ពលរដ្ឋមួយគ្រួសាររស់នៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ចោទអតីតមេភូមិកាប៉ូ ថា ឃុបឃិតជាមួយឈ្មួញរំលោភយកដីគាត់។ ពលរដ្ឋថា អតីតមេភូមិរូបនោះបានយកដីគាត់ប្រគល់ឲ្យពលរដ្ឋផ្សេងទៀតកាន់កាប់តាំងពីឆ្នាំ២០១២ និងបានឈូសឆាយផលដំណាំពួកគាត់។ មេភូមិកាប៉ូ ដែលទើបឡើងកាន់តំណែងថ្មី ចាត់ទុកការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន។
ពលរដ្ឋមួយគ្រួសាររស់នៅភូមិកាប៉ូ សង្កាត់អូរស្សី ក្រុងក្រចេះ នៅតែបន្តស្វែងរកការអន្តរាគមន៍ពីស្ថាប័នកំពូលថ្នាក់ជាតិ និងអង្គការសង្គមស៊ីវិលករណី អតីតមេភូមិកាប៉ូ លោក ស្រស់ ផាន់នី បានឃុបឃិតជាមួយឈ្មួញរំលោភដីពួកគាត់ ៥ហិកតារ កាលពីឆ្នាំ២០១២។
ពលរដ្ឋរស់នៅភូមិកាប៉ូ លោកស្រី កែវ អេងស្រ៊ី ចោទប្រកាន់ថា អតីតមេភូមិកាប៉ូ ឈ្មោះ ស្រស់ ផាន់នី រួមទាំងឈ្មួញ ៣នាក់ផ្សេងទៀត ឈ្មោះ សុំ ម៉ុយ អែម ស្រីម៉ុម និងឈ្មោះ វ៉ាន់ អេង បានបំពានដីធ្លីគាត់ ៥ហិកតារឋិតនៅចំណុចខាងជើងបន្ទាយទាហានក្រុងក្រចេះ តាំងពីឆ្នាំ២០១២។ លោកស្រីថា គ្រួសារលោកស្រីមានដី ៥ហិកតារ គ្រប់គ្រងតាំងពីឆ្នាំ១៩៧៩ និងមានលិខិតកាន់កាប់ដីធ្លីកាលពីឆ្នាំ២០០២ ដែលទទួលស្គាល់ដោយអតីតចៅសង្កាត់អូរឫស្សី។
លោកកត់សម្គាល់ថា កាលពីខែកក្កដា ឆ្នាំ២០១៦ អាជ្ញាធរមូលដ្ឋាន រួមទាំងឈ្មួញទាំងនោះបានឈូសឆាយបំផ្លាញដំណាំស្រូវពួកគាត់អស់ ៥ហិកតារ។ លើសពីនេះ លោកស្រីបានដាក់ពាក្យប្ដឹងករណីនេះទៅអាជ្ញាធរសង្កាត់ ក្រុង និងខែត្រច្រើនសាមកហើយ តែពុំមានលទ្ធផលឡើយ៖ «៣ឆ្នាំហើយខ្ញុំយំរហូត ដេកអត់លក់ទេ។ ខ្ញុំប្ដឹងមកគេ គេចេះតែថា ឈប់សិន ចាំដោះស្រាយឲ្យគេចាប់ប្រជុំចេញ ប្រជុំចុះ។ ខ្ញុំមានព្រំរបស់ខ្ញុំមានតាំងពីលិខិតកាន់កាប់ ហេតុអីវានៅរំលោភយករបស់ខ្ញុំ»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងអតីតមេភូមិកាប៉ូ លោក ស្រស់ ផាន់នី ដើម្បីសុំការបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី៨ សីហា។
ឆ្លើយតបការចោទប្រកាន់នេះ មេភូមិកាប៉ូ ដែលទើបឡើងកាន់តំណែងថ្មី លោក ឡាយ ឆេង ចាត់ទុកការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន។ លោកចោទលោកស្រី អេង ស្រ៊ី វិញថា ចេះតែដើរចង្អុលដីគេថា ជាដីរបស់ខ្លួន។ លោកថា ប្លង់កាន់កាប់ដីធ្លីរបស់លោកស្រី អេង ស្រ៊ី ឋិតនៅតំបន់ផ្សេងមិនឋិតនៅលើដីកំពុងមានជម្លោះទេ៖ «ក្រុមមន្ត្រីសុរិយោដីក៏បានចុះមកវាស់រួចហើយ ចេញបង្កាន់ដៃរួចហើយ គាត់មិនចង់ជាប់គុកទេប្អូន ហើយខ្ញុំក៏មិនចង់ជាប់គុកដែរ។ ខ្ញុំមេភូមិខ្ញុំហានចេញឲ្យខ្ញុំអត់ខ្លាចទេ»។
ចៅសង្កាត់អូរឫស្សី លោកស្រី ពុយ ភារុន កត់សម្គាល់ថា ពលរដ្ឋឈ្មោះ សុំ ម៉ុយ បានបង្កបង្កើនផលលើដីមានជម្លោះនោះជាង ៣ទសវត្សរ៍មកហើយ មានន័យថា ដីមានជម្លោះនោះពុំមែនជាកម្មសិទ្ធិរបស់លោកស្រី អេង ស្រ៊ី ទេ។ លោកស្រីថា អាជ្ញាធរឃុំបានធ្វើរបាយការណ៍ករណីនេះទៅអាជ្ញាធរក្រុង និងខែត្រដើម្បីដោះស្រាយបន្តទៀត៖ «តាំងពីរយៈកាល ៣០ ទៅ ៤០ឆ្នាំ តើយាយ ស្រ៊ី ដែលស្ទូងមួយត្រណោតលើដីហ្នឹងអត់? គឺឈ្មោះហ្នឹងធ្វើជាប់រហូតជាងរៀងរាល់ឆ្នាំ។ ឥឡូវម្ខាងទៀតគាត់សុខចិត្តទន់ភ្លន់ដើម្បីចៀសវាងបញ្ហា»។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) លោក ឌិន ខន្នី ដែលបានចុះអង្កេតករណីនេះ រកឃើញថា ដំណោះស្រាយរបស់អាជ្ញាធរមិនផ្អែកលើច្បាប់ភូមិបាលឡើយ បន្ទាប់ពីអាជ្ញាធរបានបណ្ដោយឲ្យភាគីម្ខាងបង្កបង្កើនផលលើដីមានវិវាទនោះ។ លោកបន្តថា បើផ្អែកតាមច្បាប់ភូមិបានបុគ្គលណាកាន់កាប់ដីធ្លីមុនឆ្នាំ២០០១ មានន័យថា បុគ្គលនោះកាន់កាប់ស្របច្បាប់អាចមានសិទ្ធិទទួលបាននូវប័ណ្ណកម្មសិទ្ធិ។ លោករកឃើញថា លោកស្រី អេង ស្រ៊ី បានកាន់កាប់ដីនោះតាំងពីឆ្នាំ១៩៧៩ និងមានលិខិតកាន់កាប់ដីធ្លីពីអាជ្ញាធរឃុំកាលពីឆ្នាំ២០០២ មានន័យថា បុគ្គលនោះមានសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់៖ «កាលណាដីមានជម្លោះ អ៊ីចឹងអាជ្ញាធរមិនគួរអនុញ្ញាតឲ្យបុគ្គលណាធ្វើទេ គាត់គួរតែបញ្ឈប់ភាគីទាំងសងខាងតែម្ដង គឺរង់ចាំដំណោះស្រាយ»។
ច្បាប់ភូមិបាលនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣៨ ឆ្នាំ២០០១ ចែងថា បុគ្គលទាំងឡាយណាដែលបានកាន់កាប់ដីចាប់ពី ៥ឆ្នាំឡើងទៅដោយសុចរិត មានការដឹងឮជាសាធារណៈ គ្មានការប្ដឹងទាស់ កាន់កាប់ដោយមិនអាក់ខាន បុគ្គលនោះអាចក្លាយជាម្ចាស់កម្មសិទ្ធិដោយស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។