អ្នក​​កំពង់ឆ្នាំង​បារម្ភ​ខូចខាត​និង​បាត់​ផ្ទះសម្បែង​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ច្រាំង​ទន្លេ

0:00 / 0:00

អ្នក​ភូមិ​ចុងកោះ នៃ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង មួយ​ចំនួន ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ និង​ចាម ៤៣៣​គ្រួសារ​នៅ​ទី​នោះ បារម្ភ​អាជ្ញាធរ​ផ្ដល់​សំណង​ផល​ប៉ះពាល់​មិន​សមរម្យ​ពី​គម្រោង​អភិវឌ្ឍន៍​ច្រាំង​ទន្លេ។ ក្រុម​ពលរដ្ឋ​កាន់​តែ​បារម្ភ​ខ្លាំង បន្ទាប់​ពី​មន្ត្រី​ជំនាញ​បោះ​បង្គោល​ឫស្សី​បាញ់​ថ្នាំ​ក្រហម កំណត់​ព្រំ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ប៉ះពាល់​ដល់​លំនៅឋាន​​ពួកគាត់។

នៅ​ក្នុង​ដំណើរការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​អភិវឌ្ឍន៍​សួនច្បារ ឬ​ច្រាំង​ទន្លេ​ប្រវែង​ជិត​បី​គីឡូម៉ែត្រ​ចាប់​ពី​មុខ​វត្ត​លោក​យាយទេព រហូត​ដល់​ស្ថានីយ​ទឹក​ស្អាត​អានកូ (Anco) នៅ​ក្រុង​កំពង់ឆ្នាំង របស់​អាជ្ញាធរ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយ​បារម្ភ​ផង និង​ទន្ទឹង​រង់ចាំ​មើល​ការ​អភិវឌ្ឍ​ផង។ នៅ​គ្រា​ដែល​ផ្ទះ​អែប​ច្រាំង​ទន្លេ​ចំនួន ៣១៥​ខ្នង​ នឹង​ត្រូវ​រុះរើ​ចេញ​នា​ថ្ងៃ​អនាគត មាន​ផ្ទះ​​ចំនួន ៦១​ខ្នង​ទៀត​ប៉ះ​ចំ​គម្រោង​ធ្វើ​ផ្លូវ ដែល​ត្រូវ​កែ​សម្រួលផ្ទះ ឬ​វាយ​ចោល។

ប្រជាពលរដ្ឋ​ម្នាក់ លោក ហុត វណ្ណា ថ្លែង​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ថា រូប​លោក និង​អ្នក​ភូមិ​ផ្សេង​ទៀត​មិន​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ឡើយ ប៉ុន្តែ​បង្គោល​ឫស្សី​បាញ់​ថ្នាំ​ក្រហម​ដែល​បោះ​កាល​ពី​ចុង​ខែ​វិច្ឆិកា នោះ បាន​ប៉ះ​ផ្ទះ​គាត់​ស្ទើរ​ពាក់​កណ្ដាល។ ហេតុ​នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​រក​ដី​បន្ថែម​ទៅ​ផ្នែក​ខាង​ក្រោយ​ផ្ទះ ឬ​ប៉ះប៉ូវ​សំណង​ឲ្យ​បាន​សមរម្យ​ទៅ​នឹងតម្លៃ​ផ្ទះ​របស់​លោក​ជាមុន៖ «គេ​ហៅ​ទៅ​ប្រជុំ​មួយ​ចំនួន​ដែរ ដូច​​គាត​នៅ​ខាង​ណោះ​ទៅ​ប្រជុំៗ​សុំ​ដំណោះស្រាយ​រក​ទីតាំង​ឲ្យ​នៅ​កន្លែង​ណា​អត់​ពិត​ប្រាកដ អ៊ីចឹង​គាត់​កាន់​តែ​ព្រួយ​បារម្ភ​ទៅៗ។ ខ្ញុំ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ដែន​ដី​ទាំង​អស់ បើ​វាស់​វែង​ប៉ះពាល់​អ៊ីចឹង​ទៅ​ហើយ មាន​គោលនយោបាយ​យ៉ាង​ណា​អី​យ៉ាង​ណា មេត្ដា​ជួយ​ផ្ដល់​ព័ត៌មាន​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ខ្ញុំ​ដឹង​ជា​មុន​ផង»

ឆ្លើយ​តប​បញ្ហា​នេះ​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សណ្ដាប់​ធ្នាប់ និង​សោភ័ណភាព​ក្រុង​លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ កំពុង​សិក្សា​ពី​ផល​ប៉ះពាល់​ដោយ​វាស់​វែង​បោះ​បង្គោល​កំណត់​ទីតាំង​ធ្វើ​ផ្លូវ ហើយ​របាយការណ៍​ទាក់ទង​នឹង​ផល​ប៉ះពាល់​នេះ​នឹង​ដាក់​ជូន​អភិបាល​ខេត្ត ឬ​ក្រុម​គណៈ​អភិបាល​ខេត្ត​ពិនិត្យ​ថ្ងៃ​ខាង​មុខ៖ «ទាល់​តែ​យើង​សិក្សា​ភាព​ប៉ះពាល់​ហើយ​អស់ បាន​យើង​ចាប់​ផ្ដើម​ធ្វើ។ (ជិន ជេដ្ឋា៖ ប្រវែង​ប៉ុន្មាន​ដែរ​ផ្លូវ​ហ្នឹង?) ពី​ដើម​នោះ​មក​ដល់​ផ្លូវ​ចុង​កោះ​ប្រហែល ១.៧០០​ម៉ែត្រ ប៉ុន្តែ​ពី​ត្រង់​ហ្នឹង​ទៅ​ថ្នល់​ជាតិ​លេខ​៥​ទៀត ចេញ​ទៅ​វា​មាន​ពី​ចំណុច​ទី​១ ផ្លូវ​ខ្សាម និង​ទី​២ អាច​ផ្លូវ​តូតាល់ ប៉ុន្តែ​វា​អត់​ទាន់​ច្បាស់​ទេ​ជំនាញ​កំពុង​សិក្សា»

លោក​បន្ថែម​ថា គ្រប់​ជំហាន​នៃ​ដំណើរការ​អភិវឌ្ឍ​នេះ​មាន​ការ​សិក្សា​ពី​លទ្ធភាព និង​ផល​ប៉ះពាល់​ជា​មុន​ត្រឹមត្រូវ ខណៈ​អាជ្ញាធរ​កំពុង​ប្រឹងប្រែង​រៀបចំ​ហេដ្ឋារចនាសម្ពន្ធ ជា​ពិសេស​ផ្លូវ​ចេញ​ពី​ផ្សារ​ក្រោម​កាត់​តាម​ទីតាំង​ពលរដ្ឋ​រស់​នៅ​នោះ នឹង​ស្ថាបនា​ឆ្ពោះ​ទៅ​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​៥ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​ភូមិ។ លោក​ស្នើ​កុំ​ឲ្យ​ពលរដ្ឋ​បារម្ភ​ខ្លាំង​ពេក ព្រោះ​ការ​អភិវឌ្ឍ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន។

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង មាន​គម្រោង​រៀបចំ​សណ្ដាប់​ធ្នាប់ និង​អភិវឌ្ឍ​តាម​មាត់​ទន្លេ​ផ្សារ​ក្រោម រយៈ​ពេល ៥​ឆ្នាំ គឺ​គិត​ចាប់​ពី​ឆ្នាំ​២០១៥។ គម្រោង​នេះ​បាន​អនុម័ត​ឲ្យ​អនុវត្ត​ដោយ​ក្រុម​ប្រឹក្សា​ខេត្ត ហើយ​អាជ្ញាធរ​ដែល​ចុះ​អនុវត្ត​គម្រោង​ធ្លាប់​អះអាង​ថា គ្រប់​ផ្ទះ​របស់​ពលរដ្ឋ​មិន​ត្រូវ​បាន​រុះរើ​ដោយ​ពុំ​មាន​សំណង ឬ​គោលនយោបាយ​ដោះដូរ​នោះ​ទេ ត្បិត​ផ្ទះ​មួយ​ចំនួន​តាម​មាត់​ទន្លេ​រស់នៅ​មិន​ស្របច្បាប់។

ការ​អភិវឌ្ឍ​បាន​ប៉ះពាល់​តូប​លក់ដូរ​ពលរដ្ឋ​ចំនួន ២០៣​តូប ផ្ទះ​សម្បែង​ពលរដ្ឋ​ជាង ៣០០​ខ្នង។ បច្ចុប្បន្ន​តូប​លក់​ដូរ និង​ផ្ទះ​ទាំង​នេះ​មិន​ទាន់រុះ​រើ​ចេញ​​ទេ ខណៈ​អាជ្ញាធរ​កំពុង​រៀបចំ​កន្លែង​ផ្លាស់​ទី​ថ្មី។

ច្បាប់​អស្សាមិករណ៍​ត្រង់​ជំពូក​១ មាត្រា​២ បាន​ធានា​ការ​ដក​សិទ្ធិ​ស្រប​ច្បាប់​លើ​កម្មសិទ្ធិ​ឯកជន​ដោយ​សមរម្យ និង​យុត្តិធម៌។ ច្បាប់​នេះ​ក៏​ធានា​ការ​ទូទាត់​សំណង​ជា​មុន​ដោយ​សមរម្យ និង​យុត្តិធម៌ ហើយ​បម្រើ​ផល​ប្រយោជន៍​សាធារណៈ និង​ផល​ប្រយោជន៍​ជាតិ ដោយ​ធ្វើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។