​កូន​រៀន​សូត្រ»

ជនជាតិ​ដើម​ភាគតិច​មួយ​រូប​ទៀត​មក​ពី​ខេត្ត​ស្ទឹងត្រែង ក្នុង​ឃុំ​ក្បាលរមាស ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ លោក ដាំ សំណាង មាន​ប្រសាសន៍​ថា អាជ្ញាធរ​បណ្ដេញ​អ្នក​ភូមិ​ដែល​ធ្លាប់​រស់​នៅ​ទី​នោះ ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​ផល​ប៉ះពាល់។ លោក​សំណូមពរ​អោយ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​នេះ៖ «ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ជនជាតិ​ដើម​ភាគ​តិច​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ ការ​បាត់បង់​ជម្រក បាត់​បង់​ទឹក​ដី មរតក​វប្បធម៌ ទាក់​ទង​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នេះ»

មិន​ខុស​គ្នា​នេះ​ដែរ តំណាង​ជនជាតិ​ដើម​ភាគតិច​កួយ មក​ពី​ឃុំ​ប្រមេ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កញ្ញា ខុម រ៉ានី ក៏​ស្នើ​អោយ​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន​ដាំ​អំពៅ ឈ្មោះ ឡានហ្វេង (Lan Feng) និង រួយហ្វេង (Ruy Feng) ដែល​កំពុង​រំលោភ​ឈូស​ឆាយ​យក​ដី​ចម្ការ​អ្នក​ភូមិ៖ «សព្វ​ថ្ងៃ​នេះ​ ពួក​ខ្ញុំ​វេទនា​ណាស់! ស្រូវ​ខ្ញុំ​ស្ទូង​ជិត​បែក​គុម្ព​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​ទិញ​ថ្នាំ​មក​បាញ់​សម្លាប់។ ខ្ញុំ​គ្មាន​បាយ​ស៊ី​ទេ សូម​សម្ដេច ហ៊ុន សែន ជួយ​ផង»

ចំណែក​នៅ​ខេត្ត​មណ្ឌលគិរី តំបន់​គោរព​បូជា​មួយ​នៅ​ទឹក​ជ្រោះប៊ូស្រា ត្រូវ​គ្រប់គ្រង​ដោយ​​ក្រុមហ៊ុន​ឯកជន​ដែល​មិន​អាច​អោយ​អ្នក​ភូមិ​ប្រតិបត្តិ​ជំនឿ​ដូច​មុន​បាន។

តំណាង​ជនជាតិ​ដើម​អះអាង​ថា ពួកគាត់​ធ្លាប់​រក​អន្តរាគមន៍​ពី​អាជ្ញាធរ និង​ក្រសួង​ពាក់​ព័ន្ធ​នានា ច្រើន​លើក​រួច​មក​ហើយ តែ​ពុំ​មាន​ប្រសិទ្ធភាព​ដែល​ធ្វើ​អោយ​ជម្លោះ​ទាំង​នោះ​បន្ត​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ។

យ៉ាង​ណា​កន្លង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ដាក់​បទបញ្ជា​អោយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី និង​ការ​កាត់​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា​ពេល​មាន​ការ​ប៉ះពាល់។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា លោក យុន ឡូរ៉ង់ មាន​ប្រសាសន៍​ថា ជនជាតិ​ដើម​ភាគ​តិច​ត្រូវការ​ជា​បន្ទាន់ គឺ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ត្រូវ​រំលោភ​បំពាន៖ «សម្រែក​គ្រប់​កន្លែង​ទាំង​អស់ គឺ​សុវត្ថិភាព​ដីធ្លី​របស់​ពួកគាត់។ គាត់​មិន​ត្រូវ​ការ​គម្រោង​អភិវឌ្ឍន៍​ដែល​មក​បំផ្លាញ​នូវ​អ្វី​ដែល​ជា​ធនធាន ​របស់​គាត់ គាត់​មិន​ចង់​បាន​លើស​ពី​អ្វី​ដែល​គាត់​មាន​ទេ។ គាត់​ចង់​បាន​សន្តិភាព​នៃ​ការ​រស់​ដោយ​មាន​សុភមង្គល ពឹង​ផ្អែក​លើ​ខ្លួន​ឯង»

លោក យុន រ៉ូឡង់ បញ្ជាក់​ថា មក​ដល់​ពេល​នេះ​មាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មិន​ដល់ ១០​ទេ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ផ្លូវការ​ក្នុង​ចំណោម​សហគមន៍​ទាំង​អស់ ៥០០ នៅ​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។