ប្រជាពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ៣០០គ្រួសារនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បដិសេធសំណើដោះស្រាយពីសំណាក់លោកឧកញ៉ា សង ថន និងភាគីទំនាស់ផ្សេងទៀត ដែលមានគម្រោងដោះស្រាយបញ្ចប់បញ្ហានោះ។ អ្នកភូមិបញ្ជាក់ថា មូលហេតុដែលពួកគាត់មិនព្រមទទួលយកតាមសំណើ ដោយសារផ្ទៃដីដែលភាគីទំនាស់ផ្ដល់ឲ្យតិចតួច មិនអាចយកទៅដាំដុះដោះស្រាយជីវភាពគ្រួសារបាន។
ប្រជាពលរដ្ឋមួយចំនួនដែលកំពុងរស់នៅតំបន់ដីមានទំនាស់នៅភូមិប្រាសាទរាង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានសម្លឹងមើលលើមើលក្រោមអ្នកយកព័ត៌មានអាស៊ីសេរី ខណៈបានចុះទៅដល់ទីកន្លែងភូមិឋានរបស់ពួកគាត់។
ភ្លាមៗនោះ ពលរដ្ឋខ្លះបានសាកសួរអ្នកយកព័ត៌មានអាស៊ីសេរី ដោយពួកគាត់ព្រួយបារម្ភខ្លាចក្រែងជាក្រុមភាគីទំនាស់របស់លោកឧកញ៉ា សង ថន។ នៅពេលដែលពួកគាត់ស៊ើបដឹងថាជាអ្នកយកព័ត៌មានភ្លាម ពួកគាត់ហាក់សប្បាយរីករាយ ហើយបានប្រកូកប្រកាសពីមួយទៅមួយឲ្យមកជួបជុំគ្នាមួយរំពេច ដើម្បីប្រាប់អំពីទុក្ខលំបាករបស់ពួកគាត់ដល់អ្នកសារព័ត៌មាន។
អ្នកភូមិប្រាប់អាស៊ីសេរី បន្ទាប់ពីប្រមូលផ្ដុំបានគ្នាប្រមាណ ៥០នាក់ នៅសំយាបផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិប្រាសាទរាង ថា ពួកគាត់ប្រមាណ ៣០០គ្រួសារបានកាន់កាប់ និងដាំដុះលើដីទំនាស់ដែលមានទំហំជាង ៦០០ហិកតារតាំងតែពុំទាន់មានផ្លូវ និងផ្ទះពីឆ្នាំ២០០៤ មក។ ពួកគាត់បញ្ជាក់ថា ដើមឡើយ ដីនោះជាដីព្រៃឫស្សីគ្មានមនុស្សរស់នៅឡើយ៖ « ខ្ញុំមករស់នៅតាំងពីមិនមានផ្លូវ គឺពិបាកណាស់ ដោយពេលខ្លះទិញខ្លាញ់ប្រមាណ ៧០០រៀលធ្វើម្ហូបជាមួយកូនពីរនាក់ក៏មានដែរ។ សូមឲ្យសម្ដេចនាយករដ្ឋមន្ត្រីជួយពួកខ្ញុំផង បើមិនអ៊ីចឹងទេ ពួកគាត់នឹងដាច់បាយស្លាប់ដោយសារគ្មានដីធ្វើស្រែជាពុំខាន »។
ទាក់ទងនឹងបញ្ហានេះ ភាគីទំនាស់ គឺលោកឧកញ៉ា សង ថន និងលោក ទន់ ប៊ុនធឿន ចង់សម្រួលដោះស្រាយបញ្ចប់ទំនាស់នេះជាមួយប្រជាពលរដ្ឋ ដោយយល់ព្រមចែកដីទទឹង ៥០ម៉ែត្រ និងបណ្ដោយ ១០០ម៉ែត្រក្នុងមួយគ្រួសារចំនួនជាង ២០០ឡូត៍ បើទោះជាពលរដ្ឋទាំងនោះមានផ្ទៃដីទំនាស់តិច ឬច្រើនក៏ដោយ៖ « មូលហេតុដែលយើងចង់ដោះស្រាយ ដោយសារស្រណោះពួកគាត់គ្មានដីដាំដុះ ហើយមានជីវភាពខ្វះខាត។ បាទ ! ដីដែលយើងគ្រោងចែងឲ្យពួកគាត់ជាដីឡូត៍នៅជាប់ផ្លូវតែម្ដង »។
អ្នកភូមិប្រកាសដាច់ខាតថា ពួកគាត់មិនអាចទទួលយកតាមសំណើដោះស្រាយពីសំណាក់លោកឧកញ៉ា សង ថន និងអ្នកមានទ្រព្យធននោះឡើយ។ ពួកគាត់អះអាងថា ផ្ទៃដីដែលចែងនេះតិចតួច មិនស្មើនឹង ៥០ភាគរយនៃចំនួនផ្ទៃដីដែលពួកគាត់បានកាប់ឆ្ការព្រៃដោយលំបាកលំបិននោះឡើយ៖ « បើសិនខ្ញុំអស់ពីដីនេះទៅ មិនអាចទៅរស់បានទៀតទេ ព្រោះខ្ញុំគ្មានកម្លាំងទៅធ្វើការងារនៅប្រទេសបានទេ។ ដូច្នោះហើយ ពួកខ្ញុំមិនអាចទទួលយកមួយឡូត៍ ៥០ម៉ែត្រនោះបានទេ »។
នៅតំបន់ដីទំនាស់នោះមានផ្លូវថ្នល់ សាលារៀន និងផ្ទះប្រជាពលរដ្ឋរស់នៅតាមដងផ្លូវហូរហែ។ ជាងនេះទៅទៀត នៅលើដីនោះក្នុងរដូវវស្សាបែបនេះ នៅតាមវាលស្រែមានដើមស្រូវពណ៌បៃតងស្រស់បំព្រងគួរឲ្យចង់គយគន់។
លោកឧកញ៉ា សង ថន បញ្ជាក់ថា ករណីមានជម្លោះដោះស្រាយមិនចេញនាពេលកន្លងមក ដោយសារមានមេខ្លោងចំនួន ៤នាក់បោកប្រាស់ប្រជាពលរដ្ឋ ហើយបានលួចយកដីមួយចំនួនលក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន៖ « ព្រោះពេលខ្ញុំបានសួរអ្នកទិញដីនោះ គេថាបានទិញពីមេខ្លោងឈ្មោះលោក ឆាន ប៉ុន្តែគាត់មិនព្រមផ្ដល់ឯកសារទិញដីមកឲ្យខ្ញុំមើលនោះទេ »។
ឆ្លើយតបនឹងការចោទប្រកាន់នេះ តំណាងពលរដ្ឋមានទំនាស់ដី លោក ឈឿន ឆាន បដិសេធចំពោះការលើកឡើងរបស់ភាគីទំនាស់នេះ ថាជាការមួលបង្កាច់ទម្លាក់កំហុសដើម្បីរំលោភយកដីពីពួកគាត់ធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយខុសច្បាប់៖ « បើមិនជឿទេ សួរតែប្រជាពលរដ្ឋទៅដឹងហើយ ! ថាតើខ្ញុំពិតជាអ្នកលក់ដីនោះ ឬយ៉ាងណា ? ប្រជាពលរដ្ឋឆ្លើយថាអត់ទេ លោក ឈឿន ឆាន មិនបានលួចដីពួកខ្ញុំលក់ដីទេ »។
ផ្ទៃដីទំនាស់ជាង ៦០០ហិកតារនោះ មួយផ្នែកនៅភូមិប្រាសាទរាង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងមួយចំនួនទៀតនៅភូមិក្រពើ៤០ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។ ផ្ទៃដីនោះមានទំនាស់ខ្លាំងនៅឆ្នាំ២០១២ រវាងប្រជាពលរដ្ឋជាមួយលោកឧកញ៉ា សង ថន និងអ្នកមានទ្រព្យធន ២នាក់ផ្សេងទៀត។ កន្លងមក ប្រជាពលរដ្ឋបានតវ៉ាឲ្យអាជ្ញាធរដោះស្រាយតាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ជាតិជាបន្តបន្ទាប់ ប៉ុន្តែពុំទទួលបានលទ្ធផល។
ទាក់ទងនឹងបញ្ហានេះ អភិបាលរងខេត្តបាត់ដំបង ទទួលបន្ទុកផ្នែកដោះស្រាយវិវាទដីធ្លី លោក ងួន រតនៈ មានប្រសាសន៍ថា អាជ្ញាធរខេត្តនឹងចុះទៅជួបប្រជាពលរដ្ឋដល់ទីកន្លែងដីទំនាស់ ដើម្បីសាកសួរបន្ថែមពីការចង់បានរបស់ពួកគាត់ឲ្យបានច្បាស់លាស់ក្នុងពេលឆាប់ៗ៖ « យើងនឹងទៅជួបពួកគាត់ អាចជួបជាក្រុម និងជួបដោយឡែកៗពីគ្នាម្ដងម្នាក់ ព្រោះវាជារឿងទំនាស់ដីធ្លីមានផលប្រយោជន៍រៀងខ្លួន »។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី បញ្ជាក់ថា សញ្ញាភ្លើងខៀវពីសំណាក់ភាគីទំនាស់ គឺជាយន្តការថ្មីមួយដែលអាចឈានទៅរកការបញ្ចប់ជម្លោះបាន។ លោកពន្យល់ថា ការដោះស្រាយបញ្ហានេះមានប្រសិទ្ធភាព លុះណាភាគីទាំងសងខាងបំភ្លេចរឿងចាស់ចោល ហើយចាប់យកយន្តការថ្មីនេះ ដោយមានការសម្របសម្រួលពីសំណាក់អាជ្ញាធរខេត្តជាអាជ្ញាកណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។