តំណាងប្រជាពលរដ្ឋ ៤នាក់ ក្នុងចំណោមជាង ១៤០គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយមន្ត្រីយោធាកងកាំភ្លើងធំ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លើកគ្នាទៅស្វែងរកអន្តរាគមន៍ដល់ស្នាក់ការអាដហុក (Adhoc) ខេត្ត ឲ្យជួយរកដំណោះស្រាយទំនាស់ដីធ្លី។
ការស្វែងរកដំណោះស្រាយនៅរសៀលថ្ងៃទី១៩ វិច្ឆិកា នេះ កើតឡើងបន្ទាប់ពីពួកគាត់ទៅរកអន្តរាគមន៍ពីអាជ្ញាធរដែនដីជាច្រើនឆ្នាំមកហើយ តែពុំទទួលបានលទ្ធផល។
ក្រុមប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅស្រុកព្រះនេត្រព្រះ អំពាវនាវឲ្យអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ពន្លឿនរកដំណោះស្រាយ ដោយឲ្យមន្ត្រីយោធាចាកចេញពីទីតាំងឈរជើងនៅតំបន់មានជម្លោះរបស់ប្រជាពលរដ្ឋ ទៅតំបន់ផ្សេងវិញ។
តំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះ លោក ឌឿ ចាយ រស់នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ថ្លែងនៅថ្ងៃទី២០ វិច្ឆិកា ថា ផ្ទៃដីដែលមានទំនាស់នោះទំហំប្រមាណ ៤៧ហិកតារ របស់ប្រជាពលរដ្ឋប្រមាណជាង ១៤០គ្រួសារ មានទំនាស់ជាមួយមន្ត្រីយោធាកងកាំភ្លើងធំប្រចាំការនៅស្រុកព្រះនេត្រព្រះ។ លោកបន្តថា ដីដែលមានទំនាស់នោះ កើតឡើងដោយសារក្រុមទាហានកងកាំភ្លើងធំប្រចាំការនៅស្រុកព្រះនេត្រព្រះ យកធ្វើជាទីតាំងឈរជើងរបស់កងទ័ព ហើយបានប៉ះពាល់ដីរបស់ប្រជាពលរដ្ឋ។ លោកថា ក្រោយមក ខាងទ័ពគ្រោងយកដីមួយផ្នែកនៃដីដែលមានទំនាស់នោះ ទៅបែងចែកឲ្យមន្ត្រីយោធាធ្វើជាកម្មសិទ្ធិ ហើយធ្វើឲ្យបាត់បង់ដីរបស់ប្រជាពលរដ្ឋ៖ «ធ្វើយ៉ាងណាឲ្យបានកងកាំភ្លើងធំទៅនៅ៥១ ហើយឲ្យផុតពីដីពួកយើងខ្ញុំ ចូលកាន់កាប់អាស្រ័យផលវិញផង។ ព្រោះថា ប្រជាជនគ្មានដីឯណាក្រៅពីដីកន្លែងនោះទេ មានម្នាក់យ៉ាងច្រើនណាស់កន្លះហិកតារ អ្នកដែលមានច្រើននោះវាភាគតិច អាខ្លះក៏មានទទឹង ២០ម៉ែត្រ លំនៅឋានគ្រាន់តែបានម៉ានៅផ្ទះហ្នឹង។ ដូច្នេះហើយ សុំសំណូមពរដល់លោកអភិបាលខេត្ត មេត្តាជួយដោះស្រាយឲ្យពួកយើងខ្ញុំផង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីយោធាកងកាំភ្លើងធំប្រចាំការនៅស្រុកព្រះនេត្រព្រះ ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២០ វិច្ឆិកា។
ប៉ុន្តែ អភិបាលស្រុកព្រះនេត្រព្រះ លោក លី សុវណ្ណារិទ្ធ មានប្រសាសន៍បញ្ជាក់ថា រឿងទំនាស់ដីនេះ អាជ្ញាធរស្រុកកំពុងដោះស្រាយនៅឡើយ ដើម្បីកំណត់ជាកម្មសិទ្ធិស្របច្បាប់រវាងភាគីទាំងសងខាង ហើយថានឹងបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ទោះយ៉ាងនេះក្ដី នៅក្នុងករណីដែលប្រជាពលរដ្ឋស្នើឲ្យប្ដូរបន្ទាយកងទ័ពទៅដាក់ទីតាំងផ្សេងនោះ លោកថា បញ្ហានេះលោកពុំមានអំណាចនោះទេ៖ «បើនៅវាចេះតែកើតហើយ ប៉ុន្តែវាទាក់ទងរឿងដីរបស់អង្គភាពគេមួយៗ គេមានដីរបស់គេ ណាមួយមានដីរបស់គេ ហើយកាំភ្លើងធំមានដីរបស់គេ រថក្រោះមានដីរបស់គេ សម្រាប់ទីបញ្ជាការគេ។ ការទៅនៅយើងខ្ញុំមិនអាចឆ្លើយបានទេ ទាល់តែក្រសួងការពារជាតិ ត្រូវឲ្យទៅនៅ អាហ្នឹងគាត់ទៅនៅមានអី។ ប៉ុន្តែឥឡូវគាត់ថាមិនអាចទៅនៅបាន យើងថាម៉េច»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ ដែលបានអង្កេតក្នុងរឿងទំនាស់នេះ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ទំនាស់ដីធ្លីនេះដោះស្រាយមិនចេញអូសបន្លាយជាច្រើនឆ្នាំ ដោយសារអាជ្ញាធរគ្មានចេតនាពិតប្រាកដក្នុងការស្វែងរកដំណោះស្រាយ។ លោកថា សមត្ថកិច្ចពាក់ព័ន្ធគួរដោះស្រាយប្រគល់ដីនោះទៅឲ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិស្របច្បាប់៖ «ទាហានគួរតែរស់នៅ អឺ! ចូលទៅនៅខាងកងពល៥១របស់ លោក ឆេង សារិទ្ធ គឺជាការប្រសើរ ព្រោះទាហានថ្មើរជើងដូចគ្នា។ ហើយទុកកន្លែងហ្នឹងដីហ្នឹងជូនប្រជាពលរដ្ឋវិញ កុំឲ្យឈរ ហើយកន្លែងហ្នឹងហើយបែរទៅចែករំលែកដល់ទាហានដល់អី អ៊ីចឹងទាហានទៅត្រង់ណាមានកេរមរតកនៅកន្លែងហ្នឹង។ អ៊ីចឹងបើទាហានដាក់បន្ទាយតែពីរបីទៅ ប្រជាពលរដ្ឋមានដីអី ដាក់ស្រែចំដីស្រែប្រជាពលរដ្ឋ ថាដីទាហានចំចម្ការប្រជាពលរដ្ឋថា របស់ទាហាន។ អ៊ីចឹងចេះតែយកចេះតែអី អាងតែខ្លួនឯងការពារជាតិ ចេះតែយកអ៊ីចឹង ឬមួយយ៉ាងម៉េច?»។
កាលពីចុងខែមីនា ឆ្នាំ២០១២ កន្លងទៅ ក្រុមទាហានកងកាំភ្លើងធំ បានចូលទៅឈរនៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយបានហាមឃាត់មិនឲ្យអ្នកភូមិចូលទៅដាំដុះនៅលើដីរបស់ពួកគាត់នោះទេ ដោយអះអាងថា ដីនោះជាដីរបស់បន្ទាយទាហាន។ ចាប់ពីពេលនោះមក ប្រជាពលរដ្ឋបានតវ៉ាទៅអាជ្ញាធរស្រុករហូតដល់ខេត្ត ហើយមកទល់ពេលនេះ ពុំទទួលបានលទ្ធផលនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។