រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ទទួលសម្របសម្រួល និងដោះស្រាយវិវាទដីធ្លីពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅ ដល់ពលរដ្ឋនៅក្នុងខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះវិហារ។
ការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៣០ ខែសីហា។
លទ្ធផលកិច្ចប្រជុំរវាងក្រសួងចំនួន៤ ស្ដីពីដំណោះស្រាយពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅ សម្រេចថារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ទទួលសម្របសម្រួល និងដោះស្រាយវិវាទដីធ្លីរបស់ពលរដ្ឋក្នុងខេត្តចំនួន៣ មានខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះវិហារ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ស្នើឲ្យពលរដ្ឋមានទំនាស់ដីធ្លីមកពីខេត្តកោះកុង ដែលមករង់ចាំស្តាប់លទ្ធផលនៅទីស្ដីការក្រសួងផ្ទាល់ ឲ្យចូលរួមសហការដោយប្រមូលយកឯកសារដែលពាក់ព័ន្ធ ដាក់ទៅសាលាស្រុករៀងៗខ្លួន ដើម្បីធ្វើការដោះស្រាយ៖ « នាំគ្នាទៅប្រមូលឯកសារដែលមានការពាក់ព័ន្ធ ដូចជាយើងធ្លាប់កាន់កាប់ដីតាំងនៅកន្លែងណា យើងប្រមូលឯកសារហ្នឹងទៅឲ្យគេ នៅហ្នឹងសាលាស្រុក សាលាស្រុកក្នុងខេត្តមួយៗ ហើយអ្នកណាដែលធ្លាប់បានទទួលដីគេហើយ ទទួលលុយគេហើយ គឺកុំមកពាក់ព័ន្ធ អ្នកណាដែលអត់ទាន់បានទទួលគោលនយោបាយក្នុងការដោះស្រាយវិវាទហ្នឹង គឺបងប្អូនប្រមូលយកឯកសារទាំងអស់ទៅដាក់រៀបចំដំឡើងផែនទី ហើយធ្វើហ្នឹងគឺតម្លាភាពទាំងអស់គ្នាកុំភ័យ » ។
ដំណើរការនៃការដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋ ខាងក្រសួងរៀបចំដែនដី សម្រេចប្រគល់ទៅឲ្យប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនីមួយៗជាអ្នកដោះស្រាយ។ ប្រធានមន្ទីរទាំងបីខេត្ត នឹងសម្របសម្រួលក្នុងការបំពេញទម្រង់បែបបទ និងធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋ និងទីតាំងដែលពាក់ព័ន្ធក្នុងរយៈពេល ៣០ថ្ងៃ។
ការបំពេញទម្រង់បែបបទសម្រាប់ពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅទាំង ៣ខេត្ត គឺត្រូវធ្វើឡើងក្នុងសាលាស្រុករៀងៗខ្លួន មានសាលាស្រុកឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ស្រុកស្រែអំបិល ក្នុងខេត្តកោះកុង ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី៤ ខែកញ្ញា រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។
តំណាងពលរដ្ឋមានទំនាស់ដីធ្លីមកពីខេត្តកោះកុង លោកស្រី ផាវ ញ៉ឺង ដែលបានរង់ចាំលទ្ធផលនៃកិច្ចប្រជុំនេះ ថ្លែងថា ពលរដ្ឋមានសង្ឃឹមច្រើនដែលបានជួបជាមួយលោករដ្ឋមន្ត្រី ជា សុផារ៉ា ផ្ទាល់បែបនេះ។ ទោះយ៉ាងណា ពលរដ្ឋហាក់នៅមានការព្រួយបារម្ភច្រើនចំពោះការអនុវត្តរបស់មន្ត្រីក្រោមឱវាទក្រសួង៖ « ទោះបីជាយ៉ាងណាក៏ដោយ ក៏យើងមិនទាន់មានការជឿជាក់ ដោយសារតែអាជ្ញាធរថ្នាក់ក្រោមជាតិគាត់មិនសូវអើពើ ហើយភាគច្រើនពួកយើងមកតវ៉ាជារបៀបសហគមន៍។ អ៊ីចឹងគាត់តែងតែរើសអើងថាបក្សនេះបក្សនោះ។ អ៊ីចឹង ! យើងសង្ឃឹមថាក្រសួងដែនដី អញ្ជើញប្រជាពលរដ្ឋឲ្យទៅជួបតាមសាលាឃុំនៀក យើងសង្ឃឹមថាឯកឧត្តមនឹងគិតគូរដល់ពួកយើង។ ប្រសិនបើថ្ងៃទី៤ នេះអត់មានចំណាត់ការអីឲ្យពួកយើងទេ យើងនឹងរង់ចាំដល់ ៣០ថ្ងៃ យើងនឹងត្រឡប់មកតវ៉ាទៀត » ។
លោកស្រី ផាវ ញ៉ឺង បញ្ជាក់បន្ថែមទៀតថា ក្រុមពលរដ្ឋដែលប៉ះពាល់ចំនួន ១៥គ្រួសារមានឯកសារគ្រប់គ្រាន់ ដោយឡែកតែពលរដ្ឋចំនួន ១៤៥គ្រួសារផ្សេងទៀតមិនមានលិខិតបញ្ជាក់ការកាន់កាប់ដីធ្លីស្របច្បាប់។
ក្រុមពលរដ្ឋប្រមាណ ១០០នាក់ដែលប្រមូលផ្តុំគ្នានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរង់ចាំលទ្ធផលកិច្ចប្រជុំនេះ គឺជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា ហេង ហ៊ុយ និងអតីតក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់។ ពលរដ្ឋអះអាងថា ក្រុមហ៊ុនទាំងពីរនេះបានឈូសឆាយបំផ្លាញផ្ទះសម្បែង និងស្រែចម្ការរបស់ពួកគេកាលពីឆ្នាំ២០០៦។
ទោះយ៉ាងណា ក្រុមពលរដ្ឋនឹងជួបជុំគ្នាជាថ្មីម្តងទៀតនៅថ្ងៃទី៣១ ខែសីហា នេះ នៅទីព្រះអង្គដងកើ ដើម្បីធ្វើការថ្លែងអំណរគុណ និងជូនពរទៅដល់អ្នកដែលពាក់ព័ន្ធក្នុងដំណើរការដោះស្រាយវិវាទដីធ្លីរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។