ពលរដ្ឋ​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​សង្ឃឹម​ជា​ថ្មី​ថា​នឹង​ទទួល​បាន​ដំណោះស្រាយ

ពលរដ្ឋ​ប្រមាណ ១០០​នាក់​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ខេត្ត​កោះកុង សង្ឃឹម​ជា​ថ្មី​ថា វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ប្រមាណ ១១​ឆ្នាំ​នេះ នឹង​ទទួល​បាន​ដំណោះស្រាយ​ជា​ស្ថាពរ​ក្នុង​ពេល​ឆាប់ៗ​នេះ។

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង ម្នាក់ គឺ​លោកស្រី ផាវ ញ៉ឺង លើក​ឡើង​បែប​នេះ បន្ទាប់​ពី​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី គឺ​លោក គង់ ចំរើន ព្រម​ទទួល​យក​លិខិត​របស់​ក្រុម​ពលរដ្ឋ​ដែល​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា៖ «រយៈពេល ១១​ឆ្នាំ​គត់​ដែល​ពួក​យើង​តែង​តែ​ដើរ​រក​កន្លែង​អន្តរាគមន៍ និង​ដំណោះស្រាយ​ផ្សេងៗ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​ឲ្យ​ពួក​យើង ហេតុ​នេះ​ពួក​យើង​សង្ឃឹម​ថា បញ្ហា​ដីធ្លី​របស់​យើង​ដែល​មាន​ទំនាស់​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ និង​ឧកញ៉ា លី យ៉ុងផាត់ ដែល​គាត់​បាន​ផ្ទេរ​កម្មសិទ្ធិ​នេះ​ទៅ​ក្រុមហ៊ុន​កោះកុង ស៊ូរហ្គើរ (Koh Kong Sugar) និង​កោះកុង ផ្លែន ថេហ្សិន (Koh Kong Plantation) នឹង​អាច​ឈាន​ទៅ​ដល់​ការ​បញ្ចប់ ប៉ុន្តែ​នេះ​ជា​ការ​យល់សុបិន​របស់​ពួក​ខ្ញុំ​ទេ ខ្ញុំ​សង្ឃឹម​ថា សម្រេច​បាន​ឮ​សំឡេង​សារ​នេះ សម្ដេច​នឹង​ធ្វើ​កិច្ច​អន្តរាគមន៍ មិន​ឲ្យ​កូន​ចៅ​គាត់​ពិបាក​ទៀត​ទេ»

លោកស្រី ផាវ ញ៉ឺង ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ជួប​ជាមួយ​លោក គង់ ចំរើន លោកស្រី​ទទួល​បាន​​ការ​សន្យា​តាម​ទូរស័ព្ទ​ពី​លោក ប៉ាល់ ចន្ទដារា ដែល​ជា​ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​នៃ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ថា​នឹង​ផ្ដល់​ដំណឹង​នៃ​ការ​អន្តរាគមន៍​ឲ្យ​ពលរដ្ឋ​បាន​ដឹង​វិញ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​សីហា។

ជំនួប​រវាង​​​ពលរដ្ឋ និង​​លោក គង់ ចំរើន គឺ​ធ្វើ​ឡើង​នៅ​ក្នុង​រោង​មួយ​ដែល​ស្ថិត​ក្រោម​ដើម​ពោធិ៍ ដែល​​គេ​​ចាត់​​ទុក​​ថា ជា​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកស្រី ផាវ ញ៉ឺង ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​ប៉ះពាល់​មាន​ចំនួន ១៧៥​គ្រួសារ ដោយ​ឡែក​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​លិខិត​អន្តរាគមន៍​ថ្មីៗ​នេះ គឺ​មាន​តែ​ចំនួន ១២៥​គ្រួសារ​តែ​ប៉ុណ្ណោះ។ លោកស្រី​សង្ឃឹម​ថា រាជរដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​បញ្ចប់ តាម​ការ​សន្យារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ព្រមព្រៀង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ក្នុង​មួយ​គ្រួសារ​ជា​ដី ៣​ហិកតារ និង​ថវិកា ២.៥០០​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។