ប្រជាពលរដ្ឋមកពីស្រុកចំនួនពីរ និងពលរដ្ឋមកពីក្រុងប៉ោយប៉ែត ជាង ១០០នាក់ លើកគ្នាទៅជួបអភិបាលខេត្ត ដើម្បីស្នើសុំជួយដោះស្រាយបញ្ហាដីធ្លីដែលកើតមានកន្លងមក។ ពលរដ្ឋបានជួបជាមួយអភិបាលខេត្តបន្ទាយមានជ័យ ហើយលោកសន្យាថានឹងប្រជុំពិភាក្សាគ្នារកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី២៦ សីហា ខាងមុខ។
តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តបន្ទាយមានជ័យ សម្រេចនាំគ្នាត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញនៅព្រឹកថ្ងៃទី២៣ សីហា បន្ទាប់ពីអភិបាលខេត្ត និងមន្ត្រីរបស់ខ្លួនចេញមកជួប ព្រមទាំងទទួលយកពាក្យស្នើសុំរបស់ពួកគាត់។
ជាមួយគ្នានេះ អភិបាលខេត្តសន្យាថា នឹងឲ្យមន្ត្រីចុះពិនិត្យវិវាទដីធ្លីនៅតំបន់មួយចំនួន ចំណែកបញ្ហាដីធ្លីនៅស្រុកថ្មពួក ដែលមានពលរដ្ឋចំនួន ១៧០គ្រួសារនោះ អាជ្ញាធរនឹងកោះហៅភាគីពាក់ព័ន្ធជួបគ្នាដើម្បីស្វែងរកដំណោះស្រាយនៅថ្ងៃទី២៦ សីហា។
តំណាងពលរដ្ឋមានបញ្ហាដីធ្លីនៅចំណុចភ្នំព្រះ ឃុំថ្មពួក ស្រុកថ្មពួក លោក សាម ម៉ាប់ ឲ្យដឹងថា គោលបំណងអ្នកស្រុកមកសាលាខេត្ត គឺដើម្បីចង់ឲ្យលោក លី សារី បកស្រាយចំពោះរបាយការណ៍របស់ខ្លួន ដែលបញ្ជាក់ថាដោះស្រាយជូនពលរដ្ឋរួចរាល់ហើយ ប៉ុន្តែធាតុពិត ពួកគាត់មិនទាន់ទទួលបានដំណោះស្រាយទេ។ បន្ថែមពីនេះ ចង់ឲ្យអាជ្ញាធរបញ្ជាក់អំពីការចេញប្លង់កម្មសិទ្ធិឲ្យក្រុមហ៊ុន លី សំអាន ស្របពេលដីជាង ២០០ហិកតារកំពុងមានជម្លោះជាមួយពលរដ្ឋ និងចង់ឲ្យអភិបាលខេត្តដោះស្រាយវិវាទដីធ្លីមួយនេះជូនពួកគាត់៖ « ខ្ញុំចង់បន្ថែមធ្វើម៉េចឲ្យអភិបាលខេត្តជួយដោះស្រាយចែកជូនពលរដ្ឋឲ្យបានកម្មសិទ្ធិស្របច្បាប់បង »។
លោកបញ្ជាក់ថា វិវាទដីធ្លីនេះកើតឡើងខ្លាំងតាំងពីឆ្នាំ២០០៧ លើទំហំដីជាង ២០០ហិកតារដែលមានពលរដ្ឋចំនួន ១៧០គ្រួសារ។ បញ្ហានេះកើតឡើងក្រោយពេលអ្នកភូមិដឹងថា ដីដែលពលរដ្ឋធ្លាប់អាស្រ័យផលកន្លងមក ត្រូវបានគេលក់ឲ្យទៅក្រុមហ៊ុន។ កាលណោះ អាជ្ញាធរបានហាមឃាត់មិនឲ្យភាគីពលរដ្ឋ និងក្រុមហ៊ុនចូលកាន់កាប់តំបន់ដីជម្លោះទេ ប៉ុន្តែនៅឆ្នាំ២០១៣ ពលរដ្ឋសម្រេចស្នើសុំអាជ្ញាធរខេត្តចូលអាស្រ័យផល ហើយអាជ្ញាធរក៏បានអនុញ្ញាត។ ពលរដ្ឋបានដាក់ពាក្យប្ដឹងទៅស្ថាប័នជាតិធំៗជាបន្តបន្ទាប់ ព្រមទាំងប្ដឹងអាជ្ញាធរតាំងពីថ្នាក់ភូមិ រហូតដល់ថ្នាក់ស្រុក និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតទៅតុលាការ ចំពោះការលក់ដីឲ្យទៅក្រុមហ៊ុន។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី មានប្រសាសន៍ថា អាជ្ញាធរខេត្តបានសន្យាថា ថ្ងៃទី២៦ សីហា នឹងជជែកពិភាក្សាគ្នាជុំវិញវិវាទដីធ្លីពលរដ្ឋចំនួន ១៧០គ្រួសារនៅសាលាខេត្ត ដើម្បីឈានទៅរកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ៖ « ប្រជាពលរដ្ឋគាត់មកប្ដឹងផ្តល់ ហើយអ្នកដែលគាត់ប្ដឹងទៅឈ្មោះក្រុមហ៊ុន លី សំអាន ឬអាជ្ញាធរអី យើងនឹងហៅអ្នកពាក់ព័ន្ធមកជួបជុំគ្នានៅសាលាខេត្ត ដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ »។
ចំពោះការចោទប្រកាន់ថា អភិបាលរងខេត្តរូបនេះធ្វើរបាយការណ៍ភូតភររាជរដ្ឋាភិបាល ឬមន្ត្រីថ្នាក់លើ លោក លី សារី បញ្ជាក់ថា ពលរដ្ឋអាចចោទប្រកាន់បាន ប៉ុន្តែការដោះស្រាយរបស់អាជ្ញាធរកន្លងមក គឺផ្អែកទៅលើឯកសារ ឬភស្តុតាង និងទៅតាមផ្លូវច្បាប់ ជាដើម។ បន្ថែមពីនេះ អាជ្ញាធរព្យាយាមដោះស្រាយវិវាទដីធ្លីទាំងនេះរហូតមក។
មន្ត្រីអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ ដែលបានតាមដានករណីនេះ លោក ឡេង យ៉េន មើលឃើញថា បរិយាកាសជួបគ្នារវាងអាជ្ញាធរខេត្ត និងពលរដ្ឋមានជម្លោះដីធ្លី គឺប្រព្រឹត្តទៅដោយរលូន និងយល់ពីគ្នាទៅវិញទៅមក។ លោកបន្ថែមថា អភិបាលខេត្តថ្មី លោក សួន បវរ បានចុះជួបពលរដ្ឋផ្ទាល់ ហើយលោកហាក់មានសុឆន្ទៈចង់ដោះស្រាយបញ្ហាដីធ្លីទាំងនោះទៀតផង៖ « យើងសង្ឃឹមថា ក្រុមអភិបាលខេត្តថ្មីនេះ គាត់យកចិត្តទុកដាក់ ហើយអាចផ្លែផ្កាល្អ »។
លោកយល់ថា វិវាទដីធ្លីទាំងនេះមិនគួរពន្យារពេលក្នុងការដោះស្រាយទៀតឡើយ ពីព្រោះវាបណ្ដាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសារពលរដ្ឋ ព្រមទាំងស្មារតីរបស់ពួកគាត់ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។