អ្នកភូមិបឹងកក់ បុរីកីឡា និងអ្នកភូមិសហគមន៍ផ្សេងទៀត ដែលរងគ្រោះដោយសារទំនាស់ដីធ្លីជាង ៥០នាក់ ប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ (HLH) ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ម្ដុំស្តុបផ្សារដីហុយ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ សីហា។ ពួកគេទទូចឲ្យក្រុមហ៊ុនសិង្ហបុរីមួយនេះ បញ្ឈប់ការទិញដីជម្លោះពីក្រុមហ៊ុនស៊ូកាគូ (Shukaku) របស់លោក ឡៅ ម៉េងឃីន ដោយបញ្ជាក់ថា ក្រុមហ៊ុនស៊ូកាគូ មិនអាចមានសិទ្ធិយកដីនៅតំបន់បឹងកក់ លក់ទៅឲ្យបុគ្គលណា ឬក្រុមហ៊ុនណាមួយបានឡើយ។
តំណាងក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ ព្រមទទួលយកញត្តិស្នើសុំរបស់អ្នកបឹងកក់ ទៅពិចារណាជុំវិញការទិញដីវិនិយោគពីក្រុមហ៊ុនស៊ូកាគូ។
អ្នកភូមិបឹងកក់ បុរីកីឡា និងអ្នកភូមិសហគមន៍ផ្សេងទៀតជាង ៥០នាក់ ឈរតវ៉ានិងស្រែកទាមទារនៅមុខក្រុមហ៊ុនទាំងព្រឹក រហូតធ្វើឲ្យអ្នកដំណើរដែលឆ្លងកាត់ឆ្ងល់គ្រប់ៗគ្នា រហូតមានអ្នកខ្លះឈប់ម៉ូតូអែបចូលសួរទៀតផង។ យ៉ាងណាខាងក្រុមហ៊ុនហាក់ដឹងខ្លួនមុន ដោយបិទទ្វារ និងជួលប៉ូលិសនិងសន្តិសុខមកជួយការពារសុវត្ថិភាពថែមទៀត។
បែបនេះក្តី ក្រុមអ្នកតវ៉ាបានស្រែកឌឺដងនៅខាងមុខក្រុមហ៊ុន ចំពោះការសម្រេចចិត្តខុសទៅទិញដីដែលកំពុងមានជម្លោះ និងត្រូវលោក ឡៅ ម៉េងឃីន ជាប្រធានក្រុមហ៊ុនស៊ូកាគូ និងជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បោកប្រាស់យកដីរដ្ឋទៅលក់ឲ្យដោយខុសច្បាប់៖ «លោក ឡៅ ម៉េងឃីន កំពុងតែបោកប្រាស់គាត់ (ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ) ហើយព្រោះលោក ឡៅ ម៉េងឃីន គ្មានដីមួយដុំនៅតំបន់បឹងកក់ទេ។ ទី២ គាត់ជាក្រុមហ៊ុនជួលដីពីរដ្ឋាភិបាល ៩៩ឆ្នាំអភិវឌ្ឍន៍ អ៊ីចឹងគាត់គ្មានសិទ្ធិលក់ដូរដីតំបន់បឹងកក់ខុសច្បាប់ នេះខុសច្បាប់ធ្ងន់ណាស់! អ៊ីចឹងក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ ត្រូវចេញមកទទួលយើងដោយរាក់ទាក់ អរគុណយើងដែលបានមកប្រាប់មុន គាត់ត្រូវបញ្ឈប់ការទិញដីពីលោក ឡៅ ម៉េងឃីន»។
ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ ទិញដីទំហំជាង ១ហិកតារ (១៣.៥៤១ម៉ែត្រការ៉េ) ពីក្រុមហ៊ុនស៊ូកាគូ កាលពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៤ ក្នុងតម្លៃទឹកប្រាក់ជិត ១៥លានដុល្លារ (១៤.៨៩៥.០០០)។ ក្នុងកិច្ចសន្យា ក្រុមហ៊ុននេះប្រគល់លុយ ១០ភាគនៃតម្លៃដីទៅឲ្យក្រុមហ៊ុនស៊ូកាគូ រួចហើយ។ ប្រាក់ ៩០ភាគរយទៀត ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ សន្យាប្រគល់ឲ្យនៅខែធ្នូ ខាងមុខ។
តាមគម្រោងក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ គ្រោងអភិវឌ្ឍន៍ជាអគារសម្រាប់ការិយាល័យ ខុនដូរទំនើប ឬអាគារស្នាក់នៅទំនើប សេវាកម្មភោជនីយដ្ឋាន ព្រមទាំងហាងលក់ទំនិញនៅជាន់ផ្ទាល់ដី លើទំហំដីជាង ១ហិកតារនៅបឹងកក់។
ក្នុងញត្តិទាមទាររបស់អ្នកបឹងកក់ ស្នើសុំឲ្យក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទិញដីនៅតំបន់បឹងកក់ ដើម្បីបញ្ឈប់ការបណ្ដេញចេញទាំងបង្ខំ និងភាពអយុត្តិធម៌សម្រាប់ពលរដ្ឋដែលកំពុងរស់នៅ ហើយមិនទាន់ទទួលបានសំណង។
ប្រធានរដ្ឋបាលនិងជាតំណាងក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ លោក ពក ដេម ដែលចេញមកទទួលញត្តិពីអ្នកបឹងកក់ អះអាងថា លោកនឹងយកសំណើនេះទៅប្រគល់ឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនជាអ្នកសម្រេច។ លោកបដិសេធនូវសំណួរជាច្រើនរបស់អ្នកកាសែត ដែលសួរទាក់ទងពីមូលហេតុនៃការទិញដីនៅតំបន់មានជម្លោះនោះទៅវិនិយោគ។
លោក ពក ដេម៖ «ខ្ញុំក៏មានអារម្មណ៍មិនសប្បាយចិត្តដែរទាក់ទងនឹងរឿងនេះ ខ្ញុំនឹងទទួលញត្តិនេះដាក់ទៅថ្នាក់ដឹកនាំក្រុមហ៊ុន ហើយគាត់ឆ្លើយតបយ៉ាងណាខ្ញុំនឹងជម្រាបតាមក្រោយ»។
ក្រុមហ៊ុនស៊ូកាគូ បានជួលដីនៅតំបន់បឹងកក់ ពីរាជរដ្ឋាភិបាលកាលពីឆ្នាំ២០០៧ ដើម្បីអភិវឌ្ឍន៍រយៈពេល ៩៩ឆ្នាំ។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បញ្ជាក់ថា តាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនស៊ូកាគូ គ្មានសិទ្ធិលក់ដូរដីវិនិយោគនោះ បន្តទៅឲ្យក្រុមហ៊ុនណាមួយបានឡើយ ហើយរាល់ទង្វើលក់ដូរដីជួលពីរដ្ឋនោះ គឺជាការរំលោភច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។