ដីភូមិចាស់ និងដីព្រៃត្រណមរបស់សហគមន៍ភូមិពូលេះ ក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានសមាជិកសហគមន៍ និងមន្ត្រីមូលដ្ឋាន រៀបចំឯកសារផ្ទេរសិទ្ធិទៅឲ្យឧកញ៉ាមួយរូបធ្វើជាម្ចាស់កម្មសិទ្ធិ។ សមាជិកសហគមន៍ភាគច្រើន ចាត់ទុកផែនការលក់ដីនេះថាជាការខុសច្បាប់។
សមាជិកសហគមន៍ភូមិពូលេះ នៅថ្ងៃទី១២ ខែមេសា អំពាវនាវសុំឲ្យអាជ្ញាធរស្រុក ខេត្ត ជាពិសេសស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ទប់ស្កាត់គម្រោងលក់ដីសហគមន៍ដែលធ្វើឲ្យប៉ះពាល់ព្រៃត្រណម និងតំបន់ភូមិចាស់សហគមន៍។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសមាជិកសហគមន៍មួយចំនួន រួមជាមួយមន្ត្រីភូមិ-ឃុំខ្លះ បានទទួលប្រាក់កក់ពីឧកញ៉ាមួយរូបដែលមានបំណងទិញដីប្រមាណ ៥០ហិកតារ ដែលជាអតីតដីភូមិចាស់របស់សហគមន៍ភូមិពូលេះ។
ប្រជាពលរដ្ឋភូមិពូលេះ លោក ចាស់ ក្លើត បញ្ជាក់ថា ឯកសារផ្ទេរសិទ្ធិកាន់កាប់ដី នឹងត្រូវធ្វើនៅក្រោយពេលចូលឆ្នាំ តាមរយៈស្នាមមេដៃអ្នកភូមិមួយចំនួនដែលបានយល់ព្រមលក់ដីនោះ។ លោកថា មន្ត្រីភូមិ-ឃុំនៅតំបន់នោះ គឺជាអ្នកជំរុញឲ្យអ្នកភូមិលក់ដី ក្រោមហេតុផលថា ដីនោះនឹងត្រូវរដ្ឋប្រគល់ទៅឲ្យក្រុមហ៊ុនសម្បទាន។ ហេតុនេះ អ្នកភូមិនឹងមិនបានផលកម្រៃអ្វីពីការផ្តល់ដីសម្បទានរបស់រដ្ឋនោះឡើយ៖ « រៀបចំឯកសារ ហើយលុយគេកក់ហើយ។ មេភូមិគាត់ជាអ្នកនាំកូនចៅគាត់ទៅយកទៅឯផ្ទះសំណាក់មួយនៅខេត្ត »។
ចំណែកប្រធានភូមិពូលេះ លោក ព្យើយ គីម ទទួលស្គាល់ថា អ្នកភូមិខ្លះបានចូលទៅត្រួសត្រាយព្រៃដីអតីតភូមិចាស់ ដើម្បីត្រៀមលក់ទៅឲ្យឈ្មួញជាឧកញ៉ា ប៉ុន្តែលោកអះអាងថា មិនស្គាល់ឈ្មោះឧកញ៉ានោះឡើយ។ លោកថា អ្នកភូមិមានគម្រោងឆ្វៀលដីព្រៃត្រណមចេញពីដីភូមិចាស់ ហេតុនេះប្រសិនអ្នកភូមិផ្ដិតមេដៃលើឯកសារផ្ទេរសិទ្ធិ លោកនឹងចុះហត្ថលេខាលើឯកសារនោះតាមការស្នើសុំរបស់ពលរដ្ឋ៖ « ឃើញប្រជាពលរដ្ឋទៅត្រួសត្រាយប៉ុន្មានថ្ងៃហើយ មិនមែនខ្ញុំជាអ្នកលក់ សហគមន៍ជាអ្នកលក់ ប្រជាពលរដ្ឋៗគេច្រូងច្រាងហើយធ្វើម៉េច »។
សហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូលេះ មានសមាជិក ១២៤គ្រួសារ។ សហគមន៍នេះចុះបញ្ជីសហគមន៍ជានីតិបុគ្គលកាលពីឆ្នាំ២០១៥ និងត្រៀមរៀបចំឯកសារសុំចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាពនាពេលខាងមុខនេះ។
ទាក់ទិនករណីនេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់ថា ដីភូមិចាស់ គឺជាដីសមូហភាពសហគមន៍។ រីឯដីនេះទៀតសោត សហគមន៍បានវាស់វែងគូសផែនទីរក្សាទុកជាដីត្រៀមបម្រុងសម្រាប់ចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាព។ ហេតុនេះ សមាជិកសហគមន៍មិនអាចលក់ដូរដីនោះបានទេ។ លោកថា សមាជិកសហគមន៍ បានផ្តល់ព័ត៌មានមកការិយាល័យការពារសិទ្ធិមនុស្សអាដហុក ជួយរកវិធានការទប់ស្កាត់ការលក់ដូរដីសហគមន៍នេះ៖ « មានការកើតច្រើនការរៀបចំឯកសារទិញលក់ដីខុសច្បាប់ហ្នឹង។ យើងស្នើឲ្យអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល យកចិត្តទុកដាក់ម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីរាជការសាធារណៈណាដែលយកមុខតំណែង និងតួនាទី កេងចំណេញលើសហគមន៍ និងដីសាធារណៈរបស់រដ្ឋ »។
ចំណែកអភិបាលស្រុកអូររាំង លោក នង ទុណ្ណារី ថ្លែងបញ្ជាក់ថា ដីភូមិចាស់ គឺជាដីសមូហភាព និងជាតំបន់ព្រៃត្រណម សហគមន៍មិនអាចលក់ដូរបានឡើយ។ លោកបន្តថា នឹងត្រួតពិនិត្យសេចក្តីរាយការណ៍របស់សហគមន៍ និងពិនិត្យមើលឯកសារផ្ទេរសិទ្ធិ ប្រសិនបើអាជ្ញាធរភូមិ-ឃុំ បញ្ជូនមកអាជ្ញាធរស្រុកសម្រេច៖ « ខ្ញុំមិនទាន់សន្និដ្ឋានថាម៉េចទេ ចាំមើលឯកសារសិន។ ធម្មតាដីភូមិចាស់ គាត់លក់ម៉េចបាន មានដីត្រណម ហើយកន្លងទៅ ពួកគាត់ច្រើនទាមទារដីត្រណមដីភូមិចាស់អ៊ីចឹងណា !»។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងសហគមន៍ លោក ទើយ ធី អះអាងថា អ្នកភូមិភាគច្រើន នឹងរៀបចំឯកសារប្ដឹងទៅអាជ្ញាធរស្រុក ខេត្ត ដើម្បីឲ្យជួយទប់ស្កាត់ការលក់ដូរដីសហគមន៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។