ប្រជាពលរដ្ឋប្រមាណ ៥០នាក់ ដែលមានទំនាស់ដីធ្លីមកពីខេត្តកំពង់ស្ពឺ ដាក់ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១២ ខែមីនា ឲ្យអន្តរាគមន៍ដោះលែងអ្នកភូមិ ២នាក់ ដែលតុលាការចាប់ខ្លួន។ ពលរដ្ឋអះអាងថា ពួកគាត់មានទំនាស់ដីធ្លីជិត ១០ឆ្នាំមកហើយជាមួយមន្ត្រីទាហានកងរថពាសដែក អា.សេ.អូ (ACO) និងក្រុមគ្រួសារអាជ្ញាធរភូមិ។
ពលរដ្ឋមកពីភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានមកដាក់ញត្តិទៅស្ថាប័នទាំងពីរ ឲ្យអន្តរាគមន៍ដោះលែងស្ត្រីអ្នកភូមិ ដោយសារពួកគាត់អស់សង្ឃឹមចំពោះសេចក្ដីសម្រេចឃុំខ្លួនរបស់តុលាការ។
បុរសអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិមកដាក់ញត្តិ លោក ផន មឿន ថ្លែងថា ពួកគាត់ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយផ្ដល់យុត្តិធម៌ជូនពលរដ្ឋលើរឿងវិវាទដីធ្លីដែលគ្មានការដោះស្រាយដែលបានអូសបន្លាយតាំងពីឆ្នាំ២០០៦ មក ហើយមកដល់បច្ចុប្បន្នតុលាការបែរជាកោះហៅអ្នកភូមិជាបន្តបន្ទាប់ និងបានចាប់ខ្លួនអ្នកភូមិដែលគ្មានកំហុស។
លោក ផន មឿន៖ «សូមឲ្យតុលាការគ្រប់ថ្នាក់ជួយវែកញែកឲ្យពលរដ្ឋឲ្យបានគ្រប់ៗគ្នា ឲ្យដោះលែង យូ រ៉ន និង អ៊ិត រុំ នៅក្នុងតុលាការលែងឲ្យហៅទៅណាទៅណីទាំងអស់ ព្រោះគាត់អត់មានកំហុសអីសោះ។ គ្រាន់តែតវ៉ាអារឿងទឹកដី តុលាការហៅទៅបំភ្លឺទៅដល់ចាប់ហ្មង ខ្ញុំអ្នកធ្លាប់ជាប់ខ្ញុំដឹងពេលហៅខ្ញុំទៅថា ទៅបំភ្លឺ គ្រាន់តែទៅសួរមួយម៉ាត់ពីរម៉ាត់ចាប់តែម្ដង»។
ការមកដាក់ញត្តិនេះ បន្ទាប់ពីចៅក្រមនៃតុលាការខេត្តកំពង់ស្ពឺ លោក តូង ពុទ្ធារ៉ា កាលពីថ្ងៃសុក្រ ទី១១ ខែមីនា បានសម្រេចឃុំខ្លួនស្ត្រី ២នាក់ ដែលជាតំណាងសហគមន៍ភ្នំស្រួច ដោយចោទប្រកាន់ថា បានរំលោភលើសេចក្ដីសម្រេចរបស់តុលាការ ដែលតម្រូវអោយពួកគាត់បញ្ឈប់សកម្មភាព និងឋិតនៅអោយឆ្ងាយពីដីទំនាស់ដែលភាគីម្ខាងទៀតបានប្ដឹងពួកគេទៅតុលាការកាលពីឆ្នាំ២០១៥។
ស្ត្រីទាំង ២នាក់ នោះមានឈ្មោះ យូ រ៉ន និង អ៊ីត រុំ។
ទាក់ទងបញ្ហានេះ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ លោក អ៊ូ ផាត ថ្លែងថា ការសម្រេចឃុំខ្លួនស្ត្រីទាំងពីរ គឺដោយសារចម្លើយនៅចំពោះមុខតុលាការ និងរបាយការណ៍ពីប៉ុស្តិ៍នគរបាលឃុំ និងស្រុក មានភាពស៊ីសង្វាក់គ្នា ដែលស្ត្រីទាំងពីរបានសារភាពថា ខ្លួនពិតជាបានហាមឃាត់មិនឲ្យភាគីម្ខាងទៀតឈូសឆាយដី៖ «គាត់សំអាងថា ដីរបស់គាត់តាំងពីយូរយារណាស់មកហើយ ប៉ុន្តែអត់មានលិខិតស្នាមអីបញ្ជាក់តាមផ្លូវច្បាប់ វិញ្ញាប័នប័ត្រសម្គាល់អចលនវត្ថុស្របច្បាប់សម័យថ្មី ឥឡូវនេះមាន តែរបស់គេមាន»។
អ្នកភូមិឲ្យដឹងទៀតថា ពលរដ្ឋ ១៦៥គ្រួសារបានកាន់កាប់ដីទំនាស់ជាង ៣០០ហិកតារ តាំងពីឆ្នាំ១៩៧៩។ នៅឆ្នាំ២០០៦ មានមន្ត្រីទាហានកងរថពាសដែក អា.សេ.អូ ឈ្មោះ ទូច សុភក្ត្រ បានអះអាងថា ជាដីកម្មសិទ្ធិរបស់ខ្លួន និងបានប្ដឹងផ្ដល់អ្នកភូមិកាលពីឆ្នាំ២០១១។ ទោះជាយ៉ាងណាវិវាទនេះមិនបានបញ្ចប់នោះទេ ក្រុមនិស្សិតបានចុះទៅវាស់វែងដី ចែកជូនដល់ពលរដ្ឋ ប៉ុន្តែពួកគាត់ពុំទទួលបានឡើយ បែរជាបែងចែកឲ្យពលរដ្ឋ ៨៦គ្រួសារផ្សេងទៀត ហើយពលរដ្ឋទាំងនោះបានលក់ដីនោះទៅឲ្យក្រុមហ៊ុន ភួង សារឿន។ វិវាទនេះបាននាំឲ្យមានការប្រទាំងប្រទើសគ្នា ដែលមានឈ្មោះ ជីវ កុំ និងកូនប្រធានភូមិថ្មី ឈ្មោះ អ៊ីម ដា ជាតំណាងពលរដ្ឋ ៨៦គ្រួសារប្ដឹងអ្នកភូមិទៅតុលាការ នឹងឈានការចាប់ខ្លួនអ្នកភូមិ ២នាក់។
មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានមតិថា បញ្ហាវិវាទដីធ្លីគួរតែមានការដោះស្រាយ និងសម្របសម្រួលគ្នាចំពោះឫសគល់នៃវិវាទដីធ្លី។ លោកថា អាជ្ញាធរគួរដោះស្រាយជម្លោះនេះជាជាងព្យាយាមចាប់ខ្លួនពលរដ្ឋដែលរងគ្រោះដោយបញ្ហាដីធ្លី៖ «ឫសគល់នៃវិវាទដីធ្លីគេមិនសូវដោះស្រាយឲ្យវាស៊ីជម្រៅទៅលើរឿងដីធ្លីវាបែរទៅជាមានរឿងចោទប្រកាន់មានការប្ដឹងមានការចាប់ដាក់ពន្ធនាគារជាហូរហែ។ នេះជារឿងមួយដែលមិនមែនជារឿងដំណោះស្រាយល្អទេ ធ្វើឲ្យពលរដ្ឋជួបនូវទុក្ខលំបាក ហើយរឿងអយុត្តិធម៌ហើយអយុត្តិធម៌ទៀត ទីបំផុតធ្វើឲ្យគាត់កាន់តែមានកំហឹង មានការតវ៉ាជាបន្តបន្ទាប់ទៅវិញទេ»។
កន្លងមកអ្នកភូមិបានដាក់លិខិតទៅស្ថាប័នពាក់ព័ន្ធនឹងអង្គភាពប្រឆាំងអំពើពុករលួយ អន្តរាគមន៍ក្នុងវិវាទនេះតែគ្មានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។