ប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត តវ៉ាសុំឲ្យអង្គការមិនមែនរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាខុសគ្នារវាងប្លង់ដី និងទំហំដីជាក់ស្តែង ដែលមានប្រជាពលរដ្ឋរស់នៅ។
ប្រជាពលរដ្ឋឲ្យដឹងថា ប្លង់ប្រកាសក្បាលដីបណ្ដោះអាសន្ននៅក្នុងតំបន់អតីតខ្មែរក្រហមកាន់កាប់ និងដីដែលមានប្រជាពលរដ្ឋរស់នៅ គឺមិនចំឈ្មោះអ្នកកំពុងអាស្រ័យផល។ អ្នកស្រុកជុំគិរី ២ភូមិ គឺភូមិអូរ និងភូមិតារាជ លើកគ្នាទៅឲ្យអង្គការលីកាដូ (Licadho) ជួយដោះស្រាយ ខណៈប្លង់ប្រកាសក្បាលដីបណ្ដោះអាសន្ន កំពុងបិទផ្សាយមិនមានឈ្មោះគាត់ និងមិនត្រូវតាមប្លង់ដីចាស់។
អង្គការលីកាដូ ខេត្តកំពត រៀបចំដាក់ពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ អំពីភាពមិនប្រក្រតីពាក់ព័ន្ធប្លង់ដីបណ្ដោះអាសន្ន នៅឃុំតាកែន ស្រុកឈូក។
គម្រោងការដាក់ពាក្យប្ដឹងនេះ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋពីរភូមិ នៅឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ឡើងមកសុំឲ្យអង្គការសិទ្ធិមនុស្សលីកាដូ ជួយរៀបចំពាក្យបណ្ដឹងនៅថ្ងៃទី២៦ ខែសីហា។
លោក ម៉ម កេសី មន្ត្រីអង្កេតអង្គការលីកាដូ ប្រចាំខេត្តកំពត ថ្លែងថា ដីទំហំជាង ១៤០ហិកតារ ពាក់ព័ន្ធប្រជាពលរដ្ឋ ៤៦គ្រួសារ រស់នៅភូមិអូរ និងភូមិតារាជ ក្នុងឃុំត្រពាំងរាំង ស្រុកជុំគិរី គឺជាម្ចាស់ដីកំពុងអាស្រ័យផលកាន់កាប់ជាក់ស្តែង ប៉ុន្តែអ្នកស្រុកនោះគ្មានឈ្មោះនៅក្នុងប្លង់ដីកំពុងបិទប្រកាសបណ្ដោះអាសន្នទេ។ លោកថា ពលរដ្ឋសុំឲ្យអង្គការនេះ ជួយដោះស្រាយការរំលោភសិទ្ធិភោគៈ។ លោកថា អង្គការលីកាដូ ចុះផ្ទាល់ និងបានសាកសួររកម្ចាស់ដីពិតប្រាកដ ប៉ុន្តែមានពលរដ្ឋជាច្រើន នៅភូមិមនោសុខ ឃុំតាកែន អះអាងថា ឈ្មោះគាត់ត្រូវគេយកទៅចុះជាម្ចាស់នៅក្នុងដីព្រៃ ដែលគាត់មិនបានកាប់រាន ឬប្រកាន់ទុកឡើយ៖ «គឺមានជម្រើស នឹងអាចប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឬក៏ប្ដឹងទៅខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី»។
បុរសម្ចាស់ដីភូមិតារាជ ឈ្មោះ ឌួង កឿន ឲ្យដឹងថា នៅឆ្នាំ១៩៩៨ ក្រោយសមាហរណកម្មមេទ័ពខ្មែរក្រហម លោក លឹម ឆាំ និងលោកមេឃុំតាកែន ឈ្មោះ ទុំ គល់ បានវាស់ដីចែកកូនចៅនៅក្រោមឱវាទ។ គ្រួសារលោកបានដីទំហំប្រមាណជា ៩ហិកតារ ប៉ុន្តែការកាប់ព្រៃដោយកាំបិត ទើបរានព្រៃបានដីជាង ២ហិកតារដាំដុះ។ នៅឆ្នាំ២០១៣ ក្រុមយុវជនស្ម័គ្រចិត្តចុះវាស់ដី គឺវាស់តែដីបានកាប់រានអាស្រ័យផល ចំណែកដីព្រៃដែលមិនទាន់កាប់រាន គឺមិនវាស់ឲ្យទេ។ ប៉ុន្តែ ក្នុងប្លង់ប្រកាសបណ្ដោះអាសន្ន ដីព្រៃដែលមិនទាន់កាប់រាន បែរជាមានឈ្មោះអ្នករស់នៅភូមិមនោសុខ អ្នកនៅភ្នំពេញ និងខេត្តផ្សេងៗទៅវិញ ទើបគាត់មិនសុខចិត្ត ហើយធ្វើការតវ៉ា៖ «ដីយើងខ្ញុំដែលមិនទាន់វាស់ឲ្យយើងខ្ញុំនេះ បែរជាវាស់ ហើយដាក់ឈ្មោះគេអ្នកផ្សេង។ យើងម្ចាស់ដីអាស្រ័យផលនៅតំបន់ហ្នឹង ស្រាប់តែអត់មានឈ្មោះនៅនឹងគេ ស្រាប់តែមានឈ្មោះគេអ្នកផ្សេងនៅខេត្តនានាអ៊ីចឹងទៅ»។
លោក ប៊ូ ម៉ុន រស់នៅភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ឲ្យដឹងថា ឈ្មោះគាត់ត្រូវបានគេយកទៅចុះក្នុងបញ្ជីដីព្រៃដែលកំពុងបិទប្រកាសបណ្ដោះអាសន្ន។ លោកមិនបានកាន់កាប់ ឬដាំដុះម្តងណាឡើយលើដីនោះ ស្រាប់តែការបិទប្រកាសក្បាលដីបណ្ដោះអាសន្ន មានឈ្មោះគាត់ទៅវិញ ហើយគាត់ព្រមធ្វើសាក្សី បើម្ចាស់ដីពិតប្រាកដសុំឲ្យគាត់ជួយ ព្រោះប្លង់ដីដាក់ឈ្មោះគាត់នោះប្រហែលជាអ្នកយកឈ្មោះគាត់ ទៅចុះក្នុងបញ្ជីដីនោះ ទំនងរៀបចំលក់ឲ្យឧកញ៉ា ឬក្រុមហ៊ុនណាហើយ៖ «ខ្ញុំគេដាក់ឲ្យ គេចែកឲ្យខ្ញុំណា៎។ ខ្ញុំអត់ដឹងដែរហ្នឹង ខ្ញុំអត់មានបំណងទៅលោភលន់ទេ ខ្ញុំអត់ ខ្ញុំអ្នកក្រ គេចែកឲ្យតើ ប៉ុន្តែខ្ញុំអត់បានដីផងហ្នឹង ដឹងយ៉ាងម៉េចបែបគេលក់បាត់អស់ ខ្ញុំដឹងផងហ្នឹង ខ្ញុំមានតែឈ្មោះ ប៉ុន្តែខ្ញុំអត់បានដីទេ។ គេឃើញអត់ បានគេយកឈ្មោះខ្ញុំទៅ ឃើញអត់ដី អត់អីអ៊ីចឹង បានគេបំណងចែកឲ្យ ប៉ុន្តែខ្ញុំអត់បានដីទេបង»។
បុរសឈ្មោះ ឆែម ឌឿន នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ឲ្យដឹងថា យុវជនស្ម័គ្រចិត្តចុះវាស់ដីកាលមុនបោះឆ្នោត គឺវាស់ដីនៅភូមិតារាជ បានមួយចំនួន។ ចំណែកដីនៅភូមិអូរ មិនទាន់បានវាស់ទេ ស្រាប់តែការបិទប្រកាសក្បាលដី គឺដីគាត់មានឈ្មោះអ្នកផ្សេងទៅវិញ ទើបគាត់មិនសុខចិត្ត ព្រោះដីនោះមិនបានវាស់សោះ ម្ដេចក៏ហ៊ានចេញប្លង់ឲ្យអ្នកផ្សេង ហើយគ្មានឈ្មោះគាត់ជាម្ចាស់ដី៖ «បើខ្ញុំអាស្រ័យផលរហូតតាំងពី១៩៩៨ មករហូត ហើយមិនដែលមានរដ្ឋអំណាចណា ឬប្រជាជនណាបានមកជំទាស់ជាមួយខ្ញុំផង»។
ពាក់ព័ន្ធការដោះស្រាយជម្លោះដីធ្លីនៅក្នុងខេត្តកំពត អភិបាលរងខេត្ត លោក ជឹង ផល្លា ឲ្យដឹងថា ដំណោះស្រាយដីធ្លី អាជ្ញាធរខេត្តអនុវត្តតាមនីតិវិធីច្បាប់ ព្រោះដីពាក់ព័ន្ធអតីតតំបន់ប្រទាញប្រទង់ កំពុងតែស្មុគស្មាញ ជាដីឋិតនៅក្នុងក្បាលដីដែលលំបាកក្នុងការដោះស្រាយ ហើយលោកមិនអាចនិយាយប្រាប់ និងពន្យល់តាមទូរស័ព្ទបានទេ ព្រោះត្រូវមើលផែនទីដីជម្លោះនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។