អាជ្ញាធរ​ខេត្ត​បាត់ដំបង​គ្រោង​ប្ដឹង​ពលរដ្ឋ​តំបន់​បឹងប្រាំ​ចោទ​ថា​រស់នៅ​លើ​ដី​ទំនាស់​ខុស​ច្បាប់

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ដែល​តែង​តែ​ដើរ​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ក្នុង​ទំនាស់​ដីធ្លី អះអាង​ថា អាជ្ញាធរ​ខេត្ត ស្រុក និង​ឃុំ កំពុង​រៀបចំ​បណ្ដឹង​ប្រឆាំង​ពួក​គាត់ ក្រោម​ហេតុផល​រស់នៅ​លើ​ដី​ទំនាស់​ដោយ​ខុស​ច្បាប់។

បណ្ដឹង​ដែល​បាន​រៀបចំ​នេះ​គឺ​ផ្ទុយ​ពី​ការ​សន្យា​របស់​ចៅហ្វាយ​ខេត្ត​បាត់ដំបង នៅ​ចំពោះ​មុខ​ពលរដ្ឋ​ដែល​ទទួល​បាន​ដី​តាំង​ពី​សម័យ​សមាហរណកម្ម ថា​នឹង​ជួយ​ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​តំបន់​នោះ។

អាជ្ញាធរ​បាន​ប្រើប្រាស់​មធ្យោបាយ​យក​ពលរដ្ឋ​ប្ដឹង​ពលរដ្ឋ​គ្នា​ឯង ក្នុង​រឿង​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងប្រាំ ខេត្ត​បាត់ដំបង ដែល​អូស​បន្លាយ​អស់​ពេល ៨​ឆ្នាំ​មក​ហើយ។

ប្រជាពលរដ្ឋ​មួយ​ក្រុម ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ស្រុក និង​ឃុំ តម្រូវ​ឲ្យ​ផ្ដិត​មេដៃ​ដើម្បី​រៀបចំ​បណ្ដឹង​ដាក់​ចូល​តុលាការ ប្រឆាំង​ពលរដ្ឋ​មួយ​ក្រុម​ផ្សេង​ទៀត​ដែល​មាន​ដី​តាំង​ពី​អតីត​សមាហរណកម្ម។ អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្គាប់​បញ្ជា​ឲ្យ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​នោះ គឺ​ដើម្បី​ទម្លាក់​កំហុស និង​ចោទ​ប្រកាន់​ថា ពលរដ្ឋ​មួយ​ក្រុម​ផ្សេង​ទៀត​ដែល​ទទួល​បាន​ដី​កាល​ពី​សម័យ​សមាហរណកម្ម​នៃ​យោធា​កាត់​រំសាយ គឺ​ជា​អ្នក​រស់នៅ​ដោយ​ខុស​ច្បាប់។

ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ស្ត្រី​ដែល​មាន​លំនៅឋាន​ក្នុង​តំបន់​បឹងប្រាំ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៩ តុលា ថា លោកស្រី​នឹង​មិន​ដាក់​បណ្ដឹង​តាម​ការ​បញ្ជា​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ប្ដឹង​ពលរដ្ឋ​ដែល​ទទួល​បាន​ដី​សមាហរណកម្ម​ឡើយ។ លោកស្រី​បន្ត​ថា មូលហេតុ​ដោយសារ​លោកស្រី​ពិនិត្យ​ឃើញ​ប័ណ្ណ​ដែល​ចេញ​ដោយ​ក្រុម​និស្សិត​ចុះ​វាស់វែង ដែល​លោកស្រី​កំពុង​កាន់​កាប់​នៅ​ពេល​នេះ គឺ​ពិត​ជា​បាន​រំលោភ​ជាន់​លើ​ប្លង់​ដី​របស់​ពលរដ្ឋ​សមាហរណកម្ម​ពិត​មែន៖ «ទើប​តែ​ថ្មីៗ​នេះ ថ្នាក់​ខេត្ត​ថ្នាក់​ស្រុក​ថ្នាក់​ឃុំ គេ​ចុះ​ទៅ​ឲ្យ​ពួក​ខ្ញុំ​ធ្វើ​ពាក្យ​បណ្ដឹង​ប្ដឹង មាន​ប័ណ្ណ​កម្មសិទ្ធិ​ពួក​ខ្ញុំ ៣​រ៉ៃ​ហ្នឹង ប្ដឹង​ទៅ​ម្ចាស់​ដី​ដែល​គេ​មិន​ព្រម​ប្រគល់​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង ហើយ​ខ្ញុំ​ក៏​ធ្វើ​ទេ។ ខ្ញុំ​ឥត​ព្រម​ធ្វើ​ទេ ហើយ​គាត់​ចេះ​តែ​ថា​ឲ្យ​ខ្ញុំ​ធ្វើ​តាម​គេ​សិន​ទៅ ហើយ​ខ្ញុំ​ក៏​ឆ្លើយ​ថា ខ្ញុំ​សូម​ជូន​ប្លង់​ហ្នឹង​ទៅ​លោក​ពូ​វិញ។ ខ្ញុំ​ឥត​ធ្វើ​ទេ»

ដោយ​ឡែក ប្រជាពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់ ដែល​គេ​តម្រូវ​ឲ្យ​ផ្ដិត​មេដៃ​នៅ​ពេល​នេះ គឺ​ជា​អ្នក​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ពី​ក្រុម​និស្សិត​ចុះ​វាស់​ដី ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សង្គមកិច្ច ដែល​មេ​ឃុំ​បឹងប្រាំ បង្កើត​ជា​ឃុំ​ថ្មី​ជាន់​លើ​ដី​សមាហរណកម្ម​ចាស់។ ក្រៅ​ពី​នេះ នៅ​មាន​រឿង​ចម្រូងចម្រាស​ជាច្រើន​ទៀត​នៅ​ពេល​មេ​ឃុំ​បឹងប្រាំ ទទួល​បាន​គោលការណ៍​ដី​សម្បទាន​សង្គមកិច្ច កាល​ពី​ឆ្នាំ​២០០៦។

ឋិត​ក្រោម​គោល​នយោបាយ​បង្កើត​ជា​សម្បទាន​ដី​សង្គមកិច្ច​នេះ​ហើយ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ រក​ឃើញ​ថា អាជ្ញាធរ​ឃុំ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ពី​ការ​ទិញ​លក់​ដី​នេះ ក្នុង​ទឹក​ប្រាក់​ជិត ៥០០​លាន​រៀល (៤៧៣.៨៩០.០០០​រៀល) ឬ​ស្មើ​ប្រមាណ​ជិត ១២​ម៉ឺន​ដុល្លារ (១១៨.៤៧២,២​ដុល្លារ​សហរដ្ឋ​អាមេរិក)។ ក្រៅ​ពី​នេះ ក្រុម​និស្សិត​ដែល​ចុះ​វាស់វែង​ដី​កាល​ណោះ ក៏​មាន​ចំណែក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ព្រោះ​ក្រុម​និស្សិត​ខ្លះ​ក្នុង​ចំណោម​នោះ ទទួល​បាន​ដី​ក្នុង​ប្លង់​ដែល​កំពុង​មាន​ទំនាស់​នេះ​ដែរ។

សមាជិក​នៃ​ក្រុម​និស្សិត​ចុះ​វាស់វែង​ដី​នៅ​ឃុំ​បឹងប្រាំ លោក ប៊ិន មុនីរាស្ត្រ ឆ្លើយ​តប​ថា លោក​មិន​អាច​បកស្រាយ​បាន​ទេ ដោយសារ​កំពុង​ជាប់​ប្រជុំ។

យ៉ាង​ណា ពាក់ព័ន្ធ​គម្រោង​ប្ដឹង​អ្នក​មាន​ជម្លោះ​ដីធ្លី​ទាំង​ជាង ២០០​គ្រួសារ​នេះ ប្រជាពលរដ្ឋ​អះអាង​ថា ក្រៅ​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម មាន​ស្រុក និង​ឃុំ​ហើយ ក្នុង​នោះ​គឺ​មាន​ជាប់​ទាក់ទិន​អភិបាល​ខេត្ត​បាត់ដំបង ថែម​ទៀត ដែល​ជា​អ្នក​ផ្ដួចផ្ដើម​នាំ​ឲ្យ​មាន​ការ​ប្ដឹង​ផ្តល់​នេះ។

លោក ច័ន្ទ សុផល ធ្លាប់​បាន​សន្យា​ដោះស្រាយ​សំណុំ​រឿង​នេះ​ម្តង​ជា​ពីរ​រួច​ហើយ​កាល​ពី​ខែ​សីហា កន្លង​ទៅ។ ប្រជាពលរដ្ឋ​ចាត់​ទុក​ថា ផ្ទុយ​ទៅ​វិញ​នៅ​ពេល​នេះ ពួក​គាត់​បែរ​ជា​ត្រូវ​រង​ការ​ចោទ​ប្រកាន់​តប​វិញ​ម្តង​ពី​អ្នក​ដែល​ធ្លាប់​បាន​សន្យា​ថា នឹង​ដោះស្រាយ​បញ្ចប់​វិវាទ​នេះ។

តំណាង​ប្រជាពលរដ្ឋ លោក ឆាន់ មុន្នី អះអាង​ថា ចាប់​តាំង​ពី​អភិបាល​ខេត្ត​បាត់ដំបង បញ្ជាក់​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ គឺ​មិន​ទាន់​ឃើញ​អ្វី​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ ក្រៅ​ពី​ប្រជាពលរដ្ឋ ២​នាក់ ដែល​ជាប់​ឃុំ ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ​កាល​ពី​ពេល​កន្លង​ទៅ​នេះ៖ «ខ្ញុំ​ឥត​មាន​ជំនឿ ពីព្រោះ​អ្វី​ដែល​លោក​បាន​សន្យា គឺ​វា​ឥត​មាន​បាន​អី​សោះ គឺ​បាន​តែ​ដោះ​លែង​មនុស្ស ២​នាក់​ឲ្យ​គត់ ដែល​ចោទ​ប្រកាន់​ដោយ​មិន​មាន​មូលដ្ឋាន ចោទ​ប្រកាន់​មិន​មាន​មូលដ្ឋាន​យ៉ាង​ម៉េច? ទៅ​វ៉ៃ​ដុត​ខ្ទម​គេ ហើយ​ទៅ​ចាប់​ប្ដី​គេ​មក​ទៀត ហើយ​ដី​គាត់​ហ្នឹង​ក៏​បាន​កាន់​កាប់​ក្រោយ​សមាហរណកម្ម​ដែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ពី លោក ច័ន្ទ សុផល អភិបាល​ខេត្ត​បាត់ដំបង ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ហៅ​ចូល​បាន។

ដោយ​ឡែក​បុរស​វ័យ​ជាង ៤០​ឆ្នាំ និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា លោក​មិន​អាច​បិទ​ភ្នែក​យក​ដី​ដោយ​ស្រស់ៗ ក្នុង​នាម​ជា​ពលរដ្ឋ​ដូច​គ្នា​បាន​ឡើយ។ លោក​ថ្លែង​បន្ត​ថា អ្វី​ដែល​ប្រជាពលរដ្ឋ​សម្រេច​ចិត្ត​ឡើង​មក​តវ៉ា​នៅ​ពេល​នេះ គឺ​ទាមទារ​ឲ្យ​អាជ្ញាធរ​ឃុំ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត​របស់​ខេត្ត​បាត់ដំបង ផ្ដល់​ដី​ដែល​ពួក​គាត់​ត្រួសត្រាយ​បាន ក្រៅ​ពី​ដី​មាន​ទំនាស់​នេះ​ដែល​ត្រូវ​មេ​ឃុំ​បឹងប្រាំ ដក​ហូត​យក​ប៉ុណ្ណោះ៖ «ទាមទារ​អា​បី​រ៉ៃ​ដែល​និស្សិត​ធ្វើ​ឲ្យ​ហ្នឹង ឥត​ចង់​បាន​ទេ។ ឥត​ទាមទារ​យក​ទេ ព្រោះ​ប៉ះពាល់​ដី​បង​ប្អូន។ បាទ គឺ​ឥត​ចង់​បាន​ទេ ចង់​បាន​អា​ក្នុង​ដី​មូលដ្ឋាន ដែល​ឃុំ​ដក​នេះ។ ចង់​បញ្ជាក់ គឺ​ភូមិ​ហើយ​ឃុំ​ដក លើក​កម្លាំង​ពលកម្ម​ដែល​បង​ប្អូន​ដែល​កាប់​បាន​នេះ។ អ៊ីចឹង​បាន​មួយ​ហិកតារ​ក៏ដោយ ពីរ​ហិកតារ​ក៏ដោយ សូម​ឲ្យ​ភូមិ​ឃុំ​ហ្នឹង​ផ្ដល់​ឲ្យ​ពួក​យើង​ខ្ញុំ​មក​វិញ»

ធ្លាប់​ជាប់​ពន្ធនាគារ​ព្រោះ​រឿង​ដីធ្លី មុន​នឹង​បាន​ក្លាយ​ជា​មេ​ឃុំ​បឹងប្រាំ កូតា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈា នី ទទួល​ស្គាល់​ថា អាជ្ញាធរ​ពិត​ជា​ឋិត​នៅ​ពី​ក្រោយ​នៃ​ការ​រៀបចំ​បណ្ដឹង​ប្រឆាំង​ការ​តវ៉ា​នេះ​មែន។ លោក​ថា ប្រជាពលរដ្ឋ​ដែល​តែង​តែ​ឡើង​តវ៉ា​ក្នុង​រឿង​ដីធ្លី​នេះ គឺ​ជា​ពលរដ្ឋ​មក​តាំង​ទី​លំនៅ​ដោយ​ខុស​ច្បាប់៖ «ខ្ញុំ​ចង់​និយាយ​ថា ការ​បកស្រាយ​ថា អាជ្ញាធរ​នៅ​ពី​ក្រោយ​វា​មែន​ហ្នឹង​ឯង ពីព្រោះ​ខ្ញុំ​ជា​ម្ចាស់​មូលដ្ឋាន​នៅ​នេះ។ អ៊ីចឹង ខ្ញុំ​ការពារ​ដី​អ្នក​ដែល​មាន​ដី​ស្រប​ច្បាប់ ដែល​មាន​កម្មសិទ្ធិ​ចេញ​ដោយ​រដ្ឋាភិបាល។ បាន​អំណោយ​ដោយ​រដ្ឋាភិបាល»

បើ​ទោះ​ជា​បែប​ណា ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​បញ្ជាក់​ថា ដី​ជាង ៣.៦០០​ហិកតារ (៣.៦៥៨​ហិកតារ) គឺ​ជា​ប្រភេទ​ដី​សមាហរណកម្ម​សម្រាប់​បែង​ចែក​ឲ្យ​គ្រួសារ​អតីត​យោធិន​ខ្មែរ​ក្រហម​កាត់​រំសាយ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ ទុក​ដើម្បី​បង្កបង្កើនផល និង​ធ្វើ​លំនៅឋាន។ ក៏ប៉ុន្តែ ក្រោយ​ឆ្នាំ​២០០៦ បន្ទាប់​ពី លោក ឈា នី រៀបចំ​សំណើ​បង្កើត​ឃុំ​ថ្មី គឺ​ឃុំ​បឹងប្រាំ ដែល​កំពុង​ប្រទង់ប្រទាញ​ដូច​នៅ​ពេល​នេះ ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា លោក ឈា នី បាន​រៀបចំ​ឃុំ​ជាន់​លើ​ដី​កំពុង​គ្រប់គ្រង​ដោយ​ប្រជាពលរដ្ឋ​យោធិន​កាត់​រំសាយ​ទៅ​វិញ។

ជុំវិញ​បណ្ដឹង​នេះ តំណាង​ប្រជាពលរដ្ឋ លោក ឆាន់ មុន្នី ឲ្យ​ដឹង​ថា ពួក​គាត់​ពិត​ជា​បារម្ភ​ចំពោះ​បណ្ដឹង​ប្រឆាំង​អ្នក​តវ៉ា​ដីធ្លី ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​ពី​ស្ថាប័ន​រដ្ឋ។ លោក​បន្ត​ថា អ្វី​ដែល​ពួក​គាត់​បារម្ភ​នោះ ព្រោះ​ប្រជាពលរដ្ឋ​ធ្លាប់​បាន​កាន់​កាប់​យូរ​ហើយ នៅ​ពុំ​ទាន់​មាន​កម្មសិទ្ធិ​នៅ​ឡើយ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​មេ​ឃុំ​បឹងប្រាំ ប្រមូល​មក​នេះ បាន​ទទួល​ប្លង់​រួច​ហើយ​តាម​រយៈ​ក្រុម​និស្សិត​ចុះ​វាស់​ដី​របស់ លោក ហ៊ុន សែន។ ហេតុ​នេះ បើ​មាន​បណ្ដឹង​មែន ប្រហែល​ជា​តុលាការ​សម្រេច​ក្តី​ឲ្យ​ពួក​គាត់​ចាញ់។ លោក​ចាត់​ទុក​ថា ស្ថានភាព​តំបន់​បឹងប្រាំ នៅ​ពេល​នេះ គឺ​ប្រជាពលរដ្ឋ​រស់នៅ​មិន​ខុស​ក្នុង​សម័យ​កាល​ពី​ជាង ២០​ឆ្នាំ​មុន​នោះ​ទេ៖ «ចំណែក​ខ្ញុំ​ដែល​ជា​ម្ចាស់​ដី​ពិត ដែល​បាន​កាន់​កាប់​ក្រោយ​សមាហរណកម្ម​នេះ គឺ​ជា​ទង្វើ​មួយ​ឆាក​ល្ខោន​មួយ​ដ៏​ឃោរឃៅ​បំផុត។ ខ្ញុំ​អាច​និយាយ​បាន​ថា លើស​សម័យ​បី​ឆ្នាំ​ទៅ​ទៀត ពីព្រោះ​រៀប​ឲ្យ​ប្រជាពលរដ្ឋ​ឈ្លោះ​គ្នា ឯ​ផល​ប្រយោជន៍​បាន​ទៅ​លើ​អាជ្ញាធរ។ ខ្ញុំ​គិត​ថា ឃោរឃៅ​បំផុត។ ព្រៃ​ដែល​គ្នា​កាប់​បាន​ដក​យក​ទៅ​លក់​ធ្វើ​ប្លង់​ឲ្យ​ជាន់​ទៅ​លើ​ដី​គេ»

សព្វថ្ងៃ​នេះ ប្រជាពលរដ្ឋ​ទាំង​ជាង ១​ពាន់​គ្រួសារ​នោះ មាន​តែ​ប្លង់​ក្នុង​ដៃ ប៉ុន្តែ​ពុំ​មាន​ដី​កាន់​កាប់​ជាក់ស្តែង​ទេ។ ក្នុង​មួយ​គ្រួសារ ទទួល​បាន​ដី​ស្រែ ៣​រ៉ៃ ដែល​ក្នុង​មួយ​រ៉ៃ​ស្មើ ១.៦០០​ម៉ែត្រ និង​ដី​លំនៅឋាន​១​រ៉ៃ​ផង។

ប្រជាពលរដ្ឋ​អះអាង​ថា បណ្ដឹង​ប្រឆាំង​ពលរដ្ឋ​សមាហរណកម្ម​ជាង ២០០​គ្រួសារ​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អភិបាល​ស្រុក​បវេល លោក ទឹម ដារ៉េត សន្យា​កាល​ពី​ខែ​កញ្ញា នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ជាង ១​ពាន់​គ្រួសារ​នោះ ថា​នឹង​យក​ដី​នេះ​មក​គ្រប់គ្រង​ឲ្យ​បាន​ក្នុង​រដូវ​ប្រាំង​ខាង​មុខ។ ទំនង​ឋិត​ក្រោម​ហេតុផល​នេះ​ហើយ ទើប​អាជ្ញាធរ​ប្រើប្រាស់​មធ្យោបាយ​តាម​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាម​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​សមាហរណកម្ម​នោះ។

ក្រៅ​ពី​នេះ អាជ្ញាធរ​ក៏​មាន​គម្រោង​កែ​របាយការណ៍​របស់​គណៈកម្មការ​ចម្រុះ ដែល​ចូលរួម​ស៊ើប​អង្កេត​ដោយ​ភាគី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ថែម​ទៀត។ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ជំទាស់​គម្រោង​កែ​របាយការណ៍​ដែល​ចុះ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ។ អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា បើ​របាយការណ៍​នេះ​ពិត​ជា​ត្រូវ​បាន​កែប្រែ​មែន​នោះ មិន​ខុស​ពី​ទម្លាក់​កំហុស​ទៅ​លើ​ប្រជាពលរដ្ឋ​សមាហរណកម្ម​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។