សមាជិកឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅតែបន្តទាមទារឱ្យអាជ្ញាធរឃុំប្រមូលយកថវិកាថ្លៃលក់ដីរួមនៅក្នុងឃុំ មកអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន។ ការទាមទារនេះ ក្រោយពេលប្រាក់លក់ដីទាំងនោះត្រូវបានកប់បាត់ជាយូរមកហើយ ដោយអាជ្ញាធរឃុំមិនបានបង្ហាញជាសាធារណៈ អំពីការចាយវាយប្រាក់ទាំងនោះឡើយ។
សមាជិកក្រុមប្រឹក្សាឃុំទ្រៀក គណបក្សប្រឆាំងលើកឡើងថា ការប្រើប្រាស់ថវិកានៅក្នុងឃុំកន្លងមកមិនមានតម្លាភាព ហើយអាចជាប់ពាក់ព័ន្ធអំពើពុករលួយទៀតផង។
សមាជិកក្រុមប្រឹក្សាឃុំទ្រៀក គណបក្ស សម រង្ស៊ី លោក ស៊ូ យ៉េន រៀបរាប់ថា កន្លងមកនៅក្នុងឃុំមួយនេះ មានបញ្ហាមួយចំនួនដូចជា បែងចែកអំណាច ឬហៅថា វិមជ្ឈការអំណាច មិនបានល្អ ព្រមទាំងបញ្ហាចាយវាយថវិកាឃុំមិនមានតម្លាភាពជាដើម។ ជាក់ស្ដែង ប្រាក់ឥណទាន និងប្រាក់លក់ដីរួមនៅក្នុងឃុំជិត ១០លានរៀល ត្រូវបានបាត់សូន្យជាច្រើនឆ្នាំ រហូតដល់ខាងលោកសើរើខ្លាំង ទើបមានការបកស្រាយអំពីប្រាក់ទាំងនោះ៖ «តាមផ្លូវច្បាប់ប្រឆាំងអំពើពុករលួយ តែមួយកាក់មួយសេនក៏ជាអំពើពុករលួយដែរ»។
កាលពីឆ្នាំ២០១៥ សមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រឆាំងរូបនេះ បានដាក់សំណើទៅមេឃុំទាមទារប្រាក់ទាំងនេះមកវិញ។ ក្រោយមក នៅចុងឆ្នាំ២០១៥ អតីតស្មៀនឃុំទ្រៀក លោក ស៊ីម សុខ បានចេញលិខិតបកស្រាយមួយ ដោយបញ្ជាក់ថា ប្រាក់ទាំងនោះអតីតមេឃុំស្ដីទី លោក ហេង សុផាត បច្ចុប្បន្នមានជំងឺលើសឈាមជាអ្នកគ្រប់គ្រង និងបែងចែក។ ក្នុងលិខិតបន្ថែមថា ប្រាក់ ៥លានរៀល លោក ហេង សុផាត បានឱ្យប្រជាពលរដ្ឋខ្ចី ប៉ុន្តែថ្មីៗនេះ ពួកគេបានយកមកសងឃុំវិញហើយ។ ដោយឡែក លុយលក់ដីឃុំប្រមាណ ៤លានរៀល គឺពាក់កណ្ដាលចែកទៅឱ្យភូមិបាលស្រុក ក្រុមដោះស្រាយទំនាស់ថ្នាក់ជាតិ ហើយប្រាក់ជាង ១លានរៀលទៀត យកទៅកសាងខ្លោងទ្វារសាលាឃុំ និងសល់ប៉ុន្មានយកទៅចែកសមាជិកក្រុមប្រឹក្សាឃុំ។ លិខិតនោះ ត្រូវបានមេឃុំស្ដីទី យកទៅបង្ហាញសមាជិកក្រុមប្រឹក្សាឃុំកាលចុងខែមករា ឆ្នាំ២០១៦។
ទាក់ទងបញ្ហានេះ មេឃុំស្ដីទី លោក ជៀប សុទ្ធ បញ្ជាក់ថា រឿងនេះបានបញ្ចប់ទៅហើយ ក្រោយពេលលោកបានយកលិខិត និងបញ្ហានានាទៅបង្ហាញនៅក្នុងអង្គប្រជុំ។ បន្ថែមពីនេះ បញ្ហាប្រាក់លក់ដី គឺកើតឡើងមុនពេលលោកបានចូលធ្វើជាសមាជិកក្រុមប្រឹក្សាឃុំទៅទៀត៖ «ប្រជុំក្រុមប្រឹក្សាឃុំ មើលឃើញជាក់ស្ដែង គេធ្វើផ្លាកសាលាឃុំហ្នឹងសល់ប្រាក់មិនដល់ម៉ានេះផង ហើយចំណាយចាយវាយលើឈ្នួលលើជាងអីប្រហែលអស់ប៉ុណ្ណឹងមែន»។
ទោះបីជាយ៉ាងណា លោក ស៊ូ យ៉េន នៅតែមិនអាចទទួលយកបានចំពោះការបកស្រាយទាំងនេះ ហើយលោកនៅតែស្នើឱ្យអាជ្ញាធរឃុំប្រមូលយកប្រាក់ដែលបាត់បង់ទាំងនោះត្រឡប់វិញ ដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍នៅក្នុងសហគមន៍។ ជាមួយគ្នានេះ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ករណីនេះអាចជាការលក់ទ្រព្យសម្បត្តិរួមដើម្បីយកប្រាក់ចែកគ្នាតែម្ដង ដែលវាធ្វើឱ្យប៉ះពាល់ដល់គណនេយ្យភាពនៅក្នុងឃុំទៀតផង៖ «លុយនេះ បានចែកទៅដល់ស្រុកទៀត។ អ៊ីចឹងវាមិនអាចទៅរួចទេ ទ្រព្យសម្បត្តិឃុំ គឺត្រូវតែប្រើប្រាស់សម្រាប់ប្រយោជន៍កម្រិតឃុំ»។
លោកបន្ថែមថា ត្បិតតែប្រាក់ទាំងនេះវាតិចតួចក៏ដោយ ប៉ុន្តែវាបង្ហាញពីគំរូអាក្រក់របស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពជាអ្នកដឹកនាំរបស់ខ្លួន ព្រមទាំងធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿទុកចិត្ត។ លោកយល់ថា ដើម្បីជាគំរូល្អនៅក្នុងសហគមន៍របស់ពួកគេ អាជ្ញាធរគប្បីអនុវត្តជាក់ស្ដែងឱ្យបានត្រឹមត្រូវ ដោយចាប់ផ្ដើមពីមេឃុំ រួមនឹងសមាជិកឃុំទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។