សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បើកសិក្ខាសាលាមួយកាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ ដោយបានលើកយកករណីទំនាស់ដីធ្លីធំៗចំនួន ៧កន្លែង នៅតាមស្រុកចំនួន៤ ក្នុងខេត្តបន្ទាយមានជ័យ ដែលកើតមានទំនាស់រ៉ាំរ៉ៃច្រើនឆ្នាំ ដាក់ជូនអាជ្ញាធរខេត្ត និងស្ថាប័នជំនាញពាក់ព័ន្ធ ធ្វើការដោះស្រាយឲ្យបានឆាប់។
ប្រធានសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស លោក ស៊ុំ ច័ន្ទគា ថ្លែងថា ដីទំនាស់ទាំង ៧កន្លែងនោះ មាននៅក្នុងស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៖ «ទាំង ៧ករណីហ្នឹង យើងលើកក្នុងសិក្ខាសាលាជូនអភិបាលខេត្ត និងស្ថាប័នមន្ទីរផ្សេងៗ ដើម្បីជំរុញឲ្យមានការដោះស្រាយកុំឲ្យដីហ្នឹងកាន់តែមានទំនាស់ កាន់តែខ្លាំងឡើង ឬក៏យកទំនាស់ហ្នឹងធ្វើជាជំនួញមួយដែលប៉ះពាល់ដល់ការអភិវឌ្ឍខេត្ត។ ប្រជាពលរដ្ឋដែលគាត់មកកន្លែងនេះ គាត់ចង់បានកិច្ចសន្យាច្បាស់មួយពីអាជ្ញាធរខេត្ត ការពារដីគាត់ដោះស្រាយដីគាត់ ដើម្បីឲ្យគាត់បានប្រែក្លាយកម្មសិទ្ធិនៅលើដីហ្នឹង»។
សិក្ខាសាលាដែលរៀបចំដោយសមាគមអាដហុក នេះ មានការចូលរួមពីអាជ្ញាធរខេត្ត មន្ត្រីស្ថាប័នមន្ទីរជំនាញ និងមន្ត្រីតុលាការខេត្តជាច្រើននាក់។ នៅក្នុងរបាយការណ៍អាដហុក បញ្ជក់ថា មានករណីទំនាស់ដីធ្លីជាច្រើនកន្លែងនៅខេត្តបន្ទាយមានជ័យ នៅពុំទាន់បានដោះស្រាយ។ ក្នុងនោះមានករណីទំនាស់ដីនៅស្រុកព្រះនេត្រព្រះ មានប្រជាពលរដ្ឋរងគ្រោះចំនួនជាង ២០០គ្រួសារ កើតមានទំនាស់ជាមួយទាហានរថក្រោះដែលបានចូលទៅឈរជើង និងបានរំលោភបំពានយកដីរបស់ប្រជាពលរដ្ឋជាង ១០០ហិកតារ។
ករណីទំនាស់ដីធ្លីឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដូចគ្នាដែរ គឺកងទាហានកាំភ្លើងធំ បានចូលមកបោះបន្ទាយនៅលើដីប្រជាពលរដ្ឋចំនួន ៣២គ្រួសារ និងដីទំហំជាង ២៥ហិកតារ។ ករណីទំនាស់ដីធ្លីនៅស្រុកថ្មពួក មានច្រើនភូមិ។ ករណីទំនាស់ដីធ្លីនៅស្រុកអូរជ្រៅ មានប្រជាពលរដ្ឋជិត ១០០គ្រួសារ ទំនាស់ជាមួយក្រុមហ៊ុន លោកស្រី សូរ្យ ចន្ធូ លើផ្ទៃដីជាង ២០០ហិកតារ។ ករណីទំនាស់ដីធ្លីនៅស្រុកអូរជ្រៅ ដូចគ្នា រវាងប្រជាពលរដ្ឋ ២៤៦គ្រួសារ ដីទំហំជិត ១.៤០០ហិកតារ ដែលត្រូវបានក្រុមហ៊ុន លោកឧកញ៉ា សំផាន់ រិទ្ធ រំលោភយក។
ករណីទំនាស់ដីធ្លីនៅស្រុកម៉ាឡៃ រវាងប្រជាពលរដ្ឋជាអតីតទាហានខ្មែរក្រហមជាង ១០០គ្រួសារ ជាមួយអតីតមេបញ្ជាការរបស់ពួកគាត់ដែលបានលក់ដីប្រមាណ ១.២០០ហិកតារ នោះ ទៅលក់ឲ្យឈ្មួញថៃ និងករណីទំនាស់ដីនៅស្រុកម៉ាឡៃ ដូចគ្នាដែរ គឺកាលពីឆ្នាំ២០០១ មានប្រជាពលរដ្ឋពីខេត្តផ្សេងគ្នាបានចូលទៅរស់នៅភូមិស្រឡៅជ្រំ ឃុំទួលពង្រ ដោយបានកាប់ឆ្ការព្រៃយកដីរនាមដូនសំ សម្រាប់ធ្វើស្រែចម្ការ។ ការកាន់កាប់ដីព្រៃនោះ ពុំមានការហាមឃាត់ពីអាជ្ញាធរឡើយ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាច្រើនរយគ្រួសារ នៅពុំទាន់បានទទួលដីជាកម្មសិទ្ធិស្របច្បាប់នៅឡើយ។
ទន្ទឹមគ្នានេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានផ្ដល់អនុសាសន៍ជាច្រើនចំណុច ដើម្បីសុំឲ្យអាជ្ញាធរខេត្ត និងមន្ត្រីស្ថាប័នជំនាញទាំងអស់រួមគ្នាដោះស្រាយ ធ្វើយ៉ាងណាដើម្បីបញ្ចប់ជម្លោះដីទាំងនោះ ហើយដើម្បីឲ្យប្រជាពលរដ្ឋអាចទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់។
ឆ្លើយតបបញ្ហានេះ ក្រុមមន្ត្រីនៃអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ បានអះអាងថា ពួកគេទទួលយកអនុសាសន៍ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋទៅពិចារណាដោយយកចិត្តទុកដាក់ ដើម្បីរិះរកមធ្យោបាយជាក់លាក់មួយចុះដោះស្រាយបញ្ចប់ជម្លោះដីធ្លីជូនប្រជាពលរដ្ឋទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។