អតីតអធិការ និងបច្ចុប្បន្នជាអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ប៊ិន វណ្ណា ត្រូវពលរដ្ឋចោទថា បំពានអំណាចសាលក្រមតុលាការ និងយកដីកម្មសិទ្ធិអ្នកដទៃទៅប្រគល់ឲ្យប្អូនបង្កើតរបស់ខ្លួន។ ចំណែកអភិបាលស្រុកក្រគរ លោក ប៊ិន វណ្ណា បដិសេធមិនអត្ថាធិប្បាយជុំវិញរឿងនេះ ដោយឲ្យលោកស្រី ប៊ុង គៀង ដែលជាអ្នកចោទប្រកាន់រូបលោកទៅសាកសួររកខុសត្រូវពីតុលាការវិញ។
ជម្លោះដីធ្លីរវាងគ្រួសារអភិបាលស្រុកក្រគរ លោក ប៊ិន វណ្ណា ជាមួយពលរដ្ឋដែលជាអ្នកទិញដីឡាយឡុងពីតុលាការ បានអូសបន្លាយតាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ននៅមិនទាន់ដោះស្រាយចប់។ ពលរដ្ឋថា ការអូសបន្លាយនេះដោយសារតែលោក ប៊ិន វណ្ណា ជាអ្នកនៅពីក្រោយ ហើយបំពានផ្ទេរកម្មសិទ្ធិដីមួយផ្នែកដែលតុលាការសម្រេចលក់ឡាយឡុងឲ្យគាត់យកទៅឲ្យប្អូនរបស់ខ្លួនទៅវិញ។
លោកស្រី ប៊ុង គៀង ឲ្យដឹងនៅថ្ងៃ១៣ ខែមិថុនា ថា លោក ប៊ិន វណ្ណា បានប្រើអំណាចរបស់ខ្លួនជាអភិបាលស្រុក ដើម្បីបន្ទច់បង្អាក់រឿងរ៉ាវដីធ្លីនេះគ្រប់ច្រកល្ហក។ ជាក់ស្ដែងលោកបានផ្ទេរដីឲ្យប្អូន ដើម្បីធ្វើផ្ទះ និងអគារសម្រាប់ជួល ចំណែកដីដែលលោកស្រីត្រូវទទួលបានស្របច្បាប់ពីតុលាការនោះ បែរជាលោក ប៊ិន វណ្ណា ឲ្យដីចំណីផ្លូវ ហើយមិនបានគ្រប់ទំហំ ៣៦៨ម៉ែត្រការ៉េ ទៅតាមសាលក្រមតុលាការនោះទេ៖ «ពាក្យបណ្ដឹងខ្ញុំនៅសាលាឧទ្ធរណ៍ ហើយមកដល់ថ្ងៃនេះខ្ញុំមិនទាន់ទទួលបានដីស្របច្បាប់ដែលខ្ញុំទិញពីតុលាការ។ ប៊ិន វណ្ណា ជាអ្នកជួយលក់ឲ្យគាត់ ហើយខ្ញុំជាអ្នកទិញពីតុលាការបន្ត ហើយគាត់មិនទាន់បានប្រគល់ដីស្របច្បាប់ឲ្យខ្ញុំផង គាត់បែរជាយកដីស្របច្បាប់ដែលត្រូវប្រគល់ឲ្យខ្ញុំហ្នឹង យកទៅផ្ទេរឲ្យប្អូនគាត់ធ្វើផ្ទះ ជួលឲ្យទៅអង្គការខាងធនាគារវិញ»។
លោកស្រី ប៊ុង គៀង រំលឹកថា កាលពីឆ្នាំ១៩៩៨ រូបគាត់បានចំណាយលុយ ៤ពាន់ដុល្លារ ដើម្បីទិញដីទំហំទទឹង ៨ គុណនឹង ៤៦ម៉ែត្រ ឋិតនៅជាប់ផ្សារក្រគរ ពីតុលាការខេត្តពោធិ៍សាត់។ ដីនេះជាដីរបស់លោក ប៊ិន វណ្ណា ដាក់ធានាម្ដាយក្មេកចេញពីការដាក់ពន្ធនាគារបង្ខំរូបកាយតាមអំណាចសាលក្រមតុលាការ ដោយមានម្ចាស់បំណុលជាច្រើននាក់ ប្ដឹងទាមទារឲ្យម្ដាយក្មេកសងលុយជំពាក់គេ។
ក្រោយមកតុលាការបានសម្រេចលក់ឡាយឡុងដីនេះ ដើម្បីយកលុយទៅសងម្ចាស់បំណុល ហើយលោកស្រី ប៊ុង គៀង ជាអ្នកទិញដីនេះបានស្របច្បាប់។ ប៉ុន្តែចាប់តាំងពីពេលទិញមក លោកស្រីមិនអាចសង់សំណង់រឹង ឬលក់ដូរបានឡើយ ដោយមន្ត្រីសុរិយោដីអះអាងថា ជាដីចំណីផ្លូវ ហើយលោកស្រីបានប្ដឹងលោក ប៊ិន វណ្ណា ជុំវិញរឿងនេះទៅតុលាការ ប៉ុន្តែមិនឃើញរកយុត្តិធម៌ឲ្យលោកស្រីទេ។
ឆ្លើយតបបញ្ហានេះ អភិបាលស្រុកក្រគរ លោក ប៊ិន វណ្ណា ប្រតិកម្មតបយ៉ាងខ្លីមុននឹងចុចផ្ដាច់ទូរស័ព្ទនៅថ្ងៃទី១៣ ខែមិថុនា ថា ឲ្យគាត់ទៅសួរតុលាការខ្លួនឯង។
ទោះជាយ៉ាងណាលោកស្រី ប៊ុង គៀង ថ្លែងបែបម៉ឺងម៉ាត់ថា អំពើអយុត្តិធម៌ពីអ្នកមានលុយ និងមានអំណាចបច្ចុប្បន្ន គឺលោកស្រីមិនអាចទទួលយកបានឡើយ។ លោកស្រីថា បើទោះជាលោកស្រីត្រូវចំណាយពេលរាប់ឆ្នាំទៀត ឬអស់ជីវិតនៅថ្ងៃណាមួយលោកស្រីនឹងប្ដឹងករណីអយុត្តិធម៌ទៅតុលាការខ្មោចទៀត ប៉ុន្តែពេលនេះលោកស្រីតស៊ូសិនក្រែងតុលាការផ្ដល់យុត្តិធម៌នៅថ្ងៃណាមួយ៖ «សំណូមពរឲ្យអាស៊ីសេរី ជួយអំពាវនាវដល់រដ្ឋាភិបាលបម្រើរាស្ត្រ តុលាការបម្រើរាស្ត្រ ហើយជាមួយមេឃុំបម្រើរាស្ត្រ ជួយអន្តរាគមន៍រឿងដីឲ្យខ្ញុំបានគ្រប់ចំនួនផង ព្រោះខ្ញុំចង់អភិវឌ្ឍ នៅពេលខ្ញុំអភិវឌ្ឍ ដូចជាថ្នល់ និងលូទឹកប្រវែងហ្នឹង ខ្ញុំអត់ឲ្យរដ្ឋាភិបាលជួយខ្ញុំទេ ខ្ញុំអាចដោះស្រាយខ្លួនឯងបាន។ ចម្បងធំខ្លាំងខ្ញុំចង់បានដីខ្ញុំគ្រប់ចំនួន ហើយស្របច្បាប់ដើម្បីខ្ញុំអភិវឌ្ឍ»។
ដីកាសម្រេចរបស់ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៨ របស់ចៅក្រម ជា នល់ ដែលអាស៊ីសេរី ទើបទទួលបានបង្ហាញថា ចៅក្រមសម្រេចប្រគល់ដីទំហំទទឹង ៨ គុណនឹង ៤៦ម៉ែត្រ ឋិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ឲ្យទៅឈ្មោះ ប៊ុង គៀង ជាម្ចាស់កម្មសិទ្ធិ មានសិទ្ធិកាន់កាប់ និងចាត់ចែងបាន។ ចៅក្រមក៏បង្គាប់ឲ្យមន្ត្រីភូមិបាលវាស់វែងចេញប្លង់កម្មសិទ្ធិដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។