ជម្លោះក្នុងការអភិរក្សតំបន់រមណីយដ្ឋានទឹកជ្រោះកាទៀង ក្នុងឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ រៀបចំវេទិកាតុសន្តិភាពសម្របសម្រួលបញ្ចប់ជម្លោះដីធ្លីដែលកើតមានច្រើនឆ្នាំមកហើយរវាងសហគមន៍ជនជាតិដើមភាគតិចព្រៅ ជាមួយម្ចាស់សិប្បកម្មកិនថ្ម និងមគ្គទេសចរណ៍តំបន់ទឹកជ្រោះដែលចង់រៀបចំអភិវឌ្ឍន៍នៅតំបន់នោះសម្រាប់វិស័យទេសចរណ៍ធម្មជាតិ។
ទំនាស់អភិរក្សតំបន់ទេសចរណ៍ទឹកជ្រោះកាទៀង ក្នុងខេត្តរតនគិរី បានដោះស្រាយបញ្ចប់ហើយនៅព្រឹកថ្ងៃទី៦ ខែឧសភា បន្ទាប់ពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍រៀបចំវេទិកាតុសន្តិភាពចុងក្រោយសម្របសម្រួលឲ្យភាគីពាក់ព័ន្ធឯកភាពគ្នាលើដំណោះស្រាយបីចំណុចទាក់ទិនការគ្រប់គ្រង និងការអភិរក្សរមណីយដ្ឋានឲ្យបានប្រសើរ។
ដំណោះស្រាយបីចំណុចរួមមាន ការបង្កើតគណៈកម្មការគ្រប់គ្រងតំបន់រមណីយដ្ឋានទឹកជ្រោះកាទៀង ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទេសចរណ៍ ការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានតាំងលំនៅឋានលើដីតំបន់ទេសចរណ៍ និងការរៀបចំកិច្ចព្រមព្រៀងវិនិយោគរវាងឯកជន និងសហគមន៍ឲ្យបានឯកភាពគ្នាដើម្បីដំណើរការអភិវឌ្ឍន៍តំបន់ទឹកជ្រោះ។
ប្រធានសហគមន៍កាទៀង លោក សុត សៅ ដែលទើបបានជ្រើសរើសថ្មីសំដែងការរីករាយ និងត្រេកអរ ខណៈភាគីនៃជម្លោះបានជជែកពិភាក្សាគ្នាក្នុងស្មារតីយោគយល់ស្មើភាព និងសាមគ្គីភាព។
លោកថា សហគមន៍និងសហការរៀបចំអភិវឌ្ឍន៍តំបន់រមណីយដ្ឋានជាមួយមន្ត្រីជំនាញ រួមទាំងអ្នកវិនិយោគដើម្បីប្រែក្លាយតំបន់ទឹកជ្រោះមានភាពប្រសើរ ទាក់ទាញភ្ញៀវទេសចរទៅថ្ងៃអនាគត៖ «ប្រសិនបើខាងអ្នកវិនិយោគគាត់ជាក់លាក់យើងក៏មានអ្វីមិនជាក់លាក់ដែរ ឲ្យតែគាត់ច្បាស់ថា ធ្វើម៉េចកុំឲ្យអ្នកភូមិមានបញ្ហា»។

ស្រដៀងគ្នានេះដែរ ម្ចាស់គម្រោងវិនិយោគតំបន់ទឹកជ្រោះកាទៀង លោក សេង ពេជ្រ កត់សំគាល់ថា លោកមានលទ្ធភាព និងទុនវិនិយោគគ្រប់គ្រាន់ដើម្បីប្រែក្លាយតំបន់ទឹកជ្រោះជារមណីយដ្ឋានធម្មជាតិ និងរក្សាបានវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច។ លោកថា ការអភិវឌ្ឍបានប្រសើរលុះត្រាសហគមន៍សហការពេញលេញទើបគម្រោងវិនិយោគនេះអាចដំណើរការទៅមុខបាន។លើសពីនេះទៀត ការអភិវឌ្ឍតំបន់ទឹកជ្រោះនឹងផ្ដល់អត្តប្រយោជន៍សម្រាប់សហគមន៍ទាំងជីវភាពរស់នៅ និងប្រាក់ចំណូល៖ «ធ្វើម៉េចឲ្យសប្បាយចិត្តហើយមានចំណុចលំអិតច្បាស់លាស់បានខ្ញុំដកលុយពីក្រៅមកធ្វើ ម្យ៉ាងទៀតមុននឹងធ្វើទីនេះត្រូវមានក្រដាសស្នាមពីក្រសួង»។
អតីតដីតំបន់រមណីយដ្ឋានទឹកជ្រោះកាទៀង កន្លងទៅមានទំហំជាង ៣០ហិកតារអមទៅដោយព្រៃឈើហ៊ុមព័ទ្ធជុំវិញ ក៏ប៉ុន្តែរហូតបច្ចុប្បន្នមន្ទីរទេសចរណ៍ខេត្តប៉ាន់ប្រមាណថា ផ្ទៃដីតំបន់ទឹកជ្រោះត្រូវបានប្រជាពលរដ្ឋ និងសហគមន៍រុករានកាន់កាប់នៅសល់ប្រមាណ ៥ហិកតារប៉ុណ្ណោះ។
ទាក់ទិនករណីនេះដែរ តំណាងមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ធី ចាន់ដាលីន ថ្លែងថា អាជ្ញាធរមូលដ្ឋាន និងសហគមន៍មានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងការពារដីធ្លីតំបន់រមណីយដ្ឋាន។ លោកថា មន្ត្រីជំនាញនឹងពិនិត្យផ្ដល់លទ្ធភាពធ្វើយ៉ាងណាឲ្យសហគមន៍មានសិទ្ធិពេញលេញក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍មួយនេះទាក់ទាញអ្នកទេសចរបានច្រើនឡើងវិញ៖ «នៅមានលក្ខខណ្ឌមួយចំនួនទៀតទាមទារការប្រជុំចង្អៀតមួយទៀតរវាងមន្ទីររវាងសហគមន៍ និងលោក សេង ពេជ្រ និងអាចមានជំនួយពីអង្គការផ្នែកផ្លូវច្បាប់ផងដែរ»។
មេធាវីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ហួន ជុនឌី មានប្រសាសន៍ថា គោលបំណងសំខាន់របស់គម្រោងតុសន្តិភាពគឺបញ្ចប់ជម្លោះក្នុងតំបន់សហគមន៍ជនជាតិដើមភាគតិចដោយសន្តិវិធី មិនចំណាយពេលវេលា និងប្រាក់កាសរបស់ភាគីជម្លោះ។ លោកថា ជំហានបន្តរបស់គម្រោងគឺបន្តតាមដាន និងជំរុញការអនុវត្តគោលការណ៍បីចំណុចដែលឯកភាពគ្នាក្នុងវេទិកាតុសន្តិភាពចុងក្រោយឲ្យមានប្រសិទ្ធភាព៖ «គោលបំណងយើងបានសម្រេចហើយ យើងនៅមានជំហានសល់បន្តិចបន្តួចទៀតដើម្បីតាមដាន និងពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនៅពេលនេះ»។
កាលពីឆ្នាំ២០១១ ម្ចាស់ការដ្ឋានកិនថ្ម គឺលោកស្រី សុ សូភី បានពង្រីកដីការដ្ឋានកិនថ្មមកធ្វើជាដីដាំដុះពីមួយហិកតាររហូតមកដល់ ៨ហិកតារបំពានចូលតំបន់ព្រៃរមណីយដ្ឋានទឹកជ្រោះកាទៀង។ ទំនាស់ដោយឡែកមួយទៀត គឺជាទំនាស់គ្រប់គ្រងទឹកជ្រោះដោយសារតែសហគមន៍ថ្នាំងថ្នាក់ជាមួយភ្នាក់ងារទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តគឺលោក សេង ពេជ្រ ដែលបានរៀបចំគម្រោងអភិវឌ្ឍន៍ផ្ទះប្រពៃណីជនជាតិដើមជាលក្ខណៈឯកជនក្នុងតំបន់ទឹកជ្រោះដែលធ្វើឲ្យសហគមន៍បារម្ភថា គម្រោងនេះនឹងយកដីតំបន់ទឹកជ្រោះកាទៀង ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ មេឃុំល្បាំង២ លោក ធិត ចាង ចាត់ទុកការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ជាពិសេសការដោះស្រាយបញ្ចប់បញ្ហាសហគមន៍ទឹកជ្រោះកាទៀង នៅពេលនេះមានផលប្រយោជន៍ច្រើនសម្រាប់សហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ លោកសំណូមពរឲ្យដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការបន្តអនុវត្តឲ្យបានច្រើនពាក់ព័ន្ធជម្លោះដីធ្លីព្រៃឈើក្នុងតំបន់សហគមន៍ជនជាតិដើមភាគតិចបច្ចុប្បន្ន៖ «យើងចេះតែនិយាយម្នាក់ៗអ៊ីចឹងរាប់ម៉ឺនឆ្នាំក៏មិនចប់បើយើងនិយាយតែពីរភាសា អ៊ីចឹងផលប្រយោជន៍សម្រាប់ពួកខ្ញុំដែរ។ មានរឿងរ៉ាវយើងសហការគ្នាអ៊ីចឹងយើងមានអាជ្ញាធរមេធាវី ខាងមន្ទីរចូលរួមកុំឲ្យទម្លាក់តែម្ខាងៗថា អ្នកនេះខុសអ្នកនេះត្រូវ ខ្ញុំថាត្រឹមត្រូវទាំងអស់គ្នា ដឹងឮទាំងអស់គ្នា»។
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អនុវត្តគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នាបានរៀបចំវេទិកាតុសន្តិភាពកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំសកលវិទ្យាល័យបៀលប្រាយ ឋិតក្នុងក្រុងបានលុង ខេត្តរតនគិរី ក្នុងគោលបំណងដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការដែលឡើងនៅក្នុងសហគមន៍រមណីយដ្ឋានទឹកជ្រោះកាទៀង។ អ្នកចូលរួមវេទិកាតុសន្តិភាពនេះ មានតំណាងសហគមន៍ អ្នកសង្កេតការណ៍អង្គការក្រៅរដ្ឋាភិបាលតំណាងអាជ្ញាធរមូលដ្ឋាន មន្ត្រីអាជ្ញាធរខេត្ត មន្ត្រីជំនាញ និងតំណាងក្រុមប្រឹក្សាខេត្តរតនគិរី មានគ្នាសរុបជាង ២០ ចូលរួមពិភាក្សាដោះស្រាយទំនាស់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
