ប្រជាពលរដ្ឋចំនួន ១០គ្រួសារដែលសមត្ថកិច្ចចម្រុះរុះរើផ្ទះ និងបង្ខំពួកគាត់ឲ្យចាកចេញពីដីនៅឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីដើមខែកុម្ភៈ បន្តបោះតង់ស្នាក់នៅតាមចិញ្ចើមថ្នល់ ដោយសារពួកគាត់គ្មានប្រាក់សង់ផ្ទះស្នាក់នៅ។ អ្នកភូមិអះអាងថា ចាប់តាំងពីសមត្ថកិច្ចរុះរើផ្ទះរបស់ពួកគាត់មក អាជ្ញាធរពាក់ព័ន្ធពុំទាន់ផ្ដល់សំណងជូននៅឡើយ។
អ្នកភូមិ ១០គ្រួសារនៅឃុំស្ដៅ កំពុងទន្ទឹងរង់ចាំសំណងពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីយកទៅសង់ផ្ទះស្នាក់នៅ និងបានចេញទៅប្រកបការងារដោះស្រាយជីវភាពប្រចាំថ្ងៃ។
ពលរដ្ឋម្នាក់ក្នុងចំណោម ១០គ្រួសារ គឺលោក ណូ មូស្លីម ឲ្យដឹងនៅថ្ងៃទី១ មីនា ថា ពួកគាត់បោះតង់ស្នាក់នៅតាមចិញ្ចើមថ្នល់នៅភូមិបឹងអំពិល ឃុំស្ដៅ ជិតមួយខែមកហើយ ដោយពុំមានអាជ្ញាធរណាផ្ដល់ប្រាក់ដើម្បីឲ្យពួកគាត់សង់ផ្ទះនៅឡើយទេ។ លោកព្រួយបារម្ភខ្លាចក្រែងមានខ្យល់កន្ត្រាក់បោកបក់តង់សំពត់កៅស៊ូ និងភ្លៀងកក់ខែនៅពេលខាងមុខ ធ្វើឲ្យគ្មានជម្រកស្នាក់នៅ ហើយប៉ះពាល់ដល់សុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ៖ « ខ្ញុំសួរទៅអាជ្ញាធរស្រុក គាត់ប្រាប់ឲ្យពួកខ្ញុំនៅស្ងៀមមួយរយៈសិន ដោយលើកហេតុផលថា គេនឹងដោះស្រាយមួយដំណាក់ៗ។ បើអាជ្ញាធរគាត់និយាយបែបនេះ ខ្ញុំមិនដឹងជាគិតយ៉ាងណាទេ បើប្រពន្ធខ្ញុំគាត់ជិតឆ្លងទន្លេផង »។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុករតនៈមណ្ឌល លោក សើ សាមេត មានប្រសាសន៍ថា ប្រជាពលរដ្ឋទាំង ១០គ្រួសារនោះ អាជ្ញាធរស្រុកបានចែកដីជូនពួកគាត់មួយគ្រួសារទទឹង ១០ម៉ែត្រ និងបណ្ដោយ ៤០ម៉ែត្រនៅភូមិបឹងអំពិល នោះរួចមកហើយ គឺពុំមែនអាជ្ញាធរមិនគិតគូរដោះស្រាយបញ្ហាជូនពួកគាត់ ដូចការលើកឡើងរបស់អ្នកភូមិនោះទេ។ ម្យ៉ាងទៀត លោកអះអាងថា អាជ្ញាធរស្រុកពុំមានលទ្ធភាពសង់ផ្ទះតាមការទាមទាររបស់អ្នកភូមិទាំងនោះឡើយ៖ « អាជ្ញាធរស្រុកមានលទ្ធភាពបានត្រឹមតែចាក់ដីធ្វើផ្លូវជូនពួកគាត់តែប៉ុណ្ណឹងទេ »។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រុកអះអាងថា ពួកគាត់ពុំមានប្រាក់សង់ផ្ទះលើដីដែលអាជ្ញាធរស្រុកចែកឲ្យនោះទេ ពីព្រោះពួកគាត់មានជីវភាពក្រីក្រ។ ម្យ៉ាង ចាប់តាំងពីសមត្ថកិច្ចរុះរើផ្ទះមក ពួកគាត់ពុំបានចេញទៅធ្វើការងាររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារឡើយ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ ត្រូវតែដោះស្រាយធ្វើផ្ទះជូនពលរដ្ឋឡើងវិញឲ្យបានគ្រប់គ្នា ពីព្រោះលោកអះអាងថា អាជ្ញាធរបានឃុបឃិតគ្នារុះរើផ្ទះរបស់ពួកគាត់ទាំងបង្ខំ ដើម្បីយកដីនោះទៅលក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន៖ « ពាក្យដែលអាជ្ញាធរស្រុកនិយាយនេះ ខ្ញុំមិនអាចទទួលយកបាននោះទេ ពីព្រោះប្រជាពលរដ្ឋគ្មានទីជម្រកស្នាក់នៅ។ តើឲ្យពួកគាត់រស់នៅដោយរបៀបណា ?»។
កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះដឹកនាំដោយអភិបាលរងស្រុករតនៈមណ្ឌល លោក សៀវ ប៊ុនស៊ាន បានចុះរុះរើផ្ទះពលរដ្ឋចំនួន ១៣ខ្នងមានចំនួន ១៥គ្រួសារ នៅភូមិបឹងអំពិល ឃុំស្ដៅ ដោយចោទប្រកាន់ថា អ្នកភូមិរស់នៅលើដីសហគមន៍ដោយខុសច្បាប់។ អ្នកស្រុកអះអាងថា ពួកគាត់មួយចំនួនបានដាំផលដំណាំ មានដើមស្វាយ និងដូង ជាដើម ព្រមទាំងបានសង់ផ្ទះនៅលើដីនោះជិត ២០ឆ្នាំមកហើយ។ ភ្លាមៗនោះ អង្គការសង្គមស៊ីវិលមួយចំនួននៅខេត្តបាត់ដំបង បានប្រតិកម្មនឹងការរុះរើផ្ទះរបស់ប្រជាពលរដ្ឋនេះ។ ក្រោយមក ទើបអាជ្ញាធរសង់ផ្ទះឲ្យអ្នកភូមិបានចំនួន ៥ខ្នងក្នុងចំណោម ១៥គ្រួសារ។ ចំណែកឯប្រជាពលរដ្ឋ ១០គ្រួសារទៀត អាជ្ញាធរពុំទាន់ផ្ដល់សំណងឲ្យនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។