អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​រង​ការ​ចោទ​ថា​នៅ​ពី​ក្រោយ​ការ​រំលោភ​ដី​រដ្ឋ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​គ្រោង​នឹង​តែងតាំង​មក​ដឹកនាំ​ស្ថាប័ន​នេះ ជួយ​ទប់ស្កាត់​សកម្មភាព​ឃុបឃិត​រំលោភ​យក​ដី​បឹង អូរ​ធម្មជាតិ ការ​ជីក​កកាយ​ដី​ភ្នំ​ដឹក​ចាក់​លុប​យក​ដី​ព្រៃ​កោងកាង ឬ​ព្រៃ​លិច​ទឹក ក្រោម​រូបភាព​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ផ្ដល់​ប្លង់​កម្មសិទ្ធិ​ទៅ​ឲ្យ​បុគ្គល និង​ឈ្មួញ​ធ្វើ​កម្មសិទ្ធិ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បង្ហាញ​កង្វល់​ចំពោះ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ មាន​ដី​ចំណី​ឆ្នេរ​សមុទ្រ ដី​ភ្នំ កោះ ដី​ព្រៃ​លិច​ទឹក និង​ដី​បឹង​អូរ​ធម្មជាតិ​ជាដើម ផ្ដើម​ដោយ​មន្ត្រី​បម្រើ​ការងារ​នៅ​តាម​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ នៅ​ពេល​កន្លង​មក​ទៅ​នាំ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ធ្ងន់ធ្ងរ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ដែល​គេ​គ្រោង​នឹង​​តែងតាំង​ថ្មី គួរ​ពិនិត្យ​មើល​សកម្មភាព​របស់​មន្ត្រី​មួយ​ចំនួន​កំពុង​បម្រើ​ការងារ​នៅ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ដែល​ឈាន​ដល់​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ហាមឃាត់។

លោក ប៊ួន ណារិទ្ធិ៖ «ការ​ធ្វើ​ប្លង់​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​នា​ខេត្ត​ព្រះសីហនុ កន្លង​មក គឺ​ភាគ​ច្រើន​ចេញ​ពី​ប្រភព​មន្ត្រី​សុរិយោដី​ខេត្ត​នេះ​តែម្ដង។ បើសិនជា​មន្ត្រី​ស្ថាប័ន​នេះ មិន​ឃុបឃិត​ចេញ​ប្លង់​ទេ គឺ​គ្មាន​នរណា​មួយ​អាច​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​យក​ទៅ​ធ្វើ​កម្មសិទ្ធិ​បាន​ទេ។ ដូច្នេះ មាន​មន្ត្រី​ពាក់ព័ន្ធ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ជា​អ្នក​ចូល​រួម​ចំណែក​ក្នុង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា។ រី​ឯ​អ្នក​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​ដី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង ជម្រក​ត្រី​បន្ត​ពូជ​វិញ គឺ​ខ្ញុំ​គិត​ថា បុគ្គល​ទាំង​អស់​នោះ​គឺ​ជា​អ្នក​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ខ្មែរ និង​ជា​អ្នក​បំផ្លាញ​វិស័យ​ទេសចរណ៍​របស់​ខេត្ត​ព្រះសីហនុ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ក៏​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ធនធាន​ធម្មជាតិ​មាន​ដី​ភ្នំ ដី​ឆ្នេរ ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង ជម្រក​ត្រី​បន្ត​ពូជ និង​បឹង​អូរ​ធម្មជាតិ​ជាដើម ត្រូវ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ មាន​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី ជាដើម ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​ដោយ​គ្មាន​ការ​ទប់ស្កាត់។ អ្នកស្រី​បន្ត​ថា ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា ដី​ឆ្នេរ ទន្លេ សមុទ្រ កោះ ដី​ភ្នំ បឹង​អូរ​ធម្មជាតិ និង​ព្រៃ​ភ្នំ​ជាដើម គឺ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ការពារ​ឲ្យ​បាន​គង់។

អ្នកស្រី ជៀប សុធារី បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទើប​តែងតាំង​ថ្មី ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពិនិត្យ​ទៅ​លើ​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​លើ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ ជាង​នេះ​ទៀត ក៏​ត្រូវ​ផ្ដន្ទាទោស អ្នក​រួម​គំនិត​ឃុបឃិត បំផ្លាញ​ធនធាន​ធម្មជាតិ ឬ​បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋ​យក​ទៅ​ផ្ដន្ទាទោស និង​ដក​តួនាទី​ជាដើម ដើម្បី​ជា​ការ​ព្រមាន។

ចំណែក​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវតែ​ផ្ដន្ទាទោស​មន្ត្រី​ណា​ដែល​យក​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ទៅ​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​នោះ៖ «ហេតុអ្វី​បាន​ជា​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​គោរព​ច្បាប់​ហើយ​ចេះតែ​បណ្ដោយ​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ ជា​ពិសេស​មន្ត្រី​ស្ថាប័ន​ជំនាញ​សុរិយោដី​ខេត្ត​ព្រះសីហនុ តែម្ដង គឺ​កន្លង​មក​ធ្លាប់​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​លើ​ដី​ភ្នំ ដី​ចំណី​ឆ្នេរសមុទ្រ​ជូន​បុគ្គល​ឯកជន​ជាដើម គឺ​បញ្ជាក់​ឲ្យ​ឃើញ​ថា កំពុងតែ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​រំលោភ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា»

នាយ​ខណ្ឌ​ជលផល ខេត្ត​ព្រះសីហនុ លោក នេន ចំរើន ថ្លែង​ថា នៅ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​ប៉ុន្មាន​ឆ្នាំ​មក​នេះ គឺ​លោក​ប្រឆាំង​ដាច់​ខាត​រាល់​សកម្មភាព​ទន្ទ្រាន​ចាក់​ដី​រំលោភ​យក​បឹង​អូរ​ធម្មជាតិ ឬ​កាន់កាប់​ដី​ព្រៃ​លិច​ទឹក ដី​ព្រៃ​កោងកាង​ជាដើម។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ទីតាំង​ទាំង​នេះ ត្រូវ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឯកជន ឬ​ឈ្មួញ​ដោយ​ស្រប​ច្បាប់។ ជាង​នេះ​ទៀត ព្រៃ​លិច​ទឹក ឬ​បឹង​អូរ​ធម្មជាតិ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ ក៏​ត្រូវ​គេ​ចាក់​ដី​លុប​ព្រៃ​កោងកាង និង​បឹង​អូរ​ធម្មជាតិ រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ស្ទើរ​ទាំង​ស្រុង​អស់​ទៅ​ហើយ​មាន​ដូចជា ព្រៃ​កោងកាង​នៅ​ជាប់​ឆ្នេរ​អូរត្រេះ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ។ ព្រៃ​កោងកាង ដែល​ដុះ​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប និង​បឹង​ត្រាវ​ជាដើម គឺ​ត្រូវ​គេ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន ស្ទើរ​ទាំង​ស្រុង​អស់​ទៅ​ហើយ ហើយ​សមត្ថកិច្ច​ស្ថាប័ន​ជលផល​ខេត្ត ក៏​គ្មាន​សិទ្ធិ​លូកដៃ​ក្នុង​រឿង​នេះ​ដែរ។

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ដក​ដង្ហើម​ធំ​ដោយ​បញ្ជាក់​ខ្លី​ថា មិន​ដឹង​ជា​រូប​លោក​ត្រូវ​ដោះស្រាយ​បែប​ណា​ទេ ព្រោះ​បើ​ហារ​ទៅ​វា​ស្លាក់ ហើយ​បើ​ខ្ជាក់​ទៅ​វា​ស្លែង​ចំពោះ​រាល់​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​ចាក់​ដី​លុប​បឹង អូរ​ធម្មជាតិ និង​ព្រៃ​កោងកាង ឬ​ព្រៃ​លិច​ទឹក​ដែល​កំពុង​កើត​មាន​នៅ​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ព្រោះ​ឈ្មួញ ឬ​បុគ្គល​ឯកជន​ទាំង​នោះ ពួកគេ​បាន​បង្ហាញ ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់ ចេញ​ដោយ​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ អាណត្តិ​មុនៗ នៅ​លើ​ទីតាំង​ដី​សាធារណៈ​របស់​រដ្ឋ​ទាំង​នោះ។

​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​ព្រះសីហនុ សំដែង​ការ​សោកស្ដាយ​ដែល​អភិបាល​ខែត្រ មិន​ហ៊ាន​ចាត់ការ ឬ​ទប់ស្កាត់​សកម្មភាព​រំលោភ​យក​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​បែប​នេះ។ ពួកគេ​ព្រួយ​បារម្ភ​ថា បើសិនជា​សកម្មភាព​នេះ​នៅ​តែ​បន្ត ហើយ​មន្ត្រី​ល្មើស​ច្បាប់​មិន​ទទួល​ទោសទណ្ឌ​នោះ ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នៅ​ក្នុង​ខែត្រ​នេះ​នឹង​ត្រូវ​រលាយ​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។