ពលរដ្ឋនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានចោទឈ្មួញទិញដីឲ្យក្រុមហ៊ុនជប៉ុន មួយថា តែងតែប្រើកម្មករស៊ីឈ្នួលឈូសឆាយដីឲ្យវាយធ្វើបាប និងដុតផ្ទះអ្នកភូមិព្រៃពាយ ដើម្បីយកដីរាប់ពាន់ហិកតារទៅឲ្យក្រុមហ៊ុនជប៉ុន អភិវឌ្ឍដាំដំណាំម្រេចកំពត។
អ្នកភូមិព្រៃពាយ ចោទថា អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅខេត្តកំពត សុទ្ធតែខ្លាចអំណាចរបស់ប្ដីប្រពន្ធឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ដែលអ្នកទាំងពីរតែងតែប្រើកម្មករស៊ីឈ្នួលឈូសឆាយដីឲ្យដណ្ដើមយកពីអ្នកភូមិព្រៃពាយ បានកាប់រានកាលពីជាង ១០ឆ្នាំមុន។
ក្រុមអ្នកភូមិរាប់ពីក្មេងដល់ចាស់ ទាំងប្រុស ទាំងស្រី បានរាប់រៀបថា លោកស្រី ហ៊ាង គន្ធី ដែលមានងារជាជំទាវតែងតែបញ្ជាឲ្យកម្មករវាយអ្នកភូមិណាដែលមិនព្រមប្រគល់ដីឲ្យ។ បច្ចុប្បន្នអ្នកភូមិព្រៃពាយ គ្មាននរណាម្នាក់ហ៊ានចូលទៅដីដែលពួកគេធ្លាប់កាន់កាប់តាំងពីអំឡុងឆ្នាំ២០០០ ដល់ឆ្នាំ២០១៤ នោះទេ។
អ្នកភូមិព្រៃពាយ ម្នាក់ លោក ថន សុខា ប្រាប់ថា ឈ្មួញដីឈ្មោះ អាំ ផល្លីន និងប្រពន្ធឈ្មោះ ហ៊ាង គន្ធី កាលពីឆ្នាំ២០១៤ បានបង្ខំឲ្យអ្នកភូមិលក់ដីក្នុងតម្លៃទាបបំផុតគឺ ១ហិកតារ ៣០០ដុល្លារទៅឲ្យពួកគេ។ លោកបន្តថា ឈ្មួញដីបានបង្ខំឲ្យអ្នកភូមិលក់ដីទាំងអ្នកភូមិមិនពេញចិត្ត ក្រោយមកឈ្មួញដីបានបណ្ដេញអ្នកភូមិចេញពីផ្ទះ និងដីដែលធ្លាប់ធ្វើស្រែចម្ការជាថ្នូរនឹងលុយ ២០ម៉ឺនរៀល អង្ករមួយបាវ មីមួយកេស និងប្រាប់អ្នកភូមិថា ជាអំណោយកាកបាទក្រហម៖ « ប្រជាពលរដ្ឋទៅសាលាខេត្តរយៈពេល ៥ដងហើយ ពីឆ្នាំដែលគេរំលោភបំពាន ២០១៤។ អភិបាលមិនបានអញ្ជើញមកជួប ទៅឲ្យតែអភិបាលរងមកជួប។ ( អភិបាលរង ) គាត់ក៏មិនដឹងធ្វើម៉េចដែរ ឲ្យតេទៅជួបអភិបាលទៅ។ អភិបាលឲ្យរៀបឯកសារមក។ ខ្ញុំក៏រៀបឯកសារដាក់ទៅ ហើយបាត់ម៉ងទៅ » ។
ចំណែកអ្នកភូមិម្នាក់ទៀត លោក ទន់ រ៉ន ប្រាប់ថា ផ្ទះរបស់លោកចំនួន ២ ត្រូវបានឈ្មួញដុត និងរុះរើចោល៖ « ប្ដឹងទៅ ( សាលាឃុំ ) គេវ៉ៃ តែទៅគេ ( កម្មកររបស់ឈ្មួញដី ) វ៉ៃហើយ ... គេចោទថាបក្សប្រឆាំង តែខ្ញុំមានប័ណ្ណគណបក្សប្រជាជនទាំងអស់ »។

ក្រុមអ្នកភូមិព្រៃពាយ បានប្រជែងគ្នារៀបរាប់ពីសកម្មភាពដែលឈ្មួញទិញដីបញ្ជាឲ្យកម្មករវាយធ្វើបាបអ្នកភូមិ។ អ្នកខ្លះប្រាប់ថា ឈ្មួញដី គឺអ្នកស្រី ហ៊ាង គន្ធី បានប្រកាសនៅមុខសាលាឃុំត្រពាំងភ្លាំង ថា មួយខែត្រកំពតនេះ គ្មានអាជ្ញាធរណាហ៊ានជាមួយអ្នកស្រីនោះទេ។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី កែន ភ័ណ្ឌ អះអាងថា កូនចៅរបស់អ្នកស្រី ហ៊ាង គន្ធី បានវាយអ្នកស្រីដោយចាប់បោកទៅលើគោយន្ត បន្ទាប់មករឹបអូសយកគោយន្តអ្នកស្រីថែមទៀត។ អ្នកស្រីហៅទង្វើរបស់បក្សពួកឈ្មួញដីនៅឃុំត្រពាំងភ្លាំង ថាមានភាពសាហាវឃោរឃៅ។ អ្នកស្រីអះអាងថា ឈ្មួញដីបានព្រមានថា ជីវិតអ្នកភូមិមានតម្លៃមិនស្មើនឹងសំបកកង់ឡានមួយគ្រាប់របស់ឈ្មួញនោះទេ៖ « គេវ៉ៃចាប់បោកខ្ញុំទៅត្រូវនឹងគោយន្ត ដៃរលាត់មិនទាន់បាត់ស្នាម។ កុំរត់ តែរត់គេបាញ់ហើយ គេថាចឹង ! ទៅតោងកាំភ្លើងគេមក គេគ្រាន់គំរាម អត់បានបាញ់ទេ ប៉ុន្តែកាំភ្លើងមានមែន។ វ៉ៃប្រពន្ធរត់ទៅជួយ គេថាតែហែងហ៊ានជួយ ងាប់ហើយ អាជឿនហែង គ្រាន់តែហើបដៃទាញទៅជួយ គេរឹតតែវ៉ៃ » ។
ប្រជាពលរដ្ឋនៅភូមិព្រៃពាយ ប្រាប់ថា កុំថាឡើយទៅធ្វើស្រែ ឬចូលទៅក្នុងដីរបស់ពួកគាត់ដែលឈ្មួញដណ្ដើមយកនោះ សូម្បីស្នើឲ្យនាំអ្នកសារព័ត៌មានទៅមើលក៏អ្នកភូមិនៅមានភាពញញើតមិនហ៊ាននាំទៅដែរ។ អ្នកភូមិប្រាប់ថា សូម្បីតែមេឃុំ មេប៉ុស្តិ៍ អភិបាលស្រុក មេព្រៃឈើ រហូតដល់មន្ត្រីនៅថ្នាក់ខេត្ត សុទ្ធតែខ្លាចអំណាចឈ្មួញដីឲ្យក្រុមហ៊ុន អេម៉ារីអូ ហ្សូណាន់ ម៉ារីន ខបភើរេសិន (Emario Shonan Marine Corporation Ltd.) របស់ជប៉ុន ដែលវិនិយោគដំណាំម្រេច។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងឈ្មួញដី អ្នកស្រី ហ៊ាង គន្ធី បានទេ នៅថ្ងៃទី១៨ ខែកក្កដា។
ពលរដ្ឋនៅភូមិព្រៃពាយ ប្រាប់ថា ឈ្មួញដីមិនត្រឹមតែដណ្ដើមយកដីពីពលរដ្ឋនោះទេ សូម្បីដីសម្បទានសង្គមកិច្ចដែលរដ្ឋផ្ដល់ឲ្យជនពិការ ក៏ឈ្មួញប្រើហិង្សាបង្ខំឲ្យជនពិការដូរដីចេញពីសម្បទានសង្គមកិច្ចដែលទទួលបានដែរ។
អតីតយោធិនពិការជើងម្ខាង ដែលទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលនៅឆ្នាំ២០១១ លោក ហេង សឿន ប្រាប់ថា ឈ្មួញទិញដីប្រើហិង្សាឃោរឃៅលើលោក និងជនពិការផ្សេងទៀតដើម្បីបង្ខំឲ្យជនពិការដែលទទួលបានដីសម្បទានពីរដ្ឋ ដូរទៅរស់នៅដីផ្សេងទៀត ដោយឈ្មួញបានយកពីអ្នកភូមិ។ លោក ហេង សឿន ប្រាប់ថា លោកធ្លាប់ត្រូវឈ្មួញដីប្រើហិង្សាវាយឲ្យសន្លប់ ២ដងនៅក្នុងផ្ទះរបស់លោក និងឈ្មួញគំរាមសម្លាប់ជាញឹកញយ។ លោកធ្លាប់រត់ចោលភូមិទៅនៅក្រុងភ្នំពេញ ច្រើនឆ្នាំ ទើបតែពេលនេះលោកហ៊ានចូលមករស់នៅខេត្តកំពតវិញ ព្រោះប្រពន្ធ និងកូនរស់នៅទីនេះ តែលោកនៅតែមិនហ៊ានទៅរស់នៅលើដីសម្បទានសង្គមកិច្ចដែលរដ្ឋចែកឲ្យ៖ « រឿងនេះ ខ្ញុំមិនធានាជីវិតទេ។ កាលណាបើឲ្យខ្ញុំទៅនៅ លុះត្រាតែដកក្រុមការងារជំទាវចេញ ទើបប្រជាជនហ៊ានទៅនៅវិញទាំងអស់។ បារម្ភពីសុវត្ថិភាពខ្លួនឯង ព្រោះថាអំណាចគេកាន់ពេញដៃ សូម្បីតែមេភូមិ មេឃុំ ក៏អត់ហ៊ានជាមួយគេដែរ រហូតដល់អភិបាលស្រុក ទៅដល់ឃើញប្រជាជនរងគ្រោះរត់បាត់ ចឹងដូចខ្លួនខ្ញុំមួយ ឲ្យយកកទៅលអន្ទាក់ម៉េចកើត ?» ។
ដីសម្បទានសង្គមកិច្ចដែលជនពិការបានអះអាងថា រដ្ឋបានចែកឲ្យពួកគាត់កាលពីឆ្នាំ២០១១ ឈ្មួញដីបានប្រើហិង្សាគ្រប់រូបភាពដើម្បីបង្ខំឲ្យជនពិការ និងអ្នកក្រីក្រប្រគល់ដីទៅឲ្យឈ្មួញ។
អភិបាលរងខេត្តកំពត លោក លោក ស៊ឹម វុទ្ធា ប្រាប់ថា លោកលែងកាន់ករណីដីជម្លោះនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ទៀតហើយ។ លោកបង្វែរឲ្យទៅសួរនាយករដ្ឋបាលសាលាខេត្ត គឺលោក វ៉ែន ស៊ីថា និងប្រធានមន្ទីរដែនដី ខេត្តកំពត។ លោក ស៊ឹម វុទ្ធា ប្រាប់ថា កាលលោកនៅកាន់សំណុំរឿងនេះ លោកបានធ្វើរបាយការណ៍ឲ្យអភិបាលខេត្តកំពត ហើយលោកមិនបានដឹងថា អភិបាលខេត្តកំពត បញ្ជូនរបាយការណ៍ ឬដោះស្រាយយ៉ាងណានោះទេ៖ « ខ្ញុំមិនច្បាស់ដែរ ពីព្រោះនៅពេលដែលខ្ញុំធ្វើហើយ ខ្ញុំធ្វើតែរបាយការណ៍ជូនឯកឧត្តមអភិបាលទេ។ កិច្ចការហ្នឹង អាជ្ញាធរគាត់មានភារកិច្ចរបស់គាត់ រឿងអីគាត់ខ្លាចអ្នកនេះអ្នកនោះ » ។
អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តកំពត លោក ចាន់ ចេស្ដា និងរដ្ឋបាលសាលាខេត្តកំពត លោក វ៉ែន ស៊ីថា បានទេ នៅថ្ងៃទី១៨ ខែកក្កដា។ ចំណែកប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ លោក យិន វុឌ្ឍ ប្រាប់ឲ្យអ្នកយកព័ត៌មានអាស៊ីសេរី ទៅជួបលោកនៅមន្ទីរដែនដីខេត្តកំពត។ នៅពេលទៅជួបមន្ត្រីនៅក្នុងមន្ទីរដែនដីប្រាប់ថា លោកជាប់រវល់ប្រជុំ ហើយនៅពេលប្រជុំចប់លោកនឹងទៅចែកអំណោយជាមួយកាកបាទក្រហមខេត្តកំពត ដោយមិនមានពេលផ្ដល់បទសម្ភាសន៍នោះទេ។
ភាពចម្រូងចម្រាសរឿងដីធ្លីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង នេះ បានផ្ទុះឡើងកាលពីឆ្នាំ២០១៤ គឺក្រោយពេលឈ្មួញដីបានចូលទៅដណ្ដើម និងបណ្ដេញអ្នកភូមិចេញពីភូមិ។ ក្រោយមកអាជ្ញាធរខត្តកំពត បានបិទផ្សាយបញ្ជីឈ្មោះអ្នកត្រូវទទួលបានប័ណ្ណកម្មសិទ្ធិ ក៏ប៉ុន្តែបញ្ជីនោះមិនមានឈ្មោះពលរដ្ឋដែលកាន់កាប់ដីជាក់ស្ដែងនោះឡើយ ផ្ទុយទៅវិញ បែរជាមានឈ្មោះបុគ្គលដែលអ្នកភូមិមិនស្គាល់ទៅវិញ។ ភាពមិនប្រក្រតីនេះ បានធ្វើឲ្យពលរដ្ឋរាប់រយនាក់លើកគ្នាតវ៉ានៅតាមសាលាស្រុកសាលាខេត្តជាច្រើនដង រហូតដល់ដាក់ពាក្យបណ្ដឹងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រុងភ្នំពេញ ដើម្បីសុំអន្តរាគមន៍ករណីនេះ ហើយក្រសួងក៏បានចេញលិខិតមួយបញ្ជាក់ថា ដំណើរការវាស់វែង និងការបិទផ្សាយទិន្នន័យចំនួន ១០៣ក្បាលដីនោះ គឺអនុវត្តពុំបានសមស្របតាមសេចក្ដីណែនាំរបស់ក្រុមប្រឹក្សាគោលនយោបាយដីធ្លីទេ។
ទោះជាបែបនេះក្ដី អ្នកភូមិប្រាប់ថា អាជ្ញាធរថ្នាក់ខេត្ត និងស្រុកមិនហ៊ានអនុវត្ត ឬយកដីមានជម្លោះនោះ មកឲ្យអ្នកភូមិវិញទេ ដោយអ្នកភូមិអះអាងថា មន្ត្រីគ្រប់ជាន់ថ្នាក់នៅខេត្តកំពត សុទ្ធតែខ្លាចអំណាចឈ្មួញដីនៅភូមិព្រៃពាយ។
អ្នកភូមិព្រៃពាយ ដណ្ដើមគ្នានិយាយប្រាប់អ្នកសារព័ត៌មានអាសីសេរីថា ភាពឃោរឃៅរបស់ឈ្មួញដី គឺឈ្មួញដីបានវាយគំរាម និងបង្ខំឲ្យអ្នកភូមិរុះរើផ្ទះរបស់ខ្លួនឯងនៅក្នុងភូមិព្រៃពាយ ហើយថតបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា អ្នកភូមិស្ម័គ្រចិត្តរើផ្ទះ។
អនុប្រធានផ្នែកដីធ្លីនៃសមាគមអាដហុក (ADHOC) លោក សួស វណ្ណៈ យល់ថា ការផ្ដល់ដីសម្បទានសង្គមកិច្ច គួរតែមានផែនការ និងយន្តការច្បាស់លាស់ ប្រកបដោយតម្លាភាព ដើម្បីជៀសវាងឈ្មួញ និងមន្ត្រីអាចឃុបឃិតគ្នាយកដីសម្បទានសង្គមកិច្ច៖ « ទី១ រដ្ឋត្រូវមានគម្រោងច្បាស់លាស់។ ទី២ ត្រូវមានយន្តការ។ ទី៣ ត្រូវមានក្រុមមួយអធិការកិច្ចទៅលើការផ្ដល់ដីសង្គមកិច្ចក្រីក្រជូនប្រជាពលរដ្ឋក្រីក្រ គឺផ្ដល់ឲ្យចំប្រជាពលរដ្ឋក្រីក្រ។ យើងមើលភាគច្រើនទៅ ប្រជាពលរដ្ឋក្រីក្រភាគតិចណាស់ទទួលបានដីសម្បទានសង្គមកិច្ចនេះ » ។
សង្គមស៊ីវិលយល់ថា ដើម្បីឲ្យពលរដ្ឋមានការជឿជាក់ រដ្ឋាភិបាលគួរតែអនុវត្តច្បាប់ដោយមានតម្លាភាព បង្ការកុំឲ្យឈ្មួញ និងមន្ត្រីអាចឃុបឃិតគ្នាបាន។
អ្នកភូមិព្រៃពាយ ដែលមានជម្លោះចំនួន ១៨៩គ្រួសារ ជាជនពិការ និងអ្នកក្រីក្រ ដែលអះអាងថា ឈ្មួញបណ្ដេញចេញពីដី ឬដុតផ្ទះចោល មានគម្រោងលើកគ្នាទាំងភូមិ មានក្មេង ចាស់ ទៅតវ៉ាម្ដងទៀតនៅតាមស្ថាប័នជាតិធំៗ នៅក្រុងភ្នំពេញ ដើម្បីសុំអន្តរាគមន៍ ព្រោះពួកគាត់គ្មានជំនឿលើមន្ត្រីថ្នាក់ក្រោមជាតិទៀតនោះទេ ហើយស្នើឈប់ឲ្យមន្ត្រីថ្នាក់ក្រោមលាបពណ៌ពួកគាត់ថា ជាក្រុមប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។