Opens in new windowប្រជាពលរដ្ឋចំនួន ១៨គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងសាងសង់វារីអគ្គិសនីរបស់ចិន ឈ្មោះក្រុមហ៊ុន ក្វួងដុង ហ្វរិន ខនត្រាក់ហ្សិន (Guang Dong Forin Contraction) នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចោទប្រកាន់មន្ត្រីអន្តរក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ថាផ្ដល់សំណងប៉ះពាល់ឲ្យពួកគាត់លម្អៀង និងប្រកាន់បក្ខពួកនិយម។ អ្នកភូមិបញ្ជាក់ថា អាជ្ញាធរអនុញ្ញាតឲ្យក្រុមហ៊ុនចិន កាយដីរបស់ពួកគាត់អស់ទៅហើយ តែនៅមិនទាន់ផ្ដល់សំណងជូនពួកគាត់នៅឡើយនោះទេ។
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងសាងសង់វារីអគ្គិសនីនៅស្រុករតនមណ្ឌល អំពាវនាវឲ្យអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធ ពន្លឿនដោះស្រាយផ្ដល់សំណងផលប៉ះពាល់ជូនពួកគាត់ឲ្យបានឆាប់ ដើម្បីយកថវិកានោះទិញដីដាំដុះដោះស្រាយជីវភាពគ្រួសារ។
តំណាងប្រជាពលរដ្ឋដែលរងប៉ះពាល់ពីគម្រោងសាងសង់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិន ក្វួងដុង ហ្វរិន ខនត្រាក់ហ្សិន គឺលោក លិវ សំរិន រស់នៅភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី១៦ កញ្ញា ថា មន្ត្រីអន្តរក្រសួង និងអាជ្ញាធរដែលទទួលបន្ទុកដោះស្រាយសំណងប៉ះពាល់ពីគម្រោងសាងសង់វារីអគ្គិសនី នៅស្រុករតនមណ្ឌល ប្រកាន់បក្ខពួកក្នុងការដោះស្រាយសំណងជូនប្រជាពលរដ្ឋ។ លោកបន្តថា ប្រជាពលរដ្ឋចំនួន ១៨គ្រួសារដែលមានដីដាំដុះផលដំណាំប្រមាណ ៨០ហិកតារ រងផលប៉ះពាល់ពីគម្រោងនេះ ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យក្រុមហ៊ុនចិន កាយដីសង់វារីអគ្គិសនី មិនអាចធ្វើឲ្យដាំដុះដំណាំបាននោះទេ។ លោកអះអាងថា រហូតមកទល់ពេលនេះ ខាងក្រុមហ៊ុនពុំបានផ្ដល់សំណងប៉ះពាល់ដល់ពួកគាត់ទាំង ១៨គ្រួសារនោះឡើយ៖ «ប្រជាពលរដ្ឋសង្ឃឹមថា យកលុយដែលអាជ្ញាធរផ្ដល់សំណងប៉ះពាល់នោះទៅទិញដីបង្កបង្កើនផល ប៉ុន្តែអន្តរក្រសួងអត់ដោះស្រាយឲ្យប្រជាពលរដ្ឋទេ រហូតដល់ពួកខ្ញុំនាំគ្នាឡើងទៅសាលាឃុំ-ស្រុក និងអាជ្ញាធរខេត្តទៀត ក៏ពុំទទួលបានលទ្ធផលដែរ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីអន្តរក្រសួង និងតំណាងក្រុមហ៊ុនចិន ក្វួងដុង ហ្វរិន ខនត្រាក់ហ្សិន ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៦ កញ្ញា។
ប៉ុន្តែមេឃុំផ្លូវមាស លោក ស៊ាន សារឿន មានប្រសាសន៍ថា អាជ្ញាធរកំពុងដំណើរការរត់ឯកសារផ្ដល់សំណងឲ្យប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់វារីអគ្គិសនីនោះជាបន្តបន្ទាប់ហើយ៖ «បញ្ហានេះ វាអាស្រ័យទៅលើឯកសារដែលអាជ្ញាធរបានផ្ញើទៅមុន គឺដោះស្រាយបានមុន ពុំមានដែលត្រូវព្រួយបារម្ភនោះទេ គឺអាជ្ញាធរដោះស្រាយឲ្យគេផ្ដល់សំណងប្រជាពលរដ្ឋគ្រប់គ្នា»។
ទោះយ៉ាងនេះក្ដី មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង បានចុះស្រាវជ្រាវបញ្ហានេះ លោក ហេង សាយហុង មានប្រសាសន៍ថា អាជ្ញាធរដោះស្រាយសំណងប៉ះពាល់ដល់ប្រជាពលរដ្ឋមានភាពលម្អៀង ពីព្រោះប្រជាពលរដ្ឋចំនួន ១៨គ្រួសារនោះ ត្រូវក្រុមហ៊ុនកាយដីរបស់ពួកគាត់ធ្វើវារីអគ្គិសនីអស់ទៅហើយ ប៉ុន្តែពួកគាត់បែបជាមិនទទួលបានប្រាក់សំណងទៅវិញ៖ «បញ្ហានេះវាជារឿងអយុត្តិធម៌មួយ ដល់ប្រជាពលរដ្ឋដែលមិនទទួលបានសំណង។ ម្យ៉ាងទៀតយើងមើលឃើញថា បញ្ហានេះអាចកើតមានអំពើពុករលួយ ពីព្រោះប្រជាពលរដ្ឋដែលទទួលបានសំណងភាគច្រើន ដីរបស់ពួកគាត់ពុំទាន់ប៉ះពាល់នៅឡើយទេ»។
របាយការណ៍របស់មេឃុំផ្លូវមាស បង្ហាញថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងសាងសង់វារីអគ្គិសនីនេះចំនួនជាង ៨៨០គ្រួសារក្នុងចំណោមប្រជាពលរដ្ឋចំនួន ៤ភូមិ នៅឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងមានផ្ទៃដីប្រមាណជាង ១.៤០០ហិកតារ។ ចំពោះផ្ទៃដីដែលរងផលប៉ះពាល់ និងទទួលបានសំណងចំនួន ៤ពាន់ដុល្លារក្នុងមួយហិកតារ ហើយគម្រោងនេះដំណើរសាងសង់រយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ និងអាចផ្គត់ផ្គង់អគ្គិសនីបានចំនួន ១៣មេកាវ៉ាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
