ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅភូមិឡពាង ខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ លោកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅតែមិនទាន់មានដំណោះស្រាយ ប៉ុន្តែ សកម្មភាពឈូសឆាយ និងធ្វើរបងហ៊ុមព័ទ្ធដីដែលកំពុងមានជម្លោះនោះនៅតែបន្ត។
ក្រុមអ្នកភូមិព្រមានតវ៉ាបិទផ្លូវជាតិលេខ៥ជាថ្មីទៀត ដើម្បីឲ្យអាជ្ញាធរ ឬប្រមុខរដ្ឋាភិបាល ផ្អាកសកម្មភាពរបស់ក្រុមហ៊ុននេះ ដើម្បីរង់ចាំការដោះស្រាយបញ្ចប់បញ្ហាជាមុនសិន។
ស្ថានភាពប្រឈមមុខដាក់គ្នារវាងអ្នកភូមិជាមួយសមត្ថកិច្ចចម្រុះ និងកម្មករស៊ីឈ្នួលឲ្យក្រុមហ៊ុន គឺមានសភាពស្ងប់ស្ងាត់ នៅថ្ងៃទី៩ ខែកក្កដា។ ខាងសមត្ថកិច្ចជាង ២០០នាក់ នៅតែបន្តឈរជើងក្នុងភូមិឡពាង នៅគ្រាដែលក្រុមអ្នកភូមិផ្អាកការតវ៉ា និងរារាំងគ្រឿងចក្រក្រុមហ៊ុន ប៉ុន្តែពួកគាត់នៅតែប្រុងប្រយ័ត្ន និងការពារតំណាងពលរដ្ឋ គឺលោក ស្ងួន ញឿន និងអ្នកស្រី អ៊ុំ សុភី ពីការប៉ុនប៉ងចាប់ខ្លួនរបស់កម្លាំងសមត្ថកិច្ច។
តំណាងអ្នកភូមិឡពាង លោក ស្ងួន ញឿន មានប្រសាសន៍ថា នៅថ្ងៃនេះពលរដ្ឋប្រមូលផ្ដុំគ្នាបានប្រហែលជា ៣០នាក់ប៉ុណ្ណោះ ដោយមានសមត្ថកិច្ចរារាំង និងអ្នកភូមិខ្លះជាប់រវល់ទៅជួយធ្វើបុណ្យសពអ្នកភូមិក្បែរនោះ។ ប្រជាពលរដ្ឋកំពុងតែកៀរគរកម្លាំងអ្នកតវ៉ាឲ្យបានជាង ៣០០នាក់ ពីតាមបណ្ដាសហគមន៍ផ្សេងៗ ក្នុងគោលបំណងបិទផ្លូវជាតិលេខ៥ ជាថ្មីទៀត ដើម្បីដាក់សម្ពាធដល់អាជ្ញាធរ និងរដ្ឋាភិបាលឲ្យជួយរកដំណោះស្រាយដីធ្លីជូនពួកគាត់។
លោក ស្ងួន ញឿន៖ «កម្លាំងពួកខ្ញុំបើតាមខ្ញុំដឹង គឺបាន ៣០០នាក់ ហើយខាងក្រុមពោធិ៍សាត់ ក៏គាត់ជួយ ១០០នាក់ដែរ ហើយខាងបណ្ដាញភ្នំពេញ ខាងបឹងកក់ រួមទាំងព្រះសង្ឃ និងខាងសហជីពកាត់ដេរហ្នឹង ក៏គាត់ត្រៀមថានឹងជួយកម្លាំងពួកខ្ញុំ ហើយខ្ញុំបានទាក់ទង ហើយគាត់ថាប្រហែលជាគាត់នឹងមកជួយក្នុងពេលឆាប់ៗនេះ។ បាទ! គោលបំណងដែលខ្ញុំបិទផ្លូវទាមទារសុំឲ្យក្រុមហ៊ុនហ្នឹង បញ្ឈប់ការឈូសឆាយជាបន្ទាន់ ទុកឲ្យតុលាការហ្នឹងដោះស្រាយរឿងទំនាស់ដីធ្លីរបស់ពួកខ្ញុំ»។
តំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ថ្លែងបញ្ជាក់ថា ការតវ៉ាណាមួយរបស់ក្រុមអ្នកភូមិ ដើម្បីឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពការងាររបស់ខ្លួន គឺមិនអាចទៅរួចនោះទេ ដោយលោកយល់ថា សកម្មភាពតវ៉ានេះ គឺជាសមត្ថកិច្ចដោះស្រាយរបស់អាជ្ញាធរ។ លោកថា ភាគីក្រុមហ៊ុននៅតែបន្តចរចារកដំណោះស្រាយជាមួយពលរដ្ឋចំនួន ១៥គ្រួសារ ក្នុងចំណោម ៥២គ្រួសារ ដែលមិនទាន់យល់ព្រមទទួលយកសំណងគោលនយោបាយដើម្បីបញ្ចប់បញ្ហា។ ចំពោះគ្រួសារដែលងើបឡើងតវ៉ាថ្មីទៀតនោះ គឺដាច់ខាតភាគីក្រុមហ៊ុននឹងមិនធ្វើការដោះស្រាយជូនឡើយ៖ «វាអយុត្តិធម៌សម្រាប់ក្រុមហ៊ុនខ្លាំងពេកណាបង ខ្ញុំមិនមែនខ្ញុំទៅកាន់ជើងអីទេអារឿងហ្នឹង រឿងពិតប្រាកដ។ មនុស្សនរណាក៏ចង់បានយុត្តិធម៌ដែរ ស្អប់ណាស់អាការជិះជាន់របស់មនុស្សបង ប៉ុន្តែវាធ្វើហួសហេតុពេក វាយកអាសង្គ្រោះជាតិទៅពីក្រោយខ្នងយកអំណោយអីទៅធ្វើនយោបាយ»។
ទាក់ទងបញ្ហានេះ អធិការនគរបាលស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា មានប្រសាសន៍ថា ការរក្សាកម្លាំងសមត្ថកិច្ចឲ្យនៅដដែលក្នុងតំបន់នោះ គឺដើម្បីរក្សាសន្តិសុខសណ្ដាប់ ដោយសារតែពីរបីថ្ងៃមកនេះ កើតមានអំពើហិង្សាដាក់គ្នារវាងកម្មករក្រុមហ៊ុន និងក្រុមអ្នកភូមិ។ ចំណែករឿងដាក់កម្លាំង ដើម្បីចុះអនុវត្តដីកានាំខ្លួនតំណាងប្រជាពលរដ្ឋយ៉ាងណានោះ គឺលោកមិនដឹងច្បាស់នោះទេ។
អនុប្រធានកម្មវិធីដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក (Adhoc) លោក ចាន់ សុវ៉េត យល់ថា សកម្មភាពដាក់កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់នៅភូមិឡពាង ក្រោមលេសចុះអនុវត្តដីកានាំខ្លួនតំណាងប្រជាពលរដ្ឋ ពីបទញុះញង់របស់តុលាការរាជធានីភ្នំពេញ គឺគ្រាន់តែជាការគំរាមកំហែងអ្នកភូមិ និងផ្ដល់ឱកាសកាន់តែខ្លាំងឡើងដល់សកម្មភាពព័ទ្ធរបងក្រុមហ៊ុន និងរំលោភទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ៖ «ហើយទីបំផុត ទាំងអាជ្ញាធរ ក៏ដូចក្រុមហ៊ុន ធ្វើខ្លួនឯងមិនកើតដោះស្រាយខ្លួនឯងមិនបាន មិនបានផ្ដល់យុត្តិធម៌ជូនពលរដ្ឋទម្លាក់កំហុសថា មានអង្គការសង្គមស៊ីវិលនៅពីក្រោយខ្នង ឬក៏អ្នកដែលមាននយោបាយណានៅពីក្រោយខ្នង អាហ្នឹង គឺជាចំណុចខ្សោយបំផុតរបស់អាជ្ញាធរមានសមត្ថកិច្ច»។
ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ក្រុមអ្នកភូមិមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី មកពីភូមិឡពាង ភូមិសូវង្ស និងភូមិបឹងកក់ នៃឃុំតាជេស បានប្រយុទ្ធគ្នាយ៉ាងចាស់ដៃដោយចម្ពាមកៅស៊ូ ប្រើគ្រាប់ដែក និងដុំថ្ម បណ្ដាលឲ្យរងរបួសជាច្រើននាក់ទាំងសងខាង។ ក្នុងរយៈពេលជិតដប់ឆ្នាំដែលអ្នកភូមិមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់លោកជំទាវ ជា ខេង មានអ្នកភូមិចំនួន ៦នាក់ជាប់គុក និង ១១នាក់ កំពុងជាប់បណ្ដឹងនៅតុលាការ តាមអំណាចនៃការប្ដឹងរបស់តំណាងក្រុមហ៊ុន។ ចំណែកពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាង ១០០បណ្ដឹង ទាំងនៅសាលាដំបូងរាជធានីភ្នំពេញ និងកំពង់ឆ្នាំង ខាងតុលាការបានចាត់ការលើពាក្យបណ្ដឹងទាំងនោះតិចតួចបំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។