អ្នកភូមិសូវង្ស នៃឃុំតាជេស ខេត្តកំពង់ឆ្នាំង ២០នាក់ អមដំណើរតំណាងពលរដ្ឋពីរគ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយ ទៅបំភ្លឺនៅមុខតំណាងអយ្យការ នៅថ្ងៃទី៣ ខែសីហា។
តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានកោះហៅពលរដ្ឋទាំងពីរគ្រួសារទៅបំភ្លឺតាមបណ្ដឹងរបស់ភាគីក្រុមហ៊ុន ដែលចោទពួកគេថា បានប្រើហិង្សាចូលកាន់កាប់លើអចលនវត្ថុអ្នកដទៃ។
ពលរដ្ឋដែលអះអាងថា ដីរបស់ខ្លួនមិនទាន់បានលក់ និងអ្នកគាំទ្រជាច្រើនបានអះអាងនៅចំពោះមុខមន្ត្រីការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ក្រោយចេញពីបំភ្លឺនៅតុលាការថា ភាគីក្រុមហ៊ុនដែលមិនស្គាល់ឈ្មោះច្បាស់លាស់នោះទៅវិញទេដែលរំលោភយកដីកន្លះហិកតាររបស់ពលរដ្ឋពីរគ្រួសារនៅភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ដោយលួចធ្វើប្លង់រឹងរំលោភយក។
លោកស្រី ម៉ែន ម៉ៅ មានប្រសាសន៍ថា ដីស្រែគាត់ទំហំទទឹងជាង ៤០ម៉ែត្រ និងបណ្ដោយជាង ៧០ម៉ែត្រ បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ ហើយមិនដែលបានលក់ម្ដងណាឡើយ។ នៅឆ្នាំ២០១៣ ក្រុមហ៊ុនបានព័ទ្ធរបងលើដីដែលទិញពីអ្នកភូមិក្បែរនោះ ហើយព័ទ្ធយកទាំងដីរបស់គាត់ទៀត។ លោកស្រីនៅបន្តចូលធ្វើស្រែធម្មតា ប៉ុន្តែឆ្នាំនេះតំណាងក្រុមហ៊ុនឈ្មោះ លន់ សុខា បានមកហាមឃាត់គាត់មិនឲ្យធ្វើ៖ «អម្បាញ់មិញគេហៅខ្ញុំសួរថា បានដីកាន់កាប់តាំងពីថ្ងៃណាមក? ខ្ញុំថាមេក្រុមចែកតាំងពីឆ្នាំ១៩៧៩។ គេប្ដឹងខ្ញុំថា ខ្ញុំធ្វើលើប្លង់ដីគេ ហើយដីខ្ញុំអត់បានលក់ទេ។ គេឃាត់តែខ្ញុំថា ខ្ញុំអត់ធ្វើ ចាំដោះស្រាយឲ្យ ខ្ញុំអត់អីហូប ខ្ញុំនឹងទៅព្រោះទៀត។ ចង់ឲ្យបើករបងវិញឲ្យយកទៅដាក់ត្រឹមដីដែលទិញ បាន»។
លោកស្រីថា កន្លងទៅភាគីក្រុមហ៊ុនសន្យាផ្ដល់សំណងគោលនយោបាយដី ១ហិកតារ ១ម៉ឺនដុល្លារ ប៉ុន្តែមិនដែលធ្វើលិខិតទិញលក់ ឬផ្ដល់លុយមកឲ្យគាត់ឡើយ ហើយនៅប៉ុន្មានថ្ងៃមុននេះ ស្រាប់តែតំណាងក្រុមហ៊ុនឈ្មោះ លន់ សុខា មកនិយាយជាមួយគាត់ថា បើព្រមបញ្ចប់រឿងគេនឹងផ្ដល់ប្រាក់ចំនួន ១.៥០០ដុល្លារ ប៉ុន្តែគាត់ទាមទារ ១ម៉ឺន ៥ពាន់ដុល្លារ ថ្លៃដីកន្លះហិកតាររបស់ពួកគាត់នោះ។
ចំណែកពលរដ្ឋម្នាក់ដែលអមដំណើរពលរដ្ឋពីរនាក់ឡើងតុលាការ លោក ប្រាក់ អាត ថាលោកអាចធ្វើសាក្សីឲ្យម្ចាស់ដីទាំងពីរនាក់បានគ្រប់ពេល ព្រោះដីនោះគាត់ធ្លាប់ភ្ជួរស៊ីឈ្នួលរាល់ឆ្នាំ៖ «បានខ្ញុំដឹងថា គាត់អត់ទាន់លក់ ព្រោះអីគាត់ជួលគោយន្តខ្ញុំទៅភ្ជួររាល់តែឆ្នាំ។ ឆ្នាំនេះគាត់ជួលខ្ញុំទៅភ្ជួរដែរ គាត់ត្រាំពូជទៅបម្រុងសាបហើយ គេយកពូជមកសំដិលចោលវិញ គាត់មានចៅមួយវាលអត់អីហូបហើយឆ្នាំនេះនោះ»។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទងតំណាងក្រុមហ៊ុនឈ្មោះ លន់ សុខា ដើម្បីឆ្លើយតបបញ្ហានេះបានទេនៅថ្ងៃទី៣ ខែសីហា។ ប៉ុន្តែអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា បញ្ជាក់យ៉ាងខ្លីថា តុលាការនឹងចាត់ការបណ្ដឹងព្រហ្មទណ្ឌលើពលរដ្ឋដែលទៅភ្ជួររាស់ដីគេមានប្លង់រឹង។ លោកថា លោកពុំមានសមត្ថកិច្ចទៅវែកញែករកម្ចាស់ដីក្រៅពីប្លង់ដែលមានស្រាប់នេះឡើយ៖ «គាត់បានទៅភ្ជួរលើដីគេ ដីគេមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។ អាហ្នឹងមិនសម្ភាសន៍ខាងខ្ញុំទេ ព្រោះកាលណាគេបញ្ជាក់ថា គេមានប័ណ្ណរឹង យើងសំអាងអ្វីដែលជាឯកសារ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា យល់ថា បើតុលាការមានភាពយុត្តិធម៌ តុលាការនឹងវែកញែកឲ្យឃើញថា តើអ្នកណាជាម្ចាស់សិទ្ធិលើដីដែលកំពុងមានជម្លោះជាមុន ទើបចាត់ការបណ្ដឹងព្រហ្មទណ្ឌដែលកើតចេញពីជម្លោះដីធ្លីនេះ។ លោកថា បន្ទាប់ពីពលរដ្ឋមកសុំប្រឹក្សាផ្លូវច្បាប់ពីលោក លោកនឹងចុះអង្កេត ហើយធ្វើអន្តរាគមន៍ករណីនេះ៖ «ខ្ញុំថានេះជាទម្លាប់ដដែលដែលអ្នកមានតែងតែយកផ្លាក ឬយកតុលាការធ្វើជាឧបករណ៍ក្នុងការទៅគំរាមយកដីប្រជាពលរដ្ឋដែលគេអត់ទាន់បានលក់ ឬទៅយកដីតាមទំនើងចិត្ត»។
លោក សំ ច័ន្ទគា បន្ថែមថា អ្នកមានលុយ និងមានអំណាចហ៊ុមព័ទ្ធរបងរំលោភយកដីពលរដ្ឋមានរូបភាពស្រដៀងគ្នានេះច្រើនករណី ហើយបើផ្អែកលើប្លង់រឹង តុលាការអាចចាប់ពលរដ្ឋដាក់គុកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។