ពលរដ្ឋ​ខេត្ត​កោះកុង​សុំ​អន្តរាគមន៍​ពី​ប្រធាន​សភា​ជួយ​ដោះស្រាយ​ជម្លោះ​ដី

ពលរដ្ឋ​ជាង​១០នាក់​តំណាង​អោយ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ជាង ១០០គ្រួសារ នៅ​ស្រុក​បុទុមសាគរ និង​ស្រុក​គិរីសាគរ ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី ១០ តុលា នាំ​គ្នា​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍ ពី​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ឲ្យ​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​ចិន យូញៀន ឌីវិឡូបមេន គ្រុប (Union Development Group Co.Ltd)។

ពលរដ្ឋ​បាន​អះអាង​ថា​ក្រុមហ៊ុន បាន​រំលោភ​ដី​ស្រែ​ចម្ការ​ពួកគាត់​កំពុង​ដាំដុះ ហើយ​ពួកគាត់​សុំ​អោយឆ្វៀល​ផ្ទៃ​ដី​ជិត ២ពាន់​ហិកតារ (១.៩៨៩) ចេញ​ពី​គម្រោង​របស់​ក្រុមហ៊ុន​។

លោក សុខ សាន តំណាង​ពលរដ្ឋ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី១​រដ្ឋសភា ​បានទទួលញត្តិ​របស់​លោក ហើយ​លោក​សន្យា​ថា លោក​និង​ក្រុម​ការងារ​នឹង​ចុះ​ទៅ​សិក្សា​ដល់​ដី​កំពុង​មាន​ជម្លោះ​នោះ​ក្នុង​ពេល​ខាង​មុខ។

សំឡេង

លោក អ៊ិន គង់ជិត អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្តកោះកុង​ស្នើ​អោយ​សភា​គួរ​កោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ឬ​នាយករដ្ឋមន្ត្រី ដើម្បី​ឆ្លើយ​បំភ្លឺ ព្រោះ​នេះ​ជា​គម្រោង​ធំ បាន​ជម្លៀស​​ប្រជាជន​ជា​ច្រើន​គ្រួសារ ដែល​មិន​គួរគ្រាន់​តែ​ចុះ​ទៅ​សិក្សា​ដល់​មូលដ្ឋានឡើយ។

ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ទាំង​នោះ​មក​ពី​៥ ភូមិ គឺ​ភូមិ​ជ័យសែន និង​ភូមិ​សំរុង​តាកែវ ឃុំ​ព្រែកខ្សាច់ នៃ​ស្រុក​គិរីសាគរ និង​ភូមិ​ចម្លងគោ នៃ​ឃុំ​ថ្មស និង​ភូមិ​តានូន ភូមិ​បាក់រនាស់ នៃ​ឃុំ​តានូន ស្រុក​បុទុមសាគរ ខេត្ត​កោះកុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។