ក្រុមអង្គការសង្គមស៊ីវិលស្នើដល់អភិបាលខេត្តកំពត ថ្មី ឱ្យដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពលរដ្ឋដែលបានអូសបន្លាយតាំងពីអាណត្តិរបស់អភិបាលខេត្តមុនៗ។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលលោក ជាវ តាយ ត្រូវបានតែងតាំងជាអភិបាលថ្មីនៃខេត្តកំពត ដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រជំនួសលោក ចាន់ ចេស្ដា ដែលត្រូវបានផ្ទេរទៅកាន់ការងារនៅក្របខ័ណ្ឌដើមរបស់លោកវិញ។
ព្រះមហាក្សត្រកាលពីថ្ងៃទី២ ខែមករា កន្លងទៅនេះ បានចេញព្រះរាជក្រឹត្យបញ្ចប់តួនាទីជាអភិបាលខេត្តកំពត លោក ចាន់ ចេស្ដា ដែលទើបកាន់តំណែងជាអភិបាលខេត្តនេះមិនទាន់បាន ១ឆ្នាំផងនោះ ដាក់លោក ជាវ តាយ ជាអភិបាលរងខេត្តកណ្ដាល ឡើងជំនួស។
លោក ចាន់ ចេស្ដា ដែលមានឋានន្តរសក្ដិជាឧត្ដមមន្ត្រីថ្នាក់លេខ៤ ជាអតីតមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងកសិកម្ម បានកាន់តំណែងជាអភិបាលខេត្តកំពត បានជិត ១ឆ្នាំ។ លោកត្រូវផ្ទេរទៅបម្រើការនៅក្របខ័ណ្ឌដើមជាប្រធានមន្ទីរកសិកម្មខេត្តកំពត វិញ។ ប៉ុន្តែក្រោយមកទៀត នៅថ្ងៃទី៤ ខែមករា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំងមួយទៀតដល់លោក ចាន់ ចេស្តា ទៅជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំណែកលោក ជាវ តាយ ដែលទើបបានទទួលតំណែងជាអភិបាលខេត្តកំពត ថ្មីនេះ គឺជាអតីតអភិបាលរងខេត្តកណ្ដាល ដែលមានឋានន្តរសក្ដិជាឧត្ដមមន្ត្រីថ្នាក់លេខ១។
ក្រុមអង្គការសង្គមស៊ីវិលប្រចាំនៅខេត្តកំពត ស្នើឱ្យអភិបាលខេត្តកំពត ថ្មីដែលនឹងត្រូវឡើងកាន់តំណែងនៅពេលឆាប់ៗខាងមុខនេះ យកចិត្តទុកដាក់ចំពោះកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិសាធារណរដ្ឋ ជាពិសេស គឺដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជនរវាងប្រជាពលរដ្ឋ និងអ្នកមានលុយមានអំណាច និងរវាងប្រជាពលរដ្ឋ និងក្រុមយោធា ដែលវិវាទទាំងនេះបន្សល់កតាំងពីអាណត្តិរបស់អភិបាលខេត្តមុនៗ។ លើសពីនេះ ពួកគេសំណូមពរដល់អភិបាលខេត្តថ្មីឱ្យជួយទប់ស្កាត់បទល្មើសព្រៃឈើ និងការកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិដែលកំពុងរីករាលដាលក្នុងភូមិសាស្ត្រខេត្តកំពត ឱ្យមានប្រសិទ្ធភាព។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ខេត្តកំពត (ADHOC) លោក ហេង ភារៈ កត់សម្គាល់ថា នៅក្នុងអាណត្តិនៃការគ្រប់គ្រងរបស់លោក ចាន់ ចេស្ដា ទំនាស់ដីធ្លីរ៉ាំរ៉ៃរបស់ប្រជាពលរដ្ឋមិនត្រូវបានដោះស្រាយឱ្យបានលទ្ធផលជាដុំកំភួនអ្វីឡើយ ដែលធ្វើឱ្យពលរដ្ឋបន្តរងគ្រោះ និងរងភាពអយុត្តិធម៌ដដែល។ ចំណែកព្រៃសហគមន៍ភាគច្រើននៅក្នុងខេត្តវិញ បានរងការបំផ្លិចបំផ្លាញ និងការឈូសឆាយរំលោភយកដីធ្វើជាកម្មសិទ្ធិអស់ជាច្រើនហិកតារ ដោយមិនមានវិធានការទប់ស្កាត់ជាក់លាក់ឡើយ៖ «យើងសង្កេតឃើញថា ដីឆ្នេរ និងព្រៃកោងកាង ទទួលរងការបំផ្លិចបំផ្លាញ និងរុករានដោយឈ្មួញមានប្រាក់មានអំណាច ដែលរំលោភយកកាន់កាប់ធ្វើជាកម្មសិទ្ធិ។ ចំណែកឯព្រៃការពារវិញ យើងសង្កេតឃើញថា មានព្រៃសហគមន៍។ ព្រៃសហគមន៍ដែលមានជាង ៤០សហគមន៍ ស្ទើរតែទាំងអស់ទទួលរងការសឹករិចរិល និងទន្ទ្រានកាន់កាប់ពីសំណាក់ឈ្មួញមានលុយ និងមានអំណាចនេះផងដែរ។ ចំណែកឯទំនាស់ដីធ្លីវិញ យើងឃើញថា ទំនាស់ដីធ្លីរ៉ាំរ៉ៃដែលមានតាំងពីយូរណាស់មកហើយនៅក្នុងឃុំតេជោអភិវឌ្ឍន៍ និងឃុំត្រពាំងភ្លាំងនោះ ពុំទាន់មានការដោះស្រាយនៅឡើយទេ ហើយជនរងគ្រោះនៅតែលើកឡើងថា មានភាពអយុត្តិធម៌ចំពោះពួកគាត់នៅឡើយ»។
តំបន់ដែលមានទំនាស់ដីធ្លីខ្លាំងជាងគេក្នុងខេត្តកំពត គឺនៅស្រុកឈូក ដ្បិតទីតាំងនោះជាតំបន់ហ៊ុមព័ទ្ធដោយភ្នំអមដោយព្រៃឈើ និងសម្បូរដោយព្រៃសហគមន៍ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ដោយអាជ្ញាធរខេត្តកំពត ក៏ប៉ុន្តែព្រៃភ្នំ និងព្រៃសហគមន៍ទាំងនោះបានរងនូវការកាប់រានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់។
ម្យ៉ាងវិញទៀត តំបន់នោះមានក្រុមហ៊ុនឯកជនមួយចំនួនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំរាប់ពាន់ហិកតារ ហើយដែលបានបង្កទំនាស់ជាមួយក្រុមពលរដ្ឋអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ក្រុមហ៊ុនដែលពលរដ្ឋអះអាងបានទុកដីទំនេរចោលមិនអភិវឌ្ឍ និងបន្តឈូសឆាយប៉ះពាល់ដល់ដីធ្លីរបស់ពួកគាត់ រួមមានក្រុមហ៊ុន វើលដ៍ ទ្រីស្តារ អ៊ិនធឺថេនមិន (World Tristar Entertainment Co., Ltd) របស់ឧកញ៉ា សូ ងួន និងក្រុមហ៊ុន ហ្វើស បាយអូថេក អេហ្គ្រីខលឈឺរ៉ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) របស់អ្នកស្រី ចាន់ សុធា ដែលជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ចំណែកក្រុមហ៊ុនដែលពលរដ្ឋអះអាងថា បានឈូសឆាយដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោត្រង់ភូមិសាស្ត្រស្រុកឈូក ដើម្បីដាំដូងប្រេងគឺក្រុមហ៊ុន វើធើស ហ្គ្រីន ផ្លេនថេសិន (VIRTUS GREENS PLANTATIONS (CAMBODIA) PTE LTD) ឬហៅកាត់ថា ក្រុមហ៊ុន VGP របស់អ្នកជំនួញម៉ាឡេស៊ី និងជាចាងហ្វាងកាសែតខ្មែរ ថាមស៍ (Khmer Times) លោក ធី ម៉ូហាន (T. Mohan)។
ក្រៅពីនេះ នៅមានវិវាទដីធ្លីរវាងប្រជាពលរដ្ឋនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ជាមួយនឹងបុគ្គលឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ដែលជាឈ្មួញដីមានលុយ និងមានអំណាចដែលឈានដល់ការប្រើអំពើហិង្សា ការចាប់បង្ខាំងមនុស្សខុសច្បាប់ និងការប្ដឹងផ្ដល់ទៅតុលាការជាច្រើនករណី។ ចំណែកនៅឃុំតេជោអភិវឌ្ឍន៍ ឯណោះវិញ គឺមានទំនាស់រវាងប្រជាពលរដ្ឋភូមិតេជោអន្លង់ក្មេងលេង និងក្រុមយោធា និងការរង់ចាំដីទំហំ ១ហិកតាររបស់ក្រុមអតីតយុទ្ធជនជាច្រើនគ្រួសារ ដែលត្រូវបានអាជ្ញាធរបញ្ជូនឱ្យមករស់នៅក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ តាំងតែពីឆ្នាំ២០១២ មក។
ចំណែកនៅតំបន់ឆ្នេរសមុទ្រនៃខេត្តកំពតវិញ មានការចាក់ដីលុបឆ្នេរ និងព្រៃកោងកាងជាច្រើនហិកតារដើម្បីសាងសង់កំពង់ផែ និងសំណង់រឹងផ្សេងទៀតដែលប៉ះពាល់ដល់ដែនសហគមន៍នេសាទ និងបរិស្ថានតំបន់ឆ្នេរធ្ងន់ធ្ងរ។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុកខេត្តកំពត (ADHOC) លោក ហេង ភារៈ រំពឹងថា អភិបាលខេត្តកំពត ថ្មី គឺលោក ជាវ តាយ នឹងដោះស្រាយបញ្ចប់បញ្ហាទាំងនេះនៅក្នុងអាណត្តិរបស់លោក ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខេត្តកំពត និងផលប្រយោជន៍សាធារណរបស់រដ្ឋ៖ «សង្ឃឹមថាឯកឧត្ដមដែលមកកាន់តំណែងនៅខេត្តកំពតនេះ លោកនឹងលើកយកនូវចំណុចខ្វះខាត និងចំណុចឆកល្វែងដែលឯកឧត្ដមអភិបាលខេត្តចាស់មិនបានដោះស្រាយ មានដូចជាបញ្ហាឆ្នេរ ព្រៃកោងកាង ព្រៃសហគមន៍នេះ ហើយនិងទំនាស់ដីធ្លីរ៉ាំរ៉ៃតាំងពីយូរណាស់មកហើយ សង្ឃឹមថា ឯកឧត្ដមនឹងងាកមកចាប់អារម្មណ៍ ឬមានវិធានការក្នុងការដោះស្រាយបញ្ចប់ដើម្បីកុំឱ្យជនរងគ្រោះទទួលរងគ្រោះដោយសារទំនាស់ដីធ្លីបន្ថែមទៀត។ ប្រសិនបើឯកឧត្ដមអភិបាលខេត្តថ្មីមានឆន្ទៈគ្រប់គ្រាន់ក្នុងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដូចជាការចាក់លុបដីឆ្នេរ ការបំផ្លាញព្រៃកោងកាង និងការទន្ទ្រានកាន់កាប់ព្រៃសហគមន៍នេះ បើសិនជាឯកឧត្ដមលោកមានវិធានការក្ដៅ យើងសង្ឃឹមថា ការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទាំងអស់នេះនឹងបានគង់វង្ស»។
ចំណែកនាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC) លោក ភូ តេង វិញ យល់ឃើញថា អតីតអភិបាលខេត្តកំពត លោក ចាន់ ចេស្ដា មានស្នាដៃក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តដើម្បីទាក់ទាញភ្ញៀវទេសចរតែបញ្ហាទាក់ទងនឹងរឿងដីធ្លី ការនេសាទខុសច្បាប់ និងការចាក់លុបដីតំបន់ឆ្នេរជាដើម នៅមិនទាន់ត្រូវបានដោះស្រាយឱ្យចប់សព្វគ្រប់នៅឡើយ។ លោកស្នើឱ្យអភិបាលខេត្តកំពត ថ្មីយកចិត្តទុកដាក់លើកិច្ចការអភិរក្សធនធានធម្មជាតិ និងដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃរបស់ពលរដ្ឋ៖«នៅមានបញ្ហាខ្លះដូចជា បញ្ហាជម្លោះដីធ្លី ជាពិសេសជម្លោះដីធ្លីរបស់សហគមន៍ ដូចជាសហគមន៍ព្រៃឈើ និងសហគមន៍នេសាទ ដែលកន្លងមកដោះស្រាយមិនទាន់រួចរាល់ ដូច្នេះហើយបានជាយើងសំណូមពរថា ឯកឧត្ដមដែលអញ្ជើញមកក្រោយនេះ ឱ្យគាត់ពិចារណាបន្តការដោះស្រាយឱ្យវាបានចប់សព្វគ្រប់ទៅលើជម្លោះដីធ្លី ដែលកើតឡើងតាមសហគមន៍។ យើងក៏ចង់ឱ្យមានការពិនិត្យបន្ថែមទៀត ទៅលើការដោះស្រាយជម្លោះដែននេសាទ និងជម្លោះនៃការប្រកបរបររបស់អ្នកនេសាទខ្នាតតូច តាមតំបន់ឆ្នេរផងដែរ»។
ក្រុមអង្គការសង្គមស៊ីវិលនៅខេត្តកំពត ក៏សំណូមពរដល់អភិបាលខេត្តកំពតថ្មី គឺលោក ជាវ តាយ ឱ្យមានអធ្យាស្រ័យ និងកិច្ចសហការល្អជាមួយអង្គការសង្គមស៊ីវិល សហគមន៍ និងប្រជាពលរដ្ឋទូទៅដើម្បីឱ្យកិច្ចការងារអភិវឌ្ឍ ខេត្តកំពត ដំណើរការទៅដោយរលូន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។