ពលរដ្ឋ​ប្រមាណ​៣០០​គ្រួសារ​នៅ​កំពង់ឆ្នាំង​ខ្លាច​ក្រុមហ៊ុន​ឬ​អាជ្ញាធរ​ដក​ហូត​ដី​ស្រែចម្ការ

0:00 / 0:00

អ្នក​ភូមិ​នៃ​ឃុំ​ត្រពាំងចាន់ ខេត្ត​កំពង់ឆ្នាំង កំពុង​បារម្ភ​ខ្លាច​បាត់បង់​ដី​ស្រែចម្ការ ដែល​ឋិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ពោធិ៍សាត់ ក្រោយ​ពី​អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​ទាំង​ពីរ តម្រូវ​ឲ្យ​ពួកគេ​វាស់វែង​ដី និង​ប្រាប់​ទំហំ​ដី​នោះ​ដល់​អាជ្ញាធរ​ដោយ​មិន​ដឹង​ហេតុផល​ច្បាស់​លាស់។ ប៉ុន្តែ​អាជ្ញាធរ​បញ្ជាក់​ថា ការ​បង្ហាញ​ទីតាំង និង​ទំហំ​ដី​នេះ ដើម្បី​ងាយ​ស្រួល​គ្រប់គ្រង​ដីធ្លី និង​ត្រៀម​លក្ខណៈ​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ។

ពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ នៅ​ភូមិ​ក្បាលដំរី ត្រពាំងចាន់ សន្លង់ និង​ភូមិ​កណ្ដាល ឃុំ​ត្រពាំងចាន់ ដែល​មាន​ដីស្រែ​ចម្ការ​ធ្លាប់​កាន់កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ដូនតា​មក​នោះ ខ្លាច​អាជ្ញាធរ​មូលដ្ឋាន​ប្រើ​ល្បិច​ដក​ហូត​ដី​ពួកគេ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ភាពីម៉ិច (Pheapimix) ឬ​យក​ទៅ​ដាក់​ជា​ដី​របស់​រដ្ឋ។ សកម្មភាព​វាស់វែង ឬ​ផ្ដិត​មេដៃ​សម្គាល់​ទីតាំង​ដី បាន​ធ្វើ​តាំង​ពី​បោះឆ្នោត​ហើយ​ភ្លាមៗ។

អ្នក​ភូមិ​ក្បាល​ដំរី ម្នាក់ លោកស្រី ខ្លឹម សុផុត មាន​ប្រសាសន៍​ថា ដី​ស្រែ និង​ដី​មាន​ព្រៃ​ខ្លះៗ​ទំហំ​ជាង ១​ហិកតារ ឋិត​នៅ​ឃុំ​អន្សាចំបក់​នោះ គ្រួសារ​លោកស្រី​បាន​កាន់កាប់ និង​អាស្រ័យ​ផល​រាប់​ជំនាន់​មក​ហើយ។ ដី​នេះ​ត្រូវ​បាន​កាន់កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឪពុក​ម្ដាយ បន្ត​រហូត​មក​ដល់​លោកស្រី​កាន់កាប់​ពុំ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​នោះទេ។ បច្ចុប្បន្ន​រូប​គាត់ និង​អ្នកភូមិ​បារម្ភ​ខ្លាច​បាត់បង់​ដី៖ «ដី​ហ្នឹង​គេ​ឲ្យ​វាស់ៗ យូរ​ណាស់​ហើយ​ប៉ុន្មាន​ឆ្នាំ​ហើយ តែ​វា​អត់​ឃើញ​មាន​ប្លង់​អី​ផង​នេះ។ ពលរដ្ឋ​ទាំង​អស់​គ្នា​កំពុង​តែ​ចាំ​មើល​ដែរ​ហ្នឹង​ថា មិន​ដឹង​វាស់វែង​ហ្នឹង​យក​ទៅ​ធ្វើ​ម៉េច? គ្រាន់​តែ​បារម្ភ​គ្រប់ៗ​គ្នា»

ចំណែក​អតីត​មេឃុំ និង​ជា​បេក្ខភាព​ជាប់​ឆ្នោត​មេឃុំ​ត្រពាំងចាន់ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ស្ងួន សាមាន ខ្លាច​អាជ្ញាធរ​ពី​ខាង​គណបក្ស​កាន់​អំណាច​យក​លេស​ដីធ្លី​នេះ បង្ខំ​ឲ្យ​ពលរដ្ឋ​ដែល​ធ្លាប់​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ក្នុង​ឃុំ​ត្រពាំងចាន់ ឲ្យ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​នៅ​ឆ្នាំ​២០១៨ ខាង​មុខ បើ​មិន​ដូច្នោះ​ទេ ពួកគេ​ប្រឈម​នឹង​ការ​បាត់បង់​ដីធ្លី ឬ​មិន​អាច​ចូល​ទៅ​ធ្វើ​ស្រែ​ដូច​មុន​បាន។

លោកស្រី សាមាន គ្រោង​កោះ​ពលរដ្ឋ​ប្រជុំ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ស្វែងយល់​ពី​ការ​វាស់​វែង ឬ​ការ​គ្រប់គ្រង​ដី​ទាំង​នេះ នៅ​ពេល​លោកស្រី​ត្រូវ​បាន​ប្រកាស​ឲ្យ​ចូល​កាន់​ដំណែង​ជា​ផ្លូវការ៖ «ដោយ​អាជ្ញាធរ​ខាង​អន្សាចំបក់ ធ្លាប់​មាន​បញ្ហា​ហើយ​ជាមួយ​ក្រុមហ៊ុន​ភាពីម៉ិច​ពី​មុន​មក។ ពលរដ្ឋ​ខ្ញុំ​នៅ​ភូមិ​ក្បាលដំរី​ហ្នឹង មាន​នៅ​តំបន់​ចារព័រ តាអោង និង​កាច់កង់ ហើយ​ក្រុមហ៊ុន​គេ​យក​តាម​ប្លង់​គំនូស​ផែនទី​របស់​រដ្ឋាភិបាល​គូស​ឲ្យ​ទេ ប៉ុន្តែ​អាជ្ញាធរ​ហ្នឹង​ខូច ថា​ក្រុមហ៊ុន​ភាពីម៉ិច​យក​ដី​ដល់​ភូមិ​ប្រជាពលរដ្ឋ។ នេះ​ហើយ​ហានិភ័យ​សម្រាប់​ខ្ញុំ អាជ្ញាធរ​ខ្លាច​អាជ្ញាធរ​ខាង​អន្សាចំបក់ យក​ទៅ​រៀប​ក្បាល​ញត្តិ​មួយ​ថា ពលរដ្ឋ​រស់​នៅ​ឃុំ​ត្រពាំង​ចាន់​ដែល​មាន​ដី​អាស្រ័យ​ផល​នៅ​ខេត្ត​ពោធិ៍សាត់ ព្រម​ប្រគល់​ដី​ទៅ​ឲ្យ​ខេត្ត​ពោធិ៍សាត់​វិញ»

ទោះ​ជាង​យ៉ាង​ណា មេ​ឃុំ​ត្រពាំងចាន់ ស្ដីទី​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សាំង ខាត់ បញ្ជាក់​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​ដី​ស្រែចម្ការ​នេះ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ឡើយ ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​ចង់​បង្ក​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​ដី ព្រោះ​កន្លង​ទៅ​ពួកគេ​លំបាក​ចូល​បូម​ទឹក​ដាក់​ស្រែ ឬ​យក​ត្រាក់ទ័រ​ទៅ​ឈូស​ពង្រីក​ដី​ក្បាល​ស្រែ ទើប​អាជ្ញាធរ​ធ្វើ​សំណើ​ភ្ជាប់​ស្នាមមេដៃ ដាក់​ជូន​អភិបាល​ស្រុក​ក្រគរ។

លោក សាំង ខាត់ បន្ថែម​ថា ក្រុម​ការងារ​ដែល​មាន​សមាសភាព​ចាប់​ពី​ថ្នាក់​ឃុំ រហូត​ដល់​អាជ្ញាធរ​ខេត្ត នៃ​ខេត្ត​ទាំង​ពីរ អាច​នឹង​ពិភាក្សា​រក​នីតិ​វិធី​គ្រប់គ្រង​ដីធ្លី​កាន់​តែ​ងាយស្រួល​សម្រាប់​ពលរដ្ឋ៖ «មិន​ថា​ខ្ញុំ​ធ្វើ​ឯកសារ​នេះ​ដើម្បី​យក​ដី​ទៅ​លក់​អី​ទេ យើង​ប្រកាស​ឲ្យ​ដឹង​ថា ខាង​ត្រពាំងចាន់ ខេត្ត​កំពង់ឆ្នាំង ធ្វើ​ដី​នៅ​ពោធិ៍សាត់ ចំនួន​ប៉ុណ្ណេះ​ហិកតារ ចំនួន​ប៉ុណ្ណេះ​គ្រួសារ​ប៉ុណ្ណឹង​ទេ ហើយ​សូម​ចរចា​ជាមួយ​អភិបាល​ខេត្ត​ពោធិ៍សាត់ មិន​ដឹង​ថា គាត់​សម្រេច​ថា​ម៉េច»

លោក សាំង ខាត់ ដែល​ជា​មេ​ឃុំ​ត្រពាំងចាន់ ស្ដីទី គឺ​ជា​អ្នក​ទទួល​បន្ទុក​ប្រមូល​ទិន្នន័យ​ផ្ទៃដី និង​ចំនួន​គ្រួសារ​ដែល​មាន​ស្រែចម្ការ​នៅ​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ។ ត្បិត​តែ​លោក​មិន​ទាន់​អាច​បូក​សរុប​តួលេខ​ទាំង​នេះ​បាន លោក​ថា​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នកភូមិ​ប្រហែល ២០០​គ្រួសារ​ហើយ​បាន​មក​បង្ហាញ​ទីតាំង និង​ទំហំ​ដី ហើយ​នៅ​សល់​ជាង ១០០​គ្រួសារ​ទៀត មិន​ទាន់​ផ្ដល់​ទិន្នន័យ​មក​ឲ្យ​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។