សកម្មជនដីធ្លី និងធនធានធម្មជាតិប្រចាំស្រុកក្រគរ លោក គុជ វេង នៅតែបញ្ជាក់ពីភាពស្អាតស្អំរបស់លោកថា មិនបានប្រព្រឹត្តដូចបទចោទនោះទេ ហើយលោកនៅតែរក្សាភាពសកម្មនិយមរបស់លោកក្នុងការការពារដីធ្លី និងធនធានធម្មជាតិ ពីការរំលោភយក និងបំផ្លិចបំផ្លាញរបស់អ្នកមានលុយ និងមានអំណាច។
សកម្មជនដីធ្លី និងធនធានធម្មជាតិ ប្រចាំស្រុកក្រគរ លោក គុជ វេង ត្រូវបានតុលាការចេញដីកាដោះលែងឲ្យមានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីអនុវត្តទោសនៅក្នុងពន្ធនាគាររយៈពេល ៣ខែ ១៥ថ្ងៃ នៃរយៈពេលជាប់ទោសសរុប ១ឆ្នាំ ពីបទឆបោកប្រាក់ អ្នកស្រី អ៊ុំ ធារី ចំនួន ៥ពាន់ដុល្លារ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅ។
ស្ថិតក្នុងសភាពស្លេកស្លាំង និងនិយាយខ្លាំងមិនបាន លោក គុជ វេង មានប្រសាសន៍ថា លោកមិនខ្លាចនឹងទទួលទោសឡើយ ប្រសិនបើលោកបានប្រព្រឹត្តដូចការចោទប្រកាន់ ក៏ប៉ុន្តែ នេះគឺជារឿងគុំគួនក្នុងរឿងដីធ្លីកាលពីពេលកន្លងទៅ៖ «ឃុំខ្លួនមនុស្សអីចឹង អត់មានកំហុសអត់មានភស្តុតាងគ្រប់គ្រាន់ ខ្ញុំគិតថាវាអត់មានសន្តិភាពនៅក្នុងសង្គមទេ ហើយវាពាក់ព័ន្ធមួយទៀត រឿងដីធ្លី។ អារឿងដីប្រជាពលរដ្ឋដែលរដ្ឋាភិបាលចេញប្លង់ឲ្យហ្នឹង មិនព្រមឲ្យដីហ្នឹងទៅតាមប្លង់ទេ»។
លោកបញ្ជាក់ថា រយៈពេលជាង ៣ខែ នៅក្នុងពន្ធនាគារ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យចំនួន ៤លើករួចមកហើយ ដោយសារតែជំងឺក្រួសក្នុងប្រមាត់ ធ្លាក់លំពែង និងជំងឺរលាកក្រពះ ពោះវៀន មានសភាពដុនដាបខ្លាំង។
តំណាងសហគមន៍មកពីឃុំឈើតុំ ស្រុកក្រគរ លោក ម៉េង ប៊ុនរឿន មានប្រសាសន៍ថា លោកមានទឹកចិត្តសប្បាយរីករាយនៅពេលដែលបានឃើញ លោក គុជ វេង ចេញពីពន្ធនាគារ បើទោះបីជាលោកមិនទាន់ទទួលបានយុត្តិធម៌ ក៏ប៉ុន្តែលោកមានឱកាសដើម្បីបំពេញការងាររួមគ្នាបន្តទៀត៖ «ខ្ញុំឃើញការងារកន្លងមករបស់គាត់ហ្នឹង គឺគាត់មានតែគំនិតជួយប្រជាពលរដ្ឋដែលស្លូតត្រង់ ហើយមានគំនិតជួយដល់ទឹកដីប្រទេសជាតិ ធនធានធម្មជាតិ អត់ដែលឃើញគាត់ធ្វើអាក្រក់អ្វីសោះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងអយ្យការនៃសាលាដំបូងខេត្តពោធិ៍សាត់ លោក ប៉ង់ ចាន់សុយុទ្ធារា ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅល្ងាចថ្ងៃទី៤ កញ្ញា។
ទោះជាយ៉ាងណា ដើមបណ្ដឹងក្នុងសំណុំរឿងឆបោកនេះ គឺអ្នកស្រី អ៊ុំ ធារី បានបញ្ជាក់ថា អ្នកស្រីពុំមានគម្រោងប្ដឹងឧទ្ធរណ៍អ្វីទៀតនោះទេ គឺគ្រាន់តែចង់ឲ្យ លោក គុជ វេង បង់ប្រាក់ជូនអ្នកស្រីចំនួន ៤.៥០០ដុល្លារ តាមកំណត់ច្បាប់៖ «លែងគាត់ហ្នឹងក៏លែងទៅ តែឲ្យសងលុយខ្ញុំតែមិនទទួលស្គាល់ថាសងលុយខ្ញុំទេ ខ្ញុំប្ដឹងទៀត»។
មេធាវីការពារក្ដីឲ្យចុងចោទ លោក ចាន់ សុជាតិ មានប្រសាសន៍ថា ការប្ដឹងផ្ដល់គ្នាទៅសាលាឧទ្ធរណ៍បន្តទៀត ឬយ៉ាងណានោះ គឺជារឿងមួយ ក៏ប៉ុន្តែរឿងសំខាន់ កូនក្ដីរបស់លោកត្រូវតែរួចខ្លួនពីពន្ធនាគារ ខណៈដែលស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ៖ «ខ្ញុំគិតថា វាជារឿងមួយដែលល្អហើយដែលមានការដោះលែងហ្នឹង ព្រោះយើងគិតថា អ្វីដែលគាត់ធ្វើ វាបម្រើឲ្យផលប្រយោជន៍សង្គមតែបណ្ដឹង»។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការទាក់ទងផ្នែកសិទ្ធិមនុស្ស និងធនធានធម្មជាតិនៅកម្ពុជា បានបញ្ជាក់ថា មន្ត្រីសិទ្ធិមនុស្ស ឬសកម្មជនដីធ្លី និងធនធានធម្មជាតិ ដែលមានសកម្មភាពក្នុងកិច្ចការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ តែងតែទទួលរងនូវបទចោទផ្សេងៗពីសំណាក់អ្នកមានលុយ និងមានអំណាច ដើម្បីបន្ទច់បង្អាក់សកម្មភាពរបស់សកម្មជនទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។