ពលរដ្ឋ​មួយ​ចំនួន​នៅ​សៀមរាប​និង​ព្រះវិហារ​អះអាង​ថា​ទាហាន​រំលោភ​យក​ដី​ស្រែ​ចម្ការ

0:00 / 0:00

ប្រជាពលរដ្ឋ​ច្រើន​រយ​គ្រួសារ នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះវិហារ កំពុង​ប្រឈម​មុខ​បញ្ហា​ទំនាស់​ដីធ្លី ដោយសារ​ទាហាន​រំលោភ​យក​ខ្លះ អ្នក​មាន​អំណាច និង​ក្រុមហ៊ុន​រំលោភ​យក​ខ្លះ។ បច្ចុប្បន្ន ដោយសារ​ទំនាស់​នេះ ក្រុម​អ្នក​ភូមិ​ជាច្រើន កំពុង​ស្វះស្វែង​គ្រប់​មធ្យោបាយ ដើម្បី​តវ៉ា​តាម​ផ្លូវ​ច្បាប់ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​ធ្វើ​ពិធី​បួង​សួង សូម​ឱ្យ​វត្ថុ​សក្ដិសិទ្ធិ ជួយ​ការពារ​ដីធ្លី​របស់​ពួក​គេ កុំឱ្យ​បាត់​បង់ ជាដើម។

ក្រុម​ប្រជាពលរដ្ឋ​ជិត ៣០​គ្រួសារ នៅ​ភូមិ​ត្រពាំងក្រសាំង ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប បាន​លើក​គ្នា​មក​មុខ​សាលា​ខេត្ត កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​សីហា បំណង​ជំរុញ​ឱ្យ​អភិបាល​ខេត្ត​ដោះស្រាយ​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ ដែល​ទាហាន​រំលោភ​យក​ជាច្រើន​ឆ្នាំ​មក​ហើយ ឱ្យ​បាន​ឆាប់​រហ័ស។

ក្រុម​អ្នក​ភូមិ​ដែល​មាន​កាន់​ឯកសារ​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​ជាច្រើន​នៅ​ក្នុង​ដៃ អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ថា ពួក​គេ​ចំនួន ២៧​គ្រួសារ ខកខាន​ធ្វើ​ស្រែ​ចម្ការ​រយៈពេល ៣​ឆ្នាំ​មក​ហើយ ដោយសារ​កង​ទាហាន​ប្រដាប់​អាវុធ​ចេះ​តែ​ទៅ​ហាម​ឃាត់ និង​គំរាម​កំហែង។ អ្នក​ភូមិ​បញ្ជាក់​ថា ដី​ស្រែ និង​ចម្ការ​របស់​ពួក​គេ​ចំនួន ១២០​ហិកតារ នៅ​តំបន់​អូរព្រានគង់ ដែល​ធ្លាប់​កាន់​កាប់​តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០០២-២០០៣ ហើយ​ក៏​មាន​សលាកបត្រ ដែល​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​វាស់វែង​រួច​ហើយ ក៏​ត្រូវ​ទាហាន​ក្នុង​វរៈ​លេខ​២៥៤ ចំណុះ​ឱ្យ​កងពលតូច​លេខ​៥ ប្រកាស​ថា​ជា​ដី​របស់​កងទ័ព​ទៅ​វិញ៖ «ប្រុស៖ កងទ័ព​កងពល​លេខ​៥ វរៈ​២៥៤ ឈ្មោះ ឆាំ ឡាំ ហាម​ឃាត់​ពួក​ខ្ញុំ​មិន​ឱ្យ​ចូល​ធ្វើ​ដី​របស់​ខ្ញុំ​រៀង​ខ្លួន​ហ្នឹង​ទេ។ ដី​នេះ​បើ​មិន​មែន​ដី​របស់​ពួក​ខ្ញុំ​មែន​ទែន គឺ​មិន​ហ៊ាន​តវ៉ា​ទេ។ ខ្ញុំ​អត់​មាន​អី​ហូប​ទេ ប្រជាពលរដ្ឋ​គ្រប់​គ្នា​ហ្នឹង​វេទនា​ណាស់។ ស្រី៖ អត់​មាន​ដី​ធ្វើ​ស្រែ​ចម្ការ អត់​មាន​បាយ​ហូប​ហ្នឹង​ខ្វះខាត ដូច​ឈឺ​អត់​មាន​លុយ​មើល​កូន ទៅ​ខ្ចី​បុល​គេ ១​សង​ជា​២​ជា​បី កូន​ចៅ​ឡើង​ស៊ី​ឈ្នួល​គេ​រហូត​ដល់​ថៃ។ ដោះស្រាយ​ពន្យារ​ពេល​រហូត ថ្ងៃ​នេះ​ថា​ថ្ងៃ​នោះ ចាំ​គេៗ​ឱ្យ​រង់ចាំ​រហូត​តាំង​ពី​ខែ​៣ រហូត​ដល់​ឥឡូវ​នេះ»

មេ​ឃុំ​ស្រែណូយ លោក ឆែម សាវឿន ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​តវ៉ា​ដីធ្លី​នេះ គឺ​ពិត​ជា​មាន​សលាកបត្រ​វាស់​វែង​ដោយ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​មែន ហើយ​អាជ្ញាធរ​បាន​ព្យាយាម​ដោះស្រាយ​ជាច្រើន​លើក​ច្រើន​សា ក៏ប៉ុន្តែ​ទាហាន​ហាក់​មាន​ចេតនា​មិន​ចង់​ដោះស្រាយ​ទេ។

ចំណែក​នៅ​ឯ​ឃុំ​ភ្នំត្បែង២ ស្រុក​គូលែន ខេត្ត​ព្រះវិហារ វិញ អាជ្ញាធរ​ឃុំ​អះអាង​ថា ក្រុមហ៊ុន ហ្វីភី ម៉ាឡេស៊ី (Fephy Malaysia) កំពុង​ដើរ​បោះ​បង្គោល​កំណត់​ព្រំ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ។ បន្ទាប់​ពី​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ជាច្រើន​ថ្ងៃ​មក កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ក្រុម​អ្នក​ភូមិ​ក្ដាក់ ប្រមាណ​ជាង ១០០​គ្រួសារ បាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​បួង​សួង និង​សែន​ព្រេន​ដល់​អារុក្ខអារក្ខ​អ្នកតា ឱ្យ​ជួយ​ការពារ​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ កុំ​ឱ្យ​ក្រុមហ៊ុន​រំលោភ​យក​បាន។

បុរស​ចំណាស់​ម្នាក់​នៅ​ភូមិ​ក្ដាក់ លោក ឃួន សំរិទ្ធ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​លោក​ជាច្រើន​គ្រួសារ ក្រៅ​ពី​ធ្វើ​ស្រែ​ចម្ការ គឺ​ប្រកប​របរ​ចិញ្ចឹម​សត្វ​គោ​ក្របី។ លោក ឃួន សំរិទ្ធ ព្រួយ​បារម្ភ​ថា បើ​ក្រុមហ៊ុន​ម៉ាឡេស៊ី បោះ​បង្គោល​យក​ដី​ស្រែ​ចម្ការ​អស់ គឺ​មិន​ត្រឹម​តែ​មនុស្ស​ទេ​ដែល​ពុំ​មាន​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត សូម្បី​តែ​សត្វ​គោ​ក្របី ក៏​ពុំ​មាន​វាល​ស្មៅ​ស៊ី​ដែរ៖ «បួង​សួង​សុំ​ឱ្យ​ក្រុមហ៊ុន កុំ​មក​ចូល​យក​ទឹក​ដី​ប្រជាពលរដ្ឋ​ក្ដាក់ សូម​ឱ្យ​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី ម្ចាស់​ព្រៃ​ព្រឹក្សា​អ្នក​ថែរក្សា​ទឹក​ដី​នេះ សូម​ឱ្យ​ដក​ក្រុមហ៊ុន​ទៅ​វិញ»

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប សម្ដែង​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ទាំង​នោះ ដោយ​ថា ជាច្រើន​ឆ្នាំ​មក​ហើយ ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ទាហាន ជាមួយ​អ្នក​មាន​អំណាច និង​ក្រុមហ៊ុន គឺ​មាន​ច្រើន​ករណី ដែល​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ។

បញ្ហា​អូស​បន្លាយ​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ ក្រុម​គ្រួសារ​កសិករ​ជាច្រើន​គ្មាន​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ក្រីក្រ​ស្រាប់ ខាត​ពេល​វេលា និង​ប្រាក់កាស ដើម្បី​តវ៉ា​រក​ដំណោះស្រាយ​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។