ពលរដ្ឋ​ប្រមាណ​១០០​នាក់​នៅ​ខេត្ត​កំពង់ស្ពឺ​តវ៉ា​ប្រឆាំង​នឹង​ការ​អនុវត្ត​សាល​ដីកា

0:00 / 0:00

អ្នក​ភូមិ​ប្រមាណ ១០០​នាក់​នៅ​ភូមិ​ក្រាំងតាតន់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នាំ​គ្នា​ជំទាស់​នឹង​មន្ត្រី​អាជ្ញាធរ​ដែល​ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល សម្រេច​ឲ្យ​ពួក​គាត់ ៥​គ្រួសារ​ចាញ់​ក្ដី ហើយ​បាត់បង់​ដី។ ពួក​គាត់​ចាត់​ទុក​ថា​ជា​ការ​សម្រេច​ដោយ​អយុត្តិធម៌។

ម្ចាស់​ដី​ម្នាក់​ដែល​តំណាង​ឲ្យ​សាច់ញាតិ​ម្ចាស់​ដី​ទាំង ៥​គ្រួសារ គឺ​លោក សែម ជឿន មាន​ប្រសាសន៍​ថា ពួក​លោក​មិន​ដែល​លក់​ដូរ​ដី​នេះ​ទេ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ភ្នំពេញ​ប្ដឹង​ថា ពួក​លោក​រស់នៅ​លើ​ដី​របស់​គេ។

លោក សែម ជឿន អះអាង​ទៀត​ថា ទីតាំង​ដី​ដែល​តុលាការ​កំពូល សម្រេច​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នោះ មាន​ទីតាំង​ភូមិ-ឃុំ​ខុស​គ្នា​ពី​ដី​របស់​លោក។ លោក​ហៅ​ថា​អយុត្តិធម៌ ព្រោះ​ពួក​លោក​មិន​ដឹង​អំពី​សាល​ដីកា​នេះ​សោះ៖ « ដល់​ពេល​ដល់​ កំពូល​យើង ​អត់​ មាន​ដីកា ​កោះ អត់​មាន​ឃើញ​ដល់​យើង។ ចាញ់​ហើយ មេធាវី​នោះ​ក៏​អត់​មាន​មក​ឲ្យ​សាល​ដីកា​ចាញ់​ក៏​អត់​មាន អា​ដីកា​កោះ​ទៅ​ ជម្រះ​ក៏ ​អត់​មាន។ ដល់​ទាល់​តែ​ថ្ងៃ​ទី​៣ ហ្នឹង បាន​ឲ្យ​សេចក្ដី​ជូន​ដំណឹង​ចុះ​អនុវត្ត​សាលក្រម។ តុលាការ​អយុត្តិធម៌​ណាស់ ខ្ញុំ​គេ​អត់​ មាន​សិក្សា ​ពី​ប្រវត្តិ​ដី​អី​ផង ថា​ដី​ហ្នឹង​វា​យ៉ាង​ម៉េចៗ។ អត់​ដឹង​ថា​ដី​ហ្នឹង​មាន​ប័ណ្ណ​កម្មសិទ្ធិ​អី​ឬ​អត់។ គេ​ខាង​នោះ​សំអាង​ថា​ មាន​ប្លង់ គេ​ឲ្យ​ឈ្នះ ហើយ​ប្លង់​គេ​ក៏​អត់​មាន​នៅ​ភូមិ​គិរីរស្មី ឃុំ​ព្រៃរំដួល ដែរ គឺ​ ដាក់​នៅ​ព្រៃ តាតន់ ឃុំ​អូរ ទាំងអស់ »

នៅ​ឆ្នាំ​២០០៨ មាន​អំណាច​សាលក្រម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ឲ្យ​រឹប​អូស​ដី​នេះ​ម្ដង ហើយ​លោក​ប្ដឹង​ទាស់​តាម​រយៈ​មេធាវី​ទៅ​សាលា​ឧទ្ធរណ៍។ ពួក​លោក​ចាញ់​ក្ដី​នៅ​សាលា​ឧទ្ធរណ៍ ដោយសារ​មិន​មាន​ប័ណ្ណ​កម្មសិទ្ធិ ហើយ​ភាគី​ម្ខាង​ទៀត​អះអាង​ថា​មាន​ប័ណ្ណ​កម្មសិទ្ធិ បន្ទាប់​ពី​បាន​ទិញ​នៅ​ឆ្នាំ​១៩៩៤។ រឿងរ៉ាវ​នេះ បាន​ស្ងប់​តាំង​ពី​ពេល​នោះ​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៧ ទើប​ពួក​គាត់​ទាំង ៥​គ្រួសារ ទទួល​បាន​សាល​ដីកា​តុលា​កំពូល ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ បញ្ជាក់​ថា ដី​នេះ​ជា​របស់​លោកស្រី ទេស សុផា នៅ​រាជធានី​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចុះ​អនុវត្ត​សាល​ដីកា​រឹប​អូស​ដី​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា នេះ។

មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​ភូមិ គឺ​លោក ខៀវ សុផល មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​អ្នក​ភូមិ​មិន​ដឹង​អំពី​ការ​សម្រេច​របស់​តុលាការ​កំពូល ព្រោះ​តែ​ដាច់​ទំនាក់ទំនង​របស់​អ្នក​ភូមិ៖ « នៅ​ពេល​ដែល​តុលាការ​គេ​ចេញ​ដីកា​អញ្ជើញ​ហ្នឹង គឺ​ខ្ញុំ​តេ​រក​គាត់ តេ​អត់​ចូល។ ដល់​រួច​ហើយ​ខ្ញុំ​ ក៏​ធ្វើ​ការ ​តាម​នីតិវិធី​នៅ​តុលាការ​កំពូល​តែ​ម្ដង​ទៅ។ ក្រោយ​ពី​ចេញ​ សាល​ដីកា ជា​គោលការណ៍ តុលាការ​គេ​ត្រូវ​ជូន​ដំណឹង​ទៅ​ឲ្យ​គូ​ភាគី​សិន។ ប៉ុន្តែ​មិន​ដឹង​យ៉ាង​ម៉េច បាន​ជា​តុលាការ​គាត់​មិន​ ព្រម​ជូន ​ដំណឹង​ទៅ​ឲ្យ​គូ​ភាគី​សិន​នោះ។ ជា​គោលការណ៍ គឺ​ត្រូវ​ជូន​ដំណឹង​សិន ព្រោះ​ សាលក្រម​រដ្ឋប្បវេណី »

ដោយឡែក​មេ​ឃុំ​ព្រៃរំដួល លោក អ៊ុំ សារិន ថ្លែង​ថា ចាប់​តាំង​ពី​ពេល​លោក​ជាប់​ឆ្នោត​ជា​មេ​ឃុំ នៅ​ឆ្នាំ​២០០១ លោក​មិន​បាន​ដឹង​ថា ដី​នេះ​មាន​ទំនាស់​ពី​មុន​មក​ទេ។ លោក​ធ្លាប់​គិត​ថា អ្នក​ភូមិ​ទាំងនោះ​ជា​ម្ចាស់​ដី៖ « ខ្ញុំ​ម៉ៃ​ឃើញ​ទៅ​អ៊ីចឹង ព្រោះ​គាត់​ធ្វើ​របង​តែ​រហូត​ហ្នឹង។ ដល់​អ៊ីចឹង ខ្ញុំ​មិន​ដឹង​និយាយ​ថា​ម៉េច វា​ពិបាក ​និយាយ​ដែរ ព្រោះ​អី​ច្បាប់​ភូមិបាល ទោះ​បី​ជា​មាន​ច្បាប់ ឬ​មិន​មាន​ច្បាប់ គាត់​កាន់​កាប់​ ជាប់ៗ​គ្នា ៥​ឆ្នាំ ដោយ​គ្មាន​បណ្ដឹង​តវ៉ា អា​ហ្នឹង​វា​ជា​កម្មសិទ្ធិ​របស់​គាត់​ហើយ តាម​យើង​មើល។ ខ្ញុំ​ក៏​ដឹង​ដែរ វា​ក្រោយ​គេ​អ៊ីចឹង តាំង​ពី​ ឆ្នាំ​១៩៩៣ - ៩៤ ឯណា​នោះ ខ្ញុំ​អត់​ដឹង​ទេ។ ដី​ហ្នឹង​បើ​អា​ស្របក់​មុន ដែល​គេ​មក​ធ្វើ​ច្បាប់ អា​ខាង​កើត​ហ្នឹង ឮ​គេ​ ថា​ដី ​ហ្នឹង​គេ​ទិញ​រួច​ហើយ។ តែ​ខ្ញុំ​ឃើញ​ច្បាប់​នោះ​ធ្លាក់​ដល់​ ឃុំ-សង្កាត់។ ហើយ​មាន​អាត្រាក់​កាយ​ព្រំ​កាយ​អី​អស់​ហើយ​ហ្នឹង។ នៅ​ដី​ហ្នឹង​អត់​ឃើញ​កាយ​ព្រំ​ផង »

ដី​ដែល​នឹង​រឹប​អូស​យក​ដោយ​អំណាច​តុលាការ​នេះ មាន​ទំហំ ១​ហិកតារ​កន្លះ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ ៥​គ្រួសារ​អះអាង​ថា បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ហើយ​ធ្វើ​ស្រែ​រៀង​រាល់​ឆ្នាំ។ ដី​នេះ​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​៦៩-៧០ ស្ថិត​នៅ​ក្នុង​ភូមិ​គិរីរស្មី ឃុំ​ព្រៃរំដួល ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ អ្នក​ភូមិ​ថ្លែង​ថា ក្នុង​អំឡុង​ឆ្នាំ​២០០៦ មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​លក់​ដី​នៅ​ទីនោះ​ទៅ​ឲ្យ​ឈ្មួញ។ ប៉ុន្តែ ៥​គ្រួសារ​នេះ មិន​ព្រម​លក់ ព្រោះ​ជា​ដី​កេរ។

ការ​ចុះ​អនុវត្ត​សាល​ដីកា​រឹប​អូស​ដី​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង ៥​គ្រួសារ​ស្រឡាំងកាំង និង​បារម្ភ​ខ្លាំង​អំពី​ការ​បាត់បង់​ដី​នោះ ហើយ​ពួក​គាត់​បាន​នាំ​គ្នា​រារាំង​មន្ត្រី​អាជ្ញាធរ​ដែល​ចុះ​អនុវត្ត​សាល​ដីកា មិន​ឲ្យ​វាស់វែង​ដី​ពួក​គាត់។ ទោះ​ជា​រារាំង​ក្ដី មិន​បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ទេ ហើយ​អាជ្ញាធរ​បាន​ដក​ថយ​ទៅ​វិញ​នៅ​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។