អ្នក​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​កំពង់ធំ​ថា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​តែ​បន្ត​ឈូស​ឆាយ​ដី​របស់​ពួកគាត់

0:00 / 0:00

ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ លើក​ឡើង​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​តំបន់​នោះ មិន​បាន​គោរព​តាម​ចំណារ​របស់​អភិបាល​ខេត្ត ដែល​តម្រូវ​ឱ្យ​មន្ត្រី​ជំនាញ​ផ្អាក​ការ​ឈូស​ឆាយ​តំបន់​ដី​មាន​វិវាទ​ជា​បណ្ដោះអាសន្ន រង់ចាំ​ការ​ដោះស្រាយ​នោះ​ឡើយ។ ចំណែក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បញ្ជាក់​ថា ប្រសិនបើ​មាន​ចំណារ​បែប​នេះ​មែន ពួកគេ​នឹង​ផ្អាក​ការ​ឈូស​ឆាយ​ត​ទៅ​ទៀត។

ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ និង​ដោះស្រាយ​ជូន​ពួកគាត់​ឱ្យ​បាន​ដាច់ស្រេច។ ការ​ស្នើ​នេះ បន្ទាប់​ពី​ពលរដ្ឋ​បាន​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​សា ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​លទ្ធផល​ល្អ។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ ដែល​មាន​ដី​នៅ​ឃុំ​ក្រយា ជាប់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម ឈ្មោះ តានបៀន (Tan Bien) លោក គី គីម ឱ្យ​ដឹង​ថា បើ​ទោះ​បី​ជា​មាន​ចំណារ​ពី​អភិបាល​ខេត្ត​តម្រូវ​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ដី​របស់​ពួកគាត់​ក៏ដោយ ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​ព្រម​ស្តាប់។ បញ្ហា​នេះ លោក​យល់​ថា គឺ​ជា​រឿង​មិន​ត្រឹមត្រូវ ពីព្រោះ​ទាំង​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ​នៅ​ពុំ​ទាន់​ដោះស្រាយ​ជូន​ពួកគាត់​ឱ្យ​បាន​ប្រសើរ ប៉ុន្តែ​សកម្មភាព​ឈូស​ឆាយ​នៅ​តែ​បន្ត​កើត​មាន៖ «ខាង​រដ្ឋបាល​ព្រៃឈើ គាត់​អត់​មាន​ថា​អ៊ីចេះ​មួយ​អ៊ីចុះ​មួយ ជា​រឿង​ដោះដូរ​អី​គាត់​អត់​មាន»

ពលរដ្ឋ ២៦​គ្រួសារ បាន​កាន់​កាប់​ដី​នៅ​តំបន់​ក្បែរ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម តានបៀន លើ​ទំហំ​ផ្ទៃដី ៧៨​ហិកតារ។ ដី​នោះ​ជា​ប្រភេទ​ដី​ចំណី​អូរ នៅ​ជាប់​ដី​របស់​ក្រុមហ៊ុន​សម្រាប់​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត ដោយ​តំណាង​ពលរដ្ឋ​អះអាង​ថា ដី​ទាំង​នោះ​ពួកគេ​បាន​កាន់​កាប់​មុន​បទបញ្ជា​សូន្យ​មួយ​របស់​រាជរដ្ឋាភិបាល​ទៅ​ទៀត។

ទោះ​បី​ជា​បែប​នេះ​ក្តី មន្ត្រី​ជំនាញ​អះអាង​ថា ដី​តំបន់​នោះ ប្រជាពលរដ្ឋ​ទើប​តែ​នាំ​គ្នា​រុករាន​ក្រោយ​បទបញ្ជា ០១ របស់​រាជរដ្ឋាភិបាល​លើ​ដី​របស់​រដ្ឋ ពោល​គឺ​ពួកគាត់​ទើប​នាំ​គ្នា​ទៅ​រុករាន​កាល​ពី​ឆ្នាំ​២០១៥។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ លោក តឹប ញាតា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា ប្រជាពលរដ្ឋ​ទៅ​រុករាន​កាន់កាប់​ដី​នៅ​ចំណុច​ជាប់​ក្រុមហ៊ុន​វៀតណាម នោះ គឺ​ជា​ជនល្មើស​ទៅ​វិញ ដោយ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ពួកគាត់​ទៀត​ផង។ លោក​ថា ក្រុម​អ្នក​ចូល​ទៅ​កាប់​រុករាន​ទាំង​នោះ ដើរ​តួ​ជា​ពលរដ្ឋ​ចូល​រុករាន​យក​ដី​ធ្វើ​ចម្ការ ក្រោយ​មក​ក៏​លក់​ដី​នោះ​បន្ត​ទៅ​ឱ្យ​ក្រុម​មនុស្ស​ផ្សេង​ទៀត។

​ទោះ​ជា​បែប​នេះ​ក្ដី លោក​ថា បើ​មាន​ចំណារ​ពី​អភិបាល​ខេត្ត ខាង​លោក​នឹង​ផ្អាក​ការ​ឈូស​ឆាយ​ជា​មិន​ខាន៖ «រឿង​ដែល​សំខាន់ គឺ​អ្នក​ដែល​កាប់​រាន​ថ្មី ហើយ​មាន​បណ្ដឹង​ទៅ​តុលាការ មាន​ភស្តុតាង​គ្រប់គ្រាន់ ឈើ​ហ្នុង​ទើប​តែ​ដួល​ក្នុង​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥»

​កាល​ពី​ចុង​ខែ​មីនា ពលរដ្ឋ​ជាង ២០​គ្រួសារ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​ខេត្ត ដោយ​ស្នើសុំ​ផ្អាក​ការ​ឈូស​ឆាយ​ដី​ពួកគាត់ និង​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​មួយ​នេះ។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា តាម​រយៈ​ចំណារ​របស់​អភិបាល​ខេត្ត ដោយ​ស្នើ​ឱ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​ផ្អាក​ការ​ឈូស​ឆាយ​ជា​បណ្ដោះអាសន្ន។ បន្ថែម​ពី​នេះ ក្នុង​ចំណារ​នោះ បញ្ជា​ឱ្យ​អភិបាល​ស្រុក​ចុះ​ពិនិត្យ​ស្រាវជ្រាវ​លំអិត ថា​ពលរដ្ឋ​ទាំង​នោះ​ពិត​ជា​មាន​ដី​តំបន់​ជម្លោះ​ប្រាកដ​មែន ហើយ​ពួកគេ​មក​ពី​តំបន់​ណា​ខ្លះ?

បើ​ទោះ​បី​ជា​មាន​ចំណារ​អភិបាល​ខេត្ត​បែប​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ខេត្ត​កំពង់ធំ លោក ញូង សាមឿន ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​មើល​ឃើញ​ថា សកម្មភាព​ឈូស​ឆាយ​ដី​របស់​ពលរដ្ឋ​នៅ​តែ​កើត​មាន​ដដែល។ លោក​បន្ត​ថា មាន​ពលរដ្ឋ​ខ្លះ​រុករាន​បាន​ដី​ហើយ​យក​ទៅ​លក់​បន្ត​ទៀត ពីព្រោះ​តែ​ជីវភាព​ខ្វះខាត ប៉ុន្តែ​ការ​លក់​ទិញ​ដី​ទាំង​នោះ ធ្វើ​ឡើង​មិន​ស្រប​ច្បាប់​ឡើយ។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ មិន​ត្រូវ​លម្អៀង​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​មួយ​នេះ​ទេ៖ «ឈរ​លើ​ជំហរ​ដោះស្រាយ​បែប​ឯករាជ្យ និង​មាន​យុត្តិធម៌​ទាំង​សង​ខាង។ មាន​ន័យ​ថា ក្នុង​នាម​អ្នក​ដោះស្រាយ​តាំង​ខ្លួន​ថា ជា​អាជ្ញាកណ្ដាល»

លោក ញូង សាមឿន បន្ថែម​ទៀត​ថា អាជ្ញាធរ​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ជៀសវាង​មាន​ការ​កាប់​រុករាន​បន្ត​ទៀត។ លើស​ពី​នេះ មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​រក​ឱ្យ​ឃើញ​ថា ដី​ទាំង​នោះ​ពលរដ្ឋ​បាន​កាន់​កាប់​ពិត​ប្រាកដ រដ្ឋ​ត្រូវ​មាន​គោលការណ៍​ដោះស្រាយ​ជូន​ពួកគាត់ តាម​រយៈ​ដោះដូរ​ដី​តំបន់​ផ្សេង ឬ​ឃ្វាល​ដី​ជូន​ពលរដ្ឋ​ទាំង​នោះ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។