ពលរដ្ឋ​នៅ​ក្រចេះ​ព្រមាន​ប្រើ​ហិង្សា​លើ​អ្នក​រំលោភ​​សិទ្ធិ​និង​ដីធ្លី

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​វៀតណាម ប៊ិញភឿក សៃហ្កន (Bin Phoeuk Saigon) ថា​រំលោភ​ឈូស​ឆាយ​ដី​សហគមន៍​ដើម្បី​ពង្រីក​យក​ដី​ដាំ​កៅស៊ូ​និង​ចោទ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ទំនាស់​ក្នុង​ភាព​លំអៀង​ទៅ​លើ​ក្រុមហ៊ុន។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ផ្អៀរ ឃុំ​ថ្មី នៅ​ថ្ងៃ​ច័ន្ទ ទី​២៥ ​ខែ​សីហា ព្រមាន​ថា នឹង​ប្រើ​អំពើ​ហិង្សា​ប្រសិន​​ក្រុមហ៊ុន​មិន​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​រស់​នៅ និង​ដីធ្លី​របស់​អ្នក​ភូមិ។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្មករ​ក្រុមហ៊ុន​មុន​បាន​ដឹក​ជញ្ជូន​កូន​កៅស៊ូ​បំណង​ដាំ​ដុះ​​លើ​ដី​កំពុង​មាន​ទំនាស់​មិន​ទាន់​ដោះស្រាយ​រួច​រាល់​កាល​ពី​សប្ដាហ៍​មុន។

អ្នក​ភូមិ​ឈ្មោះ ឃី យន់ រៀប​រាប់​ថា ប្រជាពលរដ្ឋ​ជិត ២០០​គ្រួសារ មិន​ឯកភាព​តាម​ដំណោះស្រាយ​​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ទេ ហើយ​ទាមទារ​ឲ្យ​ដោះស្រាយ​ផ្ដល់​ដី​ជូន​ប្រជាពលរដ្ឋ​​តាម​ប្រសាសន៍​និង​គោលការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពីព្រោះ​ដី​ទំនាស់​ជា​ដី​ត្រៀម​បម្រុង និង​ជា​ដី​ដែល​អ្នក​អភិរក្ស​ប្រើប្រាស់​អាស្រ័យ​ផល​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​បន្ត​ថា ក្រុមហ៊ុន​ក៏​បាន​​ប្រើប្រាស់​កម្មករ​ប្រើ​ចម្ពាម​កៅស៊ូ​បាញ់​គោ​ក្របី​អ្នក​ភូមិ​មិន​ឲ្យ​ទៅ​ស៊ី​ស្មៅ​លើ​ដី​ទំនាស់​ទៀត​ផង៖ «ឥឡូវ​ត្រៀម​ដាំ​ហើយ យក​កូន​មក​អស់​ហើយ គេ​សង់​ផ្ទះ​នៅ​ត្រង់​ហ្នឹង។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ថា បើ​អ្នក​​ឯង​មាន​សិទ្ធិ​ដាំ ប្រជាពលរដ្ឋ​ក៏​មាន​សិទ្ធិ​ដក​ដែរ ប៉ុន្តែ​យើង​ប្រាប់​គេ​មុន ប៉ុន្តែ​ដំណោះស្រាយ​​មិន​ទាន់​មាន»

ករណី​នេះ អ្នក​ភូមិ​បាន​ដាក់​ពាក្យ​ប្ដឹង​តវ៉ា​ទៅ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ឃុំ ស្រុក ខេត្ត ៥​លើក​ ចាប់​ពី​ដើម​ឆ្នាំ​២០១៤ ប៉ុន្តែ​ដំណោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន​ពីរ​លើក​ត្រូវ​បាន​អ្នក​ភូមិ​ភាគ​ច្រើន​​បដិសេធ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេការ​ក្រុមហ៊ុន ប៊ិញ ភឿក សៃហ្កន លោក កែវ សុវណ្ណ អះអាង​ថា ក្រុមហ៊ុន​មិន​បាន​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ដូច​ការ​ចោទ​នោះ​ឡើយ។ លោក​ថា តំណាង​សហគមន៍​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ និង​តំណាង​ក្រុមហ៊ុន​បាន​ដោះស្រាយ​ឯកភាព​គ្នា​​កាត់​ចេញ​ដី​ប៉ះពាល់​ប្រជាពលរដ្ឋ​រួច​ហើយ កាល​ពី​ខែ​ឧសភា។ លោក​ទទួល​ស្គាល់​ថា កម្មករ​ក្រុមហ៊ុន​​បាន​ប្រើ​ចម្ពាម​កៅស៊ូ​បាញ់​គោ​ក្របី​អ្នក​ភូមិ​មែន ដោយសារ​តែ​គោ​ក្របី​នោះ​ចូល​បំផ្លាញ​ដំណាំ​​ក្រុមហ៊ុន។

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក (Adhoc) ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជិត ២០០​គ្រួសារ​​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប ២៥០​គ្រួសារ​ក្នុង​ភូមិ បាន​ដាក់​ពាក្យ​ប្ដឹង​ជំទាស់​មិន​ទទួល​យក​​ដំណោះស្រាយ​របស់​មន្ត្រី​អាជ្ញាធរ​នោះ​ទេ។

មន្ត្រី​ផ្នែក​អង្កេត​ប្រចាំ​ខេត្ត​ក្រចេះ លោក ហេង ភារៈ ថ្លែង​ថា អាជ្ញាធរ​គួរ​អនុវត្ត​អនុសាសន៍​របស់​ប្រមុខ​​រាជរដ្ឋាភិបាល​គឺ​ផ្តល់​អាទិភាព​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន៖ «ជាក់ស្ដែង​បន្ទាប់​ពី​បាន​ដោះស្រាយ​រួច​ប្រជាពលរដ្ឋ​បាន​ផ្ដិត​មេដៃ​ដាក់​មក​អាដហុក ឲ្យ​ជួយ​​អន្តរាគមន៍​រហូត​ដល់ ១៩៧​គ្រួសារ។ អ៊ីចឹង​ការ​មិន​ទទួល​យក​វា​លើសលប់»

ទាក់ទិន​ទំនាស់​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​នេះ​ដែរ អភិបាលរង​ខេត្ត​ក្រចេះ លោក ហឿ ស៊ីយ៉ែម អះអាង​ថា នៅ​សប្ដាហ៍​ក្រោយ​នេះ​លោក​នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ​ឡើង​វិញ។

​លោក​ថា​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នឹង​ត្រូវ​យក​មក​អនុវត្ត​ក្នុង​ការ​ដោះស្រាយ​​ទំនាស់​នេះ៖ «ក៏​យើង​ជួយ​ប្រជាពលរដ្ឋ​យើង​ដែរ ដើម្បី​ជីវភាព​របស់​គាត់ អា​ហ្នឹង​សំខាន់​ជាក់ស្ដែង។ ល្ងាច​នេះ​​ខ្ញុំ​ហៅ​ចៅហ្វាយ​ស្រុក ចិត្របូរី មក​ជជែក​គ្នា​ដើម្បី​រក​ពេល​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​ជម្រាប​គាត់ តើ​សំណូមពរ​គាត់​យ៉ាង​ម៉េច សំណូមពរ​ក្រុមហ៊ុន​យ៉ាង​ម៉េច ដើម្បី​រក​យ៉ាង​ណា​សម្របសម្រួល​ឲ្យ​បាន​ផលប្រយោជន៍​ទាំង​សង​ខាង»

​ប្រជាពលរដ្ឋ​ភូមិ​ថ្មី​បាន​ធ្វើ​ការ​តវ៉ា​ដោយ​ចាប់​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន ៧​គ្រឿង ខណៈ​ក្រុមហ៊ុន​បញ្ជា​​ឲ្យ​កម្មករ​យក​គ្រឿងចក្រ​ឈូស​ឆាយ​ពង្រីក​ដី​សម្បទាន​ដែល​អ្នកភូមិ​អះអាង​ថា បំពាន​លើ​ដី​​ប្រជាពលរដ្ឋ ប៉ុន្តែ​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​វិញ​បន្ទាប់ពី​អាជ្ញាធរ​បាន​សម្របសម្រួល​ថា​នឹង​ដោះ​ស្រាយ​​បញ្ហា​ជូន​អ្នក​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។