ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ខែត្រស្ទឹងត្រែង និងអង្គការសង្គមស៊ីវិល អំពាវនាវឲ្យក្រសួងព្រះបរមរាជវាំង និងរាជរដ្ឋាភិបាល ដកហូតដីដែលអតីតអភិបាលខែត្រស្ទឹងត្រែង រំលោភយក មកធ្វើជាព្រះរាជ្យទ្រព្យរបស់ព្រះមហាក្សត្រវិញ ក្រោយពីក្រសួងព្រះបរមរាជវាំង បានស្ថាបនារបងព័ទ្ធជុំវិញព្រះរាជដំណាក់នោះកាលពីចុងឆ្នាំ២០១៦។ អតីតអភិបាលខែត្រស្ទឹងត្រែង លោក ឡូយ សុផាត បានយកដីមួយផ្នែកនៃព្រះរាជដំណាក់ជាប់មាត់អូរធ្វើជាកម្មសិទ្ធិឯកជនមានទំហំប្រហែលជាង ២ហិកតារកាលពីឆ្នាំ២០១២។
ពលរដ្ឋ និងអង្គការសង្គមស៊ីវិល នៅតែមានមន្ទិល និងអំពាវនាវឲ្យមានការបកស្រាយឲ្យច្បាស់លាស់ជុំវិញដីមួយផ្នែកនៃព្រះរាជដំណាក់ ដែលអតីតអភិបាលខែត្រស្ទឹងត្រែង និងបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត ធ្វើរបងស៊ីម៉ងត៍ព័ទ្ធលួសនៅបែកខាងជើងជាប់ទន្លេ បន្ទាប់ពីចាក់ដីតាមជម្រាលអូរពង្រីកផ្ទៃដីកាលពីឆ្នាំ២០១២។ ការចាក់ដី និងព័ទ្ធរបងលួសនេះ ត្រូវបានអ្នកភូមិចាត់ទុកថា អតីតអភិបាលខែត្ររូបនោះបានយកដីមួយផ្នែកនៃព្រះរាជដំណាក់ជាប់មាត់អូរ ធ្វើជាកម្មសិទ្ធិឯកជន។
ពលរដ្ឋរស់នៅតំបន់នោះភាគច្រើនពុំហ៊ានចេញមុខបញ្ចេញមតិជុំវិញភាពមិនប្រក្រតីនៃការគ្រប់គ្រងដីនៅតំបន់នោះទេ ដោយបារម្ភពីសុវត្ថិភាព។
អតីតជាទាហានអំឡុងទសវត្សរ៍ទី៨០ នៅខែត្រស្ទឹងត្រែង លោក តុ ស៊ីសាបុត្រ កត់សម្គាល់ថា ច្រើនជំនាន់មកហើយ ពោលចាប់ពីសម័យបារាំង ជំនាន់ លន់ នល់ និងសម័យ ប៉ុល ពត ពុំមានអាជ្ញាធរណា និងបុគ្គលណាហ៊ានរំលោភដីព្រះរាជដំណាក់នោះទេ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អតីតអភិបាលខែត្រស្ទឹងត្រែង លោក ឡូយ សុផាត រំលោភយកដីមួយផ្នែករបស់ព្រះរាជដំណាក់ ដោយចាក់ដីតាមជម្រាលអូរ និងព័ទ្ធរបងលួស។ លោកកត់សម្គាល់ទៀតថា អតីតអភិបាលខែត្ររូបនោះមានដីរាប់រយហិកតារនៅខែត្រស្ទឹងត្រែង ឋិតនៅតំបន់ភ្នំក្រហមក្រុងស្ទឹងត្រែង ហើយបច្ចុប្បន្នមានដំណាំកៅស៊ូ៖ « ពីមុនគាត់ចៅហ្វាយខែត្រ ឥឡូវគាត់តំណាងរាស្ត្រ។ បើគាត់ឃើញដី គាត់មានអំណាចគាត់យកហើយ ប្រសិនបើប្រជាពលរដ្ឋវិញ គឺប្រឈមបញ្ហាតុលាការ។ ប្រសិនបើពលរដ្ឋវិញបើយក គឺប្រឈមបញ្ហាតុលាការ។ ខ្ញុំក្នុងនាមជាពលរដ្ឋកើតនៅស្ទឹងត្រែង ជាអតីតទាហាន ខ្ញុំក៏ឃើញដែរដីកន្លែងនេះជាដីរបស់ស្ដេច ហើយពួកខ្ញុំជាពលរដ្ឋនេះក៏មិនគាំទ្រដែរ »។
លោក តុស៊ីសាបុត្រ អំពាវនាវឲ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ស៊ើបអង្កេតពីហេតុផលនាំឲ្យមានការយកដីនៅតំបន់នោះដោយអ្នកមានអំណាច។ លោកកត់សម្គាល់ថា ដីដែលលោក ឡូយ សុផាត បោះបង្គោលរបងយកនោះ គឺជាដីចំណីមាត់អូរក្នុងបរិវេណដីដំណាក់ស្ដេច ហើយកាលពីឆ្នាំ២០១២ លោកឃើញមានពលរដ្ឋចំនួន ៣គ្រួសារ ដែលបានតាំងទីលំនៅនៅទីនេះអស់ប្រមាណជាង ១០ឆ្នាំមកហើយ ត្រូវបានអាជ្ញាធរបណ្ដេញចេញដោយផ្តល់ដីសម្បទានសង្គមកិច្ចឆ្ងាយពីទីរួមខែត្រស្ទឹងត្រែង។
លោកថា ពេលជម្លៀសពលរដ្ឋចេញភ្លាមៗ លោកស្មានតែវាជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៅដំណាក់ស្ដេចនេះ។ លោកមិននឹកស្មានថា គេចាក់ដីដើម្បីរំលោភយកដីព្រះរាជ្យទ្រព្យព្រះមហាក្សត្រជាសម្បត្តិបុគ្គលឡើយ៖ « តាមខ្ញុំដឹង ឯកឧត្តម ឡូយ សុផាត មានដីច្រើនណាស់តាមខ្ញុំដឹង គឺមានដីច្រើនណាស់រាប់រយហិកតារនៅភ្នំក្រហម បានដាំកៅស៊ូហ្នឹងជាព្រៃស្រោងព្រៃធំបំផុតដែលយើងឃើញទាំងអស់គ្នា ហើយពលរដ្ឋក៏អត់ហ៊ានប៉ះពាល់ដែរ តែឯកឧត្តម ឡូយ សុផាត បានយកដីនោះធ្វើអាជីវកម្មរបស់គាត់ធ្វើចម្ការកៅស៊ូ »។

ព្រះរាជដំណាក់ស្ដេចឋិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្នុងស្ទឹងត្រែង បែរមុខទៅទិសខាងជើងទល់មុខទន្លេសេកុង និងទន្លេមេគង្គប្រសព្វគ្នា។ នៅខាងមុខដំណាក់ មានជណ្ដើរចុះទន្លេ ដែលអ្នកភូមិអាចចុះមុជទឹកនៅរដូវប្រាំងបាន។
អតីតអភិបាលខែត្រស្ទឹងត្រែង និងជាតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត ធ្លាប់បញ្ជាក់ថា ទីតាំងដែលលោកចាក់ដីនោះជាតំបន់ទឹកលិច ដែលពុំធ្លាប់មានពលរដ្ឋរស់នៅឡើយ។ លោកថា ដីនោះពីដើមឡើយមានទំនាបដល់មាត់ទន្លេ មិនអាចឆ្លងចូលផ្លូវថ្នល់ទៅម្ខាងបានទេ ចំណែកចំណីមាត់អូរនៅតែជាអូរដដែល ហើយការចាក់ដីនេះក៏មិនធ្វើឲ្យប៉ះពាល់ដល់ចរន្តទឹកហូរ និងប៉ះពាល់ដល់ពលរដ្ឋណានោះដែរ។ យ៉ាងណាក៏ដោយ លោកចាត់ទុកពលរដ្ឋដែលមានចម្ងល់ចំពោះការចាក់ដី និងគ្រប់គ្រងដីរបស់លោក ថាជាពលរដ្ឋខិលខូច៖ « វាពុំមែនជាដីសាធារណៈទៀត ហើយដីនេះពីដើមទឹកលិចចោលចឹងទេ វាដុះតែព្រៃ និងបន្លាទេ ហើយដល់ចាក់ប្រើប្រាស់ តើមានប៉ះពាល់អ្នកណា ? ខ្ញុំចង់សួររឿងនេះទៅវិញ »។
នាយខុទ្ទកាល័យព្រះបរមរាជវាំង លោក អ៊ុំ តារ៉ាវុធ បដិសេធមិនអធិប្បាយករណីនេះ ដោយលោកជំរុញឲ្យសួររដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គង់ សំអុល៖ « ទាល់តែសួរសម្ដេច គង់ សំអុល រឿងហ្នឹងក្មួយ »។
ចំណែកប្រធានការិយាល័យភូមិបាលក្រុងស្ទឹងត្រែង លោក ទុំ មនោ ក៏បដិសេធមិនអធិប្បាយករណីនេះដែរ នៅថ្ងៃទី២០ កុម្ភៈ។
អតីតប្រធានការិយាល័យភូមិបាលក្រុងស្ទឹងត្រែង លោក សេង សុផាត បញ្ជាក់ថា ដីដែលលោក ឡូយ សុផាត ព័ទ្ធរបងខាងមុខ និងបានចាក់ដីនោះ លោកធ្លាប់ឃើញមានលិខិតស្នើសុំចេញប្លង់កម្មសិទ្ធិដែលមានឈ្មោះកូនរបស់លោក ឡូយ សុផាត។ ទោះយ៉ាងណា លោកថាមន្ត្រីជំនាញសុរិយោដី មិនអាចចេញប្លង់កម្មសិទ្ធិបានទេ ព្រោះវាជាដីមាននៅក្នុងប្លង់ព្រះរាជ្យទ្រព្យរបស់ព្រះមហាក្សត្រ។ ហេតុនេះ ការសាងសង់អ្វីមួយលើដីតំបន់នោះ ត្រូវបានហាមឃាត់។
ទំហំដីដែលលោក ឡូយ សុផាត ចាក់ដីនៅជាប់មាត់អូរចាប់ពីផ្លូវថ្នល់ខាងត្បូងរហូតដល់ថ្នល់មាត់ទន្លេ មានប្រវែងទទឹងចាប់ពីជាង ៥០ម៉ែត្រដល់ ១០០ម៉ែត្រ និងបណ្តោយជាង ៤០០ម៉ែត្រ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី២០ កុម្ភៈ ព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល។
មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ដីតាមជម្រាលអូរ គឺត្រូវបានចាត់ចូលជាដីសាធារណៈរបស់រដ្ឋ តែបើមានការរំលោភយក គឺជាករណីខុសច្បាប់ មានន័យថា បុគ្គលដែលកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ គឺពុំមានសុវត្ថិភាពនោះទេ ហើយអាជ្ញាធររដ្ឋចង់សើរើពេលណាក៏បាន។ លើសពីនេះ រដ្ឋមានតួនាទីអភិរក្សដីដែលជាព្រះរាជ្យទ្រព្យ ប៉ុន្តែបើការថែទាំមិនបានដិតដល់ ធ្វើឲ្យព្រះរាជ្យទ្រព្យរបស់ព្រះមហាក្សត្រនឹងទៅជាទ្រព្យឯកជននោះ គឺជាកំហុសរបស់អាជ្ញាធរខែត្រស្ទឹងត្រែង។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ឃើញថា ព្រះរាជ្យទ្រព្យរបស់ព្រះមហាក្សត្រពុំអាចជនណាម្នាក់រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដាច់ខាត ហើយរដ្ឋាភិបាលគួរតែមានវិធានការចំពោះបុគ្គលណាដែលបំពានព្រះរាជ្យទ្រព្យរបស់ព្រះបរមរាជវាំង។ លោកបញ្ជាក់ថា ច្បាប់រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រមិនអាចរំលោភបំពានបាន ហេតុនេះព្រះរាជ្យទ្រព្យរបស់ព្រះបរមរាជវាំង គឺជាមរតកជាតិ សម្រាប់កូនខ្មែរជំនាន់ក្រោយចង់ដឹង និងចង់ឃើញ ដែលពុំអាចមានបុគ្គលណាមានសិទ្ធិកាន់កាប់ជាសម្បត្តិឯកជននោះទេ៖ « កូនចៅៗរបស់ព្រះអង្គឲ្យឃើញអំពីស្នាព្រះហស្តទាំងឡាយរបស់អតីតព្រះមហាក្សត្រខ្មែរ ជាអ្វីមួយដែលមិនអាចអ្នកណាមួយប៉ះពាល់បំពានធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទេ។ ខ្ញុំចង់ឃើញជំហររបស់រដ្ឋាភិបាលដែរ នៅពេលដែល ជាពិសេសរដ្ឋាភិបាលកំពុងចាត់វិធានការកំណែទម្រង់ដីធ្លីនេះ។ យើងចង់ឃើញការយកចិត្តទុកដាក់ និងការអនុវត្តការងាររបស់ខ្លួនឲ្យបានហ្មត់ចត់ ក្នុងនោះគឺឃើញការពារព្រះរាជ្យទ្រព្យដែរ »។
ដីព្រះរាជដំណាក់ស្ដេចមានទំហំជាង ៦ហិកតារ ហើយបច្ចុប្បន្ន ដីព្រះរាជដំណាក់ហាក់នៅមិនទាន់មានការអភិវឌ្ឍជាដុំកំភួនឡើយ ក្រៅពីធ្វើរបងស៊ីម៉ងត៍ហ៊ុមព័ទ្ធសម្រេចបានប្រហែល ៥០ភាគរយ ហើយនៅសល់តែអគារធំៗចាស់ទ្រុឌទ្រោមតាំងពីជំនាន់បារាំង។ អគារនៅខាងកើត ត្រូវខូចទាំងស្រុង ចំណែកអគារខាងលិចមានសភាពរឹងមាំធម្មតា ដែលត្រូវគេដាក់ចោលពុំមានអ្នកថែទាំ។ ចាស់ទុំដែលដឹងពីរឿងរ៉ាវដំណាក់នេះ បានឲ្យដឹងថា ព្រះរាជដំណាក់នេះ គឺជាទីតាំងសំណាក់របស់សម្ដេចតា ដែលទ្រង់ធ្លាប់ភៀសព្រះកាយកាលពីសម័យសង្គ្រាមមកគង់អាស្រ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។