មន្ត្រីសង្គមស៊ីវិល និងអាណាព្យាបាលសិស្សខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភខ្លាចបាត់បង់ដីបរិវេណពហុកីឡាដ្ឋានក្រុមមឿង ធ្លាក់ក្នុងដៃឯកជនដូចទ្រព្យសម្បត្តិរដ្ឋជាច្រើនទៀត មានដូចជា តំបន់ឆ្នេរសមុទ្រ ដីកោះ ដីភ្នំ និងបឹងធម្មជាតិ ជាដើម។
ឆ្លើយតបបញ្ហានេះ អភិបាលខេត្តព្រះសីហនុ ឲ្យដឹងថា ពហុកីឡាដ្ឋានក្រុមមឿង មិនទាន់បាត់បង់ទេ ហើយក៏ត្រៀមអភិវឌ្ឍសម្រាប់ពង្រឹងវិស័យកីឡាកម្ពុជា នាមូលដ្ឋានទេសចរណ៍មួយនេះឲ្យរីកចម្រើន។
ក្តីព្រួយបារម្ភខ្លាចបាត់បង់ដីបរិវេណពហុកីឡាដ្ឋានក្រុមមឿងរបស់ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងអាណាព្យាបាលសិស្សបែបនេះ កើតមានក្រោយពេលបានចុះពិនិត្យផ្ទាល់ដល់ទីតាំងពហុកីឡាដ្ឋាននេះ មានទីតាំងនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ឃើញមានដើមឈើ និងស្មៅដុះស៊ុបទ្រុប ហើយមិនមានការអភិវឌ្ឍនាដើមសប្ដាហ៍នេះ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម បង្ហាញកង្វល់ខ្លាចបាត់បង់ដីបរិវេណពហុកីឡាដ្ឋានក្រុមមឿង ទៅដល់ដៃឯកជន ដូចទ្រព្យសម្បត្តិរដ្ឋដទៃទៀតដែលអាជ្ញាធរពាក់ព័ន្ធមួយចំនួននាមូលដ្ឋាននេះ ឃុបឃិតគ្នាកាលពីអាណត្តិកន្លងមក។ មន្ត្រីសង្គមស៊ីវិលរូបនេះ បានស្នើដល់អភិបាលខេត្តព្រះសីហនុ ជួយបំភ្លឺលើកង្វល់ខ្លាចបាត់បង់ដីបរិវេណពហុកីឡាដ្ឋានក្រុមមឿង ដើម្បីឲ្យប្រជាពលរដ្ឋ ពិសេសក្រុមយុវជនស្ងប់អារម្មណ៍៖ «អំពាវនាវដល់អាជ្ញាធរខេត្តព្រះសីហនុ ដែលទើបមកកាន់តំណែងថ្មីៗ សូមមានវិធានការឲ្យក្តៅគគុក និងត្រូវស្រាវជ្រាវឡើងវិញថា តើដីបរិវេណពហុកីឡាដ្ឋានក្រុមមឿងនេះ នៅតែជាកម្មសិទ្ធិរបស់រដ្ឋគ្រប់គ្រងដដែល ឬក៏ក្លាយទៅជាកម្មសិទ្ធិឯកជន ប៉ុន្តែបើក្លាយទៅជាកម្មសិទ្ធិឯកជន តើមានមូលដ្ឋានហេតុបានជាធ្លាក់ដល់ដៃឯកជនគ្រប់គ្រងវិញ? អាជ្ញាធរត្រូវតែរឹបយកទ្រព្យសម្បត្តិរដ្ឋពីឯកជនកាន់កាប់ខុសច្បាប់ មករដ្ឋគ្រប់គ្រងវិញ»។
បន្ថែមលើនេះ លោក សុខ សុខុម បានរិះគន់ថា មិនគួរអាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ មិនមានពហុកីឡាដ្ឋានសម្រាប់ផ្តល់ជូនយុវជន ឬរៀបចំកម្មវិធីប្រកួតកីឡាផ្សេងៗរបស់ជាតិទេ ហើយងាកទៅជួលទីលានឯកជនជំនួសវិញ។
យ៉ាងណាក៏ដោយ មន្ត្រីសង្គមស៊ីវិលរូបនេះមានមន្ទិល និងខ្លាចដីបរិវេណពហុកីឡាដ្ឋានក្រុមមឿង ត្រូវអាជ្ញាធរខេត្តព្រះសីហនុ ឃុបឃិត ឬលួចលក់ទៅឲ្យក្រុមហ៊ុន ដូចឆ្នេរសមុទ្រ ដីភ្នំ កោះ និងបឹងអូរធម្មជាតិ ដូចថ្នាក់ដឹកនាំខេត្តនេះធ្លាប់អនុវត្តនាពេលកន្លងមក៖ «សំណូមពររបស់ប្រជាពលរដ្ឋទាំងអស់នៅខេត្តព្រះសីហនុ សូមឲ្យដកដីតំបន់ឆ្នេរឯករាជ្យ ដីមាត់បឹងព្រែកទប់ ឬដីបរិវេណជុំវិញពហុកីឡាដ្ឋានក្រុមមឿង មកដាក់ជាសម្បត្តិរដ្ឋវិញ និងទប់ស្កាត់កុំឲ្យមានសកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋបន្តទៀត»។
ស្រដៀងគ្នាដែរ លោក ប៊ួន ណារិទ្ធិ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ ក៏ព្រួយបារម្ភខ្លាចបាត់បង់ដីបរិវេណពហុកីឡាដ្ឋានក្រុមមឿង មានទីតាំងនៅជាប់ឆ្នេរឯករាជ្យ ឬឆ្នេរសណ្ឋាគារ ៧ជាន់នេះដែរ។ លោកស្នើដល់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលទើបមកបន្តដឹកនាំខេត្តទេសចរណ៍មួយនេះ ឲ្យជួយថែរក្សាទ្រព្យសម្បត្តិរដ្ឋដែលនៅសេសសល់ មានដីពហុកីឡាដ្ឋានក្រុមមឿង ដីមាត់បឹងព្រែកទប់ និងដីឆ្នេរសមុទ្រ ដែលឯកជនហ៊ុមព័ទ្ធរបងថ្មទុកចោល៖ «ខ្ញុំគិតថា ខេត្តព្រះសីហនុ គឺជាខេត្តទេសចរណ៍គួរតែអាជ្ញាធរត្រូវអភិវឌ្ឍពហុកីឡាដ្ឋានក្រុមមឿង នេះឲ្យបានល្អ សម្រាប់ផ្តល់ជូនយុវជន ឬផ្នែកពាក់ព័ន្ធនានាចូលលេងកីឡា និងប្រកួតកីឡាផ្សេងៗឲ្យបានទូលំទូលាយ។ យើងឃើញថា យុវជនខេត្តព្រះសីហនុ សព្វថ្ងៃនេះខ្វះទីលានដើម្បីទាត់បាល់ ឬហាត់កីឡាផ្សេងៗ និងបានទៅជួលតារាងឯកជន ហើយត្រូវចំណាយលុយច្រើនដើម្បីហ្វឹកហាត់។ ដូច្នេះ ស្នើដល់អភិបាលខេត្តព្រះសីហនុ ថ្មី ឯកឧត្តម យន្ត មីន ត្រូវជួយអភិវឌ្ឍកីឡាដ្ឋានក្រុមមឿង ឲ្យបានល្អឡើងវិញ ដើម្បីផ្តល់ជូនក្រុមយុវជនពង្រីកវិស័យកីឡាកម្ពុជា នាថ្ងៃអនាគត»។
បន្ថែមលើនេះ លោក ប៊ួន ណារិទ្ធិ ក៏បានសំណូមពរដល់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន គួរផ្តល់ពេលវេលាឲ្យមន្ត្រីសង្គមស៊ីវិល បានចូលជួបពិភាក្សាទៅលើទំនាស់ដីធ្លី ឬកង្វល់បាត់បង់ដីបរិវេណពហុកីឡាដ្ឋានក្រុមមឿង ព្រមទាំងបញ្ហារំលោភទ្រព្យសម្បត្តិរដ្ឋដទៃទៀតឲ្យបានទូលំទូលាយ៖ «អ្វីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋនាមូលដ្ឋានខេត្តព្រះសីហនុ ដែលនៅសេសសល់នេះ គួរតែអាជ្ញាធរមានការអភិវឌ្ឍសម្រាប់ជួយដល់ក្រុមយុវជន ជាពិសេសលោករដ្ឋមន្ត្រីក្រសួងអប់រំ គួរតែពិនិត្យមើលបរិវេណដីនៅជុំវិញកីឡាដ្ឋានក្រុមមឿង។ សព្វថ្ងៃនេះ ហេតុអ្វីបានជាទុកចោលគ្មានការអភិវឌ្ឍ? ហេតុអ្វីបានជាមានធ្វើរបងខ្វាត់ខ្វែងហ៊ុមព័ទ្ធជុំវិញ និងពុះច្រៀកជាឡូៗ ឬប្លង់ៗ? ខ្ញុំមានចម្ងល់ថា ហេតុអ្វីបានជាដីកីឡាដ្ឋានក្រុមមឿង ឈានដល់កម្រិតនេះទេ? ហើយបើប្រៀបធៀបពីពេលមុន គឺពេលនេះឃើញមានដើមឈើ ស្មៅដុះជុំជិតស្ទើរក្លាយទៅជាព្រៃវាលរហោឋានបាត់ទៅហើយ»។
ផ្ដើមពីកង្វល់នេះ សិស្សានុសិស្សរៀននៅតាមវិទ្យាល័យមួយចំនួននាខេត្តព្រះសីហនុ បានរអ៊ូរទាំថា សព្វថ្ងៃនេះពួកគេមិនមានពហុកីឡាដ្ឋាន ឬទីលានលេងកីឡាផ្សេងៗឲ្យបានទូលំទូលាយទេ ព្រោះខេត្តនេះគ្មានទីលានហ្វឹកហាត់ឡើយ។
ក្រុមយុវជនបានអះអាងថា បច្ចុប្បន្ននេះ ពហុកីឡាដ្ឋានមានឈ្មោះក្រុមមឿង ក្រុងព្រះសីហនុ មិនមានការអភិវឌ្ឍ និងមានដើមឈើ ឬស្មៅដុះស៊ុបទ្រុប ព្រមទាំងឃើញមានហ៊ុមព័ទ្ធរបងថ្មជុំវិញបរិវេណពហុកីឡាដ្ឋាននេះថែមទៀត។
ដូចគ្នានឹងមន្ត្រីសង្គមស៊ីវិល និងមន្ត្រីរាជការដទៃទៀតដែរ យុវជនខេត្តព្រះសីហនុ ក៏បង្ហាញការព្រួយបារម្ភខ្លាចបាត់បង់ដីបរិវេណពហុកីឡាដ្ឋានក្រុមមឿង ទៅឲ្យឈ្មួញ ឬឯកជនដូចតំបន់ឆ្នេរសមុទ្រ ដីកោះ ដីភ្នំ និងបឹងធម្មជាតិ ដោយការឃុបឃិតណាមួយពីអាជ្ញាធរមូលដ្ឋាននេះ ដូចថ្នាក់ដឹកនាំខេត្ត និងមន្ទីរមួយចំនួននាមូលដ្ឋាននេះធ្លាប់ប្រព្រឹត្តកន្លងមក។
ផ្ដើមពីបញ្ហានេះ ក្រុមយុវជនខេត្តព្រះសីហនុ ឲ្យដឹងថា សព្វថ្ងៃនេះរាល់ការលេង ឬហាត់កីឡាគ្រប់ប្រភេទ គឺពួកគេបានរៃលុយគ្នាសម្រាប់ចំណាយថ្លៃជួលតារាង ឬទីតាំងឯកជនដើម្បីប្រកួត ឬលេងកីឡាផ្សេងៗ មានដូចជា បាល់ទាត់ បាល់ទះ និងបាល់បោះជាដើម ដោយសារពហុកីឡាដ្ឋានរដ្ឋ ឬពហុកីឡាដ្ឋានក្រុមមឿង គ្មានការអភិវឌ្ឍ។
ចំណែកអាណាព្យាបាលមួយចំនួន ក៏ព្រួយបារម្ភខ្លាចបាត់បង់ដីបរិវេណពហុកីឡាដ្ឋានក្រុមមឿង ជាទ្រព្យសម្បត្តិរដ្ឋនាក្រុងព្រះសីហនុ ធ្លាក់ដល់ដៃឯកជនគ្រប់គ្រង ដូចក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភដែរ។ ត្រង់ចំណុចនេះ អាណាព្យាបាលសិស្ស បានសំណូមពរឲ្យអភិបាលខេត្តព្រះសីហនុ អាណត្តិថ្មី លោក យន្ត មីន ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយការពារដីបរិវេណពហុកីឡាដ្ឋានក្រុមមឿង ឲ្យបានគង់វង្ស និងមានការអភិវឌ្ឍ៖ «តាមការសង្កេតជាក់ស្តែង អ្នកដែលកាន់កាប់ដីឯកជនសាធារណៈរបស់រដ្ឋនាខេត្តព្រះសីហនុ ភាគច្រើនសុទ្ធតែជាអ្នកមានលុយមានអំណាច និងមានខ្នងបង្អែកនៅពីក្រោយមានតួនាទីក្រាក់ៗ។ ករណីនេះ ខ្ញុំសូមស្នើដល់ប្រមុខរាជរដ្ឋាភិបាល មានសម្ដេចតេជោសែន សូមសម្ដេចជួយគិតគូរឡើងវិញ និងរកមធ្យោបាយដើម្បីដកដីជាកម្មសិទ្ធិរបស់រដ្ឋពីឈ្មួញ ឬឯកជនខិលខូចមួយចំនួន ដែលបានរំលោភបំពានយកនាពេលកន្លងមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ»។
ឆ្លើយតបបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រាប់វិទ្យុអាស៊ីសេរី ថា ដីបរិវេណពហុកីឡាដ្ឋានក្រុមមឿង មិនទាន់បាត់បង់ទៅដល់ដៃឈ្មួញ ឬឯកជនទេ។ លោកបន្តថា នឹងពិនិត្យសើរើដីពហុកីឡាដ្ឋាននេះឡើងវិញ និងឈានទៅអភិវឌ្ឍឲ្យស្របតាមសំណូមពរយុវជន៖ «ចាប់តាំងពីខ្ញុំមកកាន់ជាអភិបាលខេត្តព្រះសីហនុ ប៉ុន្មានខែមកនេះ ខ្ញុំមិនបានដឹងឮថា ដីបរិវេណកីឡាដ្ឋានក្រុមមឿង ស្ថិតក្នុងសង្កាត់លេខ៣ មានគេដោះដូរទៅកាន់ទីតាំងផ្សេង ឬក្លាយជាកម្មសិទ្ធិឯកជននោះទេ។ ដូច្នេះ ដីកីឡាដ្ឋាននេះនៅរក្សាជាដីទ្រព្យសម្បត្តិរដ្ឋដដែល មិនទាន់អីទេ»។
យ៉ាងណាក៏ដោយចុះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្ដេជ្ញាថា ក្នុងអាណត្តិដឹកនាំរបស់លោក លោកនឹងមិនអនុញ្ញាតឲ្យមានសកម្មភាពទន្ទ្រានរំលោភទ្រព្យសម្បត្តិរដ្ឋ ដើម្បីបម្រើមហិច្ឆតាបុគ្គល ដោយការឃុបឃិតរវាងមន្ត្រីនៅតាមមន្ទីរ ឬស្ថាប័នពាក់ព័ន្ធណាមួយនាមូលដ្ឋានខេត្តនេះកើតឡើងទៀតទេ។
ទន្ទឹមគ្នានេះ លោក យន្ត មីន បានស្នើដល់មន្ត្រីសង្គមស៊ីវិល ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ទុកពេលវេលាសម្រាប់រូបលោក រួមគ្នាដោះស្រាយបញ្ហាអសកម្មទាំងឡាយជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធ ចុះអនុវត្តការងារជាអាទិភាព ដែលកើតមានក្នុងមូលដ្ឋាននេះទៅតាមដំណាក់កាលៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។