ពលរដ្ឋ​ឃុំ​បឹងប្រាំ​គ្រោង​ដាក់​ញត្តិ​តាម​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​ដី

តំណាង​ប្រជាពលរដ្ឋ​មក​ពី​ឃុំ​បឹងប្រាំ ខេត្ត​បាត់ដំបង អះអាង​ពី​ការ​ពន្យារ​ពេល​ក្នុង​ការ​ដាក់​ញត្តិ ដោយ​លើក​ឡើង​ថា ត្រូវ​បំពេញ​ឯកសារ​ផ្លូវ​ច្បាប់​មួយ​ចំនួន​ទៀត និង​ញត្តិ​ដែល​គ្រោង​នឹង​ដាក់​នៅ​តាម​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋ នៅ​មិន​ទាន់​ធ្វើ​រួច​រាល់​នៅ​ឡើយ។

លោក ឆាន មុន្នី ដែល​អះអាង​ថា​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជិត ២០០​នាក់ ដែល​ធ្វើ​ដំណើរ​ពី​ខេត្ត​បាត់ដំបង ដើម្បី​មក​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​តុលា ថា នៅ​ពេល​នេះ ពួក​គាត់​កំពុង​រៀបចំ​ធ្វើ​ញត្តិ​នៅ​ឡើយ។ លោក​បន្ត​ថា ប្រហែល​ក្នុង​ពេល ២ ឬ ៣​ថ្ងៃ​ទៀត បាន​ចាប់​ដើរ​ដាក់​ញត្តិ៖ «វា​មិន​ទាន់​ទៀង​នៅ​ឡើយ ព្រោះ​ថា​យើង​មិន​ទាន់​ធ្វើ​ហើយ។ ប្រហែល​ជា​អាច​ស្អែក ឬ​ខាន​ស្អែក ឬ​មួយ​ខាន​ស្អែក​មួយ ពីព្រោះ​យើង​ខ្ញុំ​មក​នេះ គឺ​បើ​សិន​ជា​មិន​មាន​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ពិត​ប្រាកដ​ទេ គឺ​យើង​ខ្ញុំ​មិន​ឡើង​ទៅ​វិញ​ទេ គឺ​យើង​ខ្ញុំ​ហែ​រាល់​ពីរ​ថ្ងៃ​ម្ដង ឬ​បី​ថ្ងៃ​ម្ដង ដែល​តាម​លទ្ធភាព​ប្រជាពលរដ្ឋ​ធ្វើ​ទៅ​បាន»

ប្រជាពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​ពី​ខេត្ត​បាត់ដំបង ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​នៅ​ពេល​នេះ គឺ​ពុំ​មែន​មក​តែ​ពី​ឃុំ​បឹងប្រាំ នៃ​ស្រុក​បវេល នោះ​ទេ ក្នុង​នោះ​នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​មក​ពី​ស្រុក​គាស់ក្រឡ ផង​ដែរ។ សព្វថ្ងៃ ពួក​គាត់​ដែល​មាន​គ្នា​ប្រមាណ ២០០​នាក់ កំពុង​បន្ត​ស្នាក់​នៅ​ក្នុង​វត្ត​ក្តីចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ។

ដោយ​ឡែក​ដី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង មាន​ទំនាស់​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ មក​ម្ល៉េះ។ មូលហេតុ​ដែល​មាន​ទំនាស់​នេះ ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា មេ​ឃុំ​បឹងប្រាំ លោក ឈា នី បាន​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ជាន់​លើ​ប្លង់ នៃ​ដី​សមាហរណកម្ម​របស់​យោធា​ខ្មែរ​ក្រហម​កាត់​រំសាយ ដែល​មាន​ទំហំ​ជាង ១​ពាន់​ហិកតារ (១.០៨០​ហិកតារ)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។