ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​កោះកុង​បន់ស្រន់​ឱ្យ​មន្ត្រី​រាជការ​គោរព​តាម​សម្បថ​មុន​ចូល​កាន់​តំណែង

ដោយ សន ចាន់រដ្ឋា
2017.01.09
ជម្លោះ​ដី កោះកុង ៨៥៥ ២០១៧ ពលរដ្ឋ​​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា ហេង ហ៊ុយ និង​ក្រុមហ៊ុន​ស្ករអំពៅ របស់​ឧកញ៉ា លី យ៉ុងផាត់ ធ្វើ​ពិធី​បន់ស្រន់​នៅ​ព្រះអង្គ​ដងកើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

ពលរដ្ឋ​ប្រមាណ ១០០​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា ហេង ហ៊ុយ  ឈ្មោះ​កោះកុង ផ្លេនថេសិន (Koh Kong Plantation) និង​ក្រុមហ៊ុន​ស្ករអំពៅ របស់​ឧកញ៉ា លី យ៉ុងផាត់ ឈ្មោះ​កោះកុង ស៊ូហ្គើរ (Koh Kong Sugar) កាល​ពី​រសៀល​ថ្ងៃ​ទី​៩ ខែ​មករា បាន​ប្រមូល​គ្នា​បន់ស្រន់​ព្រះអង្គ​ដងកើ ជំរុញ​មន្ត្រី​រាជការ​មាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា​ដីធ្លី គោរព​ពាក្យ​សម្បថ​ដែល​បាន​ស្បថ​សច្ចា​មុន​ចូល​កាន់​តំណែង។

ការ​ងាក​មក​ទាមទារ​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ ខណៈ​ក្រុម​ពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​វិជ្ជមាន​ណា​មួយ​អំពី​ការ​ទូទាត់​សំណង​លើ​ដី​ធ្លី និង​ផ្ទះសម្បែង​របស់​ពួកគេ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ស្ករអំពៅ ឈូស​ឆាយ​បំផ្លាញ តាំង​ពី​ឆ្នាំ​២០០៦។

ពលរដ្ឋ​ជាង ១០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​សរុប​ចំនួន ១៦២​គ្រួសារ មក​ពី​ភូមិ​ចំនួន​៧ នៅ​ក្នុង​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​បុទុមសាគរ និង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ថ្លែង​ថា ញត្តិ​សុំ​អន្តរាគមន៍​របស់​ពួកគេ​ដែល​ដាក់​ទៅ​កាន់​ស្ថាប័ន​ផ្សេងៗ ត្រូវ​បាន​បង្វែរ​ទៅ​កាន់​ស្ថាប័ន​ផ្សេង ឬ​បដិសេធ​តែម្ដង​ដែល​ជា​ហេតុ​នាំ​ឱ្យ​ក្រុម​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ថា បញ្ហា​របស់​ពួកគេ​នឹង​មិន​មាន​ដំណោះស្រាយ។ លោកស្រី​អះអាង​ថា ក្រុម​ពលរដ្ឋ​តវ៉ា​គឺ​ដើម្បី​ទាមទារ​ដីធ្លី និង​ផ្ទះសម្បែង​ដែល​បាន​ខូចខាត​តែប៉ុណ្ណោះ គឺ​មិនមែន​ធ្វើ​ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​នោះ​ទេ៖ «ដើម្បី​បង្ហាញ​នូវ​ឆន្ទៈ​ដើម្បី​បង្ហាញ​នូវ​ការ​ពិត ព្រះអង្គ​ដងកើ។ ទី​នេះ​គឺ​ជា​កន្លែង​គោរព​សក្ការៈ​បូជា ជាពិសេស​គឺ​ជា​កន្លែង​ដែល​រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ជាពិសេស​មេ​ឃុំ មេ​ប៉ូលិស ប៉េអឹម​ផ្សេងៗ​ដែល​លោក​បាន​តំណែង​ហ្នឹង គឺ​គាត់​បាន​មក​ស្បថ​នៅ​ទី​នេះ​ថា លោក​នឹង​គោរព​ទៅ​តាម​ស្ថាប័ន​ដែល​បាន​អោយ​អនុវត្ត អ៊ីចឹង​ប្រសិនបើ​គាត់​អត់​បាន​អនុវត្ត គាត់​ប្រហែល​ជា​ចាញ់​សម្បថ​នេះ ពីព្រោះ​អី​ពួក​ខ្ញុំ​មិន​មែន​ជា​ក្រុម​ប្រឆាំង​ទេ ពួក​ខ្ញុំ​សូម​ច្រាន​ចោល​រាល់​ទង្វើ ឬ​សកម្មភាព​ណា​ដែល​អោយ​តែ​ប្រជាពលរដ្ឋ​រង​គ្រោះ​ចោទ​ថា ប្រកាន់​បក្ស​នេះ​បក្ស​នោះ គឺ​ពួក​យើង​អត់​ទទួល​យក​ទេ»

អ្នកស្រី ផាវ ញ៉ឺង បន្ថែម​ទៀត​ថា ថ្មីៗ​នេះ​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន បាន​យល់​ព្រម​ទទួល​យក​សំណើ​ពលរដ្ឋ​ដែល​ស្នើ​សុំ​ដី​ទំហំ ២​ហិកតារ ក្នុង​មួយ​គ្រួសារ ផ្លូវ​ក្នុង​ភូមិ​ប្រវែង ៩០០​ម៉ែត្រ ដោយ​ឡែក​តែ​សំណើ​សុំ​សំណង​ជា​ថវិកា​ចំនួន ៥​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ។

​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ របស់​ឧកញ៉ា ហេង ហ៊ុយ អំពាវនាវ​ដល់​ព្រះមហាក្សត្រ ព្រម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ៖ «គេ​ឈូស​ដំណាំ​មួយ​កំណាត់​ក្រោយ​របស់​ខ្ញុំ ឡើង​អស់​រលីង​តែម្ដង រួច​អស់​ដី​មួយ​កំណាត់​ក្រោយ​ហើយ គេ​ដុត​ផ្ទះ​ខ្ញុំ​ចោល ដល់​ពេល​អត់​មាន​ដំណោះស្រាយ អ៊ីចឹង​ហើយ​ពួក​ខ្ញុំ​ដើរ​តវ៉ា ដើរ​ទាមទារ​ដើម្បី​ជីវភាព​ក្រីក្រ។ រាល់​ថ្ងៃ​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ ខ្ញុំ​អត់​មាន​លុយ​មើល ខ្ញុំ​មក​នេះ​ខ្ញុំ​ចង​ការ​លុយ​គេ ហើយ​សូម​សំណូមពរ​ដល់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មេត្តា​មើល​កូនចៅ​ក្រីក្រ​នៅ​តាម​ជនបទ​ផង។ អ្នក​មាន​អំណាច មាន​លុយ​ហ្នឹង​ធ្វើ​បាប​ប្រជាជន​ក្រីក្រ​ណាស់ ហើយ​ចំពោះ​ខ្ញុំ បើ​ខ្ញុំ​អត់​បាត់បង់​ដីធ្លី អត់​បាត់បង់​ផ្ទះសម្បែង​អី​ទាំង​អស់ ខ្ញុំ​អត់​ចាំបាច់​មក​ដើរ​នៅ​ភ្នំពេញ​ទេ។ ខ្ញុំ​នៅ​ផ្ទះ​ខ្ញុំ ខ្ញុំ​ស៊ី​បាយ ស៊ី​អំបិល​ប្រហុក​ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ខ្ញុំ​ដែរ មិន​មែន​ចង់​មក​ដើរ​យំ ដើរ​ស្រែក​អ៊ីចេះ​ទេ។ សូម​មេត្តា​សម្ដេច ហ៊ុន សែន ជួយ​មើល​កូន​ចៅ​មែន​ទែន»

អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន បញ្ជាក់​ថា លោក​នឹង​យក​សំណើ​របស់​ក្រុម​ពលរដ្ឋ​ទៅ​ដាក់​ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ដោះស្រាយ។ ដោយ​ឡែក​ប្រាក់ ៥​ពាន់​ដុល្លារ លោក​ថា ហាក់​មិន​សូវ​មាន​សង្ឃឹម​ថា ក្រុមហ៊ុន​នឹង​ចេញ​សង​នោះ​ឡើយ ដោយសារ​ដី​ដែល​ប៉ះពាល់​គឺ​ជា​ដី​របស់​រដ្ឋ ដែល​បាន​ជួល​ទៅ​អោយ​ក្រុមហ៊ុន​ឯកជន​ទៅ​ហើយ៖ «យើង​រដ្ឋាភិបាល​មាន​លុយ​ឯ​ណា​ទូទាត់ មាន​តែ​ក្រុមហ៊ុន​ហ្នឹង​ហើយ។ ក្រុមហ៊ុន​ម៉េច​ទូទាត់ បើ​ដី​ហ្នឹង​ជា​ដី​របស់​រដ្ឋ។ ដល់​អ៊ីចឹង​ទៅ ដល់​យើង​ទៅ​ឱ្យ​ក្រុមហ៊ុន​ជួយ​ចេញ​សង​ជំនួស​គេ​ម៉េច​ព្រម»

ទោះ​យ៉ាង​ណា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន រូប​នេះ មើល​ឃើញ​ថា បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ កំពុង​ខិត​មក​ជិត​ដល់​ផ្លូវ​ដំណោះស្រាយ​ហើយ។

ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​អះអាង​ថា ពួកគេ​សង្ឃឹម​ថា ប្រមុខ​ដឹកនាំ​នឹង​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។